ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រោយ​ភេរវកម្ម​នៅ​ San Bernardino យុវជន​កម្ពុជា​បង្ហាញ​ក្តី​បារម្ភ​​​


លោក Gary Mendoza និង​កូន​ប្រុស​ឈ្មោះ Michael កាល​ពី​ថ្ងៃ​ច័ន្ទ ទី​៧ ខែ​ធ្នូ ឆ្នាំ​២០១៥ សម្តែង​​គារវកិច្ច​នៅ​បូជនីយដ្ឋាន​បណ្តោះ​អាសន្ន​​មួយ​កន្លែង​​​សម្រាប់​អ្នក​រង​ការ​បាញ់​ប្រហារ​​នៅ​ក្រុង San Bernardino រដ្ឋ California។
លោក Gary Mendoza និង​កូន​ប្រុស​ឈ្មោះ Michael កាល​ពី​ថ្ងៃ​ច័ន្ទ ទី​៧ ខែ​ធ្នូ ឆ្នាំ​២០១៥ សម្តែង​​គារវកិច្ច​នៅ​បូជនីយដ្ឋាន​បណ្តោះ​អាសន្ន​​មួយ​កន្លែង​​​សម្រាប់​អ្នក​រង​ការ​បាញ់​ប្រហារ​​នៅ​ក្រុង San Bernardino រដ្ឋ California។

​មន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជា​អះអាង​ថា​ រាជ​រដ្ឋាភិបាល​បាន​និង​កំពុង​​ធ្វើការ​យ៉ាង​សកម្ម​ក្នុង​ទប់​ស្កាត់​ ​តាមដាន​ និង​ចែក​រំលែក​ព័ត៌មាន​ទាក់ទង​នឹង​ចលនា​នៃ​​បណ្តាញ​ភេរវជន​ ដែល​អាច​បង្ក​ការ​វាយ​ប្រហារ​បាន​គ្រប់​ពេល​វេលា។​

យុវជន​កម្ពុជា​រំពឹងថា​ រាជ​រដ្ឋាភិបាល​របស់​ផង​ខ្លួនបាន​រៀបចំ​ផែនការ​ជាក់​លាក់​ក្នុង​ការ​ទប់ស្កាត់​សកម្មភាព​វាយ​ប្រហារ​ភេរវកម្ម​ បន្ទាប់​ពី​ការ​វាយ​ប្រហារ​ដ៏​ឃោរឃៅ​នៅ​ក្នុង​ទីក្រុង​ San Bernardino ​រដ្ឋ​ Califonia ​សហ​រដ្ឋ​អាមេរិក ​ជា​ទី​កន្លែង​ដែល​មាន​ប្រជា​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​កំពុង​រស់​នៅ។​ មន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជា​អះអាង​ថា​ រាជ​រដ្ឋាភិបាល​បាន​និង​កំពុងធ្វើការ​យ៉ាង​សកម្ម​ក្នុង​ទប់​ស្កាត់​ ​តាមដាន​ និង​ចែក​រំលែក​ព័ត៌មាន​ទាក់ទង​នឹង​ចលនា​នៃបណ្តាញ​ភេរវជន​ ដែល​អាច​បង្ក​ការ​វាយ​ប្រហារ​បាន​គ្រប់​ពេល​វេលា។​

នា​ព្រឹកថ្ងៃ​ច័ន្ទ​នេះ​ ​យុវជន​កម្ពុជា​សម្តែងក្តី​បារម្ភ​ចំពោះ​លទ្ធភាព​នៃ​ការ​កើត​មាន​សកម្ម​ភាព​វាយ​ប្រហារ​ភេរវកម្ម​ ​ក្រោយ​ពេល​ដែល​សហ​រដ្ឋ​អាមេរិក​ទទួល​រង​ការ​វាយ​ប្រហារ​សារជាថ្មី​កាល​ពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​ ដែល​បង្ក​ឲ្យមនុស្ស​១៤​នាក់​ស្លាប់​បាត់​បង់​ជីវិត​ និង​២១​នាក់​ផ្សេង​ទៀត​រង​របួស។​

ព្រឹត្តិការណ៍​វាយ​ប្រហារ​ដែល​បាន​កើត​ឡើង​នៅ​ទីក្រុង​ San Bernardino រដ្ឋ ​Califonia ​សហរដ្ឋ​អាមេរិកបង្កឡើងដោយ​អ្នក​បាញ់​ប្រហារ​ពីរ​នាក់​ដែល​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា។ ​អាជ្ញាធរ​ស៊ើប​ការណ៍​សម្ងាត់​របស់​អាមេរិក​ បញ្ជាក់​ថា​ ពួក​គេ​មាន​ឈ្មោះ​ Tashfeen Malik ​និង​ Syed Farook។​ ព្រឹត្តិ​ការណ៍​វាយ​ប្រហារ​ភេរវកម្ម​នេះ​គឺ​ជាព្រឹត្តការណ៍​ដែល​ពុំ​ធ្លាប់​កើត​មាន​នៅ​លើ​ទឹកដី​សហ​រដ្ឋ​អាមេរិក​គិត​ចាប់​តាំង​ពី​ប្រទេស​ប្រជា​ធិបតេយ្យ​មួយ​នេះ​រង​ការ​វាយ​ប្រហារ​ពី​ក្រុម​ភេរវករ​ Al-Qaeda ​នា​ថ្ងៃ​ទី​១១​ ខែ​កញ្ញា​ឆ្នាំ​២០០១។​

នាង​ធន់លី សុខាលក្ខណ៍​ វ័យ​១៨​ឆ្នាំ​ជា​និស្សិត​ផ្នែក​បរិស្ថាន​នៃ​សាលក​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ បាន​ថ្លែង​ប្រាប់​ VOA​ នៅ​ក្នុង​បរិវេណ​សាលក​វិទ្យាល័យ​នេះ​ថា ​នាង​មាន​ការ​ភ័យ​តក់​ស្លុត​នៅ​ពេល​ទទួល​ដំណឹង​អំពី​ការ​ប្រហារ​នៅ​ក្នុង​រដ្ឋ​ California។​ នាង​សើ្ន​ឲ្យ​រដ្ឋាភិបាល​កម្ពុជាគិត​គូរ​ និង​រៀបចំ​ផែន​ការ​យុទ្ធសាស្ត្រ​ ដើម្បី​បង្កា​ និង​ឆ្លើយ​តប​ភ្លាមៗ​នឹង​សកម្មភាព​ភារវ​កម្ម។

«ខ្ញុំ​គិត​ថា​ យើង​គួរ​តែ​មាន​ផែន​ការ​ជាមួយ​ដៃ​គូ​ក្នុងពិភព​លោក​ បង្កើត​ផែនការ​មួយ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​នឹង​ពួក​ភេរវករ​ទាំង​អស់​ហ្នឹង។​ ​និយាយ​ទៅ​ កុំ​ឲ្យ​ហេតុការណ៍​ទាំង​អស់​កើត​នៅ​លើ​ប្រទេសផ្សេងៗ​ទៀត​ ក៏​ដូច​ជា​ប្រទេស​យើង​ កុំ​ឲ្យ​មាន​ហេតុការណ៍​ហ្នឹង​កើត​ឡើង»។​

នាង​បញ្ជាក់​បន្ថែមថា​ នាង​មាន​ការ​បារម្ភ​ខ្លាំង​ ក្រោយ​ពេល​នាង​ទទួល​បាន​ដំណឹង​មិន​ទាន់​ច្បាស់​ការណ៍​ថា​ ក្រុម​សកម្ម​ជន​រដ្ឋ​ឥស្លាម​ ឬ​ភាសា​អង់​គ្លេស​ហៅ​ថា​ Islamic State of Iraq and Syria ​ហៅកាត់​ថា​ ISIS​ បាន​ឆ្លង​ចូល​ទៅ​ដល់​ប្រទេស​ថៃ។ ដំណឹង​នេះ​ក៏ត្រូវ​បាន​ចែក​រំលែក​នៅ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ផង​ដែរ។​

រី​ឯ​នា​ង​ប៉ែន ទៀងលីនដា​ វ័យ​១៩​ឆ្នាំ​ជា​និសិ្សត​ផ្នែក​គណិត​វិជ្ជា​នៃ​សាកល​វិទ្យាល័យ​ដដែល​នេះ​ និយាយ​ថា៖​

«ការណ៍​ពិត​ ខ្ញុំ​ក៏​ព្រួយ​បារម្ភ​ដែរ។​ ខ្ញុំ​ខ្លាច​វា​កើត​ឡើង​ចំពោះ​ប្រទេស​ខ្មែរ​របស់​យើង។ ​អញ្ចឹង​ខ្ញុំ​មិន​ចង់​ឲ្យ​មាន​ហេតុ​ការណ៍​នេះ​កើត​ឡើង»។

បន្ទាប់​ពី​ការ​វាយ​ប្រហារ​ដែល​បាន​កើត​ឡើង​កាលពី​ថ្ងៃ​ពុធ​ នៅ​រដ្ឋ​ California ​នោះ​ ​លោក​ ប្រធានាធិបតីសហ​រដ្ឋ​អាមេរិក​ បាន​ប្តេជ្ញា​តាម​ចាប់​ និង​ក​ម្ទេច​ភេរវជន​នៅ​គ្រប់​ទីកន្លែង​នៅ​ទូទាំង​ពិភព​លោក។​

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ដ៏​កម្រ​ពី​ការិយាល័យ​របស់​លោក​នៅ​ឯ​សេតវិមាន​ ​លោក​អូបាម៉ា​បាន​ថ្លែង​នៅ​យប់​ថ្ងៃ​អាទិត្យ​ថា ​ក្រុម​ FBI ​នៅ​កំពុង​ប្រមូល​ភស្តុតាង​ទាក់​ទិន​នឹង​ព្រឹត្តិ​ការណ៍​ដែល​បាន​កើត​ឡើង​កាល​ពី​សប្តាហ៍​មុន​នៅ​ឯទីក្រុង​ San Bernardino ​រដ្ឋ​ California។​ ប៉ុន្តែ​លោក​បាន​ថ្លែង​ថា​ នៅ​មិន​ទាន់​មាន​ភស្តុតាង​ដែល​អាច​បញ្ជាក់​ថា ​អ្នក​បាញ់​ប្រហារ​ពីរ​នាក់​នោះ​មាន​ជាប់​ទាក់ទង​នឹង​បណ្តាញ​ភេរវកម្ម​ក្រៅ​ប្រទេស​ទេ។​

លោក​ផាត់​ រដ្ឋា​ វ័យ​២៩​ឆ្នាំ​ ​ជានិស្សិត​ផ្នែក​ទីផ្សារ​នៃសាកល​វិទ្យាល័យ​អាស៊ី​អឺរ៉ុប​ មើល​ឃើញ​ទិដ្ឋ​ភាព​ហិង្សា​នយោបាយ​ ដែល​នៅ​បន្ត​កើត​មាន​ឡើងនៅ​ក្នុង​ប្រទេស​កម្ពុជា​ អាច​ជា​ហានីភ័យ​មួយ​ នាំ​ទៅរក​ការ​វាយ​ប្រហារ​ភារវកម្ម។​

«ជារួម​ ស្រុក​ខ្មែរ​យើង​ បើតាម​ខ្ញុំ​គិត​ទៅ​ វា​អាច​មាន​អញ្ចឹង​ដែរ​ ព្រោះ​អី ​ឥឡូវ​វា​មានកូដកម្ម​ច្រើន​ ហើយ​ភារវ​កម្ម​ យើង​មើលមិន​ឃើញ​ ​មាន​គំនុំ​មាន​អី​ពីណាមក​ យើង​មើល​អត់​ដឹង​ទេ»។​

កាល​ពី​ថ្ងៃ​ទី​២៦​ ខែ​តុលា​កន្លង​ទៅ​នេះ​មាន​ហេតុ​ការណ៍វាយ​ប្រហារ​លើ​អ្នក​តំណាងរាស្ត្រពីរ​រូប​មក​ពី​គណបក្ស​ជំទាស់។​ អ្នក​តំណាង​រាស្ត្រ​ទាំងពីរ​រូប​នោះ​គឺលោក​ញ៉យ ចំរើន​ តំណាង​រាស្ត្រ​មណ្ឌល​កំពង់ចាម​ និង​លោក​គង់ សភា​ ​តំណាង​រាស្ត្រ​ខេត្ត​ស្វាយរៀង។ សកម្ម​ភាព​វាយ​តប់​យ៉ាង​ហិង្សា​នេះ​បាន​កើត​ឡើង​ក្នុង​ពេល​ជាង​មួយ​ម៉ោង​ក្រោយ​ពី​មាន​បាតុកម្ម​ដែល​រៀបចំ​ឡើង​ដោយ​ក្រុម​អ្នក​គាំទ្រ​គណបក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ដែលនៅ​ពេល​នោះទាម​ទារ​ឱ្យ​លោក​កឹម សុខា ​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ចុះចេញ​ពី​តំណែង​ជា​អនុ​ប្រធាន​ទីមួយ​នៃ​សភាជាតិ។​

ទោះ​ជាយ៉ាងណា​ក៏​ដោយ​ មន្ត្រី​នៃ​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​ប្រាប់​ VOA ​ថា​ រាជ​រដ្ឋាភិបាល​កម្ពុជា​តែងតែ​បាន​ត្រៀម​រួច​រាល់​ក្នុង​ការ​ទប់ស្កាត់​ និង​ឆ្លើយ​តប​ទៅ​នឹង​ការ​ប្រហារ​ណា​មួយ​ ទោះ​បី​ជា​ប្រទេស​ដ៏​ក្រីក្រ​នេះ​មិន​មែន​ជា​គោល​ដៅ​របស់​ក្រុម​ភេរវជន​ក៏​ដោយ។​

លោក​នាយ​ឧត្តម​សេនីយ៍​ ខៀវ សុភ័គ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​ ថ្លែង​បញ្ជាក់​ពី​ការ​ខិតខំ​របស់​រដ្ឋាភិបាល​កម្ពុជា​នៅ​ក្នុង​ការ​ទប់ស្កាត់​មិន​ឲ្យ​មាន​ការ​វាយ​ប្រហារ​ភេរវកម្ម​នេះ​ យ៉ាង​ដូច្នេះ​ថា៖​

«អ្វី​ដែល​យើង​បាន​ធ្វើ​ផ្ទាល់​គឺ​ការ​ប្រុង​ប្រយ័ត្ន​របស់​យើង​ ព្រោះ​ថា​ អ្វី​ក៏​ដោយ​ ភេរវកម្ម​អាច​កើត​មាន​នៅ​គ្រប់​ពេល​វេលា​ ហើយ​និង​គ្រប់​ទីកន្លែង​ មិន​ចំពោះ​ថា​ ប្រទេស​ណា​ជា​ប្រទេស​ណា​ទេ​ មិន​ថា​ ជាប្រទេស​ប្រជា​ធិបតេយ្យ​ ឬ​ក៏​ប្រទេស​ដែល​មាន​គណបក្ស​មួយ​ដឹកនាំ​ទេ។​ ភារវកម្ម​អាច​កើតមានទាំង​អស់​ គ្រប់​ពេល​វេលា​ គ្រប់​ទី​កន្លែង។ ​នេះ​គឺ​ជា​ទស្សនវិជ្ជា​ ឬក៏​ហៅ​ថា​ philosophy of terrorism។​ ប៉ុន្តែ​អ្វី​ដែល​យើង​អាច​ចៀស​វាង​បាន​នោះ​គឺ​ការ​បង្ការ​ និង​ការ​បង្ក្រាប។ ការ​បង្ការ​ជា​ករណី​ល្អ​បំផុត។ ​ការ​បង្ការ​មាន​ទាំង​ការ​ share of information។​ ការ​ត្រួត​ពិនិត្យ​ចរន្ត​ចេញ​ចូល។ ចង់​និយាយ​អញ្ចឹង​ណា៎។​ ដូច​ពាក្យ​ខ្មែរ​យើង​ថា​ ប្រហែស​បាត់​ ប្រយ័ត្​នគង់»។​

លោក​បាន​សម្តែងការ​ដឹង​គុណ​ចំពោះ​សហគមន៍​ខ្មែរ​ឥស្លាម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​បាន​ផ្តល់​ក្តី​ស្រឡាញ់​ដល់​ប្រទេស​នេះ​ ដោយ​ពួក​គេ​ពុំដែល​បាន​បង្ហាញ​ចេតនា​ក្នុង​ការ​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​ ឬ​ការ​វាយ​ប្រហារ​ណាមួយ​ ដែល​ភាគច្រើន​បង្ក​ឡើង​ដោយ​ក្រុម​ឥស្លាម​ជ្រុល​និយម​ផ្សេង​ទៀតនោះ​ទេ។​

«យើង​ក៏​ឆ្លៀត​យក​ឱកាសនេះ​សម្តែងការ​គោរព​ និង​កោត​សរសើរ​ជា​ទី​បំផុត​ចំពោះ​បងប្អូន​ខ្មែរ​ឥស្លាម​យើង​ទាំង​អស់​ ដែល​គាត់​ប្រកាន់​នូវ​និន្នាការ​យ៉ាង​ល្អ​ប្រសើរ​គឺ​បងប្អូន​ខ្មែរ​ឥស្លាម​ដែល​ប្រកាន់​យក​នៅ​ការ​ស្រឡាញ់​សន្តិភាព ​ការមិន​ជ្រុល​និយម​ ហើយ​ការ​ដែល​តែង​តែ​ប្រឆាំង​ដាច់​ខាត​ពួក​ជ្រុល​និយម​ហ្នឹង​ បានន័យ​ថា​ បង​ប្អូន​ខ្មែរ​ឥស្លាម​យើង​នៅ​កម្ពុជា គឺ​ល្អ​បំផុត​ ហើយ​គាត់​ស្រឡាញ់​ទឹកដី​កម្ពុជា​យើង​ដូច​ជា​ទឹក​ដី​កំណើត​របស់​គាត់»។​

ការ​វាយ​ប្រហារ​ភេរវកម្ម​បាន​កើត​ឡើង​ជា​បន្តបន្ទាប់​នៅ​ក្នុង​បស្ចឹម​ប្រទេស​ដោយសារ​មេដឹកនាំ​ប្រទេស​ទាំង​នោះ​បាន​ប្រកាស​វាយ​ប្រហារ​ជាញឹក​ញាប់​តាម​ផ្លូវ​អាកាស​ដើម្បី​កំចាត់​ក្រុម​ ISIS ​ដែល​បាន​លុកលុយ​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​មជ្ឈឹម​បូព៌ា​ប្រទេស​ ជាពិសេស​គឺ​ប្រទេស​ស៊ីរី។

លោក​ ផៃ ស៊ីផាន​ អ្នក​នាំពាក្យ​នៃ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ ថ្លែង​ថា​ ការ​វាយ​ប្រហារ​ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​រដ្ឋ​ California ​នោះ​គឺ​បណ្តាល​មក​ពីអាជ្ញាធរ​អាមេរិក​ខ្សោយ​ក្នុង​ការ​រឹត​បន្តឹង​សិទ្ធិ​សេរីភាព​នៃការ​ប្រើ​ប្រាស់​អាវុធ​ ដែល​កំពុង​ស្ថិត​ក្នុង​ភាព​ខ្វែង​គំនិត​គ្នា​រវាង​អ្នក​នយោបាយ​នៃ​គណបក្ស​ប្រជា​ធិបតេយ្យ និង​សាធារណរដ្ឋ។ លោក​ថា​ ស្ថាន​ភាព​វាយ​ប្រហារ​នេះ​អាច​នឹង​ពិបាក​កើត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដោយសារ​កម្ពុជា​មិន​បាន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្លួន​មាន​សិទ្ធិ​ប្រើ​ប្រាស់​អាវុធ​ដោយ​សេរី​នោះ​ទេ។​

«ទី​មួយ​កម្ពុជា​ និង​សហ​រដ្ឋ​អាមេរិក​ខុស​គ្នា។ ប្រជា​ពលរដ្ឋ​អត់​អាច​យក​អំណះ​អំណាង​សេរីភាព​ក្នុងការ​កាន់​កាប់​កាំភ្លើង​ ឬ​កម្ម​សិទ្ធិ​កាំភ្លើង​ជា​ទិស​ដៅ​ទេ​ អត់​មាន​ទេ​ គឺ​យើង​ហាម​អ្នក​កាន់​កាំភ្លើង​ទាំង​អស់​ ​គឺ​អនុញ្ញាត​ឲ្យ​តែ​ពេល​ដែល​មន្ត្រី​រាជការ​ចុះបេសក​កម្ម។ អាហ្នឹង​ខុស​គ្នា​ពី​សហ​រដ្ឋ​អាមេរិក។ ​ហើយ​ចំពោះ​កម្ពុជា​ យើង​មើល​ឃើញ​ ដោយ​សារ​វិធាន​ដែល​មិនអនុញ្ញាត​ឲ្យ​មនុស្ស​ធម្ម​តា​កាន់​កាប់​កាំភ្លើង​ហ្នឹង​ វា​ធ្វើ​មិន​ឲ្យ​មាន​ការ​បាញ់​ប្រហារ​ជា​ហ្វូង​ ឬ​ជា​ក្រុម​នោះ​ទេ។​ ក៏​ប៉ុន្តែ​មាន​អំពើ​ចោរប្លន់។ ដូច្នេះ​ករណី​កាន់​កាំភ្លើង​ជារឿង​ដាច់​ដោយ​ឡែក​ដោយ​សារ​សកម្ម​ភាព​ចោរ​ប្លន់​ ហើយ​រឿង​ដែល​ពាក់​ព័ន្ធ​រឿង​ភារវកម្ម​យើង​អត់​ទាន់​មាន​ទេ។ អាជ្ញាធរ​យើង​កំពុង​ពង្រឹង​សមត្ថ​កិច្ច​ក្នុង​កិច្ច​ការ​គ្រប់​គ្រង​ការ​ប្រើ​ប្រាស់​កាំភ្លើង​នេះ​ខ្លាំង​ណាស់​ដែរ»។​

នៅ​ក្នុង​ការ​ថ្លែង​របស់លោក​នៅរាត្រី​ថ្ងៃ​អាទិត្យ​ លោក​អូបាម៉ា​បាន​សន្យា​ផង​ដែរថា​ យោធា​អាមេរិក​នឹង​ចាប់​ខ្លួន​មេដឹកនាំ​ភេរវករ​នៅ​ប្រទេស​ណា​ក៏​ដោយ​ដែល​ពួកគេ​កំពុង​លាក់​ខ្លួន៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG