ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

«ស្ពាន​ហាល‍» ច្រក​សំខាន់​ចូល​ប្រាសាទ​អង្គរវត្ត​ នឹង​ត្រូវ​បិទ​ដើម្បី​ជួសជុល

  • ពិន ស៊ីសុវណ្ណ

រូបឯកសារ៖ អ្នក​ទេសចរណ៍​ដើរ​លើ​ស្ពានហាល ចេញ​ពី​ប្រាសាទ​អង្គរវត្ត​ នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃអង្គារ ទី១០ ខែ​មករា ឆ្នាំ​២០១២។ (AP Photo/Heng Sinith)

ក្នុង​ការ​ជួសជុល​ស្ពាន​ហាល​នៅ​ដំណាក់កាល​ថ្មី​នេះ ​ប្រទេស​កម្ពុជា​នឹង​ចំណាយ​ថវិកា​បដិភាគ​ចំនួន​៨២០.០០០​ដុល្លារ​សម្រាប់​ការងារ​បច្ចេកទេស ​ពលកម្ម ​និង​សម្ភារៈ​បន្ថែម។ ​ចំណែក​ជប៉ុន​នឹង​ចំណាយ​៧៦៧.០០០​ដុល្លារ ​ជា​គ្រឿងចក្រ​ស្ទូច​ទំនើបៗ។

ស្ពាន​ហាល​ជា​ស្ពាន​សម្រាប់​អ្នក​ទេសចរណ៍​ឆ្លង​កសិណ​(ទឹក)​ពី​ទិស​ខាង​លិច​ចូល​ទៅ​ទស្សនា​ប្រាសាទ​អង្គរវត្ត។ ស្ពាន​នេះ​នឹង​ត្រូវការ​ពេល​សម្រាប់​ធ្វើ​ការ​ជួសជុល​ឡើង​វិញ ដោយ​ឧបករណ៍​សម័យ​ទំនើប​តែ​ត្រូវ​រក្សា​ភាព​ដើម​របស់​ស្ពាន​ចំណាស់​ច្រើន​សតវត្សរ៍​នេះ។

រដ្ឋាភិបាល​ប្រទេស​ជប៉ុន​បាន​ចំណាយ​ថវិកា​អស់​ចំនួន​២៦លាន​ដុល្លារ​ក្នុង​ការ​ជួសជុល ​និង​អភិរក្ស​តំបន់​រមណីយដ្ឋាន​អង្គរវត្ត ​ដែល​រួម​មាន​ស្ពាន​ហាល​ដ៏​ទ្រុឌទ្រោម​ ហើយ​ដែល​ជា​ច្រក​ដ៏​សំខាន់​ចូល​ប្រាសាទ​អង្គរវត្ត​ពី​ទិស​ខាង​លិច។

លោក​ឧបនាយក​រដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​បាន​ប្រាប់​អ្នក​ចូលរួម​នៅ​ក្នុង​សុន្ទរកថា​ប្រកាស​បើក​ការដ្ឋាន​ជួសជុល​ស្ពានហាល​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​ថា ការ​ជួស​ជុល​ស្ពាន​នេះ​នឹង​មិន​រំខាន​ដល់​វិស័យ​ទេសចរណ៍​ទេ។ លោក​ប្រកាស​ប្រាប់​អ្នក​ចូលរួម​ប្រហែល​១.០០០​នាក់​ថា​ ថ្វី​បើ​នៅ​ពេល​ស្ពាន​នេះ​ត្រូវ​បិទ​ទាំង​ស្រុង​សម្រាប់​ដំណើរការ​ជួសជុល​ក៏​ដោយ ក៏​អ្នក​ទេសចរណ៍​អាច​បន្ត​ទៅ​ទស្សនា​ប្រាសាទ​អង្គរវត្ត​ជា​ធម្មតា ​ព្រោះ​ស្ពាន​ពោង​ធ្វើ​ពី​ដែក ​ឬ​ប្លាស្ទិក ​ឬ​ស្ពាន​ឫស្សី​ នឹង​ត្រូវ​ធ្វើ​ឡើង​សម្រាប់​អ្នក​ទេសចរណ៍​ធ្វើ​ដំណើរ​ឆ្លង​កសិណ​ទៅ​ទស្សនា​ប្រាសាទ​អង្គរវត្ត។

លោក សុខ អាន​ ថ្លែង​ថា៖​«យើង​បិទ​ស្ពាន​ហាល​ហ្នឹង ​មិន​ឲ្យ​ចេញ​ចូល​ទេ​ ឲ្យ​តែ​អ្នក​យាម​ និង​វិស្វករ​ជា​អ្នក​ធ្វើ​ទេ ​ដែល​អាច​ដើរ​ចេញចូល​តាម​ហ្នឹង។​ អញ្ចឹង​បើ​បិទ​អញ្ចឹង​ទេសចរ​ចូល​ទៅ​ក្នុង​តាម​ណា? ​ហើយ​យើង​ក៏​មិន​អាច​ឃាត់ឃាំង​គេ​មិន​ឲ្យ​មើល​ប្រាសាទ​ដែរ។ ​អញ្ចឹង​ធ្វើ​ម៉េច?​ គឺ​យើង​ត្រូវ​កសាង​ស្ពាន​បណ្តោះអាសន្ន​ ឲ្យ​ទេសចរ​ដើរ​សិន រយៈពេល​ពី​៣​ឆ្នាំ​ទៅ​៥​ឆ្នាំ​ហ្នឹង។​ ដល់​ជួសជុល​ហើយ​អស់​ ទើប​យើង​ដក​ស្ពាន​បណ្តោះអាសន្ន​ហ្នឹង​ចេញ»។

លោក​ សុខ អាន ដែល​ជា​ប្រធាន​អាជ្ញាធរ​អប្សរា​ផង​នោះ​ បាន​ពន្យល់​ថា ​គម្រោង​ស្ពាន​ពោង​ធ្វើ​ពី​ដែក ​ឬ​ប្លាស្ទិក ​ឬ​ស្ពាន​ឫស្សី​ គឺ​ជា​ជម្រើស​ល្អ​បំផុត​ដើម្បី​ចៀស​វាង​ការ​បុក​គ្រឹះ​ ដែល​អាច​ប៉ះពាល់​ដល់​គ្រឹះ​បាត​កសិណ​ ឬ​គ្រឹះ​ប្រាសាទ។

លោក Kumamaru Yuji ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ បាន​បង្ហាញ​មោទនភាព​ថា ​ប្រទេស​ជប៉ុន​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ ​និង​ជំនាញ​បច្ចេកទេស​ក្នុង​ការ​អភិរក្ស​តំបន់​រមណីយដ្ឋាន​អង្គរ ជាពិសេស​ប្រាសាទ​បាយ័ន​ និង​ការ​ជួសជុល​ស្ពាន​ហាល​ចំហៀង​ខាង​ជើង។​ លោក​និយាយ​ថា ​ប្រទេស​ជប៉ុន​បាន​ចំណាយ​ប្រាក់​អស់​២៦លាន​ដុល្លារ​សម្រាប់​គម្រោង​ទាំង​នេះ។

សេចក្តី​រាយការណ៍​អំពីរឿង​នេះ​ជា​វីដេអូ​៖

ក្នុង​ការ​ជួសជុល​ស្ពាន​ហាល​នៅ​ដំណាក់កាល​ថ្មី​នេះ ​ប្រទេស​កម្ពុជា​នឹង​ចំណាយ​ថវិកា​បដិភាគ​ចំនួន​៨២០.០០០​ដុល្លារ​សម្រាប់​ការងារ​បច្ចេកទេស ​ពលកម្ម ​និង​សម្ភារៈ​បន្ថែម។ ​ចំណែក​ជប៉ុន​នឹង​ចំណាយ​៧៦៧.០០០​ដុល្លារ ​ជា​គ្រឿងចក្រ​ស្ទូច​ទំនើបៗ។

នៅ​ក្នុង​ពិធី​នេះ​ដែរ​ លោក​ Toshiaki Koso ​សាកលវិទ្យាធិការ​នៃ​សាកល​វិទ្យាល័យ​សូហ្វីយ៉ា ប្រទេស​ជប៉ុន​បាន​ប្រាប់​អ្នក​ចូលរួម​ថា​ ក្នុង​ការ​ជួសជុល​ស្ពាន​ហាល​នេះ វិស្វករ​កម្ពុជា​ក៏​អាច​នឹង​រៀន​ពី​អ្នក​ជំនាញ​ជប៉ុន​ក្នុង​ការ​ជួសជុល​សម្បត្តិ​វប្បធម៌​មិន​អាច​កាត់​ថ្លៃ​បាន​របស់​កម្ពុជា​ផង​ដែរ។

ក្នុង​សុន្ទរកថា​របស់​លោក​ សុខ អាន​ បាន​រំឭក​ថា​ ស្ពាន​ហាល​នេះ​ត្រូវ​បាន​ជួសជុល​ពីរ​លើក​មក​ហើយ ដែល​ត្រូវ​ចំណាយ​ពេល​ច្រើន​ឆ្នាំ។ ​ក្នុង​អំឡុង​ទសវត្ស​ទី​៦០​ សាលា​បារាំង​ចុង​បូព៌ា​ ដែល​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​អភិរក្ស​តំបន់​អង្គរ​សម័យ​នោះ​ បាន​ជួស​ជុល​ស្ពាន​នេះ​មួយ​ចំហៀង​ខាង​ត្បូង​ប៉ុណ្ណោះ។ ​ការ​ជួសជុល​ការ​ខូច​ខាត​ចំហៀង​ភាគ​ខាង​ជើង​ប្រវែង​១៩០​ម៉ែត្រ ​ទទឹង​៥,៥​ម៉ែត្រ​បន្ត​ទៀត ​ត្រូវ​រំខាន​ដោយ​សារ​សង្គ្រាម។​

កាល​ពី​ឆ្នាំ​១៩៩៦​ អាជ្ញាធរ​ជាតិ​អប្សរា​ ដោយ​សហការ​ជាមួយ​សាកល​វិទ្យាល័យ​សូហ្វីយ៉ា​នៃ​ប្រទេស​ជប៉ុន​ បាន​ជួសជុល​ស្ពានហាល​ភាគ​ខាង​ជើង បាន​ប្រវែង​៩០​ម៉ែត្រ ដោយ​ចំណាយ​ពេល​១២​ឆ្នាំ។​ ការ​ជួសជុល​ដំណាក់កាល​ទី៣​នេះ​អាច​នឹង​ចំណាយ​តិច​ជាង​ បើ​ប្រៀប​ធៀប​នឹង​ដំណាក់កាល​មុន ​ដោយសារ​តែ​បទ​ពិសោធន៍​កន្លង​មក។​

ក្រោយ​ពី​បញ្ចប់​ពិធី​សម្ពោធន៍​បើក​ការដ្ឋាន​ជួសជុល​ លោក ​សុខ អាន ​បាន​ប្រាប់​ VOA ថា៖​«យើង​កាន់​តែ​ចូល​ជ្រៅ​ក្នុង​ការ​ជួសជុល ​យើង​កាន់​តែ​កោត​សរសើរ​ដល់​ស្នាដៃ​បុព្វបុរស​យើង។ ​យើង​មើល​ គ្រាន់​តែ​ស្ពាន​ហ្នឹង​ បី​ជំហាន​ទើប​បាន។ ហើយ​ជំហាន​ទីបី​នេះ អស់​លុយ​មិន​តិច​ទេ ​ព្រោះអី​ជួសជុល​ពី​បី​ឆ្នាំ​ទៅ​ប្រាំ​ឆ្នាំ។ ​ហើយ​ម៉ាស៊ីន​ទាំង​នេះ​ យក​មក​គ្រាន់តែ​សម្រាប់​ជំហាន​ទី​បី។​ អញ្ចឹង​បាន​ខ្ញុំ​លើក​ឡើង​ថា ​កាន់តែ​ចូល​ជ្រៅ​ក្នុង​ការ​ជួសជុល ​យើង​កាន់​តែ​កោត​សរសើរ​ដល់​ស្នាដៃ​បុព្វបុរស​យើង»។​

លោក ​Toshiaki Koso ​សាកលវិទ្យាធិការ​នៃ​សាកល​វិទ្យាល័យ​សូហ្វីយ៉ា ប្រទេស​ជប៉ុន​ ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ​លោក​មាន​ជំនឿ​ថា​ ដំណើរ​ការ​ជួសជុល​ស្ពាន​ហាល​នេះ​មិន​ត្រឹម​តែ​មិន​រំខាន​ដល់​ការ​ធ្វើ​ដំណើរ​ឆ្លង​កសិណ​ទៅ​ទស្សនា​អង្គរវត្ត​ទេ​ តែ​អ្នក​ទេសចរណ៍​ក៏​អាច​មើល​ដំណើរ​ការ​ជួស​ជុល​ផង​ដែរ។​

​លោក​ Toshiaki Koso តាម​អ្នក​បកប្រែ​ថា៖​«ហើយ​ជា​ចុង​បញ្ចប់ ​យើង​ខ្ញុំ​មាន​សំណូម​ពរ​មួយ​ទៅ​ខាង​អ្នក​យក​ព័ត៌មាន​ដែរ​គឺ​ថា ​ពេល​ជួសជុល​ចប់​ជា​ស្ថាពរ​ក្នុង​ពេល​៤​ឆ្នាំ​ទៀត​ហ្នឹង​ អស់​លោក​នឹង​អញ្ជើញ​អបអរសាទរ​នៃ​ការ​សាងសង់​ជា​ស្ថាពរ។​ ប៉ុន្តែ​សូម​កុំ​មក​តែ​ពេល​ចុង​ក្រោយ​ មើល​បណ្តើរៗ​ផង»។

ស្ពាន​ហាលនេះ​មាន​ប្រវែង​១៩០​ម៉ែត្រ​ ទទឹង​ជាង​១១​ម៉ែត្រ និង​កម្ពស់​ជាង​៤​ម៉ែត្រ។ ​ស្ពាន​នេះ​សាង​ពី​ថ្ម​បាយ​ក្រៀម​ ក្រាល​ដោយ​កម្រាល​ថ្ម​ភក់​ និង​លម្អ​ដោយ​បង្កាន់​ដៃ​នាគ​ទាំង​សងខាង​យ៉ាង​ល្អឯក។ ​ស្ពាន​បុរាណ​នេះ​គឺ​ជា​ច្រក​ចូល​ដ៏​សំខាន់​ទៅ​កាន់​ប្រាសាទ​អង្គរវត្ត ​ដែល​ទទួល​ភ្ញៀវ​ទេសចរ​យ៉ាង​តិច​៥លាន​នាក់​ក្នុង​មួយ​ឆ្នាំៗ។

សម្តេច​ព្រះ​ នរោត្តម​ សីហនុ ​បាន​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ ​ជាពិសេស​អង្គការ​យូណេស្កូ​ ឲ្យ​ជួយ​ការពារ ​និង​ស្រោចស្រង់​រមណីយដ្ឋាន​អង្គរ​ជា​បន្ទាន់​កាល​ពី​ឆ្នាំ​១៩៩៣។ ​ឆ្លើយ​តប​នឹង​ការ​អំពាវនាវ​នេះ ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​យូណេស្កូ​ បាន​សម្រេច​ចុះ​បញ្ជី​រមណីយដ្ឋាន​អង្គរ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ នៅ​ថ្ងៃ​ទី១៤ ​ខែធ្នូ​ ឆ្នាំ​១៩៩២។​

​គណៈកម្មាធិការ​អន្តរជាតិ​សម្រប​សម្រួល​កិច្ច​គាំពារ​រមណីយដ្ឋាន​ប្រវត្តិ​សាស្ត្រ​អង្គរ ICC-Angkor ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩៣​ ដែល​មាន​ប្រទេស​ជប៉ុន​ និង​ប្រទេស​បារាំង​ជា​សហប្រធាន។​ ជា​បន្ត​បន្ទាប់​ មាន​ប្រទេស​ចំនួន​២៣​បាន​ស្ម័គ្រចិត្ត​ចូលរួម​ក្នុង​កិច្ចការ​សង្គ្រោះ ​និង​អភិរក្ស​ប្រាង្គ​ប្រាសាទ​ក្នុង​តំបន់​ឧទ្យាន​អង្គរ៕

XS
SM
MD
LG