លោកស្រីរ៉ូណា ស្ម៊ីត (Rhona Smith) ស្នើរឲ្យមានការធ្វើការរួមគ្នារវាងគណបក្សធំៗពីរដែលមានអាសនៈនៅសភាជាតិ នៅពេលលោកស្រីជួបជាមួយលោករដ្ឋមន្រ្តីក្រសួងការបរទេស ប្រាក់ សុខុននៅព្រឹកថ្ងៃច័ន្ទនេះ។ នេះបើយោងទៅតាមការបញ្ជាក់របស់លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។
លោកជុំ សុន្ទរី ប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីស្តីការក្រសួងការបរទេសថា លោកស្រី រ៉ូណា ស្មីត បានជំរុញឲ្យរដ្ឋាភិបាលបន្តយន្តការគោរពសិទ្ធិមនុស្សបន្ថែមទៀត ដោយហេតុថាប្រទេសមួយចំនួនលើពិភពលោកកំពុងព្រួយបារម្ភពីការគោរពសិទ្ធិមនុស្សនៅកម្ពុជា។ លោកស្រី ស្មីត ក៏បានលើកឡើងអំពីលទ្ធភាពនៃកិច្ចសន្ទនានយោបាយរវាងគណបក្សគ្រប់គ្រងប្រទេស និងគណបក្សជំទាស់ ដែលនៅប្រកាន់ជំហរមិនចូលប្រជុំសភា។
លោកបន្តថា ជាការឆ្លើយតប លោក ប្រាក់ សុខុន បញ្ជាក់ថាការមិនមានវត្តមានរបស់គណបក្សប្រឆាំងនៅសភាក្នុងការធ្វើការរួមគ្នានឹងគណបក្សកាន់អំណាចអស់មួយរយៈនេះមិនមែនជាកំហុសរបស់រដ្ឋាភិបាលទេ។
«ឯកឧត្តមទេសរដ្ឋមន្រ្តីក៏បានគូសបញ្ជាក់អំពីការឲ្យសារៈសំខាន់របស់រដ្ឋាភិបាលកម្ពុជាទៅលើវប្បធម៌សន្ទនាហើយក៏បានគូសបញ្ជាក់ថាវត្តមានរបស់គណបក្សប្រឆាំងចូលរួមក្នុងសភានេះគឺពុំមែន រដ្ឋាភិបាលជាឧបសគ្គនោះទេ។ព្រោះកន្លងមករយៈពេលចុងក្រោយនេះមានការសម្រេចថាចូលរូមប៉ុន្តែក្រោយមកក៏មិនមានការចូលរួម។និយាយរួមឯកឧត្តមទេសរដ្ឋមន្រ្តីបញ្ជាក់ថារាជរដ្ឋា ភិបាលកម្ពុជាពុំមែនជាឧបសគ្គ ពុំបានរារាំងការចូលរូមរបស់គណបក្សប្រឆាំងនៅក្នុងសភាទេ»។
អ្នកនាំពាក្យក្រសួងការបរទេសលោក ជុំ សន្ទរី បានឲ្យដឹងបន្ថែមថា លោករដ្ឋមន្រ្តីប្រាក់ សុខុនបានប្រាប់តំណាងអង្គការសហប្រជាតិជាតិលោកស្រីស្មីត ថារដ្ឋាភិបាលបានសម្រួលឲ្យមានការចរចារវាងថ្នាក់ដឹកនាំនៃគណបក្សកាន់អំណាចគឺប្រជាជនកម្ពុជានិងគណបក្សប្រឆាំងគឺគណបក្សសង្រ្គោះជាតិ។ តែលោកថាគណបក្សប្រឆាំងបានច្រានចោលការសម្របសម្រួលនោះ។
គណបក្សនយោបាយទាំងពីរបានចាប់ផ្ដើមវប្បធម៌សន្ទនាម្ដងរួចមកហើយ ក្រោយការចុះកិច្ចព្រមព្រៀងនយោបាយកាលពីខែកក្កដា ឆ្នាំ ២០១៤ រវាងក្រុមមន្ត្រីនៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។ ប៉ុន្តែវប្បធម៌នេះ បានជួបភាពល្អក់កករ ក្រោយពេលរដ្ឋាភិបាលសើរើបណ្តឹងតាមច្បាប់ប្រឆាំងនឹងក្រុមមន្ត្រី និងសកម្មជនគណបក្សជំទាស់។
VOA មិនអាចទាក់ទងតំណាងរាស្រ្តគណបក្សប្រឆាំងដើម្បីផ្ដល់ការអធិប្បាយលើការមិនប្រឹងប្រែងក្នុងការប្រើប្រាស់«វប្បធម៌សន្ទនា»នោះទេ ដោយទូរស័ព្ទរបស់ពួកគេរោទ៍ តែពុំមានអ្នកទទួល។ តែទោះជាយ៉ាងណា កន្លងមកមន្រ្តីនៃគណបក្សប្រឆាំងតែងតែលើកឡើងថា ពួកគេសម្រេចចិត្តមិនទៅប្រជុំសភា ដោយសារមានការគំរាមកំហែងទាំងជាពាក្យសម្ដីជាបន្តបន្ទាប់ពីមេដឹកនាំគណបក្សប្រជាជនកម្ពុជា។
អ្នកវិភាគសង្គមលោកមាស នី ប្រាប់ VOAថា ការសម្របសម្រួលនយោបាយនៅតែមិនទាន់អាចទៅមុខបាន ដោយមានតំណាងរាស្រ្តនិងសកម្មជនគណបក្សប្រឆាំងប្រមាណ២០នាក់ និងមន្រ្តីសង្គមស៊ីវិលកំពុងជាប់ពន្ធនាគារដោយបុព្វហេតុផ្សេងៗតស៊ូមតិ និងកិច្ចការពារសិទ្ធិមនុស្ស។ លោកបន្តថាគណបក្សប្រឆាំងត្រូវការការផ្តល់សញ្ញាវិជ្ជមានពីគណបក្សកាន់អំណាចជាមុន។
លោកមាស នីថ្លែងថា៖ «វាធម្មតាការមកជួបគ្នាលុះត្រាតែមានការញញឹម ការហុចនូវសម្តីវិជ្ជមានរកឲ្យគ្នាទៅវិញទៅមក ក៏ប៉ុន្តែបើសិននៅតែផ្លោងពាក្យសម្ដីទៅវិញទៅមក ប្រើពាក្យអសុរសទៅវិញទៅមកបែបនេះ ខ្ញុំគិតថាការដើរចូលមកជួបគ្នា ដើម្បីពិភាក្សារបៀបនេះ គឺពិតជាមិនអាចធ្វើទៅបានទេ»។
កាលពីសប្ដាហ៍មុន លោកស្រី ស្មីត បានជួបជាមួយលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។ អ្នករាយការណ៍ពិសេសរូបនេះ បានជជែកសួរនាំលោក កឹម សុខា អំពីដំណើរក្តីក្តាំប្រឆាំងនឹងលោកកឹម សុខា និងសកម្មជននយោបាយបក្សប្រឆាំង ការបំពេញការងាររបស់ក្រុមតំណាងរាស្ត្រគណបក្សប្រឆាំង និងស្ថានភាពនៃជនជាតិដើមភាគតិច និងជនបរទេសដែលគ្មានប្រទេសសម្រាប់រស់នៅ។
ក្រៅពីជួបមេដឹកនាំគណបក្សប្រឆាំងនិងគណកម្មាការសិទ្ធិមនុស្សនៅកម្ពុជា អ្នករាយការណ៍ពិសេសរូបនេះ ក៏បានជួបជាមួយអភិបាលខេត្តកំពង់ស្ពឺកាលពីអាទិត្យកន្លងទៅ ដើម្បីទទួលបានព័ត៌មានដោយផ្ទាល់ ពាក់ព័ន្ធទៅនឹងបញ្ហាដែលជួបប្រទះដោយប្រជាពលរដ្ឋរងគ្រោះដោយសារការរំលោភបំពានដីធ្លី តាមរយៈការផ្តល់ដីសម្បទានសេដ្ឋកិច្ចក្រុមហ៊ុនស្ករអំពៅនៅខេត្តកំពង់ស្ពឺ៕