ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្តី​មូលដ្ឋាន​ត្រៀម​ខ្លួន​បោះឆ្នោត​ឲ្យ​បក្ស​កាន់​អំណាច ក្នុង​ការ​បោះឆ្នោត​ព្រឹទ្ធសភា ដោយ​មិន​មាន​បក្ស​ប្រឆាំង​ដ៏​ធំ


សមាជិក​ក្រុមប្រឹក្សា​មក​ពី​គណបក្ស​ប្រជាជនកម្ពុជា លោក ទូច ប៉ាវ (​ពីស្តាំ) មេឃុំ​ពពេល ក្នុង​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ និង​អ្នកស្រី ឃុន វ៉ាន់នឿន (ធ្វេង​ទីពីរ) ជំទប់​ទី​ពីរ​ ឈរ​​ខាងមុខ​សាលាឃុំ ក្នុង​ចំណោម​សមាជិក​ក្រុមប្រឹក្សា​ផ្សេង​ទៀត។ អ្នកទាំងពីរ​ជា​អង្គ​បោះឆ្នោត​ព្រឹទ្ធសភា ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ២០១៨។ (ស៊ុន​ ណារិន/VOA)

ការ​បោះឆ្នោត​ព្រឹទ្ធសភា​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ខាង​មុខ​នេះ ដោយ​មិន​មាន​វត្ត​មាន​បក្ស​ប្រឆាំង​ដ៏​ធំ គឺ​គណបក្ស​សង្រ្គោះជាតិ ដែល​ត្រូវ​បាន​រំលាយ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​មុន។ មន្រ្តី​ថ្នាក់​មូលដ្ឋាន​បាន​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ទទួល​បាន​អាសនៈ​ឃុំ​សង្កាត់​ស្ទើរ​តែ​ទាំង​អស់ ពី​គណបក្ស​សង្រ្គោះជាតិ។

នៅ​ក្នុង​ឃុំ​ពពេល​នៃ​ខេត្ត​តាកែវ ដែល​មាន​ចម្ងាយ​ប្រមាណ​៧០​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ សមាជិក​ក្រុមប្រឹក្សា​ចំនួន​៧នាក់​នៃ​ឃុំ​មួយ​នេះ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ចូលរួម​បោះ​ឆ្នោត​ព្រឹទ្ធសភា ដែល​នឹង​ប្រព្រឹត្ត​ទៅ នៅ​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ខាង​មុខ​នេះ។

នេះ​ជា​ការ​បោះឆ្នោត​អសកល​មួយ​ ដែល​ពុំ​មាន​គណបក្ស​ប្រឆាំង​ដ៏ធំ​នៅ​កម្ពុជា គឺ​គណបក្ស​សង្រ្គោះជាតិ ដែល​ត្រូវ​បាន​ពលរដ្ឋ​ប្រមាណ​៤៣​ភាគរយ បាន​បោះឆ្នោត​ឲ្យ​កាល​ពី​កន្លង​ទៅ។ គណបក្ស​មួយ​នេះ ត្រូវ​បាន​រំលាយ​ចោល​ដោយ​តុលាការ​កំពូល កាល​ពីខែ​វិច្ឆិកា​ឆ្នាំមុន ហើយ​អាសនៈ​រដ្ឋសភា​និង​នៅ​តាម​មូលដ្ឋាន​របស់​ពួកគេ​ត្រូវ​បាន​បែង​ចែក​ឲ្យ​គណបក្ស​ផ្សេង ដោយ​គណបក្ស​កាន់​អំណាច គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​អ្នក​ទទួល​បាន​អាសនៈ​ស្ទើរ​ទាំង​អស់។

មិន​មាន​មន្ទិល​អ្វីនោះ​ទេ ដែល​ក្រុមប្រឹក្សា​គ្រប់គ្រង​ដោយ​គណបក្ស​កាន់អំណាច​នឹង​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា បើ​ទោះ​ការ​បោះ​ឆ្នោត​នោះ​ ជា​ការ​បោះឆ្នោត​ដោយ​សម្ងាត់​ក៏​ដោយ។

សាលាឃុំ​ពពេល ស្ថិត​ក្នុង​ស្រុក​ត្រាំកក់ ខេត្តតាកែវ តាមបណ្តោយ​ផ្លូវ​ជាតិ​លេខ​៣ ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​៧០​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ។ គណបក្ស​សង្រ្គោះ​ជាតិ​បាន​ឈ្នះ​តំណែង​មេឃុំ​សម្រាប់​សាលាឃុំ​មួយ​នេះ តែ​ត្រូវ​បាន​បែងចែក​អាសនៈ​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ ក្រោយ​បក្ស​ប្រឆាំង ត្រូវ​បាន​រំលាយ​កាលពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)
សាលាឃុំ​ពពេល ស្ថិត​ក្នុង​ស្រុក​ត្រាំកក់ ខេត្តតាកែវ តាមបណ្តោយ​ផ្លូវ​ជាតិ​លេខ​៣ ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​៧០​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ។ គណបក្ស​សង្រ្គោះ​ជាតិ​បាន​ឈ្នះ​តំណែង​មេឃុំ​សម្រាប់​សាលាឃុំ​មួយ​នេះ តែ​ត្រូវ​បាន​បែងចែក​អាសនៈ​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ ក្រោយ​បក្ស​ប្រឆាំង ត្រូវ​បាន​រំលាយ​កាលពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)

សាលា​ឃុំ​ពពេល​ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៣ ជា​ឃុំ​មួយ​ដែល​គណបក្ស​សង្រ្គោះ​ជាតិ បាន​ឈ្នះ​តំណែង​មេឃុំ កាល​ពី​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់ ខែមិថុនា ឆ្នាំ២០១៧។ គណបក្ស​សង្រ្គោះជាតិ​បាន​ឈ្នះ​៤​អាសនៈ ក្នុង​ចំណោម​៧​អាសនៈ។

អង្គុយ​នៅ​អគារ​សាលា​ឃុំ ជាមួយ​សមាជិក​ក្រុមប្រឹក្សា​ផ្សេង​ទៀត លោក ទូច ប៉ាវ ជា​មេឃុំ​ពពេល ដែល​ទើប​តែ​ឡើង​ថ្មី ក្រោយ​គណបក្ស​សង្រ្គោះ​ជាតិ​ត្រូវ​បាន​រំលាយ​កាល​ពី​ខែ​វិច្ឆិកា ហើយ​អាសនៈ​ឃុំ​របស់​បក្ស​ប្រឆាំង ត្រូវ​បាន​បែង​ចែក​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា។

លោក ទូច ប៉ាវ បាន​ថ្លែង​ប្រាប់​VOA​ថា លោក​នឹង​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ក្នុង​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា ខាង​មុខ។

លោក​មាន​ប្រសាសន៍​ថា៖ «អាហ្នឹង ​តាម​គោលការណ៍​ច្បាប់ វា​ត្រូវ​តែ​បោះ​ហើយ​គណបក្ស​ប្រជាជន ព្រោះ​យើង​ជា​សមាជិក​គណបក្ស​ប្រជាជន​ហើយ យើង​មិន​ត្រូវ​បោះ​ជូន​គាត់ អាហ្នឹង​វា​អញ្ចឹង។ សិទ្ធិ​សេរីភាព​របស់​គេ​ម្នាក់ៗ ជួន​កាល​គេ​អាច​ទៅ​បក្ស​ណា អាហ្នឹង​រឿង​របស់​គេ យើង​មិន​អាច​ដឹង​បាន ។ តែ​សម្រាប់​ខ្ញុំ គឺ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​ហើយ ព្រោះ​គោល​ដៅ​របស់​ខ្ញុំ ខ្ញុំ​វា​កើត​នៅ​ហ្នឹង រស់​នៅ​ហ្នឹង​ហើយ វា​ត្រូវ​តែ ទៅ​ហ្នឹង​ហើយ»។​

លោក ប៉ាវ ជា​អតីត​មន្រ្តី​គណបក្ស​ប្រឆាំង គឺ​គណបក្ស​សម រង្ស៊ី។ លោក​បាន​ចូល​ជាមួយ​គណបក្ស សម រង្ស៊ី កាល​ពី​ឆ្នាំ​១៩៩៣ ដោយ​ពេល​នោះ​លោក​យល់​ថា លោក សម រង្ស៊ី ជា​អ្នក​ប្រជាធិបតេយ្យ​ម្នាក់។

លោក​មាន​ប្រសាសន៍​ថា៖ «នឹក​ឃើញ​ថា គាត់(សម រង្ស៊ី)​ប្រជាធិបតេយ្យ តែ​ដល់​ទី​បំផុត គាត់​មិន​ប្រជាធិបតេយ្យ ទៅ​ជា​ធ្វើ​ឲ្យ​អសន្តិសុខ​អី​មួយ​ចំនួន ក្នុង​សង្គម​ ដូច​ជា​ការ​ដឹកនាំ​ធ្វើ​កូដកម្ម បាតុកម្ម​អី​ផ្សេងៗ អា​នេះ​ជា​បញ្ហា​ដែល​ឲ្យ​ពលរដ្ឋ​មើល​ឃើញ​អា​ទង្វើ​បែប​ហ្នឹង»។

លោក ប៉ាវ បាន​សម្រេច​ចាក​ចេញ​ពី​គណបក្ស​ប្រឆាំង ហើយ​មក​រួម​រស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​កាល​ពី​ឆ្នាំ២០១២។ បន្ទាប់​ពី​ចូល​ជាមួយ​គណបក្ស​កាន់​អំណាច លោក​បាន​ក្លាយ​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ពពេល កាល​ពី​ឆ្នាំ២០១២។

គណបក្ស​ចំនួន​៤ នឹង​ចូលរួម​ការ​បោះឆ្នោត​ព្រឹទ្ធសភា​នៅ​ពេល​ខាង​មុខ​នេះ ដោយ​មិន​មាន​គណបក្ស​សង្រ្គោះជាតិ​និង​វត្តមាន​សម្ព័ន្ធ​គណបក្ស​របស់​ពួកគេ​គឺ​គណបក្ស​សិទ្ធិមនុស្ស​និង​ភ្លើង​ទៀន។ គណបក្ស​ប្រជាជន​កម្ពុជា រំពឹង​ថា នឹង​ទទួល​បាន​អាសនៈ​ព្រឹទ្ធសភា​ទាំង​៦២។

អង្គ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​គឺ​តំណាងរាស្រ្ត​ក្នុង​តំណែង​ទាំង​១២៣​រូប​និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ក្នុង​តំណែង​ចំនួន​១១,៥៧២នាក់។ សមាជិក​ព្រឹទ្ធ​សភា​៤រូប នឹង​ត្រូវ​តែង​តាំង​ដោយ​ផ្ទាល់​ពី​ព្រះ​មហា​ក្សត្រ​និង​រដ្ឋសភា។ ចំណែក​សមាជិក​ព្រឹទ្ធ​សភា​ថ្មី​ចំនួន​៥៨​រូប​ទៀត ​នឹង​ត្រូវ​ជ្រើស​រើស​ដោយ​ការ​បោះ​ឆ្នោត។​

មេឃុំ​ពពេល លោក ទូច ប៉ាវ មាន​ប្រសាសន៍​ថា លោក​មិន​ដែល​បាន​ជួប​សមាជិក​ព្រឹទ្ធសភា​ណា​មួយ​នោះ​ទេ បើ​ទោះ​លោក​បាន​ធ្វើ​ជា​ក្រុមប្រឹក្សា​រយៈពេល​៥​ឆ្នាំ​ក៏​ដោយ។ លោក​ក៏​មិន​ដឹង​ថា​តើ​សមាជិក​ព្រឹទ្ធសភា​សរុប​មាន​ប៉ុន្មាន​រូប​ដែរ។

មន្រ្តី​ថ្នាក់​ឃុំ​សង្កាត់​របស់គណបក្ស​សង្រ្គោះជាតិ​ចំនួ​ន ៥,០០៧នាក់ បាន​បំពេញ​ការងារ​ជិត​៤​ខែ មុន​ពេល​គណបក្ស​មួយ​នេះ​ត្រូវ​បាន​រំលាយ ហើយ​ពួកគេ​បាន​បាត់បង់​តំណែង។

លោក ទូច ប៉ាវ បាន​បញ្ជាក់ថា កាល​ពី​មុន​គណបក្ស​សង្រ្គោះជាតិ​ត្រូវ​បាន​រំលាយ ពួកគេ​ជា​សមាជិក​ក្រុមប្រឹក្សា បាន​សហការ​ជាមួយ​គ្នា​ល្អ ដោយ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក។

លោក​មាន​ប្រសាសន៍​ថា៖«គិត​ទៅ​មាន​អារម្មណ៍​អនុស្សាវរីយ៍​ច្រើន​ជាមួយ​ពួកគាត់​ដែរ ពួកគាត់​ និង​ពួក​ខ្ញុំ វា​ចេះ​សហការ​គ្នា​ល្អ ក្នុង​កិច្ចការងារ​ធ្វើ​ការងារ​រដ្ឋបាល​ឃុំ​សង្កាត់។ វា​អត់​មាន​បញ្ហា​អី​ទេ។ កិច្ចការ​ទាំងឡាយ ដែល​រាជ​រដ្ឋាភិបាល​ដាក់​មក ទទួល​ផែនការ​បែប​ណា យក​មកដល់​ ដាក់លើ​តុ យើង​បែង​ចែក​ការងារ ធ្វើ​បែប​ណា បែប​ណា ទៅ​តាម​គោល​ការណ៍»។

កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​មន្រ្តី​មូលដ្ឋាន​របស់​គណបក្ស​សង្រ្គោះជាតិ ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ជាង​៨០០នាក់​ និង​មន្រ្តី​រាប់រយ​នាក់​ទៀត​របស់​គណបក្ស​សង្រ្គោះជាតិ បាន​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ មាន​សេចក្តី​រាយការណ៍​អំពី​ការ​ចុះ​ចូល​ទាំង​បង្ខំ ក្រោយ​មាន​ការ​គំរាម​កំហែង ដោយ​កម្លាំង​នគរបាល និង​ចំណាត់​ការ​ផ្លូវ​តុលាការ។

លោក ជា ថុល អាយុ​៤៥​ឆ្នាំ ជា​អតីត​បេក្ខជន​មិន​ជាប់​ឆ្នោត​មក​ពី​គណបក្ស​សង្រ្គោះជាតិ ដែល​បាន​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​ទទួល​បាន​តំណែង​ជា​ជំទប់​ទី​១​សម្រាប់​ឃុំ​ពពេល។ លោក​មាន​ប្រសាសន៍​ថា លោក​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដោយសារ​លោក​យល់​ថា គណបក្ស​សង្រ្គោះ​ជាតិ​ត្រូវ​បាន​រំលាយ ហើយ​លោក​ត្រូវ​ការ​តំណែង​ដើម្បី​បំពេញ​ការងារ និង​ដើម្បី​ទទួល​បាន​ប្រាក់​កម្រៃ​ខ្លះ។

លោក​មាន​ប្រសាសន៍​ថា៖

«និយាយ​ចំ​ទៅ យើង​វា​ប្រឹង​ប្រែង​មក​យូរ​ដែរ​ហើយ ហើយ​ណា​មួយ ដូច​វា​មើល​ឃើញ​ទៅ ដូច​អត់​មាន យើង​សង្ឃឹម​ណា​បាន​លើស​ហ្នឹង»។

លោក ថុល បាន​ធ្វើ​នយោបាយ​ជាមួយ​គណបក្ស​ប្រឆាំង ចាប់​តាំង​ពី​ឆ្នាំ​២០០១។ នៅ​ពេល​គណបក្ស​សង្រ្គោះ​ជាតិ ត្រូវ​បាន​រំលាយ លោក​ត្រូវ​បាន​ទាក់​ទង​ដោយ​មន្រ្តី​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បញ្ចុះ​បញ្ចូល​ឲ្យ​ចុះ​ចូល។

លោក​បន្ត​ថា លោក​មិន​ទាន់​ដឹង​ថា​នឹង​បោះឆ្នោត​ឲ្យ​គណបក្ស​ណា​នោះ​ទេ។

លោក​បាន​ថ្លែង​ប្រាប់ ​VOA​ ថា៖

«អាហ្នឹង​រឿង​បោះ​សម្ងាត់ មិន​ទាន់​ហ៊ាន​ថា​ទេ ចាំ​មើល ដល់​ថ្ងៃ​បោះ ចាំ​បោះ​ហ្មង»។

សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ថ្មី​ថ្មោង​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា លោក​មិន​ដឹង​ថា លោក​កំពុង​ត្រូវ​បាន​តាម​ដាន​ដោយ​មន្រ្តីគណបក្ស​ប្រជាជន​កម្ពុជា ឬ​យ៉ាងណា​នោះ​ទេ។

លោក​មាន​ប្រសាសន៍​ថា៖ «អត់​ដឹង​យ៉ាង​ម៉េច​ទេ​អូន ព្រោះ​ខ្ញុំ​ចូល​ទៅ​ហ្នឹង វា​ក្នុង​លក្ខណៈ​ ៧​ (អាសនៈ​ក្រុមប្រឹក្សា)ហ្នឹង គេ​៦ (ក្រុមប្រឹក្សា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា) យើង​១ គ្រាន់តែ​គិត​ថា យើង​ចូល​ទៅ​គ្រួសារ​តែ​មួយ ដឹងជា​គេ​តាម​ដាន ឬ​យ៉ាង​ម៉េច​ យើង​មិន​ដឹង​ទេ​ណា»។

អ្នកស្រី ឃុន វ៉ាន់​នឿន អាយុ​៤៥​ឆ្នាំ ជា​ជំទប់​ទី២​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា មាន​ប្រសាសន៍​ថា អ្នកស្រី​ធ្លាប់​បាន​បោះឆ្នោត​ព្រឹទ្ធ​សភា​ម្តង​ កាល​ពី​៦​ឆ្នាំ​មុន ដោយ​ការ​បោះ​ឆ្នោត​គឺ​សម្ងាត់​ដូច​ការ​បោះឆ្នោត​តំណាងរាស្រ្ត​និង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់។ អ្នក​ស្រី​បាន​បញ្ជាក់​ថា អ្នកស្រី​នឹង​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ដោយសារ​ស្រឡាញ់​គណបក្ស​នេះ តាំង​ពី​ធំ​ដឹង​ក្តី​មក ហើយ​ឪពុក​ម្តាយ​ក៏​ជា​អ្នកគាំទ្រផង​ដែរ។

អ្នកស្រី​មាន​ប្រសាសន៍​ថា៖«គាត់​(ឪពុក​ម្តាយ)ប្រាប់​គណបក្ស​ប្រជាជន​ជា​អ្នក​រំដោះ។ គាត់​ប្រាប់​ ហើយ​ខ្ញុំ​ក៏​ធ្លាប់​មើល​សៀវភៅ រៀនដឹង ក៏​ខ្ញុំ​ដឹង​ខ្លួន​ឯង»។

អ្នកស្រី​បាន​ធ្វើ​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា តាំង​ពី​ឆ្នាំ​១៩៩៣ ហើយ​បាន​ធ្វើ​ជា​សមាជិក​ក្រុមប្រឹក្សា​ចំនួន​បី​អាណត្តិ​មក​ហើយ។

អ្នកស្រី ឃុន វ៉ាន់​នឿន បាន​ឲ្យ​ដឹង​ទៀត​ថា អ្នកស្រី​ធ្លាប់​បាន​ជួប​ជាមួយ​សមាជិក​ព្រឹទ្ធសភា ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ស្រ្តី​និង​នយោបាយ។

នៅ​ក្នុង​ឃុំ​ពពេល ដែល​មាន​១២​ភូមិ និង​ប្រជាជន​ជាង​១០​ម៉ឺន​នាក់ ប្រជាពលរដ្ឋ​ប្រមាណ​៣០ភាគរយ ជា​អ្នកធ្វើការ​នៅ​រោងចក្រ​កាត់​ដេរ​នៅ​ក្នុង​ខេត្ត​តាកែវ។

លោក ជា សុផល អតីត​មេឃុំ​ពពេល​មក​ពី​គណបក្ស​សង្រ្គោះជាតិ មាន​ប្រសាសន៍​ថា ការ​បោះឆ្នោត​ព្រឹទ្ធសភា គឺ​មិន​មាន​ន័យ​នោះ​ទេ ដោយសារ​មិន​មាន​វត្តមាន​គណបក្ស​ប្រឆាំង។

លោក​បាន​ថ្លែង​ប្រាប់​VOA​ថា៖

«បោះ​ឆ្នោត​ព្រឹទ្ធសភា ខ្ញុំ​ចង់​និយាយ​ថា បោះ​ដោយសារ​អ្នក​ដែល​ជាប់អាសនៈ ដែល​ប្រជាពលរដ្ឋ​ផ្តល់​ឲ្យ​ បាន​ឡើង​ទៅ​បោះ​រើស​តំណាង​ខាង​ព្រឹទ្ធសភា​អី​បាន តែ​បើ​យក​អ្នក​អត់ ប្រជាពលរដ្ឋ​បោះ​ឲ្យ យក​ទៅ​រើស​ មាន​ន័យ​អី អាហ្នឹង​អត់​មាន​ន័យ​អី​ផង»។

លោក ជា សុផល ជា​បង​ប្អូន​ជីដូន​មួយ​និង​ជា​បង​ប្អូនសាច់​ថ្លៃ​របស់​មេឃុំ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​គឺលោក ទូច ប៉ាវ។ លោក​មាន​ប្រសាសន៍​ថា ដោយសារ​មាន​និន្នាការ​នយោបាយ​ខុស​គ្នា ពួកគេ​មិន​សូវ​មាន​ទំនាក់ទំនង​នឹង​គ្នា​នោះ​ទេ។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា រហូត​មក​ដល់​ពេល​នេះ លោក​កំពុង​តាម​ដាន​ព័ត៌មាន​ជា​ប្រចាំ ដើម្បី​ដឹង​អំពី​សភាព​ការណ៍​នយោបាយ និង​ការ​រៀបចំ​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្រ្គោះ​ជាតិ។

លោក ទាវ វណ្ណុល ​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​ភ្លើង​ទៀន ​ដែល​ជា​សម្ព័ន្ធ​របស់​គណបក្ស​សង្រ្គោះ​ជាតិ​មាន​ប្រសាសន៍​ថា ​ប្រសិន​បើ​គណបក្សសង្រ្គោះ​ជាតិមិន​ត្រូវ​បាន​រំលាយ​ ហើយ​មិន​មាន​ការ​បែង​ចែក​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឲ្យ​ទៅ​គណបក្ស​ផ្សេង​ នោះ​គណបក្ស​សង្រ្គោះ​ជាតិ​រំពឹង​ថា​ នឹង​ទទួល​បាន​អាសនៈ​ព្រឹទ្ធ​សភា​ចំនួន២៥ កើន​ឡើង​ពី​១១​អាសនៈ។ ​លោក​យល់​ថា ​ការ​បោះឆ្នោត​ព្រឹទ្ធសភា​នា​ពេល​ខាង​មុខ​មិន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​ប្រជា​ពលរដ្ឋ​និង​មិន​គោរព​តាម​គោល​ការណ៍​លទ្ធិ​ប្រជា​ធិបតេយ្យ​នោះ​ទេ។

លោក ​ទាវ វណ្ណុល ​ក៏​បាន​រិះគន់​ថា ​ព្រឹទ្ធសភា​កម្ពុជា​មិន​មាន​អំណាច​អ្វី​នោះ​ទេ​គឺ​គ្រាន់​តែ​អនុវត្ត​ការងារ​ទៅ​តាម​រដ្ឋសភា​តែ​ប៉ុណ្ណោះ។

លោក​មាន​ប្រសាសន៍​ថា៖

«ព្រឹទ្ធ​សភា​វា​គ្រាន់​តែ​ស្ថាប័ន​មួយ​ប្រថាប់​ត្រា​ឲ្យ​រដ្ឋសភា​តែ​ប៉ុណ្ណឹង​ទេ ​ពី​ព្រោះ​ច្បាប់​ទាំង​ឡាយ​ ដែល​ផ្ញើ​មក​ព្រឹទ្ធ​សភា ​ព្រឹទ្ធសភា​មិន​អាច​នឹង​ទាត់​ចោល​បាន​១០០​ភាគរយ​ទេ»។

លោក​ យឿង សុធារ៉ា​ មន្ត្រី​ច្បាប់​និង​អង្កេត​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ ខុមហ្រ្វែល​ បាន​ប្រាប់​VOA​ ថា ​ព្រឹទ្ធ​សភា​កម្ពុជា​មិន​មាន​អំណាច​ណា​មួយ ​មក​ខ្ទាស់​ច្បាប់​ដែល​សភា​អនុម័ត​មិន​ឲ្យ​ចេញ​នោះ​ទេ។ លោក​បញ្ជាក់​ថា ​គួរ​តែ​មាន​កំណែ​ទម្រង់​ដែល​អាច​ឲ្យ​ព្រឹទ្ធ​សភា​មាន​អំណាច​ណា​មួយ ​ពិនិត្យ​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​រដ្ឋ​សភា​និង​ព្រឹទ្ធសភា។

លោក​បាន​ថ្លែង​ប្រាប់​ VOA ​ថា៖

«ព្រឹទ្ធ​សភា​ចាំបាច់​ត្រូវ​តែ​មាន​អំណាច​ មិន​ថា​ ឲ្យ​មាន​អំណាច​ស្មើ​នឹង​រដ្ឋ​សភា​ទេ ​ប៉ុន្តែ​យ៉ាង​ណាស់​ក៏​មាន​អំណាច ​Check and Balance​ ដែរ​គឺតុល្យភាព​អំណាច​គ្នា​ រវាង​សភា​ជាន់​ទាប ​ហើយ​និង​សភា​ជាន់​ខ្ពស់»។​

លោក ​ម៉ម ប៊ុននាង​ អ្នកនាំ​ពាក្យ​ព្រឹទ្ធ​សភា ​និង​ជា​សមាជិក​ព្រឹទ្ធ​សភាមួយ​រូប​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​ថ្លែង​ប្រាប់​ VOA​ ថា ​តួនាទី​របស់​ព្រឹទ្ធ​សភា​គឺ​ពិនិត្យ ​និង​ឲ្យ​យោបល់​លើ​ទម្រង់​ច្បាប់ ​ថា​តើ​ច្បាប់​នោះ​មាន​ធម្មនុញ្ញ​ភាព​ដែរ​ឬ​ទេ ​ស្រប​ទៅ​តាម​បច្ចុប្បន្ន​ភាព​នៃ​ដំណើរការ​នយោបាយ ​ហើយ​បម្រើ​ផល​ប្រយោជន៍​ដល់​សង្គម​ជាតិ​ដែរ​ឬ​ទេ។ លោក​បន្ត​ថា ​ព្រឹទ្ធសភា​បាន​អនុវត្ត​ការងារ​ទៅ​តាម​រដ្ឋ​ធម្មនុញ្ញ ​និង​លក្ខន្តិកៈ ​និង​បទបញ្ជា​ផ្ទៃ​ក្នុង​របស់​ព្រឹទ្ធសភា។​

លោក​បាន​បញ្ជាក់ថា៖«សូម​ឲ្យ​ទាញអារម្មណ៍​អូន​ ឲ្យ​មក​យល់​វិញ​ថា ​ព្រឹទ្ធ​សភា​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា​មិន​មែន​ឲ្យ​ទៅ​ស្តង់ដារ​ព្រឹទ្ធ​សភា​នៃ​ប្រទេស​ណា​នោះ​ទេ‍»។

លោក​ Sebastian Strangio​ អ្នក​វិភាគ​នយោបាយ​កម្ពុជា​ ​និង​ជា​អ្នក​និពន្ធ​សៀវភៅ​ ​«ប្រទេស​កម្ពុជា​របស់​លោក​ ​ហ៊ុន សែន»​ ​(Hun Sen's Cambodia)​ ​ប្រាប់​ ​VOA​ ​ថា​ ការ​បង្កើត​ព្រឹទ្ធសភា​គឺ​ដើម្បី​ផ្តល់​អំណាច​ដល់​លោក ​ជា ស៊ីម​ អតីត​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​បាន​ទទួល​មរណភាព។ លោក​បាន​រំឭក​ថា ​កាល​នោះ ​លោក​ ជា ស៊ីម​ ត្រូវ​បាន​ស្នើ​ឲ្យ​បោះ​បង់​អំណាច​ជា​ប្រធាន​នៃ​រដ្ឋ​សភា ​ហើយ​ប្រគល់​ទៅ​ឲ្យ​សម្តេច​ក្រុមព្រះ នរោត្តម ​រណឫទ្ធិ ​ក្រោយ​មាន​ការ​បង្កើត​សម័្ពន្ធភាព​រវាង​គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ។​

លោក Sebastian​ យល់​ថា ​ព្រឹទ្ធ​សភា​បច្ចុប្បន្ន​មិន​មាន​តួនាទី​សំខាន់​អ្វី​នោះ​ទេ។

លោក​មាន​ប្រសាសន៍​ថា៖​

«ឥឡូវ​នេះ ​ព្រឹទ្ធ​សភា​មិន​បាន​ដើរ​តួនាទី​សំខាន់​អ្វី​នោះ​ទេ ​ក្នុង​ការ​បង្កើត​ច្បាប់»។​

មេឃុំ​ពពេល លោក ទូច ប៉ាវ មាន​ប្រសាសន៍​ថា បើ​ទោះ​មិន​មាន​វត្តមាន​របស់​គណបក្ស​សង្រ្គោះជាតិ​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​តែ​មាន​ដដែល៕

XS
SM
MD
LG