ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ការពារ​ព្រៃឈើ​ថា​ព្រៃឡង់​នៅ​តែ​រង​ការ​កាប់​បំផ្លាញ​បន្ត​ទៀត


ក្រុម​អ្នក​ការ​ពារ​ព្រៃ​ឡង់​ បាន​និយាយ​កាល​ពី​ថ្ងៃ​ទី​ ១៥​​ ខែធ្នូ​ ឆ្នាំ​ ២០១៦​ នៅ​រាជធានី​ភ្នំពេញ​ថា ព្រៃឡង់​នៅ​ស្ថិត​ក្រោម​ការគំរាម​កំហែង។ (ហ៊ុល រស្មី/VOA)
ក្រុម​អ្នក​ការ​ពារ​ព្រៃ​ឡង់​ បាន​និយាយ​កាល​ពី​ថ្ងៃ​ទី​ ១៥​​ ខែធ្នូ​ ឆ្នាំ​ ២០១៦​ នៅ​រាជធានី​ភ្នំពេញ​ថា ព្រៃឡង់​នៅ​ស្ថិត​ក្រោម​ការគំរាម​កំហែង។ (ហ៊ុល រស្មី/VOA)

​ក្រុម​អ្នកការ​ពារ​ព្រៃ​ឡង់​នៃ​ខេត្ត​ចំនួន​បួន​ក្នុង​ប្រទេស​កម្ពុជា​​​​បាន​ថ្លែង​កាលពី​​​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​​នេះ​ ថា​ ការ​កាប់​បំផ្លាញ​ព្រៃឈើ​ និង​ការ​រក​ស៊ី​កាប់​ឈើ​ខុសច្បាប់​ក្នុង​តំបន់​ព្រៃឡង់​ នៅ​តែ​បាន​បន្ត​កើត​មាន​ ខណៈ​ដែល​មាន​ការ​ធូរ​រលង់​ក្នុង​ការ​អនុវត្ត​ច្បាប់​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ។​

ទោះ​បី​ជារដ្ឋាភិបាល​ដាក់​ព្រៃឡង់ជា​តំបន់​ការពារ​ធម្មជាតិ​ក៏ដោយ​ តំបន់ព្រៃ​ធម្មជាតិ​ដែល​នៅ​សល់​ពី​ការ​កាប់ព្រៃ​មួយ​នេះ​ កំពុង​បន្ត​រង​ការ​គំរាម​កំហែង​ពី​ការ​បំផ្លិច​បំផ្លាញ​ដោយ​ក្រុម​ឈ្មួញ​រកស៊ី​ ដែល​រួមមាន​ក្រុម​ទាហាន​ និង​ប៉ូលិស​ផង​ដែរ។​ ក្រុម​អ្នក​ការពារ​ព្រៃ​ឡង់​ អះ​អាង​ថា​ ឈើ​ប្រណិតៗ​ បាន​បាត់​បង់​ស្ទើរ​តែ​ទាំង​ស្រុង​ពី​តំបន់​ព្រៃឡង់​ ហើយ​នៅ​ពេល​នេះ​ ហើយ​ឈ្មួញ​រក​ស៊ី​បន្ត​កាប់​ឈើ​ដែល​នៅ​សេស​សល់​ ដូច​ជា​ផ្តៀក ​និង​ឈើ​ទាល​ជា​ដើម។

​ក្រុម​អ្នកការ​ពារ​ព្រៃ​ឡង់​នៃ​ខេត្ត​ចំនួន​បួន​ក្នុង​ប្រទេស​កម្ពុជាបាន​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅនេះ​ ថា​ ការ​កាប់​បំផ្លាញ​ព្រៃឈើ​ និង​ការ​រក​ស៊ី​កាប់​ឈើ​ខុសច្បាប់​ក្នុង​តំបន់​ព្រៃឡង់​ នៅ​តែ​បាន​បន្ត​កើត​មាន​ ខណៈ​ដែល​មាន​ការ​ធូរ​រលង់​ក្នុង​ការ​អនុវត្ត​ច្បាប់​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ។​

ពួក​គេ​ថ្លែង​ថា​ ការ​ប្រើ​ប្រាស់​គ្រឿងញៀន​ ក៏​កំពុង​កើន​ឡើង​ខ្លាំង​ នៅ​តាម​តំបន់​ដែល​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ និង​ជួញដូរ​ឈើ​ផង​ដែរ​ ដោយសារ​តែ​ឈ្មួញ​រកស៊ី​ បាន​ទិញ​គ្រឿង​ញៀន​ឲ្យ​កម្មករ​ស៊ី​ឈ្នួល​កាប់​និង​ដឹក​ឈើ​ប្រើប្រាស់​ នៅ​មុន​ការ​ចាប់​ផ្តើម​ដឹក​ជញ្ជូន​ឈើ។

​អ្នក​ស្រី​ ខា​ ស្រស់ តំណាង​អ្នក​ការពារ​ព្រៃឡង់​នៃ​បណ្តាញ​សហគមន៍​ព្រៃឡង់​ មក​ពី​ខេត្ត​ស្ទឹងត្រែង​ ថ្លែង​នៅ​ក្នុង​ពិធី​បញ្ចេញ​ «របាយការណ៍​ឃ្លាំមើល​លើក​ទី​៥​ ស្ថានភាព​ព្រៃឡង់​បច្ចុប្បន្ន»​ ដែល​បាន​ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ​ថា​ ​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើបាន​ថយ​ចុះ​ ក៏​ប៉ុន្តែ​សកម្មភាព​នេះ​ នឹង​មិន​អាច​បញ្ឈប់​បាន​ទាំង​ស្រុង​នោះ​ទេ នៅ​ខណៈ​ដែល​ក្រុម​ឈ្មួញ​អ្នក​រក​ស៊ី​ឈើមួយ​ចំនួន នៅ​បន្តសកម្មភាព​រកស៊ី​កាប់​ឈើ​ខុសច្បាប់​នេះ​ដដែល។

​អ្នក​ស្រី​បន្ត​ថា​ ក្រុម​ឈ្មួញ​រកស៊ី​ព្រៃ​ឈើ​ បាន​ប្តូរ​សកម្មភាព​កាប់​ព្រៃ​ឈើ​ពី​ពេល​ថ្ងៃ​មក​ពេល​យប់​ ដើម្បី​គេច​ពី​ការ​ការឃ្លាំ​មើល​របស់​ក្រុម​បណ្តាញ​អ្នក​ការពារ​ព្រៃឡង់។​

«កាល​ពី​មុន​ គេ​ធ្វើ​ថ្ងៃ​ច៎ា​ ដល់​ក្រុម​យើង​ចេះ​តែ​រុករកៗ​ រហូត​ឥឡូវ​គេ​ធ្វើ​យប់​ ច៎ា។ តែ​ក្នុង​សកម្មភាព​របស់​បណ្តាញ​យើង​សូម្បី​តែ​ធ្វើ​យប់​ ធ្វើ​ថ្ងៃ​ក្តី​ នៅ​តែ​យើង​ខំ​បន្ត​វេន​ តស៊ូ​ ព្រោះ​ ព្រៃ​គឺ​ជា​ព្រៃ​អាយុ​ជីវិត​របស់​យើង​ខ្ញុំ​ទាំង​អស់​គ្នា​ ដែល​រស់​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់​ នោះ​ឯង​ច៎ា។​ ជីវិត​ជនជាតិ​ បើ​មាន​ព្រៃ​គឺ​មាន​ជីវិត​ មាន​ដី​គឺ​មាន​ជីវិត»។​

ព្រៃ​ឡង់​គឺ​ជា​ព្រៃ​ដ៏​ធំ​ដែលនៅ​សេសសល់​ចុង​ក្រោយក្នុង​ប្រទេស​កម្ពុជា​ហើយ​ដែល​លាត សន្ធឹង​នៅ​ក្នុង​ខេត្ត​ចំនួន​បួន​ រួម​មាន​ខេត្ត​កំពង់ធំ ក្រចេះ​ ព្រះវិហារ និង ខេត្ត​ស្ទឹងត្រែង និង​ជា​ព្រៃ​ដែលក្រុម​អ្នកការពារ​ព្រៃ​ឈើ​យល់​ថា​ អាច​នឹង​រង​ការ​បាត់បង់​ ប្រសិន​បើ​រដ្ឋាភិបាល​មិន​បង្កើន​ការ​ការពារ​ឲ្យ​បាន​ដិតដល់​នោះ​ទេ។​

លោក ​ហឿន​ សុភាព​ តំណាង​អ្នក​ការពារ​ព្រៃឡង់​នៃ​បណ្តាញ​ព្រៃឡង់​ ​ក្នុង​ខេត្ត​កំពង់ធំ​ បាន​ថ្លែង​ថា​ សកម្មភាព​កាប់​បំផ្លាញ​ឈើ​ នៅ​បន្ត​កើត​មាន​នៅ​ក្នុង​ខេត្ត​នេះ​ដដែល។​ លោក​ថា​ ទោះបី​ជា​មាន​ការ​បង្ក្រាប​ក្តី​ ក្រុម​ឈ្មួញ​រក​ស៊ី​ឈើ​ដែល​លោក​យល់​ថា​ មាន​ការ​រួម​ចំណែក​ពី​មន្ត្រី​យោធា ប៉ូលិស​ នៅ​តែ​អាច​ដឹក​ឈើ​ចេញទៅក្រុម​ហ៊ុន ឬ​កន្លែង​អារ​ឈើបាន​ដដែល។ លោក​ពន្យល់​ថា​ ក្រុម​អ្នក​បង្រ្កាប​ និង​អ្នក​រកស៊ី​ព្រៃ​ឈើ​ ​អាច​ជា​ក្រុម​តែ​មួយ។​

​លោក​ សុភាព​ ថ្លែង​បន្ត​ថា​ ​ទន្ទឹម​នឹង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ដែលនៅ​បន្ត​កើត​ឡើង​ សកម្មភាព​រាន​ដី​ព្រៃ​យក​ធ្វើ​ជា​ចម្ការ​ ក៏​បាន​កើត​ឡើងផង​ដែរ។​

«នៅ​ក្នុង​នោះ​គឺ​យើង​ឃើញ​ប្រជាជន​ចំណាក​ស្រុក មក​ពី​ខេត្ត​ផ្សេងៗ​ ដែល​គាត់​បាន​ធ្វើ​ការ​កាប់​ ​បំផ្លាញ​ព្រៃឈើ​ធ្វើ​ជា​ចម្ការ​ ហើយ​មួយ​ទៀត​យើង​ឃើញ​ក្រុម​បទល្មើស​ទាំង​អស់​ហ្នឹង​គឺ តាំង​ទីលំនៅបែប​អនាធិបតេយ្យ​ដែល​គ្មាន​ ការ​គ្រប់​គ្រង​ឃុំ​ ដែល​គ្មាន​ការ​រៀបចំ​ ភូមិ​ឃុំ​ច្បាស់​ត្រឹម​ត្រូវ​ ដែល​យើង​អាច​ហៅ​ថា​ ជា​លំនៅដ្ឋាន​អនាធិបតេយ្យ​ដែល​យើង​បាន​ឃើញ​អញ្ចឹង»។​

លោក​អះអាង​ថា​ តាម​ការ​ចុះ​ឃ្លាំ​មើល​សកម្មភាព​បំផ្លាញ​ព្រៃ​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​ ​ក្រុម​អ្នក​ការពារ​តំបន់​ព្រៃ​មួយ​នេះ​ បាន​រក​ឃើញ​ម៉ាស៊ីន​រណា​យន្ត​សម្រាប់​អារ​ឈើ​ជាច្រើន​គ្រឿង​ ព្រម​ជាមួយ​កាំ​ភ្លើង​ខ្យល់​ និង​អាវុធ​កែច្នៃ។​

​លោក​ថា​ មន្ត្រី​រាជការ​មួយ​ចំនួន​ដែល​ជាមន្ត្រី​ប៉ូលិស មេភូមិ​ មេឃុំ​ ក៏​បាន​ចូលរួម​ក្នុង​សកម្មភាពកាប់​បំផ្លាញ​ព្រៃ​ឈើ និង​ការ​រកស៊ី​កាប់​ឈើ​ខុសច្បាប់ ខណៈ​ដែល​ឈ្មួញ​មួយ​ចំនួន​ដែល​ជា​មន្ត្រី​រាជការមាន​កាំភ្លើង​វែង​ខ្លី​ប្រើ​ប្រាស់​ដើម្បី​ការពារ​របរ​រកស៊ី​របស់​ពួកគេ។ លោក​បន្ថែម​ថា​ ព្រៃឡង់​នឹង​រលាយ​បាត់​បង់​ បើ​គ្មាន​ការ​ពង្រឹង​វិធានការ​ច្បាប់​ដើម្បី​បញ្ចប់​រាល់​សកម្មភាព​បំផ្លិច​បំផ្លាញ​ទាំង​អស់​នេះ។​

របាយការណ៍​ស្តី​ពី​ស្ថានភាព​ព្រៃ​ឡង់​នា​ពេល​បច្ចុប្បន្ន​ ដែល​ជា​ការ​រៀប​រៀង​ដោយ​ក្រុម​ស្រាវជ្រាវ​ និង​និស្សិត​មក​ពី​សាកលវិទ្យាល័យ​ Copenhagen ប្រទេស​ដាណឺម៉ាក​បាន​រក​ឃើញ​ថា​ ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ និង​ការ​រក​ស៊ី​កាប់​ឈើ​ខុស​ច្បាប់​នៅ​បន្ត​កើត​មាន​ដដែល​ ទោះបី​ជា​រដ្ឋាភិបាល​បាន​ដាក់​ព្រៃឡង់​ដែល​លាត​សន្ធឹង​លើ​ផ្ទៃ​ដី​ ៤៣២.០០០ ​ហិកតា​ជា​តំបន់​ការពារ​ធម្មជាតិ​ក៏ដោយ។​

កញ្ញា Majken Schmidt Sogaard អ្នកសិក្សា​ស្រាវជ្រាវ​ក្នុង​តំបន់​ព្រៃឡង់ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី ១៥ ខែ​ធ្នូ ឆ្នាំ ២០១៦ នៅ​រាជធានី​ភ្នំពេញ​ថា ព្រៃឡង់​នៅ​តែ​ត្រូវការ​ការឃ្លាំមើល​ឲ្យ​បាន ដិត​ដល់​ដើម្បី​បញ្ចៀស​ការបំផ្លិច​បំផ្លាញ​ទៅ​ថ្ងៃ​អនាគត។ (ហ៊ុល រស្មី/VOA)
កញ្ញា Majken Schmidt Sogaard អ្នកសិក្សា​ស្រាវជ្រាវ​ក្នុង​តំបន់​ព្រៃឡង់ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី ១៥ ខែ​ធ្នូ ឆ្នាំ ២០១៦ នៅ​រាជធានី​ភ្នំពេញ​ថា ព្រៃឡង់​នៅ​តែ​ត្រូវការ​ការឃ្លាំមើល​ឲ្យ​បាន ដិត​ដល់​ដើម្បី​បញ្ចៀស​ការបំផ្លិច​បំផ្លាញ​ទៅ​ថ្ងៃ​អនាគត។ (ហ៊ុល រស្មី/VOA)

កញ្ញា​ Majken Schmidt Sogaard ​ដែល​ជា​អ្នក​សិក្សា​ស្រាវជ្រាវ​ក្នុង​តំបន់​ព្រៃឡង់​ បាន​លើក​ឡើង​នៅ​ក្នុង​ការ​បង្ហាញ​របាយការណ៍​នោះ​ថា​ ការ​រក​ឃើញ​ដ៏​សំខាន់​មួយ​ទៀត​នោះ​គឺ មាន​ការ​កើន​ឡើង​១៤​ ភាគ​រយ​នៃ​សេចក្តី​រាយការណ៍​នានា​ពាក់​ព័ន្ធ​ការ​រាន​ព្រៃយក​ដី។

កញ្ញា​បន្ត​ថា​ នៅ​ពេល​ដែល​សកម្មភាព​ កាប់​បំផ្លាញ​ព្រៃឈើ​នេះ​ នៅ​បន្ត​កើត​មាន​ទៀត​នោះ​ ការ​កសាង​សមត្ថភាព​ និង​ការ​ផ្តល់​ធនធាន​ដល់​ក្រុម​អ្នក​ការពារ​ព្រៃ​ឡង់​ដើម្បី​ឃ្លំា​មើល​ និង​ប្រមូល​ព័ត៌មាន​ទាក់​ទង​នឹង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ និង​ការ​រកស៊ី​កាប់​ឈើ​ខុស​ច្បាប់​នេះ​ ត្រូវ​តែ​បន្ត​អនុវត្ត​ទៅ​ថ្ងៃ​អនាគត។

«យើង​ត្រូវ​តែ​បន្ត​ធ្វើ​កិច្ចការ​ងារ​ទាំងអស់​នេះ​បន្ត​ទៀត​ ដោយ​សារ​តែ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ និង​ការ​រក​ស៊ី​កាប់​ឈើ​ខុសច្បាប់​ បាន​បន្ត​កើត​មាននៅ​ក្នុង​ព្រៃឡង់»។​

របាយការណ៍​បាន​បញ្ជាក់​ថា​ ក្រុម​អ្នកដើរ​ល្បាត​ពិនិត្យព្រៃ​ឈើ​ បាន​ប្រើ​ប្រាស់​កម្មវិធី​ដែល​មាន​ភា្ជប់​ក្នុង​ស្មាតហ្វូន​ ​ដើម្បី​ជួយ​ដល់​ដំណើរការ​កត់​ត្រា​ទិន្នន័យ​នៃ​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​ និង​ធនធាន​ធម្មជាតិ​ដែល​នៅ​សល់​ក្នុង​តំបន់​ព្រៃឡង់។

ក្រុម​អ្នក​ការពារ​ព្រៃឡង់​មិន​ត្រឹម​តែ​បាន​ធ្វើ​ការ​រាយការណ៍ អំពី​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​ ​ការ​រកស៊ី​កាប់​ឈើ​ខុស​ច្បាប់​ ឧបករណ៍​កាប់​ឈើ​ និង​ឧបករណ៍​ការពារ​អាជីវកម្ម​របស់​ឈ្មួញ​ឈើ​ប៉ុណ្ណោះនោះ​ទេ ប៉ុន្តែ​ពួក​គេ​ ក៏​បាន​រក​ឃើញ​ឧបករណ៍​ប្រើ​ប្រាស់​គ្រឿង​ញៀន​ ដែល​អ្នក​រកស៊ី​ឈ្នួល​ដឹក​ឈើបាន​ប្រើ​ប្រាស់។​

លោក​ ឯក​ សុវណ្ណ​ តំណាង​អ្នកការពារ​ព្រៃ​ឡង់​នៅ​ខេត្ត​ក្រចេះ​ ​បាន​និយាយ​ថា​ សកម្មភាព​ប្រើ​ប្រាស់​គ្រឿង​ញៀន​នេះ​ បាន​ចាប់​ផ្តើម​នៅ​ឆ្នាំ​២០១២​ ដោយលួចលាក់​ ប៉ុន្តែ​មក​ដល់​ពេល​បច្ចុប្បន្ននេះ​ ការណ៍​នេះ​ហាក់​ដូច​ជា​ ធ្វើ​ឡើង​ដោយ​ចំហរ​នៅ​ក្នុង​តំបន់​ព្រៃឡង់។​

«ដល់​ឥឡូវ​ស្ទើរ​ យូរៗ​ទៅ​ស្ទើរ​តែ​ចំហ​តែ​ម្តង​ ពីព្រោះ​គាត់​អត់​ខ្លាច​ទេ​ នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​ឥឡូវ​ជួន​កាល​ អ្នក​ស្គាល់​គ្នា​ល្មមៗ​ គឺ​គាត់​ប្រាប់​ហើយ​ថា​ មាន​របស់​នេះ​ របស់​នោះ​ ចឹងៗ​អ្ហា មាន គេ​មាន​គេ​ហៅ​ថា​ទំនិញ​ នៅ​ក្នុង​ហ្នឹង​គេ​ប្រើ​ថា​ មាន​របស់​ពិសេស​ ទំនិញ​ហ្នឹង​ គឺ​គាត់​ គឺ​មាន​និយាយ​តៗ​គ្នា​អញ្ចឹង​បាទ​នៅ​ក្នុង​ព្រៃឡង់»។​

លោក​ សុវណ្ណ និយាយ​ថា​ រដ្ឋាភិបាល​គួរ​ផ្តោត​លើ​ការ​បង្កើត​មុខ​របរ​បែបកសិកម្ម​ដល់​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់​ ដើម្បី​លើក​ទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងតំបន់នោះ បោះបង់​ចោល​របរ​កាប់​ឈើ​ ឬ​លក់​ដើម​ឈើ​ក្នុង​សហគមន៍​ដូច​ជា​ដើម​ចម្បោះ​ទៅ​ឲ្យ​ឈ្មួញ។​ លោក​បន្ត​ថា រដ្ឋាភិបាល​គួរ​ធ្វើ​ការ​គូសវាស​ផែនទី​ និង​បោះ​បង្គោល​កំណត់​ឲ្យ​បាន​ច្បាស់លាស់​ពី​ដែន​ដី​របស់​ព្រៃ​ឡង់​ ដើម្បីបំបាត់​ឲ្យបាន​ទាំង​ស្រុង​ ចំពោះ​ ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ក្នុង​តំបន់​នេះ។​

លោក ​សៅ​ សុភាព អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​ បាន​ថ្លែង​ថា រាជរដ្ឋាភិបាល​បាន​ធ្វើ​កិច្ច​ជា​ច្រើន​ រួម​មាន​ការ​បង្កើន​ចំនួន​អនុរក្ស​ការពារ​ព្រៃ​ឈើ​ និងការ​បង្កើត​គណៈកម្មការ​ជាតិ​ដើម្បី​ទប់​ស្កាត់​ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ។​ ​លោក​ទទួល​ស្គាល់​ថា​ ការ​ការ​បំផ្លាញ​ព្រៃ​ឈើ​ និង​ការ​រកស៊ី​កាប់​ឈើ​ខុស​ច្បាប់​ ​នៅ​តែ​បន្ត​កើត​មាន។​

លោក​ សៅ សុភាព​ អះអាង​ថា ការ​ធ្វើ​ផែនទី​កំណត់​ភូមិសាស្ត្រ​ព្រៃឡង់ មិន​អាច​បញ្ចប់​បទ​លើ្មស​ទាំង​នេះ​បាន​នោះ​ទេ។​

«រឿង​ផែន​ទី​ គឺ​ជា​រឿង​ផែនទី​បាទ​ ក៏ប៉ុន្តែ​អ្នក​ល្មើស​មិន​គោរព​ផែនទី​ទេ​បាទ។​ ហើយ​អ្នក​ល្មើស​បើ​សិន​ជា​មាន​កម្លាំង​ការពារ​ ក៏​នៅ​តែ​ជួនកាល​ប៉ះ​ពៀរ​គ្នា​ ពីព្រោះ​អ្នក​ល្មើស​ យើង​ដឹង​ស្រាប់​ហើយ​ថា មិន​គិត​អំពី​ច្បាប់​ មិន​គិត​អំពី​យើង​សមត្ថកិច្ច​ទេ​ គឺ​គាត់​ជា​មនុស្ស​ឆក់​ឱកាស​បាទ»។​

លោក ​សៅ សុភាព​ បញ្ជាក់​បន្ថែម​ថា​ បញ្ហា​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ គឺ​ជា​សមត្ថកិច្ច​របស់​អាជ្ញាធរ​មូលដ្ឋាន​ ដែល​ត្រូវ​ទទួល​បន្ទុក​ដោះ​ស្រាយ។

ក្រុម​អ្នកការពារ​ព្រៃឡង់​មក​ពី​ខេត្ត​ទាំងបួន​ បាន​ឲ្យ​ដឹង​ថា​ ក្រុម​ឈ្មួញ​រកស៊ី​ឈើ​សព្វ​ថ្ងៃ​នេះ​ បាន​បន្ត​ធ្វើ​សកម្មភាព​កាប់​ឈើ​ ប្រភេទ​ ឈើ​ផ្តៀក ឈើ​ទាល​ ចម្បោះ​ ភ្ចឹក​ និង​ចក្រំ។​ ពួកគេ​ថា​ ឈើ​ប្រណិតៗដូច​ជា​ បេង​ នាងនួន​ និង​គ្រញូង​ ស្ទើរ​តែ​លែង​មាន​ទៅ​ហើយ។​ យ៉ាងណា​ក៏​ដោយ​ ពួក​គេ​មិន​អាច​កំណត់​គោលដៅ​នៃ​ការ​លក់​ឈើ​ដែល​បាន​កាប់​នោះ​ទេ​ ហើយ​ក៏​មិន​អាច​បញ្ជាក់​បាន​ថា​ តើ​មាន​ការ​ពាក់​ព័ន្ធ​ជាមួយ​នឹង​សេដ្ឋី​ធំៗ​ ដែល​មាន​បាន​ពី​ការ​រកស៊ី​ឈើ​ ដូច​ជា​លោក​ឧកញ៉ា​ ទ្រី ភាព ​នោះ​ដែរ។​

​របាយការណ៍​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​ និង​និស្សិត​មក​ពី​សាកលវិទ្យាល័យ​ Copenhagen បាន​ឲ្យ​ដឹង​ដែរ​ថា​ ព្រៃឡង់​គឺ​ជា​ធន​ធាន​សេដ្ឋកិច្ច​ និង​អេកូឡូស៊ី​ដ៏​សំខាន់​មួយ​ និង​ជា​ទ្រព្យ​សម្បត្តិ​មាន​តម្លៃ​របស់​ប្រទេស​ជាតិ​ ដែល​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​ជាតិ​បាន៕​

XS
SM
MD
LG