ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ការពារ​សិទ្ធិ​មនុស្ស​ហៅ​ការ​រារាំង​យុវ​ជន​មិន​ឱ្យ​ប្រមូល​ផ្តុំ​​នៅ​មុខ​ក្រសួង​មហាផ្ទៃ​ថា​ ជា​ចេតនា​រឹត​ត្បិត​សិទ្ធិ​មូលដ្ឋាន


រូប​ឯកសារ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​កាន់​មុខ​ក្រសួង​មហាផ្ទៃ ដែល​ស្ថិត​​នៅតាម​បណ្តោយ​មហាវិថី​នរោត្តម​ ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០១៧។ (ហ៊ាន​ សុជាតា/វីអូអេ)
រូប​ឯកសារ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​កាន់​មុខ​ក្រសួង​មហាផ្ទៃ ដែល​ស្ថិត​​នៅតាម​បណ្តោយ​មហាវិថី​នរោត្តម​ ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០១៧។ (ហ៊ាន​ សុជាតា/វីអូអេ)

អ្នក​ការពារ​សិទ្ធិ​មនុស្ស​ហៅ​ការ​រារាំង​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​មិន​ឱ្យ​យុវជន​មួយ​ក្រុម​ប្រមូល​ផ្តុំ​នៅ​មុខ​ក្រសួង​មហាផ្ទៃ​ ដើម្បីតវ៉ា​ប្រឆាំង​ការ​ផ្តល់​បណ្ណ​ស្នាក់​នៅ​ និង​អនុញ្ញាត​ឱ្យ​ជន​បរទេស​ធ្វើ​អាជីវកម្មនៅ​ក្នុង​ប្រទេស ដោយ​លើក​ឡើង​ថា​ ជា​ចេតនា​រឹត​ត្បិត​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ​ ដែល​ប្រាស​ចាក​គោល​ការណ៍​ប្រជា​ធិបតេយ្យ។​

បើតាម​យុវជន​ដែល​ពាក់​ព័ន្ធ​នឹង​ការ​តវ៉ា​ខាង​លើ​ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ឱ្យដឹង​ដោយ​មិន​បាន​ផ្តល់​មូល​ហេតុកាល​ពី​សប្តាហ៍​មុន​ថា​ ក្រុម​យុវជន​លើស​ពី​៥​នាក់​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យទៅ​ប្រមូល​ផ្តុំ​ ឬធ្វើ​បាតុកម្ម​ដោយ​អហិង្សា​នៅ​មុខ​ក្រសួង​មហាផ្ទៃ​នៅ​ថ្ងៃ​ទី​១៩ ​ខែ​កញ្ញា​ខាង​មុខនោះ​ទេ។​

នាយក​រង​ទទួល​បន្ទុក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ ​លោក​ អំ សំអាត​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ទំនង​ជា​មាន​ការ​បារម្ភ​អំពី​ការ​ទាមទារ​របស់​យុវជន​ ដែល​មាន​លក្ខណៈ​រសើប​ ទើបបាន​មាន​ការ​រឹតត្បិត​យុវជន​មិន​ឱ្យ​មាន​ការ​ប្រមូល​ផ្តុំ​យ៉ាង​ដូច្នេះ។ ​

លោក​ អំ សំអាត​ ឱ្យ​ដឹង​ទៀត​ថា ​ យុវជន​មួយក្រុម​នេះ​ក៏​បាន​ដាក់​ញត្តិ​ទៅ​កាន់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ប្រឆាំង​នឹង​ការ​ប៉ុនប៉ង​បើក​មហាវិទ្យា​ល័យ​ផ្នែកភាសា​វៀតណាម​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទភ្នំពេញ​ផង​ដែរ។​

លោក​ថ្លែង​ថា៖​ «រឿង​នេះ​ ជា​រឿង​រសើប​មួយ​ដែរ​ ដែល​អាជ្ញាធរ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់។​ ទីមួយ​ ក្រុម​យុវជន​នេះ​គាត់​ធ្វើ​ការ​ដាក់ញត្តិ​ហ្នឹង​គឺ​ប្រឆំាង​នឹង​ការ​បើក​មហាវិទ្យា​ល័យ​ផ្នែក​ភាសា​វៀតណាម​ នៅ​សាលា​វិទ្យាល័យ​ [ភូមិន្ទ]​ ភ្នំពេញ​កុំ​ឱ្យ​មាន​ការ​បើក​នូវ​សាកលវិទ្យា​ល័យ​ទាក់​ទង​នឹង​ភាសា​ហ្នឹង។​ ហើយ​ទី​ពីរ​ គឺ​គាត់​សុំ​កុំ​ឱ្យ​មាន​ការ​ចេញ​ឯក​សារ​អចិន្ត្រៃយ៍​ រស់​នៅ​អចិន្ត្រៃយ៍​សម្រាប់​ជន​បរទេស។ ​អ៊ីចឹង​ យើង​ឃើញ​ថា​ បញ្ហា​នេះ​ជា​បញ្ហា​រសើប​ផង​ដែរ»។ ​

លោក​បន្ថែម​ថា៖​ «រឿងការ​ជួប​ជុំ​ ការ​ប្រមូល​ផ្តុំ​គ្នា​ ហើយ​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ​អី​នោះ​ ខ្ញុំ​គិត​ថា​ វា​ងាយ​ស្រួល​ទេ​ ក្នុង​ការ​សម្រួល​ជជែក​គ្នា​ដើម្បី​ធ្វើ​ម៉េច​កុំ​ឱ្យ​មាន​ការ​កក​ស្ទះ​ ហើយ​កំណត់​ពេល​វេលា​នៅ​ក្នុង​ការ​ជួប​ជុំ ប៉ុន្តែ​អ្វី​ដែល​យើង​មើល​ទៅ​គឺ​អាជ្ញាធរ​មិន​ចង់​ឱ្យ​មាន​ការ​ជួប​ជុំ​ទ្រង់​ទ្រាយ​ធំ​អី​ទេ​នៅ​មុខ​ក្រសួង​មហាផ្ទៃ​អ៊ីចឹង​ទៅ។​ ហើយ​បាន​បង្វិល​ថា​ បើ​ចង់​ជួប​ជុំ​ អាច​ជួប​ជុំ​នៅ​ទីលាន​ប្រជា​ធិបតេយ្យ»។​

តាម​ការ​តស៊ូ​មតិរបស់​យុវជន ​ញត្តិ​ទីមួយ​ដែល​បាន​ដាក់​ទៅ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ កាលពីចុង​ខែ​សីហា ​ផ្តោត​លើ​ការ​ជំទាស់​នឹង​ការ​បើក​មហា​វិទ្យាល័យ​ភាសា​វៀតណាម​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ហើយ​ញត្តិទីពីរ​ដែល​គ្រោង​ដាក់​ទៅ​ក្រសួង​មហា​ផ្ទៃ​សប្តាហ៍​ក្រោយ​គឺ​នៅ​ថ្ងៃ​ទី​១៩​ ខែ​កញ្ញា​ ឆ្នាំ​២០២២​ គឺ​ផ្តោត​លើ​បញ្ហា​នៃ​ការ​ស្នាក់​នៅ​ និង​ការ​ប្រកប​អាជីវកម្ម​របស់​ជន​បរទេស​នៅ​កម្ពុជា។​

អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ លោក​ម៉េត មាសភក្ដី ​ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម​ថា​ អាជ្ញាធរ​រាជធានី​មិន​ហាម​ឃាត់​ការ​ដាក់​ញត្តិទេ តែ​មិន​ឱ្យ​មាន​ការ​ប្រមូល​ផ្តុំ​មនុស្ស​ច្រើន​ ដែល​លោក​ថា ​វា​អាច​បង្ក​ផល​ប៉ះ​ពាល់​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ។​

លោក​ថ្លែង​ថា៖​«ព្រោះអីបើយើង​គ្រាន់​តែ​ចង់​ដាក់​ញត្តិ​មួយ​ជូន​ក្រសួង​មហាផ្ទៃ​ហ្នឹង​ អ៊ីចឹង​យើង​ចាំបាច់​អី​ត្រូវ​មាន​ការ​ជួប​ជុំ​ប្រមូល​ផ្តុំ​ដើរ​ដាក់​ញត្តិ​អី​ ធ្វើ​ឱ្យ​អាច​នឹង​បង្ក​ការ​ស្ទះ​ចរាចរណ៍​ ឬ​ក៏​សណ្តាប់​ធ្នាប់​អី​ផ្សេងៗ​នៅ​តាម​ទី​សាធារណៈ។ ​អ៊ីចឹង​ហើយ​បាន​ជា​មាន​ការ​ប្រជុំ ហើយ​ពិគ្រោះ​គ្នា​ ហើយ​មាន​ការ​ឯកភាព​គ្នា​ហើយ​ យល់​ពីគ្នា​រវាង​ម្ចាស់​សំណើ​ជាមួយ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ ហើយ​បាន​ឯក​ភាពក្នុង​ការ​រៀប​ចំ​ដូច​ខ្ញុំ​ជម្រាប​អម្បាញ់​មិញ​អ៊ីចឹង។ មាន​ន័យ​ថា​ ញត្តិ​លោក​នៅ​តែ​អាច​មាន​លទ្ធភាព​ដាក់​ទេ​ គ្រាន់តែ​ទម្រង់​នៃ​ការ​ដាក់​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ធ្វើ​ការ​ជួប​ជុំ​ហែក្បួន​ ឬ​ក៏អី​ហ្នឹង​រាប់​រយ​នាក់​ក្នុង​ការ​ធ្វើ​កិច្ច​ការ​ទាំងអស់​នេះ​ទេ»។​

ក៏​ប៉ុន្តែ​សកម្មជន​សង្គម​មក​ពី​ខេត្ត​សៀមរាប​ លោក​ ថេល ធីលែន​ មិន​យល់​ស្រប​នឹង​ការ​ពន្យល់​របស់​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​ទេ ​និង​ថា ​ការ​កំហិត​ចំនួន​មនុស្ស​ទៅ​ដាក់​ញត្តិ​នៅ​ក្រសួង​មហាផ្ទៃ​ជា​ទម្រង់​នៃ​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ក្នុង​សង្គម​ប្រកាន់​យក​របប​ប្រជា​ធិបតេយ្យ។​

យ៉ាងណា​ក៏​ដោយ ​ លោក​ថា ​ក្រុម​យុវជន​សង្គម​លោក​ចំនួន​៥​នាក់​នឹង​យក​ញត្តិ​ទៅ​ដាក់​នៅ​ក្រសួង​មហាផ្ទៃ ​នា​ថ្ងៃទី​១៩​ ខែ​កញ្ញា​ខាង​មុខ​ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការ​ផ្តល់​បណ្ណ​ស្នាក់​នៅ​អចិន្ត្រៃយ៍​ និង​ការ​ផ្តល់​សិទ្ធិ​ពេញលេញ​ដល់​ពល​រដ្ឋ​បរទេស​ប្រកប​អាជីវកម្ម​នៅ​ស្រុក​ខ្មែរ។​

សកម្ម​ជន​វ័យ​៣២​ឆ្នាំ​រូប​នេះ​និយាយ​ថា៖​«ខ្ញុំ​យល់​ថា​ ទង្វើ​នេះ​ វា​មិន​ត្រឹម​តែ​មិន​គោរព​សិទ្ធិ​ និង​ផ្តល់​អំណាច​ឱ្យ​ប្រជា​ពលរដ្ឋ​យើង​ដែល​ជា​ប្រជា​ពលរដ្ឋ​រស់​នៅ​ក្នុង​ប្រទេស​ដែល​ប្រកាន់​យករបប​ប្រជា​ធិប​តេយ្យ​ទេ​ ថែម​ទាំង​មិន​គោរព​នូវ​គោល​ការណ៍​ច្បាប់​ទៀត​ ព្រោះ​ពាក់​ព័ន្ធនឹង​ការណ៍​ដែល​យើងយក​ទៅ​ដាក់​បានតែ​៥​នាក់​នេះ​ យើង​មិន​បាច់​ទៅ​ស្នើ​សុំ​ដល់​សាលា​រាជធានី​ក៏​បាន​ដែរ។ យើង​សុំ​តែ​អាជ្ញាធរ​មូលដ្ឋាន​ក៏​បាន​ដែរ»។​

លោក ថេល ធីលែន ​បន្ថែម​ថា ​កម្ពុជា​ត្រូវមាន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ទំនាក់​ទំនង​ខ្លួន​នឹង​ប្រទេស​វៀត​ណាម​ ដោយ​លោក​អះអាង​ថា អាជ្ញាធរ​កម្ពុជា​ហាក់​ដូច​ជា​ព្យាយាម​ផ្គាប់​ផ្គុនពលរដ្ឋ​វៀតណាម​ឱ្យ​មាន​ទីន្លែង​រស់​នៅ​ស្រួល​បួល​ និង​ការ​ស្តារ​ជីវភាពរស់​នៅ​ប្រចាំថ្ងៃ​ ពេល​ដែល​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នាក់នៅ​បន្ត​ជាប់​ផុង​ក្នុង​វិវាទ​ដីធ្លី។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្សអាដហុក​ លោក​ស៊ឹង សែនករុណា​ យល់​ថា​ សង្គម​ប្រជា​ធិបតេយ្យ​ពិត​ប្រាកដ​មួយ​គឺ​ជា​ទីកន្លែង​ដែល​មាន​ការ​បើក​ឱ្យ​ប្រើ​សិទ្ធិ​មូលដ្ឋាន​បី​សំខាន់ៗ​ពេញ​លេញ​ គឺសិទ្ធិ​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី ​បញ្ចេញ​មតិ​ និង​សមាគម។ ​

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា៖ «សេរីភាព​មូលដ្ឋាន​នឹង​គឺ​សំខាន់​ណាស់​ទីមួយ​គឺ​សេរីភាព​ក្នុង​ការ​ជួប​ជុំ​ដោយ​សន្តិវិធី​ ហើយ​ទី​ពីរ គឺ​ការ​បញ្ចេញ​មតិ​ ហើយ​ទីបី ​គឺ​ខាង​សមាគម។​ ហើយ​សង្គម​ប្រជា​ធិប​តេយ្យ​ បើ​កាល​ណា​សិទ្ធិ​សេរី​ភាព​ជា​មូលដ្ឋាន​ហ្នឹង​រង​ការ​រឹត​ត្បិត​ មាន​ន័យ​ថា ​សង្គម​ប្រជា​ធិប​តេយ្យ​នោះ​មិន​មែន​ជា​សង្គម​ប្រជា​ធិបតេយ្យ​ពិត​ប្រាកដ​តាម​គោល​ការណ៍​ជា​សកល​នោះ​ទេ។​ អ៊ីចឹង​ ប្រទេស​នោះ​ពិបាក​នឹង​ឱ្យ​តម្លៃ​ថា​ ជា​ប្រទេស​ដែល​មាន​កាន់​នូវ​គោល​ការណ៍​ប្រជា​ធិប​តេយ្យ​ណាស់»។​

កន្លង​មក​រាល់​ការ​តវ៉ា​របស់​សកម្មជន​សង្គម ​ឬ​ក៏​បរិស្ថាន​ ឬ​កម្មករ​ រមែង​តែ​ទទួល​បាន​ការ​ឆ្លើយ​តម​ពីអាជ្ញាធរ​ជាទម្រង់​នៃការ​ឃ្លាំ​មើល ​បង្អាក់ ​ឬ​ករណី​ខ្លះ​ឈាន​ដល់​ការ​ចាត់​វិធាន​ការ​ច្បាប់​ ក្រោម​បទ​ញុះញង់​ ដែល​នាំ​ឱ្យ​មាន​ការ​ចាប់​ខ្លួន​សកម្មជន ​ឬ​អ្នក​តវ៉ា​ដាក់​ក្នុង​ពន្ធនាគារ។ ​នេះ​បើតាម​ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស​ក្នុង​ស្រុក៕

XS
SM
MD
LG