រដ្ឋលេខាធិការក្រសួងការងារ លោក ហេង សួរ ថ្លែងក្នុងសប្តាហ៍នេះថា ក្រសួងការងារបានព្យាយាមសម្របសម្រួលបញ្ចប់វិវាទការងាររបស់ក្រុមហ៊ុនណាហ្គាវើលដ៍ (NagaWorld) តែការសម្របសម្រួលនោះបានបរាជ័យ ដោយហេតុផលថា ភាគីវិវាទមិនព្រមទទួលយកការផ្សះផ្សា និងប្រកែកយកត្រូវតែរៀងៗខ្លួន។
ថ្លែងក្នុងសន្និសីទព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ ឆ្នាំកន្លងមករបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ» នៅទីក្រុងភ្នំពេញ កាលពីថ្ងៃទី ១២ ខែតុលា លោក ហេង សួរ ដែលជាអ្នកនាំពាក្យក្រសួងការងារផងនោះ លើកឡើងថា វិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍ដែលកំពុងកើតមានបច្ចុប្បន្ននេះ គឺមិនមែនជារឿងតូចតាចនោះទេ ព្រោះវិវាទដែលអូសបន្លាយពេលជាងមួយឆ្នាំមកនោះបានធ្វើឱ្យប៉ះពាល់មុខមាត់រដ្ឋាភិបាល បន្ទាប់ពីការសម្របសម្រួលរវាងភាគីពាក់ព័ន្ធបានចំនួន ១៩ លើកហើយ តែនៅមិនអាចរកច្រកចេញបាន។
លោកបន្ថែមថា មូលហេតុនៃការជាប់គាំងនៃជម្លោះការងារនេះ គឺដោយសារភាគីទាំងពីរនៅតែប្រកាន់ជំហរដាច់ខាតរៀងៗខ្លួន ដោយភាគីនិយោជកមិនព្រមទទួលយកសំណូមពរកូដករដែលទាមទារចូលធ្វើការវិញ ខណៈក្រុមកូដករមិនសុខចិត្តយកសំណងដើម្បីបញ្ចប់ការទាស់ទែងគ្នា។
លោកប្រាប់សន្និសីទព័ត៌មានយ៉ាងដូច្នេះថា៖ «មន្ត្រីក្រសួងការងារ គេហៅថា មន្ត្រីផ្សះផ្សាវិវាទ។ យើងជាអ្នកផ្សះផ្សាវិវាទ មិនមែនជាចៅក្រម ដែលមានសិទ្ធិក្នុងការសម្រេចក្តីទេ គឺក្រសួងមានតួនាទីមួយ គឺជាមន្ត្រីផ្សះផ្សាវិវាទ។ អ៊ីចឹងពាក្យថា ផ្សះផ្សា គឺយើងមានតែពន្យល់ពីទិដ្ឋភាពច្បាប់ទាំងសងខាង ពីផលលំបាក ហើយឱ្យមានការយោគយល់គ្នា។ ប៉ុន្តែក្រសួងមិនមានសិទ្ធិនៅក្នុងការបង្ខំឱ្យភាគីណាមួយទទួលយកនូវអ្វីដែលជាគំនិតរបស់ខ្លួននោះទេ»។
លោក ហេង សួរ បញ្ជាក់ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះបន្ថែមថា ក្រសួងការងារលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធគោរព និងអនុវត្តតាមនីតិវិធីនៃការដោះស្រាយវិវាទការងាររួម។ លោកបន្តថា ក្រសួងក៏នៅតែបន្តសម្របសម្រួលការប្រជុំពិភាក្សាតាមសំណូមពររបស់ភាគីពាក់ព័ន្ធ ដោយបច្ចុប្បន្ននៅមានអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន ១២៨ នាក់ ដែលនៅបន្តតវ៉ាទាមទារឱ្យក្រុមហ៊ុនទទួលចូលធ្វើការវិញ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីកញ្ញា ឈឹម ស៊ីថរ ដែលជាតំណាងក្រុមកូដករបាននៅឡើយទេ។
កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ ធ្លាប់លើកឡើងកន្លងមកថា ការតវ៉ារបស់កម្មករនិយោជិត គឺដើម្បីធានាការគោរពសិទ្ធិសេរីភាពរបស់សហជីព ហើយសេរីភាពនេះមិនអាចទូទាត់ជាមួយនឹងសំណងបានឡើយ។ ហើយកាលពីពេលថ្មីៗនេះ កញ្ញា ស៊ីថរ ឱ្យដឹងទៀតថា កញ្ញា ក៏ដូចជាក្រុមកូដករ នៅតែចង់ឃើញក្រសួងការងារ និងរដ្ឋាភិបាលដោះស្រាយវិវាទការងារនេះឱ្យបានឆាប់។
វីអូអេព្យាយាមសុំការអត្ថាធិប្បាយតាមសារអ៊ីមែលពីភាគីក្រុមហ៊ុនណាហ្គាវើលដ៍ តែមិនមានការឆ្លើយតប គិតត្រឹមរសៀលថ្ងៃព្រហស្បតិ៍នេះ។
កាលពីខែកក្កដា ឆ្នាំ ២០២២ ក្រុមសហជីព និងសង្គមស៊ីវិល ចំនួន ៣៧ ស្ថាប័ន រួមមានសម្ព័ន្ធសហជីពកម្ពុជា សហភាពការងារកម្ពុជា សហព័ន្ធសហជីពកម្មករចំណីអាហារនិងសេវាកម្មកម្ពុជា សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា និងស្ថាប័នផ្សេងទៀត បញ្ជាក់ថា ការពន្យារពេលមិនព្រមដោះស្រាយវិវាទការងាររបស់កម្មករនិយោជិតនៅក្រុមហ៊ុនណាហ្គាវើលដ៍ គឺជា «ចេតនាបំបាក់ស្មារតី» ចលនាសហជីពឯករាជ្យប្រកបដោយវិជ្ជាជីវៈ ដែលធានាដោយអនុសញ្ញាស្នូលផ្នែកការងារ រដ្ឋធម្មនុញ្ញកម្ពុជា ច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីសហជីព។
លោក ឃុន ថារ៉ូ ប្រធានគ្រប់គ្រងកម្មវិធីការងាររបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា សង់ត្រាល់ កត់សម្គាល់ថា ក្រសួងការងារត្រូវបែងចែងឱ្យដាច់អំពីវិវាទការងារ ដែលកើតឡើងដោយប្រយោជន៍ការងារ និងសិទ្ធិការងារ។
លោកបានឱ្យដឹងទៀតថា វិវាទការងារដែលទាក់ទងសិទ្ធិ គឺក្រសួងការងារ មានសិទ្ធិបញ្ជាទៅឱ្យក្រុមហ៊ុនអនុវត្តច្បាប់។ ហើយចំពោះករណីវិវាទការងារ ក្រុមហ៊ុនណាហ្គាវើលដ៍នេះ លោកយល់ថា ក្រសួងការងារគួរតែចេញរបាយការណ៍អំពីការធ្វើអធិការកិច្ចការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍នេះ ថាតើការបញ្ឈប់មេដឹកនាំសហជីពនៅក្រុមហ៊ុនមួយនេះ ពិតជាបានធ្វើទៅត្រឹមត្រូវទៅតាមច្បាប់ ឬយ៉ាងណានោះ។
លោកថ្លែងថា៖ «ក្រសួងគួរតែចេញរបាយការណ៍មួយហ្នឹងមួយមក ដើម្បីយកជាផ្លូវការមកថា ក្រសួងពិតជារកឃើញតាមរយៈការស៊ើបអង្កេត ការធ្វើអធិការកិច្ចថាក្រុមហ៊ុនពិតជាបានអនុវត្តត្រឹមត្រូវទៅតាមនីតិវិធីផ្លូវច្បាប់ ដែលអាចបញ្ឈប់មេដឹកនាំសហជីពបាន អាហ្នឹងចេញរបាយការណ៍ ចេញសេចក្តីសម្រេចហ្នឹងជាផ្លូវការមក។ ប៉ុន្តែមកដល់ពេលនេះ យើងអត់ឃើញក្រសួងចេញរបាយការណ៍ហ្នឹង...។ អ៊ីចឹងការទាមទាររបស់សហជីព គឺគាត់ចង់ឱ្យមានតម្លាភាព ប្រសិទ្ធិភាពក្នុងការអនុវត្តន៍ច្បាប់»។
លោកបន្ថែមថា៖ «ហើយមកដល់ពេលនេះ ក្រសួងបានលើកឡើងថា ខ្លួនគ្មានសមត្ថកិច្ចក្នុងការបង្គាប់បង្ខំក្រុមហ៊ុន។ អ៊ីចឹងបើសិនជាមិនមានសមត្ថកិច្ចក្នុងការបង្គាប់ឱ្យក្រុមហ៊ុនអនុវត្តច្បាប់ អ៊ីចឹងយើងបង្កើតក្រសួងការងារមកធ្វើអ្វី? យើងបង្កើតច្បាប់ស្តីពីការងារមកធ្វើអ្វី? ហើយយើងបង្កើតអំពីការប្រព្រឹត្តទៅនៃការអនុវត្តនីតិវិធី ការប្រព្រឹត្តទៅនៃការធ្វើអធិការកិច្ចការងារដើម្បីគោលបំណងក្នុងការអនុវត្តប្រសិទ្ធិភាពច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីពហ្នឹងមកធ្វើអី? ចង់និយាយអ៊ីចឹង»។
បើតាមលោក ហេង សួរ ក្រសួងការងារក៏ធ្លាប់បានបង្ហាញរបាយការណ៍ស្តីពីធ្វើអធិការកិច្ចនៅក្រុមហ៊ុនណាហ្គាវើលដ៍ទៅឱ្យភាគីជម្លោះបានដឹងផងដែរ។ បើភាគីទាំងពីរនៅតែមិនសុខចិត្ត គឺគួរតែដោះស្រាយគ្នាតាមយន្តការតុលាការដើម្បីបញ្ចប់វិវាទការងារមួយនេះ។ លោក ហេង សួរ អះអាងបន្តថា បើរដ្ឋាភិបាលបង្ខំឱ្យក្រុមហ៊ុនមួយទទួលទាំងខុសច្បាប់ វាក៏មិនមែនជារឿងល្អសម្រាប់រដ្ឋាភិបាលផងដែរ៕
មន្ត្រីក្រសួងការងារ៖ វិវាទការងារណាហ្គាវើលដ៍នៅតែអូសបន្លាយ ខណៈភាគីទំនាស់មិនព្រមផ្សះផ្សា
ភ្នំពេញ —