ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេចក្តី​ព្រាងច្បាប់ ​S-831 ​នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​លែង​ភ័យ​ខ្លាច​ការ​គំរាម​កំហែង​ពី​រដ្ឋាភិបាល​កម្ពុជា​


លោក ​សម រង្ស៊ី ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​​ចូល​រួម​វេទិកា​សហគមន៍​ខ្មែរ​មួយ​នៅ​ជាយ​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មេសា។
លោក ​សម រង្ស៊ី ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​​ចូល​រួម​វេទិកា​សហគមន៍​ខ្មែរ​មួយ​នៅ​ជាយ​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មេសា។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​ទី២៧​ ខែ​មេសា​ ​លោក ​សម រង្ស៊ី ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ដោយ​តុលាការរបស់​រដ្ឋាភិបាល​លោក ​ហ៊ុន សែន​ កាលពី​ឆ្នាំ​២០១៧​ បាន​ចូល​រួម​វេទិកា​សហគមន៍​ខ្មែរ​មួយ​ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​ខ្មែរ​អាមេរិកាំង​ដើម្បី​សិទ្ធិ​មនុស្ស​ និង​ប្រជា​ធិបតេយ្យ​ ឬ ​CAHRAD។ ​វេទិកា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​បណ្ណាល័យ​ Thomas Jefferson​ នៅ​ស្រុក ​Arlington រដ្ឋ​ Virginia ​ជាយ​រដ្ឋធានី​វ៉ាស៊ីនតោន​ ដោយ​មាន​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ និង​អ្នក​គាំទ្រ​ប្រមាណ​ជិត​៥០​នាក់​បាន​ចូលរួម។ ​

គោល​បំណង​ដែល​អង្គការ​នេះ​អញ្ជើញ​លោក​ សម រង្ស៊ី ​មក​កាន់​វេទិកា​នេះ​គឺ​ដើម្បីឱ្យ​លោក​ជម្រាប​សហគមន៍​ខ្មែរ​អាមេរិកាំង​អំពី​គោល​ជំហរ​របស់​លោក​ទាក់ទង​ការ​បោះឆ្នោត​នៅ​ពេល​ឆាប់ៗ​នេះ​ក្នុង​ប្រទេស​កម្ពុជា ​និង​ដំណើរ​ទស្សន​កិច្ច​របស់​លោក​មក​កាន់​រដ្ឋធានី​វ៉ាស៊ីតោន​ដើម្បី​ជួប​ជាមួយ​មន្ត្រី​សហរដ្ឋ​អាមេរិក​ និង​ការ​វិវត្ត​នៅ​ពេល​ថ្មីៗ​នេះ​ស្តីពី​ច្បាប់​មួយ​ចំនួន​ដែល​សភា​អាមេរិក​នឹង​ត្រូវ​អនុម័ត​ដែល​ទាក់ទិន​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ និង​ការ​គំរាម​កំហែង​របស់​ភ្នាក់ងារ​គណបក្ស​កាន់​អំណាច​ និង​រដ្ឋាភិបាលលើពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​សហ​រដ្ឋ​អាមេរិក​និង​បរទេស​ប្រទេស​ផ្សេង​ទៀត។​

បើ​តាម​លោក​ស្រី ​ទិត គឹមហ៊ុន ​ប្រធាន​គណៈកម្មាធិការ​កិច្ចការ​ស្ត្រី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឱ្យ​ដឹង​ថា​ សេចក្តី​ស្នើច្បាប់​ S-831 ​មាន​គោល​បំណងរាំងខ្ទប់​មិន​ឱ្យ​ភ្នាក់ងារ​រដ្ឋាភិបាល ​ហាម​ប្រាម​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់​នៅ​សហ​រដ្ឋ​អាមេរិក ​មិន​ឱ្យ​បញ្ចេញ​មតិ​រិះគន់​ដល់​រដ្ឋាភិបាលរបស់​លោក ​ហ៊ុន សែន។​

លោក​ស្រី​បាន​មាន​ប្រសាសន៍​ទៀត​ថា៖​ «សេចក្តីស្នើច្បាប់​ដែល​បងប្អូន​ឃើញ​សំខាន់ ​ថ្មី​កើត​ឡើង​នេះ​គឺត្រូវ​បាន​ដាក់​ស្នើ​ដោយ​សមាជិក​ព្រឹទ្ធសភា ​Jeff Merkley ​មកពី​រដ្ឋ Oregon។ ​សេចក្តី​ស្នើ​ច្បាប់​នោះ​មាន​ឈ្មោះ​ថា​ S-831​ ដែល​ជា​ភាសា​អង់គ្លេស​ហៅ​ថា​ TransNational Repression Policy Act មាន​ន័យ​ថា ​សេចក្តី​ស្នើច្បាប់​ដាក់​គំនាប​ដល់​ជន​ផ្តាច់ការ​ដែល​បាន​ឆ្លងដែនមកដាក់​គំនាប​ទៅ​លើ​ប្រជា​ពលរដ្ឋ​នៅ​ក្រៅ​ប្រទេស​ ជា​ពិសេស​នៅ​សហ​រដ្ឋ​អាមេរិក​នេះ​តែ​ម្តង»។

លោក​ស្រី​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ឱ្យ​ចូល​រួម​គាំទ្រ​សេចក្តី​ព្រាង​ច្បាប់​នេះ​តាម​រយៈ​ការ​សរសេរ​សំបុត្រ​ទៅ​កាន់​សមាជិក​សភា​របស់​ខ្លួន​នៅ​ក្នុង​រដ្ឋ​ ឱ្យ​ជួយ​ពន្លឿន​ច្បាប់​នេះ​ ឱ្យ​ទទួល​បាន​ការ​អនុម័ត​ឱ្យ​ឆាប់​រហ័ស។ ​

លោក​ស្រី​បាន​ថ្លែង​បន្ត​ទៀត​ថា៖​ «ក្នុង​នាម​យើង​ជា​ពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​ក្នុង​សហ​រដ្ឋ​អាមេរិក​នេះ ​យើង​ដឹង​ខ្លួន​យើង​ថា ​យើង​ជ​នរណា? ​មកពី​ណា?​ យើងត្រូវ​ដឹង​អត្ត​សញ្ញាណ​របស់​យើង​ថា​ យើង​ជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង។​ យើង​មាន​សិទ្ធិ​នៅ​ក្នុង​ការ​ចូលរួម​សម្តែង​មតិ ​ជា​ពិសេស​យើង​រស់​នៅ​ក្នុង​សហ​រដ្ឋ​អាមេរិក ​ប្រទេស​ប្រជា​ធិបតេយ្យ។​ យើង​មិន​អាច​ឱ្យ​ជន​ផ្តាច់​ការ​គំរាម​កំហែង​យើង​ថា ​កុំឱ្យ​បង​ប្អូន​ឈរ​ជិត​លោក​ប្រធាន​ស្តីទី ​កុំឱ្យ​បង​ប្អូន​ថត​រូប​ឈរ​ជិត​ជា​មួយ​ខ្ញុំ ​ជាពិសេស​នៅ​ទីវត្ត​អារាម ​ទីកន្លែង​សារធារណៈ​ទាំង​អស់​ដែល​បាន​គំរាម​កំហែង​ដល់​បង​ប្អូន។ ​យើង​មិន​អាច​អ៊ីចឹង​បាន​ទេ។​ អ៊ីចឹង​ហើយ​បាន​ជា​មាន​សេចក្តី​ស្នើ​ច្បាប់​នេះ​នៅ​ពេល​ថ្មីៗ​នេះ​ដែល​មិន​ឱ្យ​មាន​ការ​គំរាម​កំហែង​ទៅលើ​បង​ប្អូន​ខ្មែរ​ ជាពិសេស​អ្នក​រស់នៅ​លើ​ទឹកដី​អាមេរិក។ ​ពេល​ដែល​បងប្អូន​ធ្វើ​ការងារ​ដែល​បង​ប្អូន​ចង់​ធ្វើ​នៅ​លើ​ទឹកដី​ប្រកាន់​លទ្ធិ​ប្រជា​ធិបតេយ្យ ​បែរ​ជា​គេ​ទៅ​គំរាម​កំហែង​សាច់ញាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ»។​

លោក​ស្រី​បាន​បន្ត​ទៀត​ថា​ ភ្នាក់ងារ​រដ្ឋាភិបាល​ដែល​គំរាម​កំហែង​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​អាច​ត្រូវ​បាន​គេ​ដក​ទិដ្ឋាការ​ ឬ​សញ្ជាតិ​អាមេរិក ​ហើយ​បណ្តេញ​ចេញ​ និង​មិន​អនុញ្ញាត​ឱ្យ​ចូល​ក្នុង​សហរដ្ឋ​អាមេរិក។ ​

លោក​ Jeff Merkley ​ លោក Marco Rubio​ លោក​ Ben Cardin និង​ លោក​ Bill Hagerty ​បាន​បញ្ជូន​សេចក្តីស្នើច្បាប់​នេះទៅគណៈកម្មាធិការ​ទំនាក់​ទំនងកិច្ចការ​បរទេស​នៃ​ព្រឹទ្ធ​សភា​ស.រ.អ.​កាល​ពី​ថ្ងៃទី​១៦ ​ខែ​មីនា។​

កន្លង​មក​អ្នក​នាំពាក្យ​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ដូច​ជា​លោក​ សុខ ឥសាន​ ព្រមទាំង​លោក ​ហ៊ុន សែន ផ្ទាល់​ ធ្លាប់​មើល​ស្រាល​សេចក្តី​ស្នើ​ច្បាប់​ដោយ​សមាជិក​រដ្ឋសភា​ និង​ព្រឹទ្ធ​សភា​ស.រ.អ. ​ដោយ​លើក​ឡើង​ថា ​គ្រាន់តែ​ជា​សំណើ​របស់​តំណាង​រាស្ត្រ​ខ្លះ ​ដែល​ស្ទះ​នៅ​ត្រឹម​សភា​ពេញអង្គ ​ឬ​នៅ​ព្រឹទ្ធសភា។​

ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា​នាពេល​ខាង​មុខ​នេះ​វិញ ​លោក ​យ័ប គឹមទឹង​ ប្រធាន​សមាគម​ខ្មែរ​អាមេរិកាំង​ដើម្បី​សិទ្ធិ​មនុស្ស​និង​ប្រជា​ធិបតេយ្យ​ ឬ ​CAHRAD​ បាន​លើក​ឡើង​ពី​សេចក្តី​ថ្លែង​ការណ៍​របស់​អ្នក​រាយ​ការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​លោក​ Vitit Muntarbhorn ​ដែល​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​កំណែ​ទម្រង់​២០​ចំណុច​សម្រាប់​ការ​បោះឆ្នោត​ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ ​លោក ​គឹមទឹង​បាន​និយាយ​ថា ​រដ្ឋាភិបាល​របស់​លោក​ ហ៊ុន សែន មិន​បាន​ធ្វើការ​កែ​ទម្រង់​អ្វី​ទាំង​អស់ ​ហើយ​បែរ​ជា​បង្កើន​ការ​ធ្វើ​បាប​ គាប​សង្កត់​ និង​ចាប់​ខ្លួន​សមាជិក​គណបក្ស​ប្រឆាំង ​និង​សកម្មជន​សិទ្ធិ​មនុស្ស​យក​ទៅ​កាន់​ទោស​និង​ដាក់​ពន្ធនាគារ​ថែម​ទៀត។ ​លោក​បាន​បន្ត​ទៀត​ថា​ អង្គការ​របស់​លោក ​រួម​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​៥៧​ផ្សេង​ទៀត​នៅ​សហ​រដ្ឋ​អាមេរិក​ និង​ប្រទេស​ដ​ទៃ​ទៀត​បាន​ចេញ​ញ្ញត្តិ​មួយ​ដែល​មិន​ទទួល​ស្គាល់​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ។​

លោក​បាន​ថ្លែង​ថា៖ «ពួក​យើង​បាន​អាន​របាយ​ការណ៍​របស់​អង្គការ​សហ​ប្រជាជាតិ​ជា​ពិសេស​របស់​លោក​សាស្ត្រាចារ្យ​ Vitit Muntarbhorn ​ហើយ​នឹង​លោក ​Volker Turk ។ ​របាយ​ការណ៍​នោះ​បាន​និយាយ​ថា​ ដើម្បី​ឱ្យ​មាន​ការ​បោះឆ្នោត​មាន​យុត្តិធម៌ ​ទាល់តែ​មាន​ការ​កែប្រែ​ចំនួន​២០​ចំណុច។ ​រហូត​មកទល់​ពេល​នេះ​មិន​មាន​ការ​កែប្រែ​អ្វី​ទាំង​អស់ ​ដូច្នេះ ​ការ​បោះ​ឆ្នោត​នេះ​មិន​មាន​យុត្តិធម៌​នោះ​ទេ»។​ ​

ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​នេះ​ដែរ ​ប្រធាន​ស្តីទី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​នីរទេស​ខ្លួន​លោក ​សម រង្ស៊ី ​បាន​មាន​ប្រសាសន៍​ថា ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​បន្ត​រក្សា​កម្លាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​លោក​បាន​និយាយ​ទៀត​ថា​ នៅពេល​ណា​មាន​ឱកាស​ កម្លាំង​នោះ​នឹង​ចេញ​មក​ជំរុញ​ឱ្យ​ប្រទេស​កម្ពុជា​មាន​ប្រជា​ធិបតេយ្យ​ឡើង​វិញ។ ​លោក ​សម រង្ស៊ី ​ក៏​បាន​លើក​ទឹកចិត្ត​ឱ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ប្រទេស​ចេញ​ទៅ​បោះឆ្នោត​នៅ​ពេល​ពេល​ខាង​មុខ​នេះ​ ដោយបោះឆ្នោត​ឱ្យ​គណបក្ស​ណា​ដែល​គាំទ្រ​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជា​ធិបតេយ្យ។​

លោក ​សម រង្ស៊ី ថ្លែង​ថា៖ «យើង​ត្រូវ​មើល​វែងឆ្ងាយ ​ត្រូវ​រក្សា​កម្លាំង​ប្រជា​ធិបតេយ្យ​ឱ្យ​នៅ​គង់វង្ស ​កុំឱ្យ​បែក​ខ្ញែក ​ឱ្យ​មាន​ដំបូល​មួយ​ជ្រក ​ទោះជា​គណបក្ស​នោះ​ឈ្មោះ​អី​ក៏ដោយ ​ឱ្យ​តែ​គណបក្ស​នោះ​ ថ្នាក់​ដឹកនាំ​គណបក្ស​នោះ​មាន​ជំហរ​ច្បាស់​លាស់ ​រក្សា​ឧត្តម​គតិ​ដើម​យើង​ទាំង​អស់​គ្នាតាំង​ពី​គណបក្ស​ជាតិ​ខ្មែរ ​គណបក្ស​សម រង្ស៊ី​ និង​គណបក្ស​សង្គ្រោះ​ជាតិ»។

លោក សម រង្ស៊ី​ ថ្លែង​ដូច្នេះ​ ដោយ​ចៀសវាង​ឈ្មោះ​គណបក្ស​ភ្លើងទៀន​ ដែល​ជា​កេរដំណែល​របស់​លោក។ ​លោក ​ហ៊ុន សែន ​ធ្លាប់​បាន​ព្រមាន​រំលាយគណបក្សភ្លើងទៀត​ ដូច​គណបក្សសង្គ្រោះ​ បើ​មាន​ភស្តុតាង​បង្ហាញ​ថា ​គណបក្ស​នេះ​ពាក់​ព័ន្ធ​នឹង​លោក សម រង្ស៊ី។

ទោះបី​លោក​បានអំពាវនាវ​ឱ្យ​ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​ប្រទេស​ចេញ​ទៅ​បោះឆ្នោត​ជាតិ​នៅ​ពេល​ខាង​មុខ​នេះ​ក៏ដោយ​ ក៏​លោក​ សម រង្ស៊ី​ បាន​ថ្លែង​ថា​ បើ​តាម​លោក​ដឹង​មិនមាន​ប្រទេស​សេរី​ និង​ប្រកាន់​លទ្ធិ​ប្រជា​ធិបតេយ្យ​សំខាន់ៗ​បញ្ជូន​អ្នក​សង្កេត​ការណ៍​បោះឆ្នោត​របស់​ខ្លួន​ទៅ​សង្កេត​ការណ៍​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​នោះ​ទេ។​

លោក​ សម រង្ស៊ី ​បាន​និយាយ​សង្កត់​ធ្ងន់ប្រាប់​អ្នក​ចូលរួម​ថា ​ ​សហ​រដ្ឋ​អាមេរិក​ អឺរ៉ុប ​បារាំង​ ជាពិសេស​ អត់​បញ្ជូន​អ្នក​សង្កេត​ការណ៍​ទេ។ លោក​ថា ​តាម​លោក​ដឹង​ជប៉ុន ​និងអូស្ត្រាលី​ក៏​អ៊ីចឹង​ដែរ។​
លោក​ថា៖​ «ហេតុអ្វី​បាន​ជា​គេ​សម្រេច​អ៊ីចឹង​ ​ពីព្រោះ​គេ​យល់​ឃើញ​ថា ​សង្កេត​ការណ៍​នោះ​អត់​បាន​ការ​ ព្រោះ​លទ្ធផល​នោះ​បាន​ដឹង​មុន​ហើយ​ ព្រោះ​ ហ៊ុន សែន​ ជា​អ្នក​រៀបចំ​តួលេខ​ អ្វីៗ​ទាំង​អស់»។​ ​
លោក​ថា លោក ហ៊ុន សែន​ ចង់​បានអ្នក​សង្កេត​ការណ៍​បង្គ្រប់​កិច្ច​ដើម្បី​ផ្តល់​ភាព​ស្រប​ច្បាប់​ដល់​លទ្ធផល​របស់​គាត់។​

លោក​ ហ៊ុន សែន ​ធ្លាប់​ការពារ​លទ្ធផល​នៃ​ការ​បោះឆ្នោត ​ដែល​គណបក្ស​របស់​លោក​ឈ្នះ​ភ្លូក​ទឹក​ភ្លូកដី​ បាន​អាសនៈ​ទាំងអស់ ​ដោយ​និយាយ​ថា ​ជា​ដំណើរការ​ពហុបក្ស​ ត្រឹម​ត្រូវ ហើយ​លោក​ព្រមាន​អ្នក​ធ្វើ​បាតុកម្ម​ ដោយសារ​ចាញ់​ការបោះឆ្នោត។

ថ្វី​បើលោក​រិះគន់​ដំណើរ​ការ​បោះឆ្នោត​ដែល​ជា​ជម្រើស​តែ​មួយ​គត់​សម្រាប់​គណបក្ស​គ្មាន​អំណាច​អាវុធ​នោះ ​លោក​ សម រង្ស៊ី​ បាន​ថ្លែង​ទៀត​ថា​ លោក​សង្ឃឹម​ថា ​ការ​ផ្លាស់​ប្តូរ​នឹង​កើត​មាន​ឡើងនៅ​ក្នុង​ប្រទេស​កម្ពុជា​តាម​រយៈ​ការ​បោះ​ឆ្នោត ហើយ​ប្រជា​ពលរដ្ឋ​ខ្មែរ​នឹង​ទទួល​បាន​នូវ​យុត្តិធម៌​ និង​សមភាព​នៅ​ថ្ងៃ​អនាគត។​

ពិធី​សំណេះ​សំណាល​ជាមួយ​សហគមន៍​ខ្មែរ​នេះ​បាន​បញ្ចប់​នៅ​ម៉ោង៨:៣០នាទី​យប់​ដោយ​មាន​ការសួរ​ជា​សំណួរ​ពី​អ្នក​ចូលរួម៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG