ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន៖ ពលរដ្ឋ​នៅ​តំបន់​បិទ​ខ្ទប់​ខ្លះ​មិន​ទាន់​​បាន​ទទួល​​អំណោយ ដោយ​សារ​​​អាជ្ញាធរ​ត្រូវ​ការ​ពេល​ដឹក​ជញ្ជូន


រូបឯកសារ​៖ អាជ្ញាធរកំពុងចែក​អំណោយ​ជា​ស្បៀង​អាហារ​ដល់ប្រជាពលរដ្ឋក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ ក្នុង​អំឡុងពេលបិទខ្ទប់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)
រូបឯកសារ​៖ អាជ្ញាធរកំពុងចែក​អំណោយ​ជា​ស្បៀង​អាហារ​ដល់ប្រជាពលរដ្ឋក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ ក្នុង​អំឡុងពេលបិទខ្ទប់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា​ប្រជា​ពលរដ្ឋ​រស់​នៅ​ក្នុង​តំបន់​ក្រហម​មួយ​ចំនួន​មិន​ទាន់បានទទួល​អំណោយ​នៅ​ឡើយ​ទេ ដោយ​លោក​ថា​ការ​រៀបចំ​និង​ដឹក​ជញ្ជូន ​ត្រូវ​ការ​ពេល​វេលា​និង​ប្រើ​កម្លាំង​ច្រើន។

អំឡុង​ពេល​បិទ​ខ្ទប់​រាជធានី​ភ្នំពេញរយៈ​ពេល​៣​សប្តាហ៍ ប្រជា​ពលរដ្ឋ​មួយ​ចំនួន​បាន​ត្អូញត្អែរ​អំពី​កង្វះ​អាហារ ដោយ​សារ​ពួកគេ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​ទៅ​ក្រៅ​ទិញ​ម្ហូប​អាហារ ហើយ​អ្នក​ខ្លះ​ទៀត​បាន​បាត់​បង់​ការងារ​និង​មិន​អាច​ប្រកប​របរ​លក់​ដូរ ដូច្នេះ​ពួក​គេ​មិន​មាន​ថវិកា ដើម្បី​ទិញ​ម្ហូប​អាហារ​នោះ​ទេ។

​ក្នុង​សារ​ជា​សំឡេង​មួយ​កាល​ពី​ថ្ងៃ​សៅរ៍ ទី​៨ ខែ​ឧសភា លោក ហ៊ុន សែន បាន​អំពាវនាវ​កុំ​ឲ្យ​អ្នក​ដែល​មាន​លទ្ធភាព​ទិញ​ម្ហូប​អាហារ​ហើយ ចង់​បានអំណោយ​ទៀត ដោយ​ទុក​សម្រាប់​អ្នក​ដែល​មិន​មាន​លទ្ធភាព​ទិញ។ លោក​បន្ត​ថារដ្ឋាភិបាល​ត្រូវ​ប្រើ​កង​ទ័ព​រាប់​ពាន់​នាក់ ក្នុង​ការវេច​ខ្ចប់​និង​ដឹក​ជញ្ជូនអំណោយ​ចែក​ដល់​ពល​រដ្ឋ ដែល​ពេល​ខ្លះ​ក្នុង​មួយ​ថ្ងៃ ចន្លោះ​ពី​២​ម៉ឺន​ទៅ​៣​ម៉ឺន​គ្រួសារ។

លោក ហ៊ុន សែន ថ្លែង​ថា ៖ «មិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ មិន​មែន​គ្រាន់​តែ​មាន​អង្ករ​ ដឹក​ទៅ​ឲ្យ​បង​ប្អូន​ជះ​នៅ​លើ​ផ្លូវនោះ​ទេ។ ត្រូវ​វេច​ខ្ចប់ឲ្យ​បាន​ត្រឹម​ត្រូវ ដើម្បី​បញ្ជូនទៅ​កាន់​ទីកន្លែង​បង​ប្អូន​រស់​នៅ»។

លោក ហ៊ុន សែន ឲ្យ​ដឹង​ទៀត​ថា​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​មិន​ទាន់​បាន​ទទួល​អំណោយ​នៅ​ឡើយ​ទេ។

លោក​បញ្ជាក់​ថា៖ «តំបន់​ខ្លះ​បិទ​ខ្ទប់​យូរ​ថ្ងៃ​ មិន​ទាន់​បាន​ទទួល​ជំនួយ​នៅ​ឡើយ​ ហើយ​ខ្លះ​ក៏​ទទួល​ជំនួយ​[ហើយ] ក៏​ប៉ុន្តែ​ដោយ​សារនៅ​ក្នុង​តំបន់​ក្រហម​រយៈ​ពេល​យូរពេក ក៏​ធ្វើ​ឲ្យ​ស្បៀង​មាន​ការ​លំបាក»។

កាល​ពី​ថ្ងៃ​ទី​៥ ខែ​ឧសភា អង្គ​ការ​ Human Rights Watch ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​ បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ធានា​សន្តិសុខ​ស្បៀង​ដល់​ប្រជា​ពលរដ្ឋ​ក្នុង​ពេល​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ ជា​ពិសេស​ពលរដ្ឋ​ក្នុង​តំបន់​ក្រហម ដែល​ជា​តំបន់​ឆ្លង​ខ្លាំង​ជាង​គេ។ តំបន់​ក្រហម​នេះ​ត្រូវ​បាន​រាំង​ខ្ទប់​រហូត​ដល់​ថ្ងៃ​ទី​១២ ខែ​ឧសភា។

លោក Brad Adams នាយក​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ Human Rights Watch ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ញូវយ៉ក​ មាន​ប្រសាសន៍​ថា៖ «រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន មិន​បាន​បំពេញ​កាតព្វកិច្ច​អំឡុង​ពេល​បិទ​ខ្ទប់​បង្ការ​ជំងឺ ដើម្បី​ការពារ​សហគមន៍​ក្រីក្រ​និង​រង​គ្រោះ»។

ចំណែក​លោក ​អំ​ សំអាត​ នាយក​រង​ទទួល​បន្ទុក​ឃ្លាំមើល​និង​ការពារ​សិទ្ធិ​មនុស្ស​អង្គការ​លីកាដូ​ មាន​ប្រសាសន៍​កន្លង​ទៅ អាជ្ញាធរ​បាន​ចុះ​ចែក​អំណោយ​ដល់​ប្រជា​ពលរដ្ឋ​នៅ​ពេល​បិទ​ខ្ទប់ ប៉ុន្តែ​លោក​ក៏​ឃើញ​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​បាន​តវ៉ា​ឬ​ក៏​បង្ហោះ​វីដេអូ​លើ​ប្រព័ន្ធ​សង្គម បង្ហាញ​ការ​លំបាក​របស់​ពួកគេ​និង​ប្រកាស​រក​ជំនួយ​ជា​ស្បៀង​អាហារ​ផង​ដែរ។

លោក​ប្រាប់​ VOA​ ថា៖ «អញ្ចឹង​យើង​សង្ឃឹម​ថា​អាជ្ញាធរ​នឹង​ពន្លឿន​រក​មធ្យោបាយបាន​ឆាប់​រហ័ស​ក្នុង​ការ​ផ្តល់ជំនួយ​ម្ហូប​អាហារ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​ដែល​គាត់​ជួបនូវ​ការ​លំបាក​ពិត​ប្រាកដ»។

អ្នកស្រី ហាយ សុភី អាយុ៣៨​ឆ្នាំ ជា​កម្មករ​រោង​ចក្រ​ម្នាក់ បាន​ឲ្យ​ដឹង​ថា​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មេសា​ ជាង​ពីរ​សប្តាហ៍​បន្ទាប់​ពី​ការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ អ្នកស្រី​និង​អ្នក​ជិត​ខាង​ជាង​៦០​គ្រួសារ​ទៀត​ បាន​បង្ហោះ​វីដេអូ​មួយ ដោយ​ប្រាប់​អំពី​កង្វះ​ខាត​ស្បៀង ហើយ​ពុំ​មាន​ការ​ចែក​អំណោយ​ដល់​កន្លែង​ពួកគេ គឺ​ស្ថិត​ក្នុងសង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ។

ក្រោយ​ពី​ការ​បង្ហោះ​វីដេអូ​អំពាវនាវ​នេះ អាជ្ញាធរ​ខណ្ឌ​បាន​ចុះ​ទៅ​ចែកអំណោយ​ដល់​ពួកគេ ​ដែល​មាន​អង្ករ​២៥​គីឡូក្រាម មី​មួយ​កេស ត្រី​ខ និង​ទឹក​ត្រី​១​យួរ​ក្នុង​មួយ​គ្រួសារ។ អ្នកស្រី សុភី បន្ត​ថា​អ្នកស្រី​ស្ថិត​ក្នុង​តំបន់​លឿង​ទុំ កាល​នោះ ហើយ​អ្នក​ស្រី​មិន​មាន​ការ​ងារ​ធ្វើ ដោយសារ​រោង​ចក្រ​បិទ​ទ្វារ ដូច្នេះ​ហើយ​អ្នក​ស្រី​មិន​មាន​ថវិកា​ទិញ​ម្ហូប​អាហារ។

អ្នកស្រី​ប្រាប់​VOAនៅ​ថ្ងៃ​ច័ន្ទ​នេះថា៖ «បើ​សិន​ជា​អត់​មាន​បាន​ធ្វើ​វីដេអូ​អញ្ចឹង គឺ​អត់​មាន​តែ​ម្តង​ ព្រោះ​អី​នៅ​ខាង​ហ្នឹង និយាយ​រួម គេ​អត់​មាន​អើ​ពើ។ និយាយ​រួម​ គេ​អត់​មាន​អើ​ពើ​ជា​មួយ​យើង ដល់​ពេល​ឃើញ​វីដេអូ​យើង​ផុស​អី​ចឹង​ទៅ បាន​មាន​ខាង​អាជ្ញាធរដែន​ដី ចៅ​សង្កាត់​អី គេ​ទាក់​ទង​មក​ខាង​ពួក​ខ្ញុំ»។

ទោះ​ជា​យ៉ាង​ណា កម្មករ​រូប​នោះ​ឲ្យ​ដឹង​ថា​អ្នកស្រី​បាន​ចូល​ធ្វើ​ការ​ងារ​រោង​ចក្រ​វិញ​ហើយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ បន្ទាប់​ពី​ខក​ខាន​ធ្វើ​ប៉ុន្មាន​សប្តាហ៍​មក​ហើយ៕

XS
SM
MD
LG