ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មគ្គុទេសក៍​ទេសចរ​ឲ្យ​ដឹង​ថា​ អ្នក​ទេសចរ​មក​កម្ពុជា​ចំណាយ​តិច​​​


មគ្គុទេស​ទេស​ចរណ៍​ម្នាក់​ដឹក​នាំ​​ភ្ញៀវ​ទេសចរណ៍​នៅ​ប្រសាទ​បាយ័ននៃ​ខេត្ត​សៀមរាប ​នៅ​ថ្ងៃសៅរ៍ ទី១៦ ខែ​កក្ដដា ឆ្នាំ​២០១៦។ (ឡេង ឡែន/VOA)
មគ្គុទេស​ទេស​ចរណ៍​ម្នាក់​ដឹក​នាំ​​ភ្ញៀវ​ទេសចរណ៍​នៅ​ប្រសាទ​បាយ័ននៃ​ខេត្ត​សៀមរាប ​នៅ​ថ្ងៃសៅរ៍ ទី១៦ ខែ​កក្ដដា ឆ្នាំ​២០១៦។ (ឡេង ឡែន/VOA)

របាយ​ការណ៍​ប្រចាំ​ឆ្នាំ​២០១៥​នៃ​ក្រសួង​ទេសចរណ៍​បាន​ឲ្យ​ដឹង​ថា​ ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​ដែល​កម្ពុជា​ទទួល​បាន​ពី​វិស័យ​ទេសចរណ៍​ក្នុង​ឆ្នាំ​២០១៥​ ​គឺ​​៣​ពាន់​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក។

ខណៈពេល​ដែល​រដ្ឋាភិបាល​លើក​ឡើង​ថា ​វិស័យ​ទេសចរណ៍​នាំ​ចំណូល​ច្រើន​បំផុត​ទី​ពីរ​បន្ទាប់​ពី​ឧស្សាហ​កម្ម​កាត់ដេរ​សម្លៀក​បំពាក់​នោះ​ ​មគ្គុទេសក៍​ទេសចរ​និយាយ​ថា​ គេ​សង្កេត​ឃើញ​ថា ​ភ្ញៀវទេសចរ​មក​ប្រទេស​កម្ពុជា​ចំណាយ​តិច​ ​ក្រោយ​បន្ទាប់​ពី​ពួក​គេ​បាន​ទៅ​ចំណាយ​លុយ​នៅ​ប្រទេស​ថៃ ​ឬ​ប្រទេស​វៀតណាម ​និង​ប្រទេស​ផ្សេងៗ​ទៀត​មុន​មក​ដល់​ប្រទេស​កម្ពុជា។​

កម្ពុជាក្លាយ​គោលដៅ​ទេសចរ​ចុង​ក្រោយរបស់​អ្នក​ទេសចរ​ភាគច្រើន​គឺ​ដោយ​សារមិន​មាន​ជើង​យន្តហោះ​ពី​ទ្វីប​ផ្សេងៗ​មកចុះចត​ផ្ទាល់​នៅ​កម្ពុជា។​ ​

លោក​ហៃ សុខា​ជា​មគ្គុទេសក៍​ទេសចរសម្រាប់ភ្ញៀវ​ជនជាតិ​បារាំង​និយាយ​ថា៖​

«ស្រុក​យើង​អត់​មាន​កប៉ាល់​ហោះ​មក direct​ (ចុះ​ស្រុក​យើង​ដោយ​ផ្ទាល់ទេ)​ ​អញ្ចឹង​ហើយ​មុន​ពេល​ភ្ញៀវ​គាត់​ដើរ​លេង​មក​ដល់​ស្រុក​ខ្មែរ​ហ្នឹង​ ​គាត់​ទៅ​លេង​វៀតណាម​ ​លេង​ថៃ​អស់​លុយ​ហើយទំរាំ​បាន​មក​ដល់​យើង។​ ​ភ្ញៀវ​អត់​ចូល​ចិត្ត​ចាយ​លុយ​ទេ ​ហើយ​វត្ថុ​អនុស្សាវរីយ៍អី​ក៏​កម្រ​ឃើញ​ទិញ​ដែរ»។

លោក ហៃ សុខា ​បន្តថា ​ប្រាក់​ដែល​លោក​ទទួល​បាន​មិន​បាន​កើន​ឡើង​ច្រើន​ទេ​ តាំង​ពី​ពេល​លោក​ចាប់​អាជីព​នេះ​ជាលើក​ដំបូង​ក្នុង​ឆ្នាំ២០១៣។​

លោក​ ហៃ សុខា ​ក៏​បាន​ប្រាប់​ VOA ​ថា​ ប្រាក់​លើក​ទឹក​ចិត្ត​ដែល​លោក​ធ្លាប់​ទទួល​បាន​ក៏​មាន​ការ​ធ្លាក់​ចុះ​ដែរ​ ​ខណៈ​ពេល​ដែល​ថ្លៃ​ជីវភាព​ប្រចាំ​ថ្ងៃ​មាន​ការ​កើន​ឡើង។​

លោក​និយាយ​ថា​ លោក​ត្រូវ​ចំណាយ​ថ្លៃ​ផ្ទះ​ ​ថ្លៃ​ភ្លើង​ក្នុង​មួយ​ខែ​យ៉ាង​ហោច​ណាស់​ក៏​ត្រូវ​ចំណាយ​៤០០​ទៅ​៥០០​ដុល្លារ​ដែរ។​ ​លោក​គិត​ថា ​មគ្គុទេសក៍​ទេសចរគួរ​តែ​បាន​ប្រាក់​ចំណូលច្រើន​ជាង​អ្វីដែល​គេ​ទទួល​បាន​នា​ពេល​បច្ចុប្បន្ន។​

លោក​យឹម ចាន់ផល​ ​ដែល​មាន​វិជ្ជាជីវៈជា​មគ្គុទេសក៍​ទេសចរ ​បាន​ចាប់​ផ្តើម​ចាប់​អាជីព​នេះ​តាំង​ពី​ចុង​ឆ្នាំ​២០០៦​មកម្ល៉េះ។​ ​ការ​ងារ​របស់​លោកភាគ​ច្រើន​គឺ​ត្រូវ​នាំ​ភ្ញៀវ​ដើរ​ទស្សនា​តាម​ប្រាសាទ​ដែល​នៅ​ទីក្រុង​សៀមរាប​ ​និងរ៉ាយ​រ៉ាប់​ទៅ​កាន់​ប្រាប់​ពួកគេ​អំពី​អត្ថន័យ​នៃ​ចម្លាក់​បុរាណ​នានា។​ ​លោក​បាន​ចំណាយ​ពេល​ជាង​ប្រាំបួន​ឆ្នាំ​ក្នុង​ការ​រៀន​ភាសា​ចិន​កុកងឺ​ ​ដែល​ជា​ជំនាញ​ចាំ​បាច់​សម្រាប់​ការងារ​នាំភ្ញៀវ​ចិន​របស់​លោក។​

ក្នុង​មួយ​ថ្ងៃ​ ​លោក​យឹម ចាន់ផល​អាច​រក​ចំណូល​បាន​២៥​ដុល្លារ​សម្រាប់​ការងារ​នេះ​ ​ក្នុង​ករណី​ដែល​គាត់​ត្រូវ​បាន​គេ​ជ្រើស​រើស​ឲ្យនាំ​ក្រុម​អ្នក​ទេសចរ។​

លោក​យឹម ចាន់ផល​បាន​ឲ្យ​ដឹង​ថា​ ​ក្នុង​ឆ្នាំ​២​០១០​ ​លោក​ទទួល​បាន​កម្រៃ​ ​២០​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​ ​មាន​ន័យ​ថា​ ប្រាក់​កម្រៃ​ដែល​លោកទទួល​បាន​មិន​បាន​ផ្លាស់​ប្តូរ​ច្រើន​ទេ​ក្នុង​អំឡុង​ពេល​ប្រាំ​ឆ្នាំ​មក​នេះ។​

ជនជាតិ​ខ្មែរ​ដទៃ​ទៀត ​ដែល​បាន​ចាប់​អាជីព​ជា​មគ្គុទេសក៍​ទេសចរ​ ដែល​តម្រូវ​ឲ្យ​ចេះ​ភាសា​ច្បាស់លាស់ មាន​ការ​ប្រាស្រ័យ​ទាក់​ទង​ល្អ​ ​និងមានជំនាញ​រៀបចំ​ល្អ​នោះ​ ​ក៏​បាន​និយាយ​ដែរ​ថា​ កម្រៃ​ដែល​ពួក​គេ​ទទួល​បាន​ មាន​លក្ខណៈ​ទ្រឹង​ បើ​ទោះ​បី​ជា​ប្រាក់​ចំណូល​វិស័យ​ទេសចរណ៍​កម្ពុជា​បាន​កើន​ឡើង​យ៉ាង​គំហុក ​ហើយ​ចំណាយ​សម្រាប់ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​មាន​ការ​កើន​ឡើង​ជា​លំដាប់​ក៏ដោយ។​ ​

របាយ​ការណ៍​ប្រចាំ​ឆ្នាំ​២០១៥​នៃ​ក្រសួង​ទេសចរណ៍​បាន​ឲ្យ​ដឹង​ថា​ ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​ដែល​កម្ពុជា​ទទួល​បាន​ពី​វិស័យ​ទេសចរណ៍​ក្នុង​ឆ្នាំ​២០១៥​ ​គឺ៣​ពាន់​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ ​ជិត​ពីរ​ដង​នៃ​ប្រាក់​ចំណូលក្នុង​ឆ្នាំ​ ២០១០​ដែល​មាន​១,៧​ពាន់​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក។​

លោក​ចាន់ផល​បាន​និយាយ​ថា៖​

«បើ​សិន​ជា​ផ្គត់​ផ្គង់​ជាមួយ​គ្រួសារ​ ​វា​មិន​គ្រាន់​ទេ។​ ​យើង​ត្រូវ​រក​ឲ្យច្រើន​ជាង​នេះ​ទៀត។​ ​ដោយ​សារ​ពី​មុន​នៅ​តែ​ខ្លួន​មួយ​ ​យើង​ចាយ​វាយ​គ្រប់​គ្រាន់​ហើយ។​ ​តែ​ដល់​ពេល​មាន​គ្រួសារ​ ត្រូវ​ចិញ្ចឹម​កូន​ ​ចញ្ចឹម​ប្រពន្ធ​ ​អញ្ចឹង​វា​មិន​សូវ​គ្រប់​គ្រាន់​ប៉ុន្មាន​ទេ»។​

លើស​ពី​នេះ​ទៅ​ទៀត​ ​លោក​ចាន់ផល​ក៏​ទទួល​បានជា​រឿយៗ​នូវ​ប្រាក់​លើក​ទឹក​ចិត្ត​ពី​ភ្ញៀវ​របស់​គាត់​ ​ដូច្នេះ​លោក​អាច​រក​បាន​បន្ថែម​២០ទៅ​៣០​ដុល្លារ​ពី​ភ្ញៀវ​របស់​លោក​មួយ​ក្រុមៗ។

​លោកចាន់​ផល​បាន​បន្ថែម​ថា៖​

«វា​តាម​សណ្តាន​ចិត្ត​របស់​ភ្ញៀវ​ ជួន​កាល​មួយ​ក្រុម​គេ​ឲ្យ​ម្ភៃ​ សាម​សិប​ដុល្លារ​ ​ទៅ​តាម​ក្រុម​តូច​ ក្រុម​ធំ។ ​យើង​ជា​មគ្គុទេសក៍​ទេសចរ​ ​យើង​អត់​មាន​ប្រាក់​ខែ​ទេ​ ​ពេល​ដែល​យើង​នាំ​ភ្ញៀវ​បាន​គេ​ឲ្យប្រាក់​ជា​ថ្ងៃ»។​

លោកហូ វណ្ណឌី​ ​អគ្គ​លេខាធិការ​សម្ព័ន្ធ​ទេសចរណ៍​ជាតិ​កម្ពុជា​ ​និយាយ​ថា​ ​ប្រាក់​ចំណូល​របស់​មគ្គុទេសក៍​ទេសចរ​អាស្រ័យ​ទៅ​លើ​បទ​ពិសោធន៍​ ​ចំនួន​ថ្ងៃ​ដែល​ពួក​គេ​ធ្វើ​ការ​ ​និង​កម្រិត​បដិ​សណ្ឋារកិច្ច​ដែល​ពួក​គេ​ផ្តល់សម្រាប់​ភ្ញៀវ​ទេសចរ។​

លោក​បាន​និយាយ​ថា៖​

«ទីមួយ​ វា​អាស្រ័យ​ទៅ​លើ​សមត្ថភាព​របស់​ពួក​គាត់​ ​ទី​ពីរ​ ​វា​អាស្រ័យ​ទៅ​លើ​ភាព​វ័យ​ឆ្លាត​របស់​ការងារ​របស់​ពួក​គាត់​ និង​ទី​បី​គឺ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ភ្ញៀវ»។​

ដោយ​មាន​ការ​ជំរុញ​មួយ​ភាគ​ធំ​ពី​ចំនួន​នៃ​ការ​ទៅ​ទស្សនា​ឧទ្យាន​បុរាណ​អង្គរ​ ​ វិស័យ​ទេសចរណ៍​បាន​ក្លាយ​ជា​វិស័យ​ចម្បង​មួយ​នៃ​សេដ្ឋកិច្ច​កម្ពុជា​បន្ទាប់​ពីការ​នាំ​ចេញ​សម្លៀក​បំពាក់។​ ​ក្នុង​ខែ​មិថុនា​ ​ប្រទេស​កម្ពុជា​បាន​ទទួលរង្វាន់​«ទិស​ដៅ​ទេសចរណ៍​ល្អ​បំផុត​សម្រាប់​ពិភពលោកឆ្នាំ២០១៦»​ពី​ក្រុម​ប្រឹក្សា​អឺរ៉ុប​លើ​វិស័យ​ទេសចរណ៍​ ​និង​ពាណិជ្ជកម្ម។​

សម្រាប់​អ្នក​ដែល​នៅ​ឈរ​ជួរ​មុខ​នៅ​ក្នុង​វិស័យ​នេះ​ ​ជា​ពិសេស​មគ្គុទេសក៍​ទេសចរ ​ប្រាក់​ចំណូល​មាន​លក្ខណៈ​តាម​រដូវ​កាល។ ​នៅ​ក្នុង​ខែ​ដែល​មាន​ភ្ញៀវ​ច្រើន​គឺ​ពី​ពាក់​កណ្តាល​ខែ​វិច្ឆិកា​ដល់​ពាក់​កណ្តាល​ខែ​មេសា​ ​មគ្គុទេសក៍​ទេសចរ​អាច​រក​បាន​ដល់​ទៅមួយ​ពាន់​ដុល្លារ​សហ​រដ្ឋអាមេរិក​ក្នុង​មួយ​ខែ។ ​ប៉ុន្តែ​ក្នុង​ខែ​ដែល​មាន​ភ្ញៀវ​តិច​វិញ​ ​ពួក​គេអាចមិនមានការ​ងារ​ធ្វើ​រយៈពេល​ដល់ទៅ​មួយ​ខែ៕

XS
SM
MD
LG