ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មន្ត្រី​សិទ្ធិ​មនុស្ស​អ.ស.ប​មាន​បំណង​សម្រប​សម្រួល​នយោបាយ ពេល​បក្ស​ប្រឆាំង​មិន​ចូល​ប្រជុំ​សភា


លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ស្តីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា មក​ដល់​ទីស្នាក់ការ​កណ្តាល​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹកថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ ២០១៦។ (ហ៊ុល រស្មី/VOA)

ក្នុង​ជំនួប​របស់​លោក​ស្រី​ ស្មីត​ ជាមួយ​​លោក​ កឹម សុខា​ ​ប្រធាន​ស្តី​ទីគណ​បក្ស​សង្គ្រោះ​ជាតិ​​ អ្នក​រាយការណ៍​ពិសេស​រូបនេះ​ បាន​ជជែក​សួរនាំ​ពី​សុខ​ភាព​​របស់​លោក​ កឹម​ សុខា​ ដំណើរ​ក្តី​ក្តាំ​ប្រឆាំង​នឹង​លោក​ កឹម​ សុខា​ និង​​សកម្ម​ជននយោបាយ​បក្ស​ប្រឆាំង​ ការ​បំពេញ​ការងារ​របស់​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ និង​ស្ថានភាព​នៃ​ជន​ជាតិ​ដើម​ភាគតិច​ និង​ជន​បរទេស​ដែល​គ្មាន​ប្រទេស​​សម្រាប់​រស់​នៅ​។

លោក​ស្រី​ រ៉ូណា​ ​ស្មីត​ (Rhona Smith)​ ​អ្នក​រាយ​ការណ៍​ពិសេស​អង្គការ​សហ​ប្រជា​ជាតិ​ ស្តី​ពី​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ នៅថ្ងៃ​ពុធនេះ​ បានបន្តចូល​ជួប​មន្ត្រី​រដ្ឋាភិបាល​ និងក្រុម​មន្ត្រី​នៃ​គណ​បក្ស​ប្រឆាំង​ ដែល​ជាផ្នែក​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​១០​ថ្ងៃ​របស់លោក​ស្រី​មក​កាន់កម្ពុជា​។​

​លោក​ អេង​ ឆៃ​អ៊ាង​ មន្ត្រី​ជាន់ខ្ពស់​និងជាអ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​ទៅកាន់​ក្រុម​អ្នកសារ​ព័ត៌មាន​ក្នុង​សន្និសីទ​ព័ត៌មានធ្វើឡើងនៅ​ទីស្នាក់​ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ​ថា​ ​ក្នុង​ជំនួបលោក​ស្រីស្មីត​ ​ជាមួយ​លោក​ កឹម សុខា​ និង​ក្រុម​អ្នក​តំណាងរាស្ត្រ​គណបក្ស​ជំទាស់​ផ្សេង​ទៀត លោក​ស្រី​ស្មីត​ បាន​បង្ហាញ​ការ​ប្តេជ្ញា​ថា​ នឹង​ជួយ​ធ្វើ​ការ​សម្រប​សម្រួល​ស្ថានការណ៍​នយោ បាយ​ដែល​កំពុង​ស្ថិត​ក្នុងសភាព​តាន​តឹង​។​

លោក អេង ឆៃអ៊ាង តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង ធ្វើ​សនិ្នសីទ​កាសែត​ក្រោយ​ជំនួប​ក្រុម​មន្ត្រី​គណបក្ស​ប្រឆាំង និង​លោកស្រី រ៉ូណា ស្មីត កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០១៦។ (ហ៊ុល រស្មី/VOA)
លោក អេង ឆៃអ៊ាង តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង ធ្វើ​សនិ្នសីទ​កាសែត​ក្រោយ​ជំនួប​ក្រុម​មន្ត្រី​គណបក្ស​ប្រឆាំង និង​លោកស្រី រ៉ូណា ស្មីត កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០១៦។ (ហ៊ុល រស្មី/VOA)

«គាត់​លើក​ឡើង​ថា​ គាត់​នឹង​ខិត​ខំ​ព្រោះ​គាត់​មក​ធ្វើ​កិច្ច​ការ​នៅ​ប្រទេស​កម្ពុជា​នេះ​ គាត់​មក​លើក​ទីបី​ហើយគាត់​ក៏បាន​បញ្ជាក់​ដែរ​ គាត់​ថា​ ពីមួយលើក​ទៅមួយ​លើក​ហ្នឹង​ គាត់មកហ្នឹង​ស្ថានការណ៍​វា​ហាក់​ដូច​ជា​ធ្ងន់​ទៅ​ៗ​។ ប៉ុន្តែ​មកលើកនេះ​ ក៏គាត់​បាន​ ទៅជួប​ជាមួយ​នឹង​មន្ត្រី​រដ្ឋាភិបាល​ជាច្រើន​ដែរ​ ហើយ​គាត់​ក៏បាន​លើក​ឡើង​អំពី​បញ្ហា​ទាំងឡាយ​ ជាពិសេស​អំពី​បញ្ហា​អភ័យ​ឯក​សិទ្ធិ​ របស់​អ្នក​តំណាង​រាស្ត្រ​ បញ្ហា​ប្រព័ន្ធ​តុលាការជា​ច្រើន​ដែរ​ ហើយ​គាត់​មាន​ជំនឿថា​ នឹង​អាច​ នឹង​មាន​ដំណោះ​ស្រាយ»​។​ ​

នៅក្នុង​ជំនួប​របស់​លោក​ស្រី​ ស្មីត​ ជាមួយលោក​ កឹម សុខា​ ​ប្រធាន​ស្តី​ទីគណ​បក្ស​សង្គ្រោះ​ជាតិ អ្នក​រាយការណ៍​ពិសេស​រូបនេះ​ បាន​ជជែក​សួរនាំ​ពី​សុខ​ភាពរបស់​លោក​ កឹម​ សុខា​ ប្រធានស្តី​គណបក្ស​សង្គ្រោះ​ជាតិ​ ដំណើរ​ក្តី​ក្តាំ​ប្រឆាំង​នឹង​លោក​កឹម​ សុខា​ និងសកម្ម​ជននយោបាយ​បក្ស​ប្រឆាំង​ ការ​បំពេញ​ការងារ​របស់​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ និង​ស្ថានភាព​នៃ​ជន​ជាតិ​ដើម​ភាគតិច​ និង​ជន​បរទេស​ដែល​គ្មាន​ប្រទេសសម្រាប់​រស់​នៅ​។​ ​នេះ​បើ​យោង​ទៅ​តាម​ការ​បញ្ជាក់​ពី​ លោក​ អេង​ ឆៃ​អ៊ាង​ អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​។

ទោះ​ជាមាន​ការ​បង្ហាញ​ឆន្ទះ​ក្នុង​ការ​ជួយ​បញ្ចប់​ជម្លោះ​នយោបាយ​រ៉ាំរ៉ៃ​ក្រោយ​ការចុះ​កិច្ច​ព្រម​ព្រៀងនយោបាយ​រវាង​គណបក្ស​ធំៗ​ទាំងពី​កាលពី​ខែ​កក្កដា​ឆ្នាំ​ ២០១៤​ លោក​អេង​ ឆៃអ៊ាង​ បាន​ឲ្យ​ដឹងថា​ ​លោក​ស្រី​ ស្មីត​ ក៏បានស្នើ​ឲ្យ​អ្នកនយោ​បាយខ្មែរ​រក​ផ្លូវ​ជជែក​គ្នា​ ដើម្បី​ឈាន​ដល់​ការ​ស្រុះស្រួល​គ្នា​ផ្នែក​នយោបាយមួយ​ ឈាន​ដល់​ការ​បញ្ចប់​វិវាទ​។​

​ដំណើរ​ទស្សន​កិច្ច​ស្វែង​យល់​ពីស្ថាន​ភាព​សិទ្ធិមនុស្ស​ និង​នយោបាយ​នៅកម្ពុជា​ ​របស់​លោកស្រី​ ស្មីត​ សាស្ត្រា​ចារ្យផ្នែក​នីតិ​សិទ្ធិ​មនុស្ស​អន្តរជាតិ​នៅ​ប្រទេសអង់​គ្លេស​ បាន​កើត​ឡើង​នៅ​ស្របពេល​ដែល​សាលា​ដំបូង​រាជធានីភ្នំពេញ​ បាន​សម្រេច​ផ្តន្ទាទោស​ លោក​ អ៊ុំ​ សំអាន​ អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ មណ្ឌល​ខេត្ត​សៀម​រាបឲ្យ​ជាប់​ក្នុង​ពន្ធនាគារ​រយៈ​ពេល​ ២​ឆ្នាំ​៦​ខែ​ ទាំង​តំណាង​រាស្ត្រ​រូបនេះ​ នៅ​មាន​អភ័យ​ឯកសិទ្ធិ​ជា​តំណាង​រាស្ត្រ​នៅ​ឡើយ​។​

លោក​ អ៊ុំ សំអាន​ អ្នក​តំណាងរាស្ត្រ​សញ្ជាតិ​ខ្មែរអាមេ​រិកាំង​ ត្រូវ​បាន​តុលាការ​កាត់​ទោស​ ដោយសារ​ការ​អធិប្បាយ​នានា​របស់លោក​ លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ពាក់​ព័ន្ធ​ការ​ប្រើប្រាស់​ផែនទី​ដើម្បី​កំណត់​ខណ្ឌសីមា​កម្ពុជា​វៀតណាម។​ លោក​ ហុង​ សុខ​ហួរ​ សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រឆាំង​ក៏​កំពុង​ជាប់​ឃុំ​ក្នុង​សំណុំ​រឿងស្រដៀង​គ្នា​នោះ​ដែរ។​

លោកស្រី​ ស្មីតដែល​បាន​ជួបពិភាក្សាជាមួយ​ក្រុម​មន្ត្រី​គណបក្ស​ប្រឆាំង​ជាង​មួយម៉ោង​ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ មិន​បាន​ឆ្លើយ​ឲ្យ​ចំ​ទៅនឹង​សំណួរ​អ្នក​សារ​ព័ត៌មាន​ថា ​ការវាយ​ប្រហារ​ផ្លូវ​ច្បាប់​លើ​ក្រុម​អ្នក​តំណាង​រាស្ត្រ​ទាំងនៅ​មាន​ឯកសិទ្ធិនោះ​ខុស​ឬស្រប​ច្បាប់រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​យ៉ាង​ណា​ទេ​។​ ​ក៏​ប៉ុន្តែ​លោក​ស្រីថ្លែង​បញ្ជាក់ថា​ ​ច្បាប់​រដ្ឋធម្មនុញ្ញ​ត្រូវ​តែគោរព​ឲ្យ​បាន​ត្រឹម​ត្រូវ​។​

«​ខ្ញុំ​គិត​ថា​ មាន​បញ្ហា​ដែល​ត្រូវ​ពិភាក្សា​ដើម្បី​ធ្វើ​ឲ្យប្រាកដថា​ ច្បាប់​រដ្ឋ​ធ​ម្មនុញ្ញ​ត្រូវ​បាន​អនុវត្តតាម​យ៉ាង​ត្រឹម​ត្រូវ​ ហើយ​ច្បាប់​កម្ពុជា​ត្រូវ​បាន​អនុវត្តតាម​យ៉ាង​ត្រឹម​ត្រូវ​ និង​ស្មើ​ភាព​គ្នាចំពោះ​ប្រជា​ជន​ទាំង​អស់»​។​

​យ៉ាង​ណាក៏ដោយ​ ក្រុម​អ្នក​វិភាគ និយាយ​ថា​ ការ​ពឹង​ផ្អែក​សម្ពាធ​សហគមន៍​អន្តរជាតិ​ ដើម្បី​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​ផ្នែក​នយោបាយ​ គឺ​ជា​ចំណែក​តូចមួយ​ប៉ុណ្ណោះ​ ហើយ​ក៏មិន​អាច​ដោះ​ស្រាយ​បញ្ហា​រយៈ​ពេល​វែង​បាន​ផង​ដែរ​។​ ​ពួកគេ​លើក​ឡើង​ថា​ ការ​ផ្តេកផ្តួល​លើ​សម្ពាធ​អន្តរ​ជាតិ​ នឹង​នៅ​តែ​ធ្វើ​ឲ្យជម្លោះបន្ត​កើត​មាន​ជា​ដដែល​ៗ​ ​ដរាប​ណា​ពុំ​មាន​ការ​យោគ​យល់​គ្នា រវាង​អ្នក​នយោបាយ​កម្ពុជា​។​

​លោក​ ហេង ស្រ៊ាង អ្នកសិក្សា​ស្រាវជ្រាវ​ផ្នែក​សង្គម​ ​ប្រាប់​ VOA ​ថា​ ​អ្នក​នយោបាយ​ខ្មែរ​គួរបញ្ចប់​វប្បធម៌​ពឹង​បរទេស​ឲ្យ​មក​ធ្វើអន្តរាគមន៍​ ក្នុង​ការ​ដោះ​ស្រាយ​ជម្លោះ​នយោ​បាយ ហើយ​ថា​ ​ជម្លោះ​អាច​នឹង​មិន​បន្តកើត​មាន​បាន​តទៅ​ទៀត​ទេ​ ប្រសិន​បើ​អ្នកនយោបាយ​ខ្មែរ​ ធ្វើ​នយោបាយ​ដើម្បី​មុខមាត់​ជាតិ​ មិន​មែន​ដើម្បីមុខ​មាត់​បុគ្គល​ និង​ក្រុម​បក្ស​។​

«ដូច្នេះ​ ជាដំណោះ​ស្រាយ​ លុះត្រា​តែ​ខ្មែរ​យើង​ឯង​ហ្នឹង​ រក​ដំណោះ​ស្រាយ​ រកភាពរួម​ ហើយ​យក​ប្រយោជន៍​ជាតិ​មកដាក់​លើ​តុ​មក​ យក​ប្រយោជន៍​ជាតិ​មក​ដាក់​នៅមុខ​មក​។ អញ្ចឹង​យើង​អាច​សម្រុះ​សម្រួល​គ្នា​ ហើយ​បញ្ចប់​បញ្ហា​ទៅ យើង​រកភាព​រួម​សម្រាប់​ដោះ​ស្រាយ​ប្រយោជន៍​សង្គម​ ហើយ​និង​ អ្វី​ដែល​ជា​ប្រជាពលរដ្ឋ​ យុវជន​ អ្នក​រក​ស៊ី​សព្វថ្ងៃ​ជួបប្រទះ​ហ្នឹង​ យក​មក​ដោះ​ស្រាយ​គ្នា​ទៅ​ ប្រសើរ​ជាង​ចាំ​តែ​វាយ​គ្នាហើយ​ ឲ្យ​អ្នក​បរទេស​មក​ជួយដោះ​ស្រាយ​បាទ»​។​

​វិបតិ្ត​នយោបាយ​ដែល​បាន​រើប​ឡើង​វិញ ​ក្រោយ​ពេល​រដ្ឋាភិបាល​បើក​យុទ្ធនាការ​ច្បាប់​វាយ​ប្រហារ​ក្រុម​អ្នក​នយោបាយ​ប្រឆាំង​ ចាប់​ពី​ពាក់​កណ្តាល​ឆ្នាំ​២០១៥​មក​នោះ​ បាន​ក្លាយ​ជា​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ដល់​ប្រទេស​ដែល​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​ ​១៩៩១វ សភា​អាមេរិក​ ក៏​ដូច​ជា​អង្គការ​សហប្រជាជាតិ​។​

​លោក​ សុខ​ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ប្រាប់​ VOA ​ថា​ ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ មិន​បាន​ជួប​ភាព​ល្អក់​កករ ហើយ​អាក្រក់​ដូចការ​ថ្លែង​របស់​អ្នក​នយោបាយ​ប្រឆាំង​នោះ​ទេ​។​ លោក​ថ្លែង​ដោយយោង​ទៅ​លើ​សកម្មភាព​បក្ស​ប្រឆាំង​ថា៖​

«អាក្រក់​ទីមួយ ​គាត់​មិន​ចូលប្រជុំ​សភា​។​ អាក្រក់​ទីពីរ ដោះស្រាយ​ ដោះអ្នក​ជាប់ពិរុទ្ធ​ តាម​ផ្លូវ​ច្បាប់​ដោះ​មិន​ចេញ។​ អាហ្នឹង​ហើយ​អាក្រក់​ចំពោះ​គាត់​»​។

លោក​អះអាង​ គណបក្ស​ប្រជាជន​កម្ពុជា ពុំបាន​មាន​ទំនាស់​ណាមួយ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ​ ហើយថា​ បញ្ហានា​នា​ដែល​បាន​កើត​ឡើង​កាល​ពេល​កន្លង​មក​ គឺ​ជា​រឿង​បុគ្គល​។​ លោកប​ន្ថែមថា គណ​បក្ស​ប្រជាជន​កម្ពុជា​ ​មិន​ចង់​ឲ្យ​មាន​វប្បធម៌​និទណ្ឌភាព​កើតឡើង​នោះ​ទេ ហេតុដូចនេះ​ មាន​តែ​តុលាការដែល​ត្រូវអារ​កាត់​រឿងក្តី​ ក្រុម​អ្នក​នយោបាយ​ដែលកំពុង​ជាប់​ឃុំ​។

លោកសង្កត់​ធ្ងន់ថា​ ​គណបក្ស​កាន់​អំណាច​នឹង​មិនទទួល​យក​ការ​ចរចា​ផ្នែក​នយោបាយ​ដើម្បីពន្លត់​រឿង​ក្តី​ទាំង​អស់​នោះ​ទេ​។

ក្នុង​ដំណើរ​ទស្សនកិច្ច​កាល​ពី​ខែ​មីនា​ដើម​ឆ្នាំ​នេះ ​លោក​ស្រី ​ស្មីត ​បាន​ធ្វើ​ដំណើរ​មក​ជួប​មេដឹកនាំ​នយោ​បាយ ​និង​សង្គម​ស៊ីវិល​នៅ​ភ្នំពេញ ​មុន​នឹង​ចេញ​ទៅ​ជួប​សហគមន៍​ជនជាតិ​ភាគ​តិច​នៅ​ខេត្ត​ព្រះវិហារ​ ជា​ទី​ដែល​លោក​ស្រី​ត្រូវ​បាន​ក្រុម​នគរបាល​រាំង​ឃាត់​ដំណើរ​។​ ក្នុង​ដំណើរ​របស់​លោក​ស្រី​នា​គ្រានេះ​ លោកស្រី​ស្មីត​ ក្រៅពីការផ្តោត​លើ​ស្ថានភាព​នយោបាយ​កម្ពុជា​នាពេល​បច្ចុប្បន្ន​ លោក​ស្រី​ ក៏គ្រោង​នឹង​ធ្វើ​ការ​វាយតម្លៃ​អំពី​សិទ្ធិ​ក្រុម​ជន​ភាគ​តិច​ ជាតិ​ពន្ទុ​ និង​ក្រុម​បាត់​បង់​ឱកាស​ផងដែរ៕

XS
SM
MD
LG