ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សារ​មន្ទីរ​កូរ៉េ​ខាង​ជើង​ទទួល​ការ​ចាប់​អារម្មណ៍​ផ្សេង​គ្នា​ពី​អ្នក​ទេសចរ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ចំណាប់​អារម្មណ៍​របស់​អ្នក​ទេសចរ​ខ្មែរ​ចំពោះ​សារមន្ទីរ​សព្វទស្សន៍​អង្គរ ​ឬ Angkor Panorama Museum ដែល​ជា​ស្នាដៃ​វិចិត្រករ​កូរ៉េ​ខាង​ជើង

អ្នក​ទេសចរ​ក្រុម​នេះ​​​បាន​បង្ហាញ​ការ​​រំភើប​ និង​​​ការ​ភ្ញាក់​​ផ្អើល​ចំពោះ​ស្នាដៃ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​នេះ។

ចំណាប់​អារម្មណ៍​របស់​អ្នក​ទេសចរ​ខ្មែរ​ចំពោះ​សារមន្ទីរ​សព្វទស្សន៍​អង្គរ ​ឬ Angkor Panorama Museum ដែល​ជា​ស្នាដៃ​វិចិត្រករ​កូរ៉េ​ខាង​ជើង​នោះ គឺ​ក្ដី​រំភើប​ចំពោះបច្ចេកវិជ្ជា​គំនូរ 3D។ ប៉ុន្តែ​អ្វី​ដែលអ្នក​ទេសចរ​បរទេស​ឆ្ងល់​នោះ​គឺ​ថា ហេតុអ្វី​ប្រទេស​កុម្មុយនិស្ត​ក្រីក្រ​នេះ ចំណាយ​លុយ​ដល់​ទៅ​២៤​លាន​ដុល្លារ ដើម្បី​កសាង​សារមន្ទីរ​ដែល​ពួក​គេ​ភាគ​ច្រើន​មិន​សូវ​ចាប់​អារម្មណ៍​នោះ។

ទី​កន្លែង​ដែល​ធ្វើ​ឲ្យ​អ្នក​ទេសចរ​ខ្មែរ​មួយ​ក្រុម​ភ្ញាក់​ផ្អើល ​ហើយ​បើក​ភ្នែក​ធំៗ​នោះ​ គឺ​ជា​វេទិកា​មើល​គំនូរ ​3D ​លើ​ជញ្ជាំង​គូរ​ដោយ​វិចិត្រករ​ចំនួន​៦៣រូប។

ពួក​គេ​ភាគ​ច្រើន​ដឹង​ថា ​គំនូរ​នេះ​គូរ​លើ​ជញ្ជាំង​បញ្ឈរ​ចម្ងាយ​១១ម៉ែត្រ​ពី​កន្លែង​ពួកគាត់​ឈរ​ ប៉ុន្តែ​មួយ​ភ្លែត​ដំបូង ​ពួក​គាត់​ខ្លះ​ឆ្ងល់​ថា ​ហេតុអ្វី​ក៏​គំនូរ​ផ្ដេក​នេះ​មើល​ឃើញ​ឆ្ងាយ​ច្រើន​គីឡូម៉ែត្រ​ហួស​ពី​ទំហំ​របស់​សារមន្ទីរ​នេះ។ ហើយ​អ្នក​ខ្លះ ដែល​មិនទាន់​បាន​ពិនិត្យ​ច្បាស់​លាស់ និយាយ​ថា ​ផ្នែក​ខ្លះ​នៃ​ជញ្ជាំង​គឺ​បញ្ចាំង​វីដេអូ។

អ្នក​ទេសចរ​ក្រុម​នេះ​បាន​បង្ហាញ​ការរំភើប​ និង​ការ​ភ្ញាក់ផ្អើល​ចំពោះ​ស្នាដៃ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​នេះ។

អ្នកស្រី​ កែវ សាមួត​ ជា​អ្នក​ទេសចរ​មក​ពី​ភូមិ​ស្រះ​ឈូក​ខាងកើត ឃុំ​ស្រះជីក ​ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ។​ ក្រោយ​ពី​បាន​ដើរ​ទស្សនា​ប្រាសាទ​នានា ​ដែល​រួមមាន​ប្រាសាទអង្គរវត្ត ប្រាសាទ​បាយ័ន​នោះ អ្នក​ស្រី​បាន​ប្រាប់ ​VOA​ ថា ​ការ​មក​ទស្សនា​នៅ​សារមន្ទីរ​នេះ​មាន​ភាព​ងាយ​ស្រួល។

«អស្ចារ្យ! ​ឃើញ​ធ្វើ​សព្វ។​ មើល​ទៅ វា​រាង​សំណំ​(សម)​ល្អ។​ អញ្ចឹង​មែន​ មើល​ទៅ​ឃើញ​សព្វមុខ ​សព្វ​មាត់​ល្អ​ មាន​ដំរី មាន​មនុស្ស​បរម​បុរាណ​ពីដើម​ មាន​ខោ អត់​អាវ។ ​នៅ​ទី​នេះ ​អង្គុយ​មើលតែ​មួយ​កន្លែង​ ​ឃើញ​សព្វ​មុខ»។

ស្រដៀង​គ្នា​នេះ​ដែរ​ ព្រះ​តេជ​គុណ​ធម្មនន្ទទោ​ មាន​សង្ឃដីកា​ថា គំនូរ​នេះ​មើល​ទៅ​ដូច​ពិត ​ធ្វើ​ឲ្យ​ព្រះ​អង្គ​រំភើប។​

«អស្ចារ្យ​ពរ​ អស្ចារ្យ ​ហើយ​អាត្មា​មិន​ធ្លាប់​គិត​ថា ​អ្នក​ដែល​ធ្វើ ​ផលិត​រូប​មាន​លក្ខណៈ​អស្ចារ្យ​បែប​នេះ​ទេ។​ អស្ចារ្យ!»

ផ្ទាំង​គំនូរ​បង្ហាញ​ពី​ការ​សាងសង់​ប្រាសាទ​បុរាណ​របស់​ខ្មែរ ដោយ​ស្នាដៃ​វិចិត្រករ​ជនជាតិ​កូរ៉េ​ខាង​ជើង ដែល​ប្រើ​បច្ចេកវិទ្យា​គំនូរ 3D នៅ​សារមន្ទីរ​សព្វទស្សន៍​អង្គរ ​Angkor Panorama Museum ខេត្ត​សៀមរាប។ (ពិន ស៊ីសុវណ្ណ/VOA)
ផ្ទាំង​គំនូរ​បង្ហាញ​ពី​ការ​សាងសង់​ប្រាសាទ​បុរាណ​របស់​ខ្មែរ ដោយ​ស្នាដៃ​វិចិត្រករ​ជនជាតិ​កូរ៉េ​ខាង​ជើង ដែល​ប្រើ​បច្ចេកវិទ្យា​គំនូរ 3D នៅ​សារមន្ទីរ​សព្វទស្សន៍​អង្គរ ​Angkor Panorama Museum ខេត្ត​សៀមរាប។ (ពិន ស៊ីសុវណ្ណ/VOA)

លោក​ យិត ចាន់ដារដ្ឋ ​នាយក​ប្រតិបត្តិ​រង​នៃសារមន្ទីរសព្វទស្សន៍​អង្គរ​ ឬAngkor Panorama Museum ​នេះ​ប្រាប់ ​VOA ថា ​គំនូរ3Dនេះ​បង្ហាញ​អំពី​ប្រវត្តិសាស្ត្រ​សម័យ​អង្គរ​ ដូចជា​ការសាងសង់​ប្រាសាទ​ប្រពៃណី​ខ្មែរ និង​សង្គ្រាម។

«គំនូរ​ទាំង​បី​ផ្នែក​នេះ​គឺថា ​ធ្វើ​ឲ្យ​អារម្មណ៍​ប្រជាជន​ដែល​គាត់​កំពុង​ឈរ​ទស្សនា​នៅ​ទីនេះ​គឺ​គាត់​លង់​អារម្មណ៍​ ហាក់​ដូចជា​គាត់​កំពុង​នៅ​ក្នុង​សម័យ​កាល​អង្គរ​អញ្ចឹង។ ​ហាក់​ដូច​ជា​គាត់​កំពុង​លក់​បន្លែ​ជាមួយ​អ្នក​លក់​បន្លែ​ក្នុង​គំនូរ។ ហាក់​ដូច​ពួក​គាត់​កំពុង​បញ្ជល់​ដំរី​ជាមួយ​អ្នក​ជល់​ដំរី​នៅ​សម័យ​នោះ​អញ្ចឹង»។

លោក​បាន​ឲ្យ​ដឹង​ថា​ ជាង៨០%​នៃ​អ្នក​ទេសចរ​ដែល​ចូល​ទស្សនា​សារមន្ទីរ​សព្វទស្សន៍​អង្គរ​នេះ​ គឺ​ជា​ជនជាតិ​ខ្មែរ។ លោក​ថ្លែង​ថា ​អ្នក​ទេសចរ​ គួរ​ទស្សនា​សារមន្ទីរ​នេះ​ មុន​ពេល​ពួកគេ​ទៅ​មើល​ប្រាសាទ​នានា​ដោយ​ផ្ទាល់ ព្រោះ​សារមន្ទីរ​នេះ ​មាន​ព័ត៌មាន​ជាច្រើន​អំពី​ប្រវត្តិសាស្ត្រ និង​បង្ហាញ​ទីតាំង​ប្រាសាទ​នានា​ក្នុង​តំបន់​អង្គរ។

«ដូចជា​កន្លែង​ដែល​យើង​ដើរ​ចុះ​ដើរឡើង​រង្វង់​មូល​ហ្នឹង​គឺ​ភ្នំ​បាក់ខែង។ អញ្ចឹង​នៅ​លើ​ភ្នំ​បាក់ខែង​ យើង​អាច​មើល​ឃើញ​ទិដ្ឋភាព​ប្រាសាទ​មួយ​ចំនួន​នៅ​ជិតៗ​ហ្នឹង។ យើង​អាច​មើល​ឃើញ​ពី​ទន្លេសាប​រហូត​ទៅ​ដល់​ភ្នំ​គូ​លេន​ ប្រវែង​ហ្នឹង​គឺ​ថា​ក្នុង​រង្វង់​១០០០​គីឡូម៉ែត្រ​ការ៉េ»។

លោក​បន្ត​ថា ​អ្នក​ទេសចរ​ដែល​មក​សារមន្ទីរ​នេះ ទាំង​ខ្មែរ ទាំង​បរទេស​ ​បាន​កោត​សរសើរ​ស្នា​ដៃ​នេះ​ស្ទើរ​គ្រប់ៗ​គ្នា។

ទោះ​ជា​យ៉ាង​ណា​ក្ដី ​អ្នក​ទេសចរ​ភាគ​ច្រើន​ដែល​នៅ​កន្លែង​ទិញ​សំបុត្រ​ទស្សនា​តំបន់​រមណីយដ្ឋាន​អង្គរ មិន​ចាប់​អារម្មណ៍​នឹង​សារមន្ទីរ​នៅ​ជិត​នេះ​ទេ។

អ្នក​ទេសចរ​បរទេស​ជាច្រើន​ ដែល​ VOA​ បាន​សម្ភាស​កាលពី​សប្ដាហ៍​កន្លងទៅ​នោះ​ មិន​បាន​ដឹង​អំពី​សារមន្ទីរ​សព្វទស្សន៍​អង្គរ​នេះ​ទេ។ ដោយឡែក​ អ្នក​ដែល​បាន​ដឹង​បាន​ប្រាប់​ VOA ថា​ គេ​មិន​ចាប់​អារម្មណ៍​នឹង​បច្ចេកវិជ្ជា​ក្នុង​សារមន្ទីរ​នេះ​ទេ។

នាង​ Sarah ​មកពី​ប្រទេស​អង់គ្លេស​មាន​ការភ្ញាក់ផ្អើល​ ដែល​ប្រទេស​កូរ៉េខាងជើង​ចំណាយ​លុយ​ដល់​ទៅ​២៤លាន​ដុល្លារ​ ក្នុង​ការ​កសាង​សារមន្ទីរ​នេះ​ ហើយ​នាង​មិន​ចាប់​អារម្មណ៍​នឹង​បច្ចេកវិជ្ជា​នៅ​ក្នុង​សារមន្ទីរ​នេះ​ទេ។

«ចំពោះ​ខ្ញុំ ​ខ្ញុំ​ភ្ញាក់​ផ្អើល​ដែល​គេ​ចំណាយ​ច្រើន​ដល់​ម្ល៉ឹង​នៅ​ក្រៅ​ប្រទេស​កូរ៉េខាងជើង ​ជាពិសេស​គម្រោង​ដែល​ខ្ញុំ​មិន​ដែល​ឮ​នៅ​អង់គ្លេស​នោះ។​ ​ចំពោះ​ខ្ញុំ​ ខ្ញុំ​មកពី​អង់គ្លេស​ ខ្ញុំ​ចាប់​អារម្មណ៍​ចង់​ឃើញ​អង្គរវត្ត​ និង​វត្ថុ​ពិតៗ​ ជាជាង​ទៅ​មើល​សារមន្ទីរ​នេះ​ ជាពិសេស​មើល​បច្ចេកវិជ្ជា​ដែល​គ្មាន​អ្វី​ចម្លែក​សម្រាប់​យើង។ ​ខ្ញុំ​មិន​ចាប់​អារម្មណ៍​ចង់​ឃើញ​បច្ចេកវិជ្ជា​ទេ។ ​ខ្ញុំ​ចង់​ឃើញ​ប្រាសាទ​ជា​ប្រវត្តិសាស្ត្រ»។

រីឯ​នាង Ashley Millward ​ជា​មិត្តភក្តិ​របស់​នាង​ Sarah​ បន្ថែម​ថា៖ «ទេ ​មើល​ទៅ ​ក្នុង​នោះ​គេ​បង្ហាញ​ពី​បច្ចេកវិជ្ជា។ ខ្ញុំ​មិន​ប្រាកដ​ទេ។ ​តែ​ខ្ញុំ​ចង់​ឃើញ​ប្រាសាទ​ និង​ចម្លាក់​ពិត។ ហេតុនេះ​ហើយ​បាន​ជា​ខ្ញុំ​មក​ទី​នេះ។ ​ខ្ញុំ​អត់​ចាប់​អារម្មណ៍​នឹង​សារមន្ទីរ​នោះ​ទេ។​ ខ្ញុំ​ចង់​ឃើញ​វត្ថុ​ពិត​វិញ»។

​ក៏​ប៉ុន្តែលោក​ យិត ចាន់ដារដ្ឋ ដែល​ជា​មន្ត្រី​ជាន់​ខ្ពស់​របស់​អាជ្ញាធរ​អប្សរា​ដែរ​នោះ​ បាន​និយាយ​ថា ​ការ​លើក​ឡើង​ខាង​លើ​នេះ​គ្រាន់​តែ​ទស្សនៈ​របស់​អ្នក​ទេសចរ​មួយ​ចំនួន​តែប៉ុណ្ណោះ។

លោក​អះអាង​ថា ​ភ្ញៀវ​ទេសចរ​បរទេសភាគ​ច្រើនមិន​បាន​ចូល​ទស្សនា​សារមន្ទីរនេះ​ ព្រោះសារមន្ទីរ​នេះមិនទាន់​ត្រូវ​បាន​បញ្ចូល​ក្នុង​កញ្ចប់​ទេសចរ​ជាមួយ​ប្រាសាទ​នានា​នៅឡើយ។

លោក​បន្ថែម​ថា ​សារមន្ទីរ​នេះ​ទើបតែ​បើក​បាន​ត្រឹម​តែ​៥​ខែ​ប៉ុណ្ណោះ។​ ក្រៅពី​ផ្ទាំង​គំនូរ​លើ​ជញ្ជាំង​ ​និង​ការ​បញ្ចាំង​វីដេអូ​លើ​កញ្ចក់​ទូរទស្សន៍ សារមន្ទីរ​នេះ​ក៏​នឹងមាន​ដាក់​បន្ថែម​រូប​សំណាក​វីរជន​ខ្មែរ​នៅ​សម័យ​អង្គរ​ផង​ដែរ​ដើម្បី​ទាក់ទាញ​អ្នក​ទេសចរ។

ផ្ទាំង​គំនូរ​បង្ហាញ​ពី​ការ​សាងសង់​ប្រាសាទ​បុរាណ​របស់​ខ្មែរ ដោយ​ស្នាដៃ​វិចិត្រករ​ជនជាតិ​កូរ៉េ​ខាង​ជើង ដែល​ប្រើ​បច្ចេកវិទ្យា​គំនូរ 3D នៅ​សារមន្ទីរ​សព្វទស្សន៍​អង្គរ ​Angkor Panorama Museum ខេត្ត​សៀមរាប។ (ពិន ស៊ីសុវណ្ណ/VOA)
ផ្ទាំង​គំនូរ​បង្ហាញ​ពី​ការ​សាងសង់​ប្រាសាទ​បុរាណ​របស់​ខ្មែរ ដោយ​ស្នាដៃ​វិចិត្រករ​ជនជាតិ​កូរ៉េ​ខាង​ជើង ដែល​ប្រើ​បច្ចេកវិទ្យា​គំនូរ 3D នៅ​សារមន្ទីរ​សព្វទស្សន៍​អង្គរ ​Angkor Panorama Museum ខេត្ត​សៀមរាប។ (ពិន ស៊ីសុវណ្ណ/VOA)

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ មិន​មែន​អ្នក​ទេសចរ​បរទេស​ទាំងអស់​សុទ្ធតែមិន​ចាប់​អារម្មណ៍​នឹង​សារមន្ទីរ​សព្វទស្សន៍​នេះ​ទេ។

អ្នកស្រី Christelle Bimar ​ជនជាតិ​បារាំង​មកពី​ទីក្រុង​ហុងកុង​ជាមួយ​កូន​ប្រុស​ពីរ​នាក់ ប្រាប់​ VOA​ ថា ​អ្នក​ស្រី​មិន​ប្រាកដ​ថា អ្នក​ស្រី​នឹង​ទៅ​ទស្សនា​សារមន្ទីរ​នេះ​ទេ។ ទោះ​ជា​យ៉ាង​ណាក្ដី អ្នកស្រី​ថ្លែង​ថា មាន​សារមន្ទីរ​ច្រើន​គឺ​ល្អ​សម្រាប់​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា។

«ខ្ញុំ​គិត​ថា ​មាន​សារមន្ទីរ​ថ្មី​គឺ​ល្អសម្រាប់​ប្រជាជន​កម្ពុជា និង​សម្រាប់​អ្នក​ទេសចរ។ ​និយាយ​ឲ្យ​ត្រង់​ទៅ ​ខ្ញុំ​មិន​ដឹង​ច្បាស់​ទេ ​គ្រាន់​តែ​ដឹង​ថា ​នៅ​ក្នុង​នោះ​មាន​គំនូរ3D។ ខ្ញុំ​គិត​ថា ​ប្រាសាទ​អង្គរ​ និង​សៀមរាប​គួរ​មាន​សារមន្ទីរ​ច្រើន»។

​លោក​ យិត ចាន់ដារដ្ឋ​ ក៏​បាន​បដិសេធ​សេចក្ដី​សន្និដ្ឋានក្នុង​សេចក្ដី​រាយ​ការណ៍​ព័ត៌មានពីមុន​ដែល​ថា ប្រទេស​កូរ៉េ​ខាង​បើក​សារមន្ទីរ​នេះ​ដើម្បី​រក​លុយ​ជួយ​របប​កុម្មុយនិស្ត​ដែលកំពុង​ព្យាយាម​ធ្វើ​អាវុធ​នុយក្លេអ៊ែរ​នោះ។

ដូច​គ្នា​នេះ​ដែរ លោក​ ថៃ នរៈសត្យា ​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ថ្លែង​ថា​ ការ​សន្និដ្ឋាន​បែប​នេះ​គឺ​ខុស​ស្រឡះ ​ព្រោះ​សារមន្ទីរ​នេះ​ធ្វើឡើង​ក្នុង​ស្មារតីលើក​កម្ពស់​វប្បធម៌ មិត្តភាព​ និង​សហ​ប្រតិបត្តិការ​ ជា​ជាងរក​ចំណូល។

លោក​ថ្លែង​ថា​ កម្ពុជា​និង​កូរ៉េ​ខាងជើង ​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​តាំងពី​ជំនាន់​អតីត​ព្រះមហា​វីរក្សត្រ​នរោត្តម​សីហនុ​ និង​លោក គឹម អ៊ីលសុង។

«នេះ​បាន​ន័យ​ថា​ អ្វី​ដែល​កូរ៉េ​ខាង​ជើង​មក​ធ្វើ​នៅ​ទីនេះ​ គឺ​ការ​ផ្សារភ្ជាប់​វិស័យ​វប្បធម៌ ហើយ​នឹង​ការ​រំឭក​អនុស្សាវរីយ៍​នានា​របស់​សម្ដេច​ព្រះ​បរមរតន​កោដ្ឋ​ដែរ។ ​ហើយ​ក៏​សូម​ជម្រាប​លោក​ដែរ​ថា ក្រុមហ៊ុន​កូរ៉េ​ខាង​ជើង​ធ្វើ​សារមន្ទីរ​នេះ​គោរព​បទដ្ឋានបច្ចេកទេស​របស់​ខ្មែរ​សុទ្ធសាធ។ ​នៅ​ក្នុង​កិច្ច​សហការ​ជាមួយ​អាជ្ញាធរ​អប្សរា​ អ្វី​ដែល​អាជ្ញាធរ​អប្សរា ​អ្វី​ដែល​ខ្មែរ​ចង់​បា រចនាបថ​យ៉ាង​ណាៗ​នោះ ​គឺ​កូរ៉េ​ខាងជើង​តាម​យើង​ទាំងអស់។​ ដូច្នេះ​មិន​បាន​ន័យ​ថា​ ជា​លក្ខខណ្ឌ​នៃ​ការ​រក​ស៊ី​ទេ។ ​ បើ​សិន​ជា​រកស៊ី​ដើម្បី​ប្រមូល​លុយ​មែន​ គេ​ត្រូវ​ធ្វើ​ម៉េច​ទៅ​តាម​គំនិត​របស់​គេ ​ធ្វើអ្វី​ទៅ​តាម​គោលការណ៍​ប្លង់​មេ​របស់​គេ»។

លោក​រដ្ឋលេខាធិការក្រសួង​វប្បធម៌​ដដែល បន្ត​ថា ​បើ​កូរ៉េ​ខាង​ជើង​មក​រក​លុយ ​គេ​មិន​ធ្វើ​កិច្ច​ព្រមព្រៀង Build Cooperate and Transfer ​គឺ​កសាង ​សហប្រតិបត្តិការ ​និង​ប្រគល់​ឲ្យ​កម្ពុជា​នោះ​ទេ។

តាម​កិច្ច​ព្រមព្រៀង​នេះ ​ក្រុមហ៊ុន​កូរ៉េ​ខាង​ជើង ​នឹង​លែង​បាន​ទទួល​ចំណូល​ពី​សារមន្ទីរ​នេះ​ក្នុង​ពេល​២០ឆ្នាំ ហើយ​សារមន្ទីរ​សព្វទស្សន៍​នេះ ​នឹង​ក្លាយ​ជា​របស់​រដ្ឋាភិបាល​កម្ពុជា​ទាំង​ស្រុង។

លោក​រំឭក​សុន្ទរកថា​របស់​ឯក​អគ្គរដ្ឋទូត​កូរ៉េ​ខាងជើង​ នៅ​ពេល​សម្ពោធ​ថា ​សារមន្ទីរ​នេះ​ជា​សក្ខីភាព​នៃមិត្តភាព​ និង​សហ​ប្រតិបត្តិការ​បន្ត​ពី​ជំនាន់​សម្តេច​ព្រះ​នរោត្តម​សីហនុ ​និង​លោក​ គឹម អ៊ីលសុង ​រហូត​មក​ដល់​មេ​ដឹកនាំ​បច្ចុប្បន្ន។

លោក ​យិត ចាន់ដារដ្ឋ​ ដែល​តំណាង​ឲ្យ​ភាគី​កម្ពុជា​ក្នុង​ការ​ត្រួត​ពិនិត្យ​ចំណូល​របស់​សារមន្ទីរ​នេះ​ បាន​ឲ្យ​ដឹង​ថា តាម​កិច្ច​សន្យា​ កូរ៉េ​ខាង​ជើង ​ត្រូវ​ស្រង់​ដើម​ទុន​២៤លាន​ដុល្លារ​នេះ​វិញ​ក្នុង​ពេល​១០​ឆ្នាំ។​

១០​ឆ្នាំ​បន្ទាប់​ទៀត​ ភាគី​កម្ពុជា​ និង​ភាគី​ក្រុមហ៊ុន​កូរ៉េ​ខាង​ជើង ​នឹង​បែកចែក​ភាគ​លាភ​៥០%​ម្នាក់។ ​លោក​និយាយ​ថា​ តាម​ល្បឿន​ចំណូល​បច្ចុប្បន្ន​នេះ​ ក្រុមហ៊ុន​កូរ៉េ​ខាងជើង​ នឹង​មិន​អាច​ស្រង់​ដើម​ទុន​បាន​វិញ​ក្នុង​ពេល​១០​ឆ្នាំ​ទេ។ រយៈពេល​ស្រង់​ដើម​នេះ​អាច​ពន្យារ​ចូល​ក្នុង​រយៈពេល​១០ឆ្នាំ​ដំណាក់​កាល​ទី​ពីរ ​ដែល​ជា​ដំណាក់​កាល​បែងចែក​ភាគ​លាភ។ លោក​បន្ត​ថា ដូច្នេះរយៈពេល​ក្រុម​ហ៊ុន​កូរ៉េខាងជើង​ទទួល​បាន​ភាគ​លាភ​ នឹង​ត្រូវ​ថយ​ចុះ។

សារ​មន្ទីរ​នេះ​ ត្រូវ​បានសាង​សង់​អស់​ពេល​ជាង​៤ឆ្នាំ ដោយ​ក្រុមហ៊ុន​កូរ៉េ​ឈ្មោះ ​Mansudae Newtech Corporation Ltd.។ សារមន្ទីរ​នេះ​មាន​ទំហំ​៥៨៦១ម៉ែត្រ​ការ៉េ និង​កម្ពស់​៣៤​ម៉ែត្រ។

គំនូរ​សព្វទស្សន៍​នេះ ​មាន​ប្រវែង​១២៣​ម៉ែត្រ​ និង​កម្ពស់​១៣​ម៉ែត្រ ​ដែល​គូរ​ដោយវិចិត្រករ​កូរ៉េ​ខាង​ជើង​៦៣​នាក់។ ផ្ទៃដី​ធម្មជាតិ​សិប្បនិមិត្ត​នៅ​មុខ​ជញ្ជាំង​សព្វទស្សន៍​នេះ​មាន​ទំហំ​១១០០​ម៉ែត្រ​ការ៉េ៕

XS
SM
MD
LG