ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ខឹង​អង់គ្លេស​ដែល​ស្នើ​ផ្តល់​លិខិត​ឆ្លង​ដែន​ហុងកុង


សកម្មជន​គាំទ្រ​លិទ្ធិ​ប្រជាធិបតេយ្យ​ម្នាក់​បក់​ទង់​របស់​ខ្លួន​នៅ​ក្នុង​បាតុកម្ម​មួយ នៅ​ផ្សារ​ទំនើប New Town Plaza នៅ​ក្នុង​ក្រុង​ហុងកុង កាលពី​ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០។

សំណើ​របស់​ចក្រភព​អង់គ្លេស​អនុញ្ញាត​ឱ្យ​អ្នក​ស្រុក​ហុងកុង​ជិត​បី​លាន​នាក់​ទៅ​រស់​នៅ​អង់គ្លេស​ដែល​នាំ​ឱ្យ​ប្រទេស​ចិន​ខឹង​សម្បា​ខ្លាំង។

ចក្រភព​អង់គ្លេស​ និង​ប្រទេស​ចិន​មាន​ជម្លោះ​ខ្លាំង​មួយ​អំពី​ផែនការ​ធ្វើ​ឱ្យ​មាន​ការ​ងាយ​ស្រួល​ជាង​មុន​សម្រាប់​ឱ្យ​អ្នក​ស្រុក​ហុងកុង​ខ្លះ​ទៅ​រស់​នៅ​ក្នុង​អង់គ្លេស។​

រដ្ឋាភិបាល​អង់គ្លេស​បាន​ប្រកាស​អំពី​សំណើ​នេះ​កាលពី​ខែ​ឧសភា​ជា​ការ​ឆ្លើយ​តប​នឹង​ការ​ប៉ុនប៉ង​របស់​ចិន​ដាក់​កំហិត​ច្បាប់​សន្តិសុខ​ថ្មី​មួយ​លើ​ក្រុង​ហុងកុង​នៅ​ក្រោយ​មាន​បាតុកម្ម​ហិង្សា​ប្រឆាំង​នឹង​រដ្ឋាភិបាល​កាល​ពី​ឆ្នាំ​២០១៩។​ ពួក​អ្នក​រិះគន់​និយាយ​ថា សេចក្តី​ព្រាង​ច្បាប់​នេះ​ធ្វើ​ឱ្យ​ការ​រិះ​គន់​ប្រឆាំង​នឹង​រដ្ឋាភិបាល ឬ​បាតុកម្ម​ក្លាយ​ជា​សកម្ម​ភាព​ឧក្រិដ្ឋ​ដែល​អាច​ត្រូវ​ចោទ​ប្រកាន់​ថា ​ជា​ភេរវកម្ម។​ ពួក​អ្នក​រិះគន់​ទាំង​នេះ​បារម្ភ​ថា ​ច្បាប់​នេះ​ក៏​អនុញ្ញាត​ឱ្យ​ទីភ្នាក់ងារ​សន្តិសុខ​ចិន​តាំង​មូលដ្ឋាន​នៅ​ក្នុង​ក្រុង​ហុងកុង​ផង​ដែរ។​

អ្នក​ស្រី​ Carrie Lam ​ប្រធាន​ប្រតិបត្តិ​ហុងកុង​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​តែងតាំង​កាលពី​ឆ្នាំ​២០១៧​នោះ​ បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ ទី​១៥ ​មិថុនា​ថា​ គេ​ត្រូវ​ការ​ឱ្យ​មាន​ច្បាប់​សន្តិសុខ​នេះ​នៅ​ក្នុង​ដែនដី​ហុងកុង។​ អ្នក​ស្រី​ Lam ​បាននិយាយ​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ហុង​កុង​ថា៖​ «ប្រជារាស្ត្រ​ក្រុង​ហុងកុង​ចង់​មាន​ស្ថិរភាព​ជា​ថ្មី​វិញ។​ ពួក​គេ​ចង់​ឱ្យ​មាន​បរិយាកាស​សុវត្ថិភាព​ដើម្បី​ធ្វើ​ការងារ​និង​រស់​នៅ​ទីនេះ»។

អ្នកស្រី​បាន​ពណ៌នា​ពួក​អ្នក​ប្រឆាំង​នឹង​ច្បាប់​សន្តិសុខ​ថា​ជា​ «ពួក​សត្រូវ​របស់​ប្រជារាស្ត្រ»។​

ចក្រភព​អង់គ្លេស​និយាយ​ថាសេចក្តី​ព្រាង​ច្បាប់​សន្តិសុខ​នេះ​ជា​ការ​រំលោភ​ច្បាស់​លាស់​លើ​សេចក្តី​ប្រកាស​រួម​គ្នា​រវាង​ចិន​ និង​អង់គ្លេស​នៅ​ពេល​អង់គ្លេស​ប្រគល់​ហុងកុង​ទៅ​ឱ្យ​ចិន​វិញ​កាលពី​ឆ្នាំ​១៩៩៧។​ កិច្ចព្រមព្រៀង​នេះ​បាន​បង្កើត​រដ្ឋ​ធម្មនុញ្ញ​មួយ​ហៅ​ថា​ច្បាប់​ជា​មូលដ្ឋាន​ដែល​ផ្តល់​ឱ្យ​ក្រុង​ហុងកុង​ឋានៈ​ពាក់​កណ្តាល​ស្វ័យភាព​ដោយមាន​គោល​ការណ៍​ «ប្រទេស​មួយ​ ប្រព័ន្ធ​ពីរ»​ ដែល​ផ្តល់​ឱ្យ​ប្រជារាស្ត្រ​ហុងកុង​នូវ​សិទ្ធិ​ខ្លះរួម​បញ្ចូល​សេរីភាព​ខាង​និយាយ​ស្តី​បញ្ចេញ​មតិ ​និង​តុលាការ​ឯករាជ្យ។​

កាល​ពី​ថ្ងៃ​ចន្ទ​ ទី១៥​ មិថុនា​ លោក​រដ្ឋមន្ត្រី​ការ​បរទេស​អង់គ្លេស​ Dominic Raab ​បាន​និយាយ​ជា​ថ្មី​អំពី​ការ​ប្តេជ្ញា​របស់​អង់គ្លេស​ដល់​កិច្ចព្រមព្រៀង​នេះ។​ លោក​បាន​និយាយ​ប្រាប់​ពួក​អ្នក​កាសែត​ថា៖ ​«យើង​បាន​ធ្វើ​ការ​ប្តេជ្ញា​ជា​ប្រវត្តិសាស្ត្រ​មួយ​ដល់​ប្រជារាស្ត្រ​ហុង​កុង​ដើម្បី​ការពារស្វ័យភាព​ និង​សេរីភាព​ពួក​គេ។​ ហើយ​ការ​ដែល​សំខាន់​ជាង​នេះ​គឺ​អាជ្ញាធរ​ចិន​ត្រូវ​ធ្វើ​ដូច្នេះ​ដែរ។​ ដូច្នេះ​យើង​នឹង​ឱ្យ​អាជ្ញាធរ​ចិន​ទទួល​ខុស​ត្រូវ​អំពី​បញ្ហា​នេះ»។​

ជា​ផ្នែក​មួយ​នៃ​ការ​ប្តេជ្ញា​នេះ​ ចក្រភព​អង់គ្លេស​ទំនង​ជា​អាច​អនុញ្ញាត​ឱ្យ​អ្នក​ស្រុក​ហុងកុង​អាច​«ការ​ចាក​ចេញ​គ្រា​មាន​អាសន្ន»។​

ចក្រភព​អង់គ្លេស​បាន​ចេញ​អ្វី​ដែល​ហៅ​ថា​ លិខិត​ឆ្លងដែន​សម្រាប់​ពល​រដ្ឋ​អង់គ្លេស​នៅ​ក្រៅ​ប្រទេស​ឱ្យ​ដល់​ពួក​ជន​ដែល​ជា​អ្នក​ស្រុក​ហុងកុង​នៅ​មុន​ការ​ប្រគល់​ហុងកុង​ទៅ​ឱ្យ​ប្រទេស​ចិន​វិញ។​ រដ្ឋាភិបាល​និយាយ​ថា​ នៅ​ពេល​នេះ​មនុស្ស​ប្រមាណ​៣សែន​៥ម៉ឺន​នាក់​កាន់​លិខិត​ឆ្លង​ដែន​បែប​នេះ​ហើយ​មនុស្ស​ជាង​២លាន​៥សែន​នាក់​ដែល​បាន​រស់​នៅ​ហុងកុង​មុន​អង់គ្លេស​ប្រគល់​ក្រុង​នេះ​ឱ្យ​ចិន​វិញ​មាន​សិទ្ធិ​ដាក់​ពាក្យ​សុំ​លិខិត​ឆ្លង​ដែន​នេះ​បាន។​

រដ្ឋាភិបាល​អង់គ្លេស​បាន​ស្នើ​ធ្វើ​ឱ្យ​មាន​ការ​ងាយ​ស្រួល​ជាង​មុន​ដល់​ពួក​អ្នក​កាន់​លិខិត​ឆ្លង​ដែន​នេះ​ និង​សមាជិក​គ្រួសារ​របស់​ពួក​គេ​អាច​ទៅ​រស់​ក្នុង​ប្រទេស​អង់គ្លេស​ជា​អ្វី​ដែល​រដ្ឋាភិបាល​នេះ​ហៅ​ថា​ «ផ្លូវ​ច្បាស់​លាស់​មួយ​ទៅ​កាន់​ការ​មាន​សញ្ជាតិ​អង់គ្លេស»​ នៅ​ពេល​៥ឆ្នាំ​បន្ទាប់​មក។​

លោក​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ Boris Johnson ​បាន​លាត​ត្រដាង​ផែនការ​ទាំង​នេះ​នៅ​ក្នុង​អត្ថបទ​មួយ​ចុះផ្សាយ​កាល​ពី​ថ្ងៃទី៣ ​ខែ​មិថុនា​នៅ​ក្នុង​កាសែត​ The Times។ ​លោក​ Johnson ​បាន​សរសេរ​ថា៖ «នេះ​ជា​ការ​ផ្លាស់​ប្តូរ​ធំមួយ​ក្នុង​បណ្តា​ការ​ផ្លាស់ប្តូរ​ធំៗ​ក្នុង​ប្រព័ន្ធ​ទិដ្ឋាការ​របស់​យើង​ក្នុង​ប្រវត្តិសាស្ត្រ។ ​ប្រសិន​បើ​ការណ៍​នេះ​បង្ហាញ​ថា​ ជា​ការ​ចាំ​បាច់ចក្រភព​អង់គ្លេស​នឹង​ចាត់​វិធានការ​នេះ»។​

លោក​ Steve Tsang ​ជា​សាស្ត្រា​ចារ្យ​នៅ​ឯ​មហាវិទ្យាល័យ​ខាង​ការ​សិក្សា​អំពី​បូព៌ា​ប្រទេស ​និង​ទ្វីប​អាហ្វ្រិក​ នៃ​សាកល​វិទ្យាល័យ​ក្រុង​ឡុងដ៍។​ លោក​បាន​និយាយ​តាម​ Skype ​ជាមួយ VOA ​កាល​ពី​ថ្ងៃ​ចន្ទ ​ទី​១៥ ​ខែ​មិថុនា​ថា​ សំណើ​នេះ​និយាយ​សំដៅ​ពួក​អ្នក​ស្រុក​ហុងកុង​ និង​គណបក្ស​កុម្មុយនិស្ត​នៅ​ក្នុង​ក្រុង​ប៉េកាំង។​

លោក​ Tsang ​បាន​និយាយ​ថា៖ «តាមផែនការ​អង់គ្លេស​នេះ​នាំ​ឲ្យ​ហុងកុង​អាច​បាត់បង់​ពួក​មនុស្ស​មាន​ជំនាញ​ដោយ​ច្រើន​គួរ​សម។ ​តាម​ទស្សនៈ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ពួកគេ​ចង់​ឱ្យ​ហុងកុង​មាន​ដំណើរ​ការ​ល្អ។​ តែ​យ៉ាង​ណា​ក៏​ដោយ​ក៏​អាជ្ញាធរ​ចិន​មិន​ប្រុង​ប្រៀប​លះបង់​ដើម្បី​រក្សា​ទុក​ពួក​អ្នក​មាន​ជំនាញ​ក្នុង​ក្រុង​ហុងកុង​ទេ​ ជា​ពិសេស​បើពួក​អ្នក​មាន​ជំនាញ​ទាំង​នេះ​ជា​ពួក​អ្នក​បង្កើត​បញ្ហា​នាំ​ឱ្យ​មាន​វិបត្តិ​សម្រាប់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង»។​

លោក​ Tsang ​បាន​ថ្លែង​បន្ថែម​ថា៖​ «រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មាន​ជំនឿ​ថា ពួក​គេ​មាន​ជន​ជាតិ​ចិន​រាប់​លាន​នាក់​មាន​ការ​សិក្សាខ្ពស់​ពី​ពួក​បស្ចឹម​ប្រទេស​ដែល​អាច​បំពេញ​ការងារ​ជំនួស​ពួក​មនុស្ស​ដែល​ចាក​ចេញ​ពី​ហុងកុង​ហើយ​អាជ្ញាធរ​ចិន​ក៏​អាច​ធ្វើ​ឱ្យ​ហុងកុង​មាន​ជោគជ័យ​ត​ទៅ​ទៀត​ ហើយ​មាន​ស្វាមីភក្តិ​ជាមួយ​គណបក្ស​កុម្មុយនិស្ត​ចិន»។​

នៅ​ពេល​ដែល​គោល​នយោបាយ​នេះ​របស់​អង់គ្លេស​បាន​ត្រូវ​ចាត់​ចែង​រួច​ស្រេច​ ពួក​មន្ត្រី​អង់គ្លេស​បាន​ស្នើ​វិធានការ​គ្រា​មាន​អាសន្ន​ដើម្បី​អនុញ្ញាត​ឱ្យ​ពួក​ជន​មាន​លិខិត​ឆ្លង​ដែន​ BNO ​ចូល​ក្នុង​ចក្រភព​អង់គ្លេស​បាន​ងាយ​ជាង​មុន។ ​លោក​ Johnny Patterson ​ដែល​ជា​អ្នក​ធ្វើការ​ជាមួយ​អង្គការ ​Hong Kong Watch ​និយាយ​ថា​នេះ​ជា​ការ​ផ្លាស់​ប្តូរ​ធំ​បំផុត​នៅ​ក្នុង​គោល​នយោបាយ​អង់គ្លេស​ចាប់​តាំង​ពី​អង់គ្លេស​បាន​ប្រគល់​ហុងកុង​ទៅ​ឱ្យ​ប្រទេស​ចិន​វិញ។​ នៅ​ក្នុង​សេចក្តីសម្ភាសន៍​មួយ​កាលពី​ពេល​ថ្មីៗ​នេះ​ជា​មួយ​ VOA ​លោក ​Patterson​ បាន​និយាយ​ថា៖​ «ការណ៍​នេះ​ផ្តល់​សញ្ញា​ផ្លាស់ប្តូរ​ខាង​អន្តោប្រវេសន៍​ប្រកប​ដោយ​សប្បុរសធម៌ ​និង​មានន័យ​ជាង​មុន​ហើយ​ក៏​អាច​ជា​សក្តានុពល​នៃ​ការ​ផ្លាស់ប្តូរ​ខ្លាំង​មួយ​ក្នុង​ទំនាក់​ទំនង​រវាង​ចិន​និង​អង់គ្លេស​ផង​ដែរ»។​

លោក​សាស្ត្រាចារ្យ ​Tsang ​និយាយ​បង្ហាញ​ហេតុ​ផលថា​ គោល​នយោបាយ​មិន​មាន​សេចក្តី​លម្អិត​គ្រប់គ្រាន់​ទេ។​ លោក​ថ្លែង​ថា៖ ​«ខ្ញុំ​យល់​ថា​ មាន​ការ​និយាយ​ពាំ​ត្រណោត​ដោយ​ចេតនា។​អ្វី​ដែល​រដ្ឋាភិបាល​អង់គ្លេស​ផ្តល់​ឱ្យ​ហុងកុង​គឺ​ជាការ​បញ្ជូន​សារ​មួយ​ថា​ ប្រជារាស្ត្រ​ក្រុង​ហុងកុង​មិន​បាន​ត្រូវ​បំភ្លេច​ចោល​ទេ ​និង​សារ​មួយ​ទៀត​ទៅ​ប្រទេស​ចិន​ថា​ នឹង​ការ​ឆ្លើយតប​ពី​ចក្រភព​អង់គ្លេស​ហើយ​សង្ឃឹម​ថា ​រដ្ឋាភិបាល​ចិន​នឹង​ដក​ថយ»។​

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ព្រមាន​ថា​ ការ​ស្នើ​ផ្តល់​សញ្ជាតិ​អង់គ្លេស​នេះ​អាច​រំលោភ​លើ​សេចក្តី​ប្រកាស​រួម​គ្នា​កាល​ពី​ឆ្នាំ​១៩៩៧។ ​រហូត​មក​ដល់​ពេល​ថ្មីៗ​នេះ​ ចក្រភព​អង់គ្លេស​បាន​យល់ព្រម​ជាមួយ​ការ​សម្រេច​នេះ។​ ការ​ប៉ុនប៉ង​របស់​ចិន​ក្នុង​ការ​ដាក់​ច្បាប់​សន្តិសុខ​ថ្មី​លើ​ហុងកុង​ហាក់​ដូច​ជា​បាន​ផ្លាស់ប្តូរ​គំនិត​របស់​រដ្ឋាភិបាល​នៅ​ក្នុង​ក្រុង​ឡុងដ៍៕​

ប្រែសម្រួល​ដោយ​លោក​ឈឹម សុមេធ

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG