ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ថ្ងៃ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​ដំណើរការ​ដោយ​រលូន ថ្វី​បើ​មាន​ការ​ប្រុងប្រយ័ត្ន​ខាង​សន្តិសុខ​យ៉ាង​ខ្លាំង


ពលរដ្ឋ​នាំ​គ្នា​បោះឆ្នោត​នៅ​មណ្ឌល​បោះឆ្នោត​ នៅ​ក្នុង​ការ​បោះឆ្នោត​ពាក់​កណ្ដាល​អាណត្តិ​ប្រធានាធិបតី​ នៅ ក្រុង​ Harrisburg រដ្ឋ Pennsylvania ថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២២។
ពលរដ្ឋ​នាំ​គ្នា​បោះឆ្នោត​នៅ​មណ្ឌល​បោះឆ្នោត​ នៅ​ក្នុង​ការ​បោះឆ្នោត​ពាក់​កណ្ដាល​អាណត្តិ​ប្រធានាធិបតី​ នៅ ក្រុង​ Harrisburg រដ្ឋ Pennsylvania ថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២២។

ប្រជាពលរដ្ឋ​អាមេរិក​ចូលរួមបោះឆ្នោតដោយ​មិន​មាន​បញ្ហា​ធំដុំ​ទេ នៅ​ក្នុង​ថ្ងៃ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិប្រធានាធិបតី​ កាល​ពី​ថ្ងៃ​អង្គារ ដោយ​សន្តិសុខ​នៃ​ការ​បោះឆ្នោត​នេះ​ត្រូវ​បាន​គេ​តាម​ដាន​យ៉ាង​ខ្លាំង​ក្លា នៅ​រយៈពេល​ពីរ​ឆ្នាំ​បន្ទាប់​មក ក្រោយ​ពី​មាន​រឿង​ចម្រូងចម្រាស​អំពី​ការ​បោះឆ្នោត​ប្រធានាធិបតី ដែល​ពេល​នោះ​មាន​ការ​អះអាង​និង​ទ្រឹស្តី​គ្មាន​ភ័ស្តុតាង​ចោទ​ប្រកាន់ថា​ការ​បោះឆ្នោត​នោះ​មាន​ការ​លួច​បន្លំ។ ​

មណ្ឌល​បោះឆ្នោត​នានា​បាន​បើក​នៅ​ទូទាំង​សហរដ្ឋអាមេរិក ដោយ​មិន​មាន​ការ​រាយការណ៍​អំពី​បញ្ហា​សន្លឹក​ឆ្នោត​ មនុស្ស​តម្រង់​ជួរ​រង់ចាំ​យូរ​ពេក ឬ​ការ​គំរាមកំហែង​ដល់​អ្នក​បោះឆ្នោត​ទេ ទោះ​បីជា​នៅ​កន្លែង​ខ្លះ​មាន​ការ​រាយការណ៍​អំពី​បញ្ហា​មួយ​ចំនួន ដែល​ជា​រឿង​ធម្មតា​នៅ​ក្នុង​ថ្ងៃ​បោះឆ្នោត​ក៏​ដោយ។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទី​ភ្នាក់ងារព័ត៌មាន AP។​

ម៉ាស៊ីន​រាប់​សន្លឹក​ឆ្នោត​មាន​បញ្ហា​នៅក្នុង​សង្កាត់​មួយ​ក្នុង​រដ្ឋ New Jersey និង​នៅ​ក្នុង​សង្កាត់​មួយ​នៅ​រដ្ឋ Arizona ​បាន​នាំ​ឱ្យ​មន្ត្រី​បោះឆ្នោត​ចេញ​មក​ធានា​ថា​សន្លឹក​ឆ្នោត​ទាំង​អស់​នឹង​ត្រូវ​បាន​រាប់។ ការិយាល័យ​បោះឆ្នោត​ខ្លះ​នៅ​រដ្ឋ North Carolina ត្រូវ​បាន​ពន្យារ​ការ​បើក​ទ្វារ​ទទួល​អ្នក​បោះឆ្នោត​ដោយ​សារ​អ្នក​ធ្វើការ​នៅ​ទី​នោះ​បាន​មក​ដល់​យឺតយ៉ាវ ប៉ុន្តែ​មន្ត្រី​ថា​ ពួក​គេ​ប្រហែល​បន្ថែម​ម៉ោង​សម្រាប់​បោះឆ្នោត។ ហើយ​នៅក្នុង​សង្កាត់​មួយ​ក្នុង​រដ្ឋ Pennsylvania ការិយាល័យ​បោះឆ្នោត​នានា​បាន​ស្រវាស្រទេញ​រក​សន្លឹក​ឆ្នោត​មក​ផ្គត់ផ្គង់ ខណៈ​ចំនួន​សន្លឹកឆ្នោត​នៅ​ទីនោះ​ខ្វះខាត។

ប៉ុន្តែ​អ្នក​តាមដាន​ការ​បោះឆ្នោត​ថា​បញ្ហាទាំង​នេះ​តូចតាច​និង​ជា​រឿង​ធម្មតា។

ចាប់​តាំង​ពី​ការ​បោះឆ្នោត​ប្រធានាធិបតី​ដ៏​ចម្រូងចម្រាស​កាល​ពី​ឆ្នាំ​២០២០​មក អតីត​ប្រធានាធិបតី​អាមេរិក​លោក Donald Trump និង​សម្ពន្ធមិត្ត​របស់​លោក​បាន​ធ្វើ​ឱ្យ​មាន​ការ​មិន​ទុក​ចិត្ត​យ៉ាង​ខ្លាំង​ក្នុង​ចំណោម​អ្នក​បោះឆ្នោត​ ដោយ​បាន​ផ្សព្វផ្សាយ​អំពី​ការ​អះអាង​មិន​ពិត​ថា​ការ​បោះឆ្នោត​នោះ​មាន​ការ​លួច​បន្លំ​យ៉ាង​ច្រើន។ ការ​ផ្សាយ​មិន​ពិត​នេះ​បាន​ធ្វើ​ឱ្យ​សាធារណជន​បាត់​បង់​ទំនុកចិត្ត​ចំពោះ​ការ​បោះឆ្នោត​និង​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ ការ​បន្តឹងការ​បង្ហាញ​អត្តសញ្ញាណ និង​ថែម​ទាំង​មាន​ការ​គំរាម​សម្លាប់​មន្ត្រី​បោះឆ្នោត​ទៀត​ផង។

សម្រាប់​ថ្ងៃ​បោះឆ្នោតពាក់​កណ្តាល​អាណត្តិ​ នៅ​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា​នេះ មន្ត្រី​បោះឆ្នោត​បន្ត​មាន​ការ​បារម្ភ​អំពី​សន្តិសុខ ការ​គំរាមកំហែង និង​ការ​រំខាន​នានា ហើយ​បាន​ត្រៀម​យ៉ាង​ខ្លាំង។

នៅ​ការិយាល័យ​បោះឆ្នោត​មួយ​នៅ​ជាយក្រុង Atlanta រដ្ឋ ​Georgia នាង​ Tyler Moore អាយុ​២៥ ឆ្នាំ ថា ​នាង​មិន​ភ្ញាក់ផ្អើល​ទេ​ប្រសិន​បើ​មាន​ភាព​ចម្រូងម្រាស​ក្រោយ​ការ​បោះឆ្នោត​នេះ។ បញ្ហារបស់​ម៉ាស៊ីន​រាប់​សន្លឹក​ឆ្នោត​នៅ​ស្រុក Maricopa ក្នុង​រដ្ឋ Arizona ដែល​ធ្លាប់​មាន​រឿង​ចម្រូងចម្រាស​កាល​ពី​ពីរ​ឆ្នាំ​មុន បាន​នាំ​ឱ្យ​មាន​ការ​រិះគន់​តាម​បណ្តាញ​សង្គម ប៉ុន្តែ​មន្ត្រី​បោះឆ្នោត​ថា វា​ជា​បញ្ហា​បច្ចេកទេស​តូចតាច។

ប៉ុន្តែ​តាំង​ពី​មុន​វិបត្តិ​កូវីដ១៩​ម៉្លេះ រដ្ឋ​ជា​ច្រើន​របស់​សហរដ្ឋ​អាមេរិក​បាន​ប្តូរឱ្យ​មាន​ការ​បោះឆ្នោត​ច្រើន​លើស​ពី​មួយ​ថ្ងៃ​ ដោយ​អ្នក​បោះឆ្នោត​អាច​មក​បោះឆ្នោត​មុន​កាល​កំណត់​ឬ​ផ្ញើ​សន្លឹកឆ្នោត​តាម​ប្រៃសណីយ៍​ក៏​បាន។ នៅ​មុន​ថ្ងៃ​អង្គារ​នេះ មាន​ពលរដ្ឋ​អាមេរិក ៤៤ លាន ៥ សែននាក់​បាន​បោះឆ្នោត​រួច​ទៅ​ហើយ៕



ប្រែ​សម្រួល​ដោយ​លោក សឹង សុផាត

XS
SM
MD
LG