អ្នកបោះឆ្នោតខ្មែរអាមេរិកាំងបានចេញមកបោះឆ្នោតពាក់កណ្តាលអាណត្តិនៅថ្ងៃអង្គារនេះដោយផ្តោតខ្លាំងលើបញ្ហាអតិផរណា សិទ្ធិក្នុងការរំលូតកូន សន្តិសុខព្រំដែន អន្តោប្រវេសន៍ លទ្ធិប្រជាធិបតេយ្យ និងការគ្រប់គ្រងអាវុធ។
មានអាសនៈសមាជិករដ្ឋសភាចំនួន៤៣៥រូបត្រូវបោះឆ្នោតឡើងវិញនិងសមាជិកព្រឹទ្ធសភាចំនួន១ភាគ៣គឺ៣៥នាក់ដល់ពេលត្រូវបោះឆ្នោតឡើងវិញដែរ។ ការបោះឆ្នោតនេះត្រូវបានគេវាយតម្លៃថាមានលក្ខណៈប្រកៀកប្រកិតគ្នាខ្លាំងនៅរដ្ឋចំនួន៥ គឹរដ្ឋ Arizona រដ្ឋ Nevada រដ្ឋ Wisconsin រដ្ឋ Goergia និងរដ្ឋ Pennsylvania ដោយគណបក្សសាធារណរដ្ឋផ្តោតខ្លាំងលើបញ្ហាអតិផរណា សន្តិសុខនិងជនអន្តោប្រវេសន៍ខុសច្បាប់។ ក្នុងខណៈពេលដែលគណបក្សប្រជាធិបតេយ្យផ្តោតខ្លាំងលើបញ្ហាលទ្ធិប្រជាធិបតេយ្យ សន្តិសុខនិងសិទ្ធិក្នុងការរំលូតកូន។
លោកយ័ប គឹមទឹងប្រធានសមាគមខ្មែរអាមេរិកាំងដើម្បីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យបានចេញមកបោះឆ្នោតនៅក្រុង Great Falls នៃទីក្រុង Fairfax រដ្ឋ Virginia បានថ្លែងប្រាប់វីអូអេថា៖
«បញ្ហាចម្បងរបស់ខ្ញុំ គឺថាខ្ញុំចង់ឃើញថាប្រទេសអាមេរិកាំងនៅតែមានលទ្ធិប្រជាធិបតេយ្យត្រឹមត្រូវ ហើយពីរឿងដោះស្រាយផ្សេងៗទៀតទាក់ទងនឹងសេដ្ឋកិច្ចហើយនឹងសិទ្ធិប្រើកាំភ្លើង»។
អ្នកស្រី ជា អ៊ី ក៏បានមកបោះឆ្នោតនៅស្ថានីយនេះដែរ៖
«ថ្ងៃនេះសប្បាយចិត្តណាស់បានមកបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រដែលខ្ញុំពេញចិត្តដើម្បីការពាររឿងរំលូតកូន ការពារលទ្ធិប្រជាធិបតេយ្យហើយនឹងបញ្ហាសេដ្ឋកិច្ច»។
អ្នកស្រីបានពន្យល់ពីហេតុផលនៃការប្រឆាំងនឹងការរំលូតកូនថា៖
«គឺកូនបានចាប់បដិសណ្ឋិក្នុងផ្ទៃរបស់យើងហើយគឺថាជាកូនរបស់យើងហើយ បើយើងរំលូតទៅបានន័យថាយើងសម្លាប់កូនរបស់យើង»។
បច្ចុប្បន្ន នេះគណបក្សប្រជាធិបតេយ្យរបស់លោកប្រធានាធិបតី ចូ បៃដិន គ្រប់គ្រងនៅព្រឹទ្ធសភានិងរដ្ឋសភា។ ការបោះឆ្នោតលើកនេះដែលធ្វើឡើងនៅពាក់កណ្តាលអាណត្តិរបស់ប្រធានាធិបតី ត្រូវបានគេមើលឃើញថាជាការកំណត់ការដឹកនាំរបស់លោក ចូ បៃដិន នៅក្នុងរយ:ពេលពីរឆ្នាំទៅមុខទៀត។ បើសិនជាគណបក្សសាធារណរដ្ឋគ្រប់គ្រងស្ថាប័នទាំងពីរគឺនឹងអាចប៉ះពាល់ដល់គោលនយោបាយការបរទេសនិងបញ្ហាក្នុងស្រុកជាច្រើន។
ចំនួនអ្នកចេញមកបោះឆ្នោតមុនថ្ងៃកំណត់នៅឆ្នាំនេះមានចំនួនជាង៤២លាននាក់គឺច្រើនជាងការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងឆ្នាំ២០១៨ដែលមានជាង៣៩លាននាក់។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Washington Post។
អ្នកស្រីណាឡែន ស្មីតមកពីរដ្ឋ Virginia និងលោកគុជ ច័ន្ទលីមកពីរដ្ឋ Maryland ស្ថិតក្នុងចំណោមអ្នកដែលបានបោះឆ្នោតមុនថ្ងៃកំណត់។
អ្នកស្រីណាឡែន ស្មីតបានសម្តែងការព្រួយបារម្ភនឹងបញ្ហាសន្តិសុខដែលមានការបាញ់សម្លាប់សិស្សតាមសាលារៀននិងនៅតាមទីសាធារណៈដោយសារតែការគ្រប់គ្រងអាវុធមិនបានល្អ។
អ្នកស្រីបានបន្ថែមថា៖
«ឃាតកម្មទាំងនេះធ្វើឲ្យយើងហើយនឹងបងប្អូននៅសហរដ្ឋអាមេរិកមានការភ័យបារម្ភជាច្រើន។ កូនក្មេងក៏បារម្ភអត់ហ៊ានទៅសាលា។ អ៊ីចឹងយើងមិនអាចធ្វើឲ្យប្រទេសសហរដ្ឋអាមេរិកហ្នឹងរស់នៅក្រោមភាពភ័យខ្លាចអ៊ីចឹងទេពីព្រោះកូនក្មេងគឺជាក្មេងដែលយើងត្រូវបណ្តុះបណ្តាលឲ្យគាត់ទៅអនាគតដើម្បីប្រទេសជាតិ។ អ៊ីចឹងគាត់មិនអាចរស់នៅក្នុងភាពភ័យខ្លាចអត់ទៅសាលាអ៊ីចឹងទេ។
អ្នកស្រីណាឡែន ស្មីតបានបន្ថែមថា៖
«អ៊ីចឹងខ្ញុំចង់ឲ្យសភាជាតិបន្តឹងច្បាប់នេះឲ្យខ្លាំងដើម្បីសុវត្ថិភាពបងប្អូនយើងទាំងអស់»។
លោកគុជ ច័ន្ទលីបានពន្យល់ដែរថាបច្ចុប្បន្នអ្នកនយោបាយហាក់និយមបក្សពួកនិងបុគ្គលជាងប្រទេសជាតិដែលនេះជាហានីភ័យមួយដល់លទ្ធិប្រជាធិបតេយ្យ។
លោកបានបន្ថែមថា៖
«តាំងពីឆ្នាំ២០១៦មកសហរដ្ឋអាមេរិកមិនមែនជាសហរដ្ឋអាមេរិកដូចពីមុនទៀតទេគឺថានៅក្នុងផ្ទៃប្រទេសទាំងមូលវាមានការបែកបាក់ប្រជាពលរដ្ឋអាមេរិកាំងហើយចាប់ផ្តើមគំនិតអំពីការបែងចែកពណ៍សម្បុរ បែងចែកពូជសាសន៍គ្នាជាដើម។ ជនជាតិអាស៊ីត្រូវជនជាតិស្បែកសដែលប្រកាន់ពូជសាសន៍ហ្នឹងវាយដំច្រំធាក់នៅតាមរដ្ឋផ្សេងៗជាច្រើន»។
អត្រាអ្នកគ្មានការងារធ្វើនៅសហរដ្ឋអាមេរិកមានកម្រិត៣,៧%ប៉ុន្តែកម្រិតអតិផរណាមានខ្ពស់រហូតដល់៨,៥%ក្នុងខែមីនា។ នេះបើតាមទិន្នន័យរបស់ការិយាល័យការងាររបស់សហរដ្ឋអាមេរិក។
យោងតាមការស្ទង់មតិថ្មីរបស់ក្រុមហ៊ុន Gallup ដែលបានចេញផ្សាយក្នុងវិច្ឆិកាខែនេះ ៥១% នៃពលរដ្ឋអាមេរិកដែលបានស្ទង់មតិបាននិយាយថាពួកគេជឿទុកចិត្តលើគណបក្សសាធារណរដ្ឋកាន់តែច្រើនក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ចធៀបនឹងចំនួន ៤១% ដែលបាននិយាយថាពួកគេទុកចិត្តគណបក្សប្រជាធិបតេយ្យ។ យោងតាមការស្ទង់មតិរបស់សាកលវិទ្យាល័យ Monmouth នាពេលថ្មីៗនេះបង្ហាញថា ៨២% នៃពលរដ្ឋអាមេរិកាំងបាននិយាយថាអតិផរណាគឺជា «បញ្ហាដ៏ចាំបាច់បំផុត» សម្រាប់រដ្ឋាភិបាលសហព័ន្ធដោះស្រាយ។
លោក យ័ប គឹមទឹងបានពន្យល់ដែរថា៖
«បាទនេះជាបញ្ហាមួយធំមួយចម្បងនៅក្នុងប្រទេសអាមេរិកពីព្រោះបើគិតមើលទៅបញ្ហានេះមិនមែនតែជាបញ្ហានៅអាមេរិកទេគឺជាបញ្ហាទូទាំងពិភពលោកពីព្រោះវាទាក់ទងនឹងបញ្ហាធំៗដូចជាសង្គ្រាមនៅអ៊ុយក្រែននិងបញ្ហាកូវីដ១៩។ ដូច្នេះវាធ្វើឲ្យពិភពលោកមានការលំបាកពីរឿងអតិផរណាហ្នឹងប៉ុន្តែខ្ញុំឃើញថានៅអាមេរិករដ្ឋាភិបាលចាត់ចែងបានល្អធ្វើឲ្យអតិផរណាមិនសូវច្រើនបើប្រៀបធៀបទៅនឹងប្រទេសដទៃទៀតលើពិភពលោក»៕