ក្រោយពេលសហព័ន្ធស្រូវអង្ករកម្ពុជាស្នើសុំកម្ចីឥណទានប្រមាណ៤០លានដុល្លារពីធនាគារអភិវឌ្ឍន៍ជនបទ តាមរយៈរដ្ឋាភិបាលកម្ពុជាដើម្បីដោះស្រាយវិបត្តិស្រូវអង្ករ មន្ត្រីក្រសួងកសិកម្មនាពេលនេះក៏កំពុងរង់ចាំសេចក្តីសម្រេចពីរដ្ឋាភិបាលដែរ។
លោក ហ៊ាន វណ្ណហ៊ន ប្រធាននាយកដ្ឋានច្រកចេញតែមួយនៃក្រសួងកសិកម្មបានប្រាប់VOA ខ្មែរកាលថ្ងៃព្រហស្បតិ៍ថា៖
«សហព័ន្ធតំណាងជាអង្គការរបស់វិស័យឯកជនមួយ ចឹងអ្វីដែលសហព័ន្ធស្នើឡើង គឺស្នើទៅរដ្ឋាភិបាល យើងខ្ញុំក៏មិនទាន់ដឹងថា រដ្ឋាភិបាលឆ្លើយយ៉ាងណាដែរ។ ខាងសហព័ន្ធផ្ញើទៅ គឺទៅរដ្ឋាភិបាល មិនមែនក្រសួងកសិកម្មទេ។ ដល់ពេលសម្រេចដោយរដ្ឋាភិបាល ទើបយើងក្រសួងអ្នកអនុវត្ត»។
VOA មិនអាចសុំសេចក្តីអធិប្បាយពីមន្ត្រីក្រសួងសេដ្ឋកិច្ច និងអ្នកនាំពាក្យរដ្ឋាភិបាលបានទេ នាល្ងាចថ្ងៃសុក្រនេះ។
លោក ចាន់ សុផល ដែលជាអ្នកវិភាគសេដ្ឋកិច្ចឯករាជ្យយល់ថា ឥណទានប្រមាណ៤០លានដុល្លារនេះ អាចកាត់បន្ថយភាពរង្គោះរង្គើរ នៅក្នុងផ្នែកស្រូវអង្ករនៅកម្ពុជា ក៏ប៉ុន្តែចំនួននេះមិនទាន់គ្រប់គ្រាន់នៅឡើយនោះទេ។
«ទំហំទឹកប្រាក់ប៉ុណ្ណឹង អាចជួយបន្ធូរដល់ម៉ាស៊ីនកិនស្រូវមួយចំនួនអាចថា មានលទ្ធភាពសងទៅធនាគារវិញ ឬក៏ទិញស្រូវបន្ថែម ដើម្បីកិនជាអង្ករទៅលក់។ ប៉ុន្តែ វិស័យអង្ករយើងទាំងមូលធំណាស់ ត្រូវរាប់រយលានដុល្លារឯណោះ។ ហើយបើថាឲ្យរដ្ឋជួយ ក៏មិនអាចជួយបានទាំងស្រុងដែរ»។
លោក ចាន់ សុផល ពន្យល់ថា ដើម្បីដោះស្រាយហានិភ័យក្នុងវិស័យស្រូវអង្ករនេះ វាក៏ទាមទារផងដែរនូវផែនការរយៈពេលវែង តួយ៉ាងធ្វើយ៉ាងណាឲ្យមានទិន្នផលស្រូវខ្ពស់ជាងមុន មានពូជល្អជាងមុន មានប្រព័ន្ធស្រោចស្រប់ទឹកគ្រប់គ្រាន់ និងការផ្តល់កម្ចីការប្រាក់ទាបត្រឹម៤% ទៅកសិករ និងរោងម៉ាស៊ីនកិនស្រូវជាដើម។
នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃពុធសប្តាហ៍នេះ សហព័ន្ធស្រូវអង្ករកម្ពុជា បានសម្រេចបង្កើតក្រុមការងារពិសេសថ្មីមួយ បន្ថែមទៅលើគណៈកម្មការ៥ផ្សេងទៀត ដែលមានស្រាប់ដើម្បីដោះស្រាយបញ្ហាស្រូវអង្គរថ្មីៗ និងបន្ទាន់ចុងក្រោយ ដែលកំពុងកើតមាននៅកម្ពុជា។ បញ្ហាប្រឈមបន្ទាន់២សំខាន់ គឺបញ្ហារោងម៉ាស៊ីនកិនស្រូវ មិនមានដំណើរការល្អ និងបញ្ហានាំចូលអង្ករពីក្រៅប្រទេសដោយខុសច្បាប់ ដែលធ្វើឲ្យប៉ះពាល់ដល់ទីផ្សារស្រូវក្នុងស្រុក។ ការណ៍នេះបានបង្កឲ្យម៉ាស៊ីនកិនស្រូវក្នុងស្រុកបិទទ្វារជាបន្តបន្ទាប់ និងបានបង្កឲ្យមានចលាចលក្នុងវិស័យអង្ករនៅកម្ពុជា។
លោក សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងជាផ្នែកមួយនៃក្រុមការងារពិសេសថ្មីផងនោះ ថ្លែងមកកាន់ក្រុមអ្នកសារព័ត៌មានថា៖«ជំរុញទៅបង្កើតក្រុមការងារពិសេសមួយទាក់ទងទៅនឹងការដោះស្រាយបញ្ហាប្រឈមក្នុងរយៈពេលខ្លីខាងមុខនេះ ហើយនឹងកញ្ចប់ថវិកាពិសេស ដើម្បីជួយដោះស្រាយបញ្ហាស្រូវអង្ករខ្លីខាងមុខនេះ ដល់សមាជិកក្នុងវិស័យស្រូវអង្ករមាននិរន្តភាពមួយឆ្លងផុតពីការលំបាកក្នុងពេលបច្ចុប្បន្ននេះ»។
សហព័ន្ធនេះក៏បានស្នើសុំទៅរដ្ឋាភិបាលឲ្យមានការដាក់ចេញជាអាជ្ញាបណ្ណក្នុងការនាំចូលអង្ករមកកម្ពុជាដែរ ចៀសវាងការនាំអង្ករ ចូលពីបរទេសមកកម្ពុជាយ៉ាងអាណាធិបតេយ្យ។ អាជ្ញាបណ្ណនេះ សំដៅដល់ការកំណត់ចំនួនកូតានាំអង្ករចូល ការត្រួតពិនិត្យគុណភាពអង្ករ និងការធានាការបង់ពន្ធលើអង្ករនាំចូល ស្របតាមគោលការណ៍ទីផ្សារសេដ្ឋកិច្ចសេរី។
យ៉ាងណាក៏ដោយ លោក ចាន់ សុផល អ្នកវិភាគសេដ្ឋកិច្ចលើកឡើងថា ការរឹតត្បិតការនាំអង្ករចូលពីប្រទេសជិតខាង គឺជារឿងលំបាកមួយនៅដែលកម្ពុជា ដែលជាផ្នែកមួយក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាននៃលំហូរទំនិញដោយសេរីនោះ។
ក្រុមប្រឹក្សាភិបាលនៃសហព័ន្ធស្រូវអង្ករកម្ពុជា រំពឹងថា កម្ពុជានឹងអាចសម្រេចគោលការណ៍នាំស្រូវ១លានតោន ចេញទៅក្រៅប្រទេសបាន ក្រោយពេលដែលខ្លួនអាចដោះស្រាយបញ្ហាចម្រូងចម្រាស់នៅក្នុងវិស័យស្រូវអង្ករនាពេលបច្ចុប្បន្ននេះបាន៕