ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​សាធារណរដ្ឋ​មាន​ការ​លំបាក​ក្នុង​ការ​ជ្រើសរើស​មេដឹកនាំ​ថ្មី


លោក Paul Ryan ដែល​ជា​តំណាង​រាស្រ្ត​អាមេរិក​ថ្លែង​នៅ​សន្និសីទ​កាសែត​មួយ​សង្កាត់​ Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥។
លោក Paul Ryan ដែល​ជា​តំណាង​រាស្រ្ត​អាមេរិក​ថ្លែង​នៅ​សន្និសីទ​កាសែត​មួយ​សង្កាត់​ Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥។

ក្រុម​អភិរក្ស​បែប​ជ្រុលនិយម​​ក្នុង​សភា​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា​ សមាជិក​ភាគ​ច្រើន​របស់​ពួកគេ​គាំទ្រ​លោក​ Paul Ryan សមាជិក​សភា​នៃ​គណបក្ស​សាធារណរដ្ឋ​ ឲ្យ​ធ្វើ​ជា​ប្រធាន​សភា​តំណាងរាស្រ្ត។​

ក្រុម​អភិរក្ស​បែប​ជ្រុលនិយមក្នុង​សភា​សហរដ្ឋ​អាមេរិក​ ដែល​មាន​ឈ្មោះ​ថា Freedom Caucus បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា​ សមាជិក​ភាគ​ច្រើន​របស់​ពួកគេ​គាំទ្រ​លោក​ Paul Ryan សមាជិក​សភា​នៃ​គណបក្ស​សាធារណរដ្ឋ​ ឲ្យ​ធ្វើ​ជា​ប្រធាន​សភា​តំណាងរាស្រ្ត។​ ចំនួន​នៃ​ការ​គាំទ្រ​នេះ​មិន​គ្រប់​ចំនួន៨០ភាគរយ​ ដែល​គេ​ត្រូវ​ការ​ដើម្បីឲ្យ​មាន​ការ​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ ហើយ​លោក​ Ryan ថា​លោក​ត្រូវ​ការ​ចំនួន​នេះ​ដើម្បី​អាច​ធ្វើ​យុទ្ធនាការ​យក​តំណែង​នេះ។​

​មាន​ភាព​វឹកវរ​រយៈ​ពេល​មួយ​ថ្ងៃ​ ខណៈ​ដែល​ក្រុម​សាធារណរដ្ឋ​មាន​ការ​លំបាក​ក្នុង​ការ​ស្វែង​រក​មេដឹកនាំ​ថ្មី។​

លោក​ Peter King អ្នក​រស់​នៅ​ទីក្រុង​ New York ថ្លែង​ថា៖ «ពួក​យើង​នឹង​ពិត​ជា​ច្របូក​ច្របល់​ហើយ‍​ ប្រសិន​បើ​មិន​មែន​ជា​លោក​ Paul Ryan ​ទេ​ ខ្ញុំ​មិន​ដឹង​ថា​គួរ​ជា​អ្នក​ណា​នោះ​ទេ»។​

លោក​ Ryan បាន​ថ្លែង​ថា​ នេះ​ជា​ការងារ​ដែល​លោក​មិន​ចង់​បាន។​

លោក​ Paul Ryan ថ្លែង​ថា៖ «នេះ​មិន​មែន​ជា​ការងារ​ដែល​ខ្ញុំ​ចង់​បាន​ ឬ​ជា​ការ​ងារ​ដែល​ខ្ញុំ​ស្វែងរក​នោះ​ទេ។​ ខ្ញុំ​កំពុង​ធ្វើ​ការងារ​ដែល​ខ្ញុំ​ចង់​ធ្វើ​នៅ​ក្នុង​សភា។​ ខ្ញុំ​អាច​និយាយ​បាន​ថា​ នេះ​ពិត​ជា​ស្ថានការណ៍​ដ៏​យ៉ាប់យឺន​ មិន​មែន​តែ​សម្រាប់​សភា​ មិន​មែន​តែ​សម្រាប់​គណបក្ស​សាធារណរដ្ឋ​នោះ​ទេ​ ប៉ុន្តែ​សម្រាប់​ប្រទេស​ជាតិ​ទាំង​មូល។​ ហើយ​ខ្ញុំ​គិត​ថា​ ប្រទេស​របស់​យើង​កំពុង​ត្រូវ​ការយ៉ាង​ខ្លាំង‍ (នូវ) អ្នក​ដែល​មាន​ភាព​ជា​អ្នក​ដឹក​នាំ»។

លោក​ Paul Ryan ដែល​ជា​សមាជិក​សភា​អស់​៩​អាណត្តិមកហើយ​ បាន​ថ្លែង​កាល​ពី​យប់​ថ្ងៃ​ពុធ​ទៅ​កាន់​ក្រុម​ Freedom Caucus ដែល​ជាក្រុម​អភិរក្ស​ជ្រុល​និយម​នៃ​គណបក្ស​សាធារណរដ្ឋ​ ដើម្បី​ធ្វើ​ការ​ពិភាក្សា​ពី​លក្ខខណ្ឌ​របស់​លោក​ក្នុង​ការ​ទទួល​យក​មុខ​តំណែង​ដឹកនាំ​នេះ។

ប៉ុន្តែ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​នោះ​រួច​មក​ លោក​ Ryan បាន​ថ្លែង​ថា​ វា​ជា​ជំហាន​វិជ្ជមាន​ឆ្ពោះ​ទៅ​កាន់​ការ​ធ្វើ​ឲ្យ​មាន​ឯកភាព​នៅ​ក្នុង​ក្រុម​សាធារណរដ្ឋ។

លោក​ Raul Labrador ពលរដ្ឋ​រស់​មក​ពី​រដ្ឋ​ Idaho ថ្លែង​ថា៖ «ពួក​យើង​ត្រូវ​ដឹង​ថា​ តើលោក​នឹង​កែ​ប្រែ​សភា​ របៀប​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ធ្វើ​ការ​នោះ​ដែរ​ឬ​ទេ​ នោះ​ហើយ​ជា​អ្វី​ដែល​ពួក​យើង​ចង់​បាន‍»។

ការ​ជ្រើសរើស​នេះ​អាច​មាន​ផល​ប៉ះពាល់​ដល់​បញ្ហា​ជាប់​គាំង​ផ្នែក​ដំណើរការ​របស់​ប្រទេស​ជាតិ។

លោក​ Norm Ornstein មក​ពី​វិទ្យាស្ថាន​សហគ្រាស​អាមេរិក​ថ្លែង​ថា៖

«ពួកគេ​ទាមទារ​សកម្មភាព​ (រើស​អ្នក​ដឹកនាំ) ​ដែល​អាច​ផ្ចាញ់​លោក​អូបាម៉ា។ មេដឹកនាំ​សាធារណរដ្ឋ​ដែល​ត្រូវ​ជ្រើសរើស​នឹង​មិន​អាច​ធ្វើ​រឿង​ទាំង​អស់​នោះ​ដើម្បី​តម្រូវ​ចិត្ត​អ្នក​ទាំង​នោះ​បាន​ទេ។​ ប្រសិន​បើ​ពួក​គេ​ពិត​ជា​អាច​ធ្វើ​នូវ​ទង្វើ​ទាំង​អស់​ (ផ្ចាញ់​លោក​អូបាម៉ា) ​នោះ​ពិតមែន​ ប្រទេស​នេះ​នឹង​ឃើញ​ថា​ គណបក្ស​សាធារណរដ្ឋ​មួយ​ដែលបង្ក​រឿង​ឲ្យ​ប្រទេស​នេះ​បែកបាក់‍»។

ប៉ុន្តែ​ពេល​វេលា​កាន់​តែ​ខើច​ហើយ​ ហើយ​ជម្រើស​ក៏​មាន​កំណត់​ទៀត។

«ក្រុម​ Freedom Caucus ត្រូវ​តែ​ធ្វើ​ការ​សម្រេច​ចិត្ត​ថា​ តើ​ពួកគេ​ចង់​ឲ្យ​អ្នកស្រី Nancy Pelosi (ពី​គណបក្ស​ប្រជាធិបតេយ្យ) ជួយ​ដល់​គណបក្ស​សាធារណរដ្ឋ​ក្នុង​ការ​ជ្រើស​រើស​ប្រធាន​ ឬ​ពួកគេ​ចង់​ជ្រើសរើស​ប្រធាន​តំណាង​ជាមួយ​នឹង​សមាជិក​គណបក្ស​សាធារណរដ្ឋដទៃ​ទៀត។​ ខ្ញុំ​គិត​ថា​ នៅ​ទី​បំផុត​ក្រុម​ Freedom Caucus​ នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ថា​នឹង​គាំទ្រ​លោក​ Paul Ryan‍»។​

ការ​បោះ​ឆ្នោត​ជ្រើស​ប្រធាន​សភា​គ្រាន់​តែ​ជា​រឿង​មួយ​ក្នុង​ចំណោម​រឿង​បន្ទាន់ៗដែល​សភា​តំណាង​រាស្រ្ត​ស.រ.អា​ត្រូវ​សម្រេច​ចិត្ត។ រឿង​បន្ទាន់​ផ្សេង​ទៀត​រួម​មានការ​កំណត់កម្រិត​ប្រាក់​បំណុល​របស់​អាមេរិក​ ហើយ​និង​ការ​ជៀសវាង​ការ​បិទ​ផ្នែក​ខ្លះ​របស់​រដ្ឋាភិបាល (Government shutdown)៕

ប្រែ​សម្រួល​ដោយ ស្រេង​ លក្ខិណា

XS
SM
MD
LG