ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​ព្រៃឈើ​ថា ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ព្រៃឡង់​​បន្ត​កើត​មាន


លោក ម៉ិញ នី អ្នកការពារ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់​នៅ​ខេត្តកំពង់ធំ ថ្លែង​ពី​ការកាប់​បំផ្លាញ​ឈើ​ខុស​ច្បាប់​ក្នុង​សិក្ខា​សាសា​ស្តីពី​បញ្ហា​ដីធ្លី និង​ការអភិវឌ្ឍន៍​នៅ​កម្ពុជា​​រយៈពេល​ពីរ​ថ្ងៃ​ រៀបចំ​នៅ​ទីក្រុង​ភ្នំពេញ​ កាលពី​ថ្ងៃ​២៣​ ខែតុលា​ ឆ្នាំ​២០១៨។ (រូបថត​ផ្តល់​ឲ្យ​ដោយ CCFC)
លោក ម៉ិញ នី អ្នកការពារ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់​នៅ​ខេត្តកំពង់ធំ ថ្លែង​ពី​ការកាប់​បំផ្លាញ​ឈើ​ខុស​ច្បាប់​ក្នុង​សិក្ខា​សាសា​ស្តីពី​បញ្ហា​ដីធ្លី និង​ការអភិវឌ្ឍន៍​នៅ​កម្ពុជា​​រយៈពេល​ពីរ​ថ្ងៃ​ រៀបចំ​នៅ​ទីក្រុង​ភ្នំពេញ​ កាលពី​ថ្ងៃ​២៣​ ខែតុលា​ ឆ្នាំ​២០១៨។ (រូបថត​ផ្តល់​ឲ្យ​ដោយ CCFC)

​អ្នកការពារ​ព្រៃឈើ​នៅ​តំបន់​ព្រៃឡង់​ ក្នុង​ខេត្ត​កំពង់​ធំ​ អះអាង​ថា​ ក្រុម​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ និង​ស្ថាប័ន​រដ្ឋ​ជាច្រើន បាន​ចង​ជា​ប្រព័ន្ធ ដើម្បី​ទាញ​រក​​ប្រាក់​ចំណេញ​ពី​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​តំបន់​នេះ​ផង​ដែរ។

​អ្នក​ការពារ​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃឡង់​ បាន​ប្រាប់​ក្រុម​ប្រជាពលរដ្ឋ​ដែល​ជា​តំណាង​អ្នកមាន​ជម្លោះ​ដីធ្លី​នៅ​តាម​សហគមន៍​ជាច្រើន​នៅ​ទីក្រុង​ភ្នំពេញ​ ​និង​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ថា​ការ​កាប់​បំផ្លាញ​ព្រៃឈើនៅ​តំបន់​ព្រៃឡង់​ ​នៅ​បន្ត​កើត​មាន​រៀងរាល់​ថ្ងៃ​ ហើយ​ថា​ពលរដ្ឋក្រីក្រ​ត្រូវ​បាន​ក្រុម​អ្នក​មាន​លុយ​ និង​មាន​អំណាច​ជួល​ឲ្យ​កាប់​ព្រៃឈើ​ក្នុង​តំបន់​នោះ។​

ថ្លែង​ក្នុង​សិក្ខា​សាលា​ស្ដីពី​ជម្លោះ​ដីធ្លី​ និង​ការអភិវឌ្ឍ​ ​រយៈពេល​ពីរ​ថ្ងៃ​ ដែល​រៀបចំ​ឡើង​ដោយសមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ (CCFC)​ នៅ​ទីក្រុង​ភ្នំពេញ​ចាប់​ពី​ថ្ងៃ​ទី​២២ ដល់​២៣​តុលា​ឆ្នាំ​២០១៨ លោក​ ​ម៉ិញ នី​ ​វ័យ​ ៥៥​ ឆ្នាំ​ ​តំណាង​ក្រុម​ស្នូល​នៃ​បណ្ដាញ​អ្នក​ការពារ​ព្រៃឡង់​ ​មកពី​ខេត្ត​កំពង់​ធំ​ ​មាន​ប្រសាសន៍​ថាទំហំ​ដី​ព្រៃ​នៃ​តំបន់​ព្រៃឈើ​ឡង់​ដែល​មាន​ទំហំ​ប្រមាណ​ជាង៦០ម៉ឺន​ហិកតានៅ​តំបន់​ ព្រៃ​ឡង់​នា​សម័យ​សង្គម​រាស្ត្រ​និយម​ដឹកនាំ​អតីត​ព្រះ​មហាក្សត្រ​ខ្មែរ​ សម្ដេច​ព្រះបាទ​ នរោត្តម​ សីហនុ បាន​ថយ​ចុះ​មក​នៅ​ប្រមាណ​៤០ម៉ឺន​ ​ហិកតា​នៅ​សម័យ​នេះ​ ដោយសារ​តែ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ ​និង​ការ​កាប់​បំផ្លាញ​ដែល​បាន​កើត​ឡើង​ស្ទើរ​រៀងរាល់​ថ្ងៃ។​

«ព្រៃឡង់​យើង​តាំងពី​ទសវត្សរ៍នៅ​សម្តេចតា​មក​ វា​មាន​ជាង​៦០ម៉ឺន​ហិកតា​ សព្វ​ថ្ងៃ​នៅសល់​តែ​៤០​ ជាង​ហិកតា​ ៤០​ម៉ឺន​ជាងហិកតា​ទេ ដោយសារ​អី ដោយសារ​ថា​ដី​សម្បទាន​សេដ្ឋកិច្ច​ ដែល​ចែក​ព្រៃ​សហគមន៍​ ព្រៃ​ឈើ​ជុំវិញ ហើយនិង​ការ​កាប់​ទន្ទ្រាន​ពី​ប្រជាពលរដ្ឋ​ផង​ អ៊ីចឹង​យើង​ឃើញ​ថា​ ពិបាក​មែនទែន​ តាំង​ពី​ច្រើន​ រហូតដល់​តិច»។​

សកម្មជន​ការពារ​ព្រៃ​ឈើ​រូប​នេះ​ បាន​បញ្ជាក់​ថា​ ពលរដ្ឋ​ក្រីក្រ​ដែល​រស់​នៅ​ជុំវិញ​ តំបន់​ព្រៃឡង់​ ត្រូវ​បាន​ក្រុម​អ្នក​មាន​លុយ​ និង​មាន​អំណាច​ ដូចជា​ឧកញ៉ា​មួយ​ចំនួន​ជាដើម​ ជួល​ឲ្យ​កាប់​ឈើ​ ដែល​ការណ៍​នេះ​ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​គេ​មើល​ឃើញ​ថា​ ជា​អ្នក​បំផ្លិចបំផ្លាញ​ព្រៃ​ឈើ​ទៅវិញ។

លោក​ ​ម៉ិញ នី​ ​ថ្លែង​យ៉ាង​ដូច្នេះ៖​

«សព្វថ្ងៃ​នេះ​ ការ​កាប់​បំផ្លាញ​ព្រៃឈើ​ គឺ​តាម​គេ​ហៅថា​ ប្រជាពលរដ្ឋ​ដែល​ក្រីក្រ​នៅ​ជុំវិញ​នោះ​ដែរ​ ប៉ុន្តែ​ប្រជាពលរដ្ឋ​គាត់​ គឺជា​ការ​កាប់​ហ្នឹង​គាត់​ដូច​ថា​ ដូច​ជា​អ្នកមាន​អំណាច​ អ្នក​មាន​លុយ​ថៅកែ​ទេ​ គេ​មាន​លុយ​ គេ​ខ្ចី​ដៃ​ អ៊ីចឹង​ ការ​កាប់​ឈើ​គឺ​ធំៗ​ គឺ​ឈ្មួញ​ធំៗ​ និង​ឧកញ៉ា​ធំៗ​នោះ​ហើយ​ អ្នក អ្នក​កាប់​ឈើ​ ប៉ុន្តែ​គេ​បំប្លែង​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ អ្នក​ដៃដល់​ ព្រោះ​គេ​អ្នក​មាន​លុយ។ គេ​មិន​ដែល​ឃើញទៅ​កាប់​ទេ​ អ្នក​ ប្រឈម​ខ្លាំង​គឺ​ អ្នក​ដែល​កាប់​ច្រើន​ប្រជាជន​នៅ​ទី​នោះ​ឯង​ ដែល​ប្រឈម»។

តំបន់​ព្រៃឡង់​ គ្របដណ្ដប់​លើ​ខេត្ត​ចំនួន​បួន​ក្នុង​ប្រទេស​កម្ពុជា​ គឺ​ស្ទឹង​ត្រែង​ ក្រចេះ​ កំពង់ធំ​ និង​ព្រះ​វិហារ។​ ​ក្រសួង​បរិស្ថាន​ បាន​ប្រកាស​ដាក់​តំបន់​ព្រៃឡង់​ ជា​តំបន់​ព្រៃការពារ​ដែន​ជម្រក​សត្វព្រៃ​ ក្រោយ​ការ​តស៊ូ​មតិ​ជា​យូរឆ្នាំ​របស់​ក្រុម​អ្នកការពារ​ព្រៃឈើ​នៅ​តំបន់​ព្រៃឡង់។​ នេះ​បើ​តាម​ការ​ថ្លែង​បញ្ជាក់បន្ថែម​របស់​លោក​ ​ម៉ិញ នី។

លោក ​ម៉ិញ​ នី អ្នកការពារ​ព្រៃ​ឈើ​ក្នុង​តំបន់​ព្រៃឡង់នៅ​ខេត្ត​កំពង់​ធំ​ បាន​កត់​សម្គាល់​ឃើញ​ថា​ អាជ្ញាធរ​ពាក់​ព័ន្ធ​ក្នុង​តំបន់​ដែល​លោក​រស់នៅ បាន​បង្កើត​ឲ្យ​មាន​ប្រព័ន្ធ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ ដែល​ខាង​ប្រជាពលរដ្ឋ​មិន​អាច​ទប់​ស្កាត់​បាន​ ហើយ​ថា​ ក្រុម​អាជ្ញាធរ​មិនបាន​ខ្វល់​ខ្វាយ​ពី​អន្តរាយ​នៃ​សម្បត្តិ​ព្រៃ​ឈើ​នោះ​ឡើយ​ គឺ​ពួកគេ​ មើល​ឃើញ​តែ​លុយ​មួយ​មុខ​គត់​ប៉ុណ្ណោះ។

លោក​និយាយ​ថា​ ក្រុម​អ្នក​ការពារ​ព្រៃ​ឈើ ​មានការ​ពិបាក​ក្នុង​ដើរ​ល្បាត​ព្រៃ​ផង​ដែរ​ ព្រោះ​អាជ្ញាធរ​មានសមត្ថកិច្ច​តម្រូវ​ឲ្យ​មាន​ការ​ស្នើសុំ​តាមច្បាប់​ ទើប​អាច​ធ្វើ​ការ​ដើរល្បាត​ព្រៃ​បាន។​

«អាជ្ញាធរ​នៅ​តំបន់​ខ្ញុំ​ គឺ​ស្ទើរ​គ្រប់​ស្ថាប័ន​រកស៊ី​ អ៊ីចឹង​ហើយ​ គេ​ត្រូវការ​ឲ្យ​សុំ​ច្បាប់។​កាលណា​ដែល​គេ​ យើង​សុំ​ច្បាប់​គេ​ គេ​នឹង​ដឹង​ ប្រាប់​ហើយ​ខ្សែ​បណ្តាញ​របស់​គេ​ឲ្យ​ចេញ​ពី​ព្រៃ​ ប៉ុន្តែ​យើង​ខ្ញុំ​នៅ​កំពង់​ធំ​ មិនទាន់​បាន​សុំច្បាប់​នៅឡើយ​ទេ​ គ្រាន់​តែ​ថា​ កិច្ចសហការ​តាម​ទូរស័ព្ទ​មាន​ ប៉ុន្តែ​នៅតែ​គេ​ដឹង​ ទោះបី​យើង​ធ្វើ​ល្បិច​កល់​ ប្រាប់​ខ្លះ​ មិន​ប្រាប់​ខ្លះ​ លួច​ទៅ​ល្ងាច​យប់​អី​ ក៏​នៅ​តែ​មាន​ខ្សែ​បណ្ដាញ​របស់​គេ​ ព្រោះ​បណ្ដាញ​កាប់​ឈើ​ហ្នឹង​គឺ​ វា​នៅ​ជិត​ក្លៀក​បណ្ដាញ​ការពារ​ដែរ បាទ​បណ្ដាញ​ដូច​គ្នា»។​

តាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​កម្ពុជា​ចុះ​ថ្ងៃ​ទី​ ៩​ ខែ​ឧសភា​ ឆ្នាំ​២០១៦​ តំបន់​ព្រៃឡង់​ ត្រូវ​បាន​បង្កើត​ជា​ដែន​ជម្រក​សត្វព្រៃ​ «ព្រៃឡង់»។​ ​ដែន​ជម្រក​សត្វព្រៃ​ ​«ព្រៃឡង់​»នេះ​ ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួងបរិស្ថាន។​ ​ព្រៃឡង់​ ជា​ព្រៃ​ដែល​មាន​ទំហំ​ធំ​ជាង​គេ​បំផុត​នៅ​តំបន់​ឥណ្ឌូ-ភូមា។​ ​នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​បណ្ដាញ​ព័ត៌មាន​ក្នុងស្រុក​មួយ​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល។​

លោក​ អ៊ូច ឡេង អ្នក​ឃ្លាំ​មើល​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា ​និង​ជា​ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស ​(CHRTF) បាន​ប្រាប់ VOA ​ថា​ ការ​កាប់​បំផ្លាញ​ព្រៃ​ឈើនៅ​ក្នុង​តំបន់​ព្រៃឡង់ នៅ​តែ​បន្ត​កើតឡើង ខណៈមាន​ការ​ខ្វែងគំនិត​គ្នា​រវាង​ម្ចាស់​ជំនួយ​ ​ក្រុម​ប្រជាពលរដ្ឋ​សហគមន៍​នៅ​តំបន់​ព្រៃឡង់​ និង​មន្ត្រី​រដ្ឋាភិបាល ក្នុង​ការ​ផ្តល់​កិច្ច​ការពារ​សម្បត្តិ​ព្រៃឈើ​នៅ​ទីនោះ។

លោក​មាន​ប្រសាសន៍​ថា៖​

«វា​សំខាន់​គឺ​ម្ចាស់​ជំនួយ​ទាំងនោះ​ អង្គការ​ទាំងនោះ​ គឺ​ធ្វើ​ជា​ អធិរាជ​រៀងៗខ្លួន​ សុទ្ធតែ​ខ្លាំង​ សុទ្ធតែ​អញនិយម​ សុទ្ធតែ​មិន​ឲ្យ​មាន​នរណា​ អ្នក​ក្រៅ​ចូល​មក​ធ្វើ​ការ​រំខាន​ ឬ​មួយ​ក៏​ធ្វើការ​រារាំង​ នៅ​ក្នុង​គម្រោង​ការ​ ឬក៏​project ​របស់​ខ្លួន​ដូចជា​ ជាពិសេស​គឺថា​ អង្គការ​Danmission ​ខ្ញុំ​និយាយ​ដោយ​ស្មោះ​ អង្គការ​ Danmission ក៏​ដូច​ជា​អង្គការ​ Winrock ពី​មុន​មក​ គឺ​គេ​មិន​ទទួល​យក​គំនិត​ សហគមន៍​ព្រៃឡង់​ទេ​ អំពី​ការ​ល្បាត​ព្រៃឈើ។ អ៊ីចឹង Winrock ​ទាល់តែ​ជិត​អស់​លុយ​រលីង​ហើយ​ ជិត​អស់​២០​លាន​ដុល្លា ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ហើយ​ Winrock ត្រឡប់​មក​សហការ​ជាមួយ​ព្រៃឡង់​ ដើម្បី​លាង​គម្រោង​របស់​ខ្លួន​ កុំឲ្យ​ពាក់​ព័ន្ធ​ជាមួយ​នឹង​អំពើពុករលួយ»។

លោក​ ​អ៊ូច ឡេង​ ​អះអាង​ថា​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក ​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ​ហៅ​កាត់​ថា (USAID)​ ក៏​បាន​ផ្ដល់​ជំនួយ​ រួម​ជាមួយ​អង្គការ​ដែល​លោក​បាន​រៀបរាប់​ខាង​លើ​ ដល់​ការ​អភិរក្ស​តំបន់​ព្រៃឡង់​ផង​ដែរ​ ដោយ​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​មាន​ចំនួន​ប្រមាណ​២១​លាន​ដុល្លារ​អាមេរិក។ លោក​ថា​ ភាគី​ពាក់​ព័ន្ធ​មិន​ទាន់​ចេះ​ ចាត់​ចែង​ប្រើ​ជំនួយ​នេះ​ ឲ្យ​មាន​ប្រសិទ្ធភាព​ ដើម្បី​ការពារ​តំបន់​ព្រៃឡង់​នោះ​នៅ​ឡើយ​ទេ។​

VOA ​មិនទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​លោក​ ​កែវ អូម៉ាលីស្ស​ ​នាយក​រដ្ឋបាល​ព្រៃ​ឈើ​នៃ​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ និង​លោក​ នេត្រ ភក្ត្រា​ អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​ទេ​នៅ​ថ្ងៃ​ពុធ​នេះ។​

លោក​ ​យ៉ូវ សេងគុណ​ ​នាយក​រដ្ឋបាល​សាលា​ខេត្ត​កំពង់ធំ​ ​មាន​ប្រសាសន៍​ថា​លោក​មិន​មាន​ព័ត៌មាន​ ពាក់​ព័ន្ធ​នឹង​ការ​ចងក្រង​ជា​ប្រព័ន្ធ​នៃ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ដើម្បី​ឃុបឃិត​ជាមួយ​ឈ្មួញ​ ក្នុង​ការ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​នោះ​ទេ។​

«បាទ​ ទាក់​ទង​នឹង​បញ្ហា​នេះ​ ខ្ញុំ​អត់​ទាន់​បាន​ទទួល​ព័ត៌មាន​ពី​ខាង​ជំនាញ​ដែរ​បង។ ចាំ​មើល​ខ្ញុំ​នឹង​សិក្សា​ពី​បញ្ហា​នេះ សិន​បង​ណា៎!»។ ​

ប៉ុន្តែ​ លោក​ថាក្រុម​មន្ត្រី​មាន​សមត្ថកិច្ច​ខេត្ត​ កន្លង​មកតែង​តែ​បាន​បង្ក្រាប​រាល់​ករណី​ល្មើស​ព្រៃ​ឈើ​នេះជា​ប្រចាំថ្ងៃ។​

លោក យ៉ូវ សេងគុណ ថ្លែង​បន្ថែម​ថា៖​

​«ជា​រួម​ការងារ​ដែល​បទ​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​នៅ​ខេត្ត​កំពង់​ធំ​ហ្នឹង​គឺ​ កន្លងមក​គឺ​ខាង​ជំនាញ​ ឬ​ក៏​ដូច​ជា​ មន្ទីរ​ដែល​អង្គភាព​ពាក់ព័ន្ធ​ ដែល​នឹង​បញ្ហា​ហ្នឹង​ គឺ​គេ​តែងតែ​ចុះ​បង្ក្រាប​ ទប់ស្កាត់​ជា​រឿយៗ​ ជា​រៀងរាល់​ថ្ងៃ​តែ​ម្តង​បាទ»។​

ក្នុង​បញ្ហា​ព្រៃឈើ​នេះ​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ចំនួន​ប្រាំពីរ ក្នុង​នោះ​មាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស ​(CHRTF) របស់​លោក ​អ៊ូច ឡេង​ និង​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា ​ដឹកនាំ​ដោយ​លោក​ ថេង សាវឿន បាន​ចេញ​សេចក្ដីថ្លែងការណ៍​រួម​មួយ​ ដោយ​ស្នើ​ឲ្យ​សហភាព​អឺរ៉ុប​ បញ្ឈប់​កិច្ច​សហការ​ពាណិជ្ជកម្ម​ទិញ​ឈើ​ចេញ​ពី​ប្រទេស​វៀតណាម​ ដែល​ពួកគេ​អះអាង​ថា​បាន​ចូល​មក​លួច​ព្រៃ​ឈើ​ពី​កម្ពុជា។​ ​ពួកគេ​ បាន​ទាមទារ​ឲ្យ​សហភាព​អឺរ៉ុប​លើក​ពេល​ចុះ​កិច្ច​ព្រមព្រៀង​ដៃគូ​ស្ម័គ្រចិត្ត(VPAs) រហូត​ទាល់​តែ​មាន​ការ​កំណត់​តួនាទី​លើ​ប្រព័ន្ធ​ធានា​រ៉ាប់រង​ឈើ​ស្របច្បាប់​ (TLAS)នានា​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​កិច្ចព្រមព្រៀង​VPAsដ​ដែល​នេះ។​

​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​ប្រាំពីរ​នេះ​ បាន​ចោទប្រកាន់ថា​ ឈ្មួញ​ឈើ​វៀតណាម​កំពុងតែ​សកម្ម​ក្នុង​ការ​បំផ្លាញ​រចនា​សម្ព័ន្ធ​រដ្ឋាភិបាល​កម្ពុជា​ ដោយ​សូកប៉ាន់​មន្ត្រី​រដ្ឋ​នៅ​គ្រប់​កម្រិត​នៅ​តាម​បណ្ដា​ខេត្ត​នានា​ដើម្បី​រក​ស៊ី​ឈើ​ដែល​មាន​តម្លៃ​ទាំងនេះ​ ក្រៅ​ពី​ក្របខ័ណ្ឌ​ច្បាប់។

ពួកគេ​ថា​ ការវិវត្តន៍​ថ្មីៗ​នៃ​ការ​អនុវត្ត​ច្បាប់​ព្រៃ​ឈើ​នៅ​ក្នុង​ប្រទេស​ឡាវ​ បាន​បង្កើន​សម្ពាធ​របស់​វៀតណាម​មក​លើ​ព្រៃ​ឈើ​កម្ពុជា​កាន់​តែ​ច្រើន​ថែមទៀត​ផង​ដែរ។ ពួកគេ​អះអាង​ថា វិសាលភាព​នៃ​ការ​ឃុបឃិត​របស់​រដ្ឋ​នៅ​ក្នុង​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​ បាន​លេច​ឡើង​ជាថ្មី​ម្ដង​ទៀត​នា​ឆ្នាំ២០១៧​ នៅ​ពេល​ឈើ​យ៉ាង​តិច​៣០០​០០០​ម៉ែត្រ​គូប ត្រូវ​បាន​លួច​ពី​ខេត្ត​ភាគ​ខាងកើត​របស់​ប្រទេស​កម្ពុជា​ក្នុង​រយៈ​ពេល៦ខែ។ ឈើ​នេះ ​ត្រូវ​បាន​នាំចេញ​ទៅ​ប្រទេស​វៀតណាម​ក្នុង​ទ្រង់ទ្រាយ​ជា​ឈើ​មូល។ ការប្រព្រឹត្ត​ទង្វើ​បែប​នេះ​ ត្រូវ​បាន​ប្រកាស​ថា​ជា​អំពើ​ខុស​ច្បាប់​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​តាំង​ពី​ឆ្នាំ​១៩៩៦​ ​មក​ម៉េ្លះ៕

XS
SM
MD
LG