ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជ័យ​ជម្នះ​​គណបក្ស​សាធារណរដ្ឋ​ត្រូវ​គេពិនិត្យ​មើល​យ៉ាង​ដិត​ដល់​នៅ​ក្នុង​ការ​ប្រកួតប្រជែង​ការ​បោះឆ្នោត​សភា​រដ្ឋ Georgia


អ្នកស្រី Karen Handel ទទួល​ជ័យជម្នះ​ក្នុង​យប់បោះឆ្នោត​កាល​ពី​ថ្ងៃទី​២០​ មិថុនា ២០១៧។
អ្នកស្រី Karen Handel ទទួល​ជ័យជម្នះ​ក្នុង​យប់បោះឆ្នោត​កាល​ពី​ថ្ងៃទី​២០​ មិថុនា ២០១៧។

លោកស្រី Karen Handel ខាង​គណបក្ស​សាធារណរដ្ឋ​បាន​ទទួល​ជ័យ​ជម្នះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​សភា​ពិសេស​មួយ​នៅ​ក្នុង​រដ្ឋ Georgia ​ភាគ​ខាង​ត្បូង​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​អង្គារ​ដែល​​​អ្នក​វិភាគ​ខាងនយោ​បាយ​ជា​ច្រើន​ចាត់ទុក​ថា​ជា​ការ​បោះឆ្នោត​ស្ទង់មតិ​សម្រាប់​ប្រធានា​ធិបតី​ត្រាំ។​

ជ័យ​ជម្នះ​របស់​លោកស្រី Karen Handel ​លើ​លោក Jon Ossoff អាយុ​៣០​ឆ្នាំ​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ​ដែល​ជា​គូ​ប្រកួត​ប្រជែង​របស់​លោកស្រីត្រូវបាន​គេ​ចាត់​ទុក​ថា​មាន​តម្លៃថ្លៃ​បំផុតក្នុងការ​ប្រកួត​ប្រជែងសភា​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​សហរដ្ឋ​អាមេរិក ​ដោយ​បាន​ចំណាយ​ប្រាក់ប្រហែល៥០​លាន​ដុល្លារដោយយុទ្ធ​នាការនិង​សម្ព័ន្ធមិត្ត​របស់​គណបក្ស​ទាំង២។​

លោកស្រី Handelថ្លែងអំណរ​គុណ​ប្រធានា​ធិបតី​ត្រាំនិង​មេដឹកនាំ​គណបក្ស​សាធា រណរដ្ឋ​ផ្សេង​ទៀតនៅ​ក្នុង​សុន្ទរកថា​ជ័យ​ជម្នះ​របស់​លោកស្រី ​បន្ទាប់​មក​និយាយ​ពី​ការបាញ់​ប្រហារ​កាល​ពី​សប្តាហ៍​មុន​ទៅលើ​លោកSteve Scalise ​សមា​ជិក​សភា​តំណាង​រាស្រ្ត​ខាង​គណបក្ស​សាធារណរដ្ឋ​ដើម្បីអង្វករ​ឲ្យមាន​ការកាត់​បន្ថយ​កំ​ហឹងខាង​នយោបាយ​នៅក្នុង​ប្រទេស។​ លោកស្រី Karen Handel សមាជិក​សភា​តំណាង​រាស្រ្ត​ដែល​ទើ​ជាប់​ឆ្នោត​បាន​និយាយ​ថា៖ «យើង​ក៏​ចាំបាច់​លើក​ដំកើង​ប្រទេស​នេះ​ដែរ។​ ​យើង​អាចស្វែង​រក​តាម​វិធី​ស៊ីវិល​ច្រើនជាង​ដើម្បី​ដោះ​ស្រាយ​ការ​ខ្វែង​គំនិត​គ្នា​របស់​យើង។​ ​ពី​ព្រោះ​នៅ​ក្នុងសហរដ្ឋ​អាមេរិក ​គ្មាន​មនុស្ស​ណា​ម្នាក់​គួរ​មាន​អារម្មណ៍​ថា ​ជី​វិត​របស់​គេ​ទទួល​រងការគំ​រាម​កំ​ហែង​ដោយ​សារ​ជំនឿ​និងតួនាទីនយោបាយ​របស់​ខ្លួនទេ‍»។​

ការបោះឆ្នោត​ពិសេស​បណ្តាល​មក​ពីការ​លាចេញពី​ដំណែង​របស់​លោក Tom Price ​កាល​ពី​ខែ​កុម្ភៈ​បន្ទាប់​ពី​លោក​ប្រធានា​ធិបតី​ត្រាំ​បាន​ជ្រើសរើស​លោក​ឲ្យ​ដឹកនាំ​ក្រសួង​សុខាភិបាល​និង​សេវាកម្មមនុស្ស​។​

ពួក​គណបក្ស​សាធារណរដ្ឋ​បាន​ត្រួតត្រា​ស្រុក​នៅ​ក្នុង​ទីក្រុង Atlantaនេះ ​ចាប់​តាំង​ពី​លោកNewt Gingrich អតីតប្រធាន​សភាតំណាងរាស្រ្ត​បាន​ឈ្នះឆ្នោត​លើក​ដំបូង​នៅ​ក្នុង​ស្រុក​នោះ​កាល​ពី​ឆ្នាំ១៩៧៩។​ ក៏ប៉ុន្តែ ​ពួក​គណបក្ស​ប្រ​ជាធិបតេយ្យ​ជឿ​ជាក់​ថា ​ពួកគេ​អាចទទួល​បាន​ជោគជ័យ នៅពេល​ដែលប្រធានា​ធិបតីត្រាំ​កំពុងធ្លាក់​ចុះ​ប្រជា​ប្រីយ៌ភាពយ៉ាង​រហ័ស ​ហើយ​ជាការពិត​លោក​ត្រាំ​បាន​ទទួល​ជ័យ​ជម្នះ​លើ​លោកស្រី Hillary Clinton តែ​មួយ​ភាគរយ​នៅ​ក្នុង​ស្រុក​នោះ​នៅ​ក្នុងការ​បោះ​ឆ្នោត​ប្រធានា​ធិបតី​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​ទៅ។​ លោក Todd Rehm ​ជា​អ្នក​យុទ្ធសាស្រ្ត​ខាង​គណបក្ស​សាធារណរដ្ឋថ្លែងថា៖«​សម្រាប់​លោក Jon Ossoff ​ដើម្បី​ឈ្នះ​គឺ​ទាល់​តែ​ស្រុក​នោះ​មិនមែន​ជាកន្លែង​ស្នូល​របស់គណបក្ស​សាធារណរដ្ឋ។​ នេះ​ជា​ស្រុក​របស់​ពួកគណបក្ស​សាធារណរដ្ឋ មិនមែនមាន​អ្នកគាំទ្រ​គណបក្ស​សាធារណរដ្ឋ៥០​ភាគរយ​និង​ពួកគណបក្ស​ប្រជាធិបតេយ្យ​៥០​ភាគរយ​ទេ‍»។​

ពួក​គណបក្ស​ប្រជា​ធិបតេយ្យបាន​ទទួលការ​លើកទឹកចិត្តបន្ទាប់​លោក Ossoff បាន​ទទួល​ជ័យ​ជម្នះ​ក្នុង​ការបោះឆ្នោត​ពិសេស​កាល​ពី​ខែ​មេសា​ក៏ប៉ុន្តែ​មិន​បាន​គ្រប់ចំនួន​៥០​ភាគរយ​ដើម្បី​បញ្ចៀស​ការ​បោះឆ្នោត​ជុំ​ទី២។​ យុទ្ធនាការ​ឃោសនាបោះ​ឆ្នោត​របស់​លោក​បាន​ទាក់​ទាញ​ក្រុម​ស្ម័គ្រ​ចិត្ត​ខ្លាំង​ៗ​ហើយ​បាន​រៃ​អង្កៀស​ប្រាក់​រាប់​លាន​ដុល្លារ​ពី​ពួក​គណបក្ស​ប្រជា​ធិបតេយ្យ​នៅ​ទូទាំង​ប្រទេស។​ ​លោក Jon Ossoff ​បេក្ខជន​សភា​តំណាងរាស្រ្ត​ខាង​គណបក្ស​ប្រជាធិបតេយ្យ​បាន​និយាយ​ថា៖​ «យើង​បាន​បង្ហាញ​ពួកគេ​ពីអ្វី​ដែល​ជា​សមត្ថភាព​នៃ​សេចក្តី​ក្លាហាន មនុស្ស​ជាតិ​និង​ការដាក់​ខ្លួន។​ យើង​ចង់​បង្ហាញ​ពួកគេ​ថា យើង​នៅតែអាច​ស្ថាបនា​ក្រុម​មនុស្ស​ចម្រុះ​ដែល​ប្រហែល​ជា​មិន​យល់ស្រប​គ្នា ក៏ប៉ុន្តែ​ជាជាងធ្វើ​ឲ្យមានការ​ប្រឈមមុខ​ដាក់​គ្នា ​យើង​អាច​ស្វែងរក​មូលហេតុរួម​ដើម្បីឆ្ពោះ​ទៅ​មុខ ​ហើយ​នេះ​ជាមធ្យោ​បាយ​តែ​មួយ​គត់​ដែលអាចឲ្យ​ប្រទេស​នេះបោះជំហានទៅ​មុខ‍»។​

លោក​ប្រធានា​ធិបតី​ត្រាំ​បាន​អបអរសាទរ​ជ័យ​ជម្នះ៦​ពិន្ទុ​របស់​លោកស្រី Handel ​នៅ​ក្នុង​សារ​តាម​ប្រព័ន្ធTwitterបន្ទាប់​ពី​លទ្ធផល​បាន​ប្រកាស​ជាផ្លូវការ។​ គណបក្ស​សាធារ ណរដ្ឋ ឥឡូវនេះបាន​ឈ្នះ​ការ​ប្រកួតប្រជែងការ​បោះឆ្នោត​ពិ​សេស​៤​នៅ​ឆ្នាំ​នេះ​រួមមាន​ការ​បោះឆ្នោត​ប្រកៀក​ប្រកិត​គ្នា​លើកទី២​កាល​ពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​រដ្ឋ South Carolina។​ ពួក​គណបក្ស​សាធារណរដ្ឋ​នៅ​តែរក្សាការត្រួតត្រាអាសនៈ​ភាគច្រើននៅ​ក្នុង​សភា​តំណាងរាស្រ្តដោយមានអាសនៈលើស​គណបក្ស​ប្រជាធិបតេយ្យចំនួន៤៥ ​ក៏ប៉ុន្តែ ​ចំនួន​នោះ​អាច​មាន​ភាព​គ្រោះ​ថ្នាក់ ​ប្រសិនបើភាព​ចម្រូង​ចម្រាស​របស់​ប្រធានា​ធិបតី​ត្រាំ​បន្ត​រីកកាន់​តែធំ​ឡើង​នៅ​ក្នុង​ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​នៅ​ឆ្នាំ​ក្រោយ​នោះ៕

ប្រែសម្រួល​ដោយ ជឹង ​ប៉ូជីន

XS
SM
MD
LG