ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden ប្រកាស​វិធី​ថ្មី​ដើម្បី​ជួយ​ពលរដ្ឋ​បន្ថែម​ទៀត​ឲ្យ​ចាក់​វ៉ាក់សាំង​កូវីដ១៩


រូប​ឯកសារ៖ មន្ត្រី​រដ្ឋាភិបាល​សហព័ន្ធ​សហរដ្ឋ​អាមេរិក​ត្រៀម​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​នៅ​កន្លែង​ចាក់​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ​ក្នុង​ក្រុង Oakland រដ្ឋ California សហរដ្ឋ​អាមេរិក ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។

កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ប្រកាស​អំពី​វិធី​ថ្មី​ដើម្បី​ជួយ​ពលរដ្ឋ​អាមេរិក​បន្ថែម​ទៀត​ឲ្យ​ចាក់​វ៉ាក់សាំង​កូវីដ១៩។

សេតវិមាន​បាន​បញ្ជាក់​ថា បន្ទាប់ពី​បាន​ជួប​ជាមួយ​អភិបាល​រដ្ឋ​នានា​មកពី​គណបក្ស​ទាំង​ពីរ​មក លោក Biden នឹង​រៀបចំ​ផែនការ​ឲ្យ​ក្រុមហ៊ុន Lyft និង Uber ដែល​ជា​ក្រុមហ៊ុន​ផ្តល់​សេវា​ធ្វើ​ដំណើរ ដឹក​អ្នក​ដំណើរ​ទៅ​កន្លែង​ចាក់​វ៉ាក់សាំង​នឹង​ត្រឡប់​មក​ផ្ទះ​វិញ​ដោយ​ឥត​គិត​ថ្លៃ​នៅ​ត្រឹម​ថ្ងៃ​ទី ៤ ខែ​កក្កដា​ខាង​មុខ។

ថ្ងៃ​ទី ៤ ខែ​កក្កដា​គឺជា​ថ្ងៃ​បុណ្យ​ឯករាជ្យ​និង​ជា​ថ្ងៃ​ដែល​លោក Biden បាន​កំណត់​គោលដៅ​ធ្វើ​យ៉ាង​ណា​ឲ្យ​ពលរដ្ឋ​អាមេរិក​ពេញវ័យ​ចំនួន ៧០% បាន​ចាក់​វ៉ាក់សាំង​កូវីដ១៩ យ៉ាង​តិច​ឲ្យ​បាន​មួយ​ដូស។ តួលេខ​បច្ចុប្បន្ន​គឺ ៥៨%។

លោក Biden ក៏​បាន​ប្រកាស​ផងដែរ​ថា មហា​វិទ្យាល័យ​សហគមន៍​ធំៗ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​នឹង​ត្រូវ​ប្រើ​ជា​កន្លែង​ចាក់​វ៉ាក់សាំង​សម្រាប់​និស្សិត បុគ្គលិក និង​សហគមន៍​មូលដ្ឋាន​នៅ​ក្នុង​ខែ​ឧសភា​និង​មិថុនា។

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ក៏​នឹង​ផ្តល់​ថវិកា​ភ្លាមៗ​ផងដែរ​ដល់​រដ្ឋ​នានា​ដើម្បី​ជំរុញ​ប្រជាពលរដ្ឋ​ឲ្យ​ចាក់​វ៉ាក់សាំង និង​រៀបចំ​កន្លែង​ចាក់​វ៉ាក់សាំង​នៅ​កន្លែង​ធ្វើការ​និង​ព្រះវិហារ​គ្រិស្ត​សាសនា​នានា។

វិធានការ​របស់​លោក Biden បាន​ធ្វើ​ឡើង​នៅ​ពេល​ដែល​ល្បឿន​នៃ​ការ​ចាក់​វ៉ាក់សាំង​កូវីដ១៩ នៅ​ក្នុង​សហរដ្ឋ​អាមេរិក​បាន​ធ្លាក់ចុះ​មក​នៅ​ត្រឹម​ប្រហែល ២ លាន ១ សែន​ម្ជុល​ក្នុង​មួយ​ថ្ងៃ គឺ​ចុះ​ពី​ជាង ៣ លាន​ម្ជុល​ក្នុង​មួយ​ថ្ងៃ​កាលពី​ប៉ុន្មាន​សប្តាហ៍​មុន។

ពលរដ្ឋ​អាមេរិក​ប្រហែល ១ ភាគ ៥ បាន​និយាយ​ថា ពួកគេ​គ្មាន​បំណង​ចាក់​វ៉ាក់សាំង​នេះ​ទេ ឬ​ក៏​នៅតែ​មាន​ការ​សង្ស័យ​ផ្សេងៗ​ចំពោះ​វ៉ាក់សាំង​នេះ។

សាកល​វិទ្យាល័យ Johns Hopkins បាន​ឲ្យ​ដឹង​ថា សហរដ្ឋ​អាមេរិក​មាន​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ ចំនួន ៥៨២.០០០ ករណី និង​ករណី​ឆ្លង​ចំនួន ៣២ លាន ៧ សែន​ករណី គឺ​ច្រើន​ជាង​ប្រទេស​ណាៗ​ទាំង​អស់។ ប៉ុន្តែ​ចំនួន​ករណី​ឆ្លង​ថ្មី​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង នៅ​ពេល​ដែល​ពលរដ្ឋ​អាមេរិក​កាន់តែ​ច្រើន​បាន​ចាក់​វ៉ាក់សាំង៕

XS
SM
MD
LG