មជ្ឈមណ្ឌលការពារជំងឺឆ្លងសហរដ្ឋអាមេរិក CDC បានផ្ញើគោលការណ៍ណែនាំកាលពីថ្ងៃទី២៧ ខែសីហាទៅកាន់រដ្ឋទាំង៥០ ដែនដី និងទីក្រុងធំៗមួយចំនួនរបស់សហរដ្ឋអាមេរិក ដោយបានប្រាប់ពួកគេឲ្យប្រុងប្រៀបចែកចាយថ្នាំវ៉ាក់សាំងការពារវីរុសកូរ៉ូណាត្រឹមថ្ងៃទី១ ខែវិច្ឆិកា គឺ២ថ្ងៃមុនការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក។ នេះបើតាមសេចក្តីរាយការណ៍របស់បណ្តាញព័ត៌មានកាលពីថ្ងៃពុធម្សិលមិញ។
ក្នុងគោលការណ៍ណែនាំ៤ទំព័រផ្ញើរទៅកាន់អភិបាលរដ្ឋកាលពីខែសីហា CDC បានប្រាប់ការិយាល័យសុខាភិបាលទាំងឡាយឲ្យធ្វើពង្រាងផែនការចាក់ថ្នាំវ៉ាក់សាំងមិនឲ្យហួសពីថ្ងៃទី១ ខែតុលា «ដើម្បីស្របនឹងពេលវេលានៃការបញ្ចេញថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ១៩»។
បណ្តាញព័ត៌មាន McClatchy បានរាយការណ៍មុនដំបូងគេអំពីលិខិតនេះដែលបន្ទាប់មកបណ្តាញព័ត៌មានផ្សេងទៀតបានរាយការណ៍ដែរ។
ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃពុធថា CDC បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីលិខិតនោះ៕