អង្គការអូតង់ព្រមានប្រទេសតួកគី ឱ្យទប់ចិត្តនៅក្នុងការលុកលុយចូលក្នុងផ្នែកឦសាននៃប្រទេសស៊ីរី។
លោក Jens Stoltenberg អគ្គលេខាធិការអង្គការអូតង់បានទទួលស្គាល់កង្វល់ខាងសន្តិសុខត្រឹមត្រូវតាមច្បាប់របស់ប្រទេសតួកគី អំពីពួកយុទ្ធជន Kurdes ស៊ីរី ក៏ប៉ន្តែលោកបានព្រមានថា ការវាយលុកនេះអាច«ធ្វើឱ្យមានហានិភ័យ»ដល់ការជឿនលឿនដែលបានត្រូវធ្វើឱ្យមានប្រឆាំងនឹងពួកភេរវជនរដ្ឋឥស្លាម។
លោក Stoltenberg បាននិយាយដូច្នេះនៅក្នុងសន្និសីទកាសែតមួយនៅក្នុងក្រុងអ៊ីស្តង់ប៊ុល ជាមួយរដ្ឋមន្ត្រីការបរទេសតួកគី លោក Mevlut Cavusoglu។ លោក Cavusoglu បាននិយាយថា ប្រទេសតួកគី រំពឹងលើសាមគ្គីភាពរបស់អង្គការអូតង់ប្រឆាំងនឹងការគំរាមកំហែងដែលខ្លួនប្រឈម។
ប្រទេសតួកគីបានរាយការណ៍អំពីទាហានទីមួយរបស់ខ្លួនដែលបានស្លាប់ក្នុងរយៈពេលបីថ្ងៃដែលខ្លួនបានចូលលុកលុយក្នុងប្រទេសស៊ីរី។ ក្រសួងការពារប្រទេសតួកគី បាននិយាយថាទាហានខ្លួនបីនាក់ទៀតបានត្រូវរបួសដោយមិនបានផ្តល់សេចក្តីលម្អិតអំពីបញ្ហានេះទេ។ គេរាយការណ៍ថា មានជនស៊ីវិលបាត់បង់ជីវិតដែរ ក៏ប៉ុន្តែគេមានការពិបាកក្នុងការដឹងនិងបញ្ជាក់អំពីចំនួនមនុស្សស្លាប់។
គេរាយការណ៍ថា មានការផ្ទុះនៅក្នុងក្រុង Ras al Ain និងក្រុង Tel Abyad នៅជិតព្រំដែនខាងជើងនៃប្រទេសស៊ីរី កាលពីថ្ងៃសុក្រ នៅពេលការវាយលុកយោធារបស់តួកគី មានធ្វើតទៅទៀត។
អង្គការគណៈកម្មាធិការសង្គ្រោះអន្តរជាតិ (International Rescue Committee) បាននិយាយថា មានមនុស្ស៦ម៉ឺន៤ពាន់នាក់បានខ្ចាត់ព្រាត់ពីផ្ទះសំបែងពួកគេហើយ ហើយមនុស្សរាប់សែននាក់ទៀតនឹងគ្មានលំនៅដ្ឋានក្នុងពេលឆាប់ៗនេះ៕