ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​វ័យ​ក្មេង​ Joshua Wong ប្រកាស​ឈរ​ឈ្មោះ​​ប្រកួត​ដណ្តើម​អាសនៈ​សភា​ហុងកុង


រូប​ឯកសារ៖ លោក Joshua Wong ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ក្រុង​ហុងកុង កាលពី​ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩។
រូប​ឯកសារ៖ លោក Joshua Wong ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ក្រុង​ហុងកុង កាលពី​ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩។

សកម្មជនគាំទ្រ​ប្រជាធិបតេយ្យ​វ័យ​ក្មេង​អាយុ​២៣​ឆ្នាំ​របស់ហុងកុង​លោក Joshua Wong បាន​ថ្លែង​កាល​ពី​ថ្ងៃ​សុក្រ​ថា លោក​គ្រោង​នឹង​ឈរ​ឈ្មោះ​ដើម្បី​ដណ្តើម​យក​អាសនៈ​មួយ​ក្នុង​សភា​ក្រុង​ហុងកុង​ដែល​គ្រប់គ្រង​ដោយ​ចិន ដែល​ការ​សម្រេច​របស់លោក​នឹង​នាំ​ឲ្យ​មាន​ជម្លោះ​ជា​ថ្មី​ ក្រោយ​ពី​លោក​ត្រូវ​អាជ្ញាធរ​ហុងកុង​ហាម​មិន​ឲ្យ​ឈរ​ឈ្មោះ​នៅ​ក្នុង​ការ​បោះឆ្នោត​មុនៗ។​

កាល​ពី​លោក​អាយុ ១៧​ឆ្នាំ លោក Wong បាន​ក្លាយ​ជា​មុខមាត់​នៃ​ចលនា​ឆ័ត្រ (Umbrella Movement) ដែល​ដឹកនាំ​ដោយ​សិស្ស​និស្សិត​កាល​ពី​ឆ្នាំ​២០១៤។​ ប៉ុន្តែ​លោក​លែងចេញ​មុខ​មាត់​ដឹកនាំបាតុកម្ម​ដែល​ពេល​ខ្លះ​បាន​ក្លាយ​ទៅ​ជា​ហិង្សា​នៅ​ក្នុង​រយៈ​ពេល​១២​ខែ​ចុង​ក្រោយ​ដែល​បាន​ធ្វើ​ឲ្យ​កក្រើក​ទី​ក្រុង​ដែល​ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​នេះ។

លោក Joshua Wong ថា​លោក​គ្រោង​នឹង​ឈរ​ឈ្មោះ​ក្នុង​ការ​បោះឆ្នោត​បឋម​ឲ្យ​គណបក្ស​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ ដើម្បី​ជ្រើសរើស​បេក្ខជន​សម្រាប់​ប្រកួត​ប្រជែងដណ្តើម​អាសនៈ​ក្នុង​រដ្ឋសភា​ហុងកុង​ក្នុង​ថ្ងៃ​ទី​៦ ខែ​កញ្ញា​ខាង​មុខ។​

ប៉ុន្តែ​កន្លង​មក លោក Wong បាន​គៀងគរការ​គាំទ្រ​ពី​ចលនា​ប្រជាធិបតេយ្យ​នៅ​ក្រៅ​ប្រទេស ដោយ​លោក​បាន​ជួបអ្នក​នយោបាយ​ពី​សហរដ្ឋ​អាមេរិក អឺរ៉ុប និង​កន្លែង​ផ្សេង​ទៀត ដែល​នាំ​ឲ្យ​មាន​ការ​ខឹងសម្បា​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដែល​ចោទ​លោក​ថា​ជា​ «ភ្នាក់ងារ​សម្ងាត់»​ របស់​កម្លាំង​បរទេស។

​កាល​ពី​ឆ្នាំ​មុន លោក​ត្រូវ​បាន​អាជ្ញាធរ​សម្រេច​មិន​ឲ្យ​ឈរ​ឈ្មោះ​ក្នុង​ការ​បោះឆ្នោត​ក្នុង​សង្កាត់​មួយ​ដោយ​ថា​ការ​តស៊ូ​របស់​លោក​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច​របស់​ហុងកុង​បាន​រំលោភ​លើ​ច្បាប់​បោះឆ្នោត ដែល​ចំណាត់​ការ​នេះ លោក Wong ថា​ជា​ចេតនា​នយោបាយ៕

XS
SM
MD
LG