ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍៖ គម្រោង​វិនិយោគ​ឆ្នាំ​២០២៤​ កើន​ឡើង​ជាង ​៥០% ហើយ​ចិន​ឈរ​លេខ​រៀងទី១


រូបឯកសារ៖ ប្រាក់យាន់​របស់ចិន។
រូបឯកសារ៖ ប្រាក់យាន់​របស់ចិន។

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC)​ បាន​ឱ្យ​ដឹង​ថា​ គម្រោង​វិនិយោគ​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០២៤ កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់ ហើយ​ប្រទេស​ចិន​នៅ​តែ​ជាប្រភព​ទុន​វិនិយោគ​ឈរ​លំដាប់​លេខ​រៀង​ទីមួយ​ ក្នុង​ចំណោម​គម្រោង​វិនិយោគ​ទាំង​អស់​ក្នុង​ប្រទេស។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រុមប្រឹក្សា​អភិវឌ្ឍ​ន៍កម្ពុជា ចុះ​ថ្ងៃទី​១៣ ខែមករា​ ឆ្នាំ​២០២៥ នៅ​ក្នុង​ឆ្នាំ​២០២៤ ក្រុមប្រឹក្សា​អភិវឌ្ឍ​ន៍​កម្ពុជា​បាន​អនុម័ត​គម្រោង​វិនិយោគ​ចំនួន ​៤១៤ ដែល​កើន​ឡើង​ជាង ​៥០% បើ​ធៀប​នឹង​ឆ្នាំ​២០២៣។ បើ​គិត​ជា​ទុន​វិនិយោគ​សរុប​ក្នុង​ឆ្នាំ​២០២៤ មាន​ប្រមាណ​៦,៩ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ក្រុម​ប្រឹក្សា​ CDC ​ថា​អាច​បង្កើត​ការងារ​បាន​ប្រមាណ​ជិ​ត ៣២​ ម៉ឺន​កន្លែង។

បើ​តាម​ CDC ​ដដែល នៅ​ក្នុង​ឆ្នាំ២០២៤​ ការ​វិនិយោគ​មក​ពី​ចិន​ស្ថិត​នៅ​លំដាប់​លេខ​រៀង​ទី១ ដែល​ស្មើ​ប្រមាណ ៥០%​ នៃ​ផល​ទុន​សរុប អ្នក​វិនិ​យោគ​ក្នុង​ប្រទេស​កម្ពុជា​ផ្ទាល់​ស្ថិត​នៅ​លំដាប់​លេខ​រៀង​ទី​២ ស្មើ​នឹង​៣៤% វៀត​ណាម​ស្ថិត​នៅ​លំដាប់​លេខរៀង​ទី​៣ ដែល​ស្មើ​នឹង ​៨%។ ប្រទេស​សិង្ហបុរី ឈរ​លេខ​រៀង​ទី៤ ដែល​ស្មើ​នឹង​៣,៨%។

ក្នុង​ឆ្នាំ​២០២៤ វិស័យ​ឧស្សាហកម្ម​នៅ​តែ​បន្ត​ជា​វិស័យ​លេច​ធ្លោ​ជាង​គេ ដោយ​បាន​ស្រូប​ទាញ​គម្រោង​វិនិយោគ​ចំនួន​ ៣៩៤ ស្មើ​នឹង​ប្រមាណ​ ៩៥%​ នៃ​ចំនួន​គម្រោង​វិនិយោគ​សរុប​ ខណៈ​ទុន​វិនិយោគ​ក្នុង​វិស័យ​នេះ​មាន​ប្រមាណ​ ៤,៨​ ពាន់​លាន​ដុល្លារ​អាមេរិក ដែល​រួម​ចំណែក​ ៦៩% ​នៃ​ទុន​វិនិយោគ​សរុប​ និង​មាន​កំណើន​ដល់​ទៅ​ប្រមាណ​ ១១០% ធៀប​នឹង​ឆ្នាំ​២០២៣។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ CDC ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នា​ថ្ងៃ​អង្គារ​ផង​ដែរ។

បើ​តាម​ទិន្នន័យ​របស់​ CDC បើ​ធៀប​ឆ្នាំ​២០២៣​ទៅ​នឹង​ឆ្នាំ​២០២២​វិញ ទុន​វិនិយោគ​នៅ​ឆ្នាំ​២០២៣ បាន​កើន​ឡើង​ប្រមាណ​២២% គឺ​ទាប​ជាងកំណើន​នៅ​ក្នុង​ឆ្នាំ​២០២៤។

អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​នៅ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា លោក គី សេរីវឌ្ឍន៍ ប្រាប់​វីអូអេថា​ ការ​កើន​ឡើង​នៃ​ការវិនិយោគ​របស់​កម្ពុជា ដោយ​សារ​តែ​ការ​ត្រៀម​ខ្លួន​ចាក​ចេញ​របស់​អ្នក​វិនិយោគ​មក​ពី​ប្រទេស​ចិន​ទៅ​កាន់​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ាន ដែល​លោក​ថា​ការវិនិយោគ​នេះ​កើន​ឡើង​សន្ធឹក​សន្ធាប់​នៅ​ប្រទេស​វៀតណាម និងថៃ។

បើ​តាម​អ្នក​ជំនាញ​រូប​នេះ ការ​វិនិយោគ​ពី​ចិន​ទាំង​អស់​នេះមាន​ដោយ​សារ​តែ​ការ​ដាក់​បន្ទុក​ផ្នែក​ពន្ធគយ​របស់​អាមេរិក​ទៅ​លើ​ប្រទេស​ចិន។

លោក​ថ្លែង​ថា៖ «ហើយ​លំហូរ​វិនិយោគ​ទាំង​អស់​នេះ វា​មិន​ទាន់​លេច​ចេញ​ជា​រូបរាង​ទេ វា​គ្រាន់​តែ​ជា​ការ​សុំ​និង​ការ​អនុម័ត​ចេញ​ពី​ក្រុម​ប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា ដើម្បី​ត្រៀម​វិនិយោគ និង​បង្កើត​ឧស្សហកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា។ បញ្ហា​ទាំ​ង​អស់​នេះ ពេល​នេះ​គឺជា​ឱកាស​មួយ​សម្រាប់​កម្ពុជា​នៅ​ក្នុង​ការ​បើក​ឱ្យ​មាន​លំហូរ​វិនិយោគ និង​បង្កើត​ការងារ​សម្រាប់​ប្រជា​ពលរដ្ឋ​កម្ពុជា ក៏​ប៉ុន្តែវា​អាច​នឹង​មានបញ្ហា​ប្រឈម​ខ្លះ​ដែរ​ក្នុង​ករណី​ដែល​វិនិយោគ​ចូល​មក​ហើយ​ៗ អនុវត្ត​វា​មិន​បាន។ អ៊ីចឹង​វា​មាន​ន័យថា​គម្រោង​នេះ​នឹង​ត្រូវ​បរាជ័យ»។

​បើ​តាម​លោក ​គី សេរី​វឌ្ឍន៍ ឧស្សាហកម្ម​ដែល​មក​ប្រទេស​កម្ពុជា​គឺ​នៅ​មិន​ទាន់​ប្រើ​បច្ចេកវិទ្យា​ធំ​នៅ​ឡើយ​ទេ ដែល​លោក​ថា​ទាំង​អស់​នេះ​មាន​នៅ​ចិន​ ខណៈ​ការ​វិនិយោគ​ពី​បណ្តា​ប្រទេស​លោក​ខាង​លិច​មាន​ការ​ប្រើ​ឧស្សាហកម្ម​បច្ចេក​វិទ្យា​ខ្ពស់។

រដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​ការ​លើក​ទឹក​ចិត្ត​ជាច្រើន ដោយ​រួមមាន​ទាំង​លទ្ធភាព​ឱ្យ​អ្នក​វិនិ​យោគ​បរទេស​អាច​មាន​កម្ម​សិទ្ធិ​ ១០០% ​ក្នុង​ក្រុមហ៊ុន​បង្កើត​នៅ​កម្ពុជា។ ប៉ុន្តែ​ថ្វី​បើ​កម្ពុជា​អាច​ទាក់​ទាញ​បាន​ការ​វិនិយោគ​ច្រើន​ពី​ប្រទេស​ចិន និង​ប្រទេស​មួយ​ចំនួន ​ក៏​កម្ពុជា​មិន​ទាន់បាន​ទាក់​ទាញ​ការ​វិនិយោគ​ពី​សហរដ្ឋ​អាមេរិក​បាន​ជា​ដុំកំភួន​ទេ បើ​ប្រៀប​ធៀប​នឹង​ប្រទេស​ជិត​ខាង​របស់​ខ្លួន។ នេះ​បើ​តាម​របាយការណ៍របស់​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក អំពី​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០២៤។ របាយការណ៍​នេះ​បញ្ជាក់​ថា​ ក្រៅ​ពី​បញ្ហា​ទី​ផ្សារ​តូច​បើ​ប្រៀប​ធៀប​ប្រទេស​ជិត​ខាង​ មាន​កត្តា​ជា​ច្រើន​ដែល​ធ្វើ​ឱ្យ​វិនិយោគិន​អាមេរិក​រារែក​ ដែល​រួម​មាន​«បញ្ហា​អំពី​ពុករលួយ​ជា​ប្រព័ន្ធ កង្វះ​តម្លា​ភាព​នៅ​ក្នុង​ដំណើរ​ការ​ខ្លះ​របស់​រដ្ឋាភិបាល​ក្នុង​ការ​អនុម័ត​ការ​វិនិយោគ និង​ការយក​ចិត្តទុក​ដាក់​ចំពោះ​ក្រុម​ហ៊ុន​ក្នុង​ស្រុក​ ឬ​ក្រុមហ៊ុន​បរទេស​ដទៃ​ទៀត​ ដែល​ជាប់​ទាក់​ទង​នឹង​អំពើ​ពុករលួយ​ ការ​គេច​វេះ​មិន​បង់​ពន្ធ»។

​របាយការណ៍​របស់​ក្រសួង​ការបរទេស​អាមេរិកបាន​កត់​សម្គាល់​ថា ​មាន​សញ្ញា​ដំបូងៗ​ខ្លះ​បង្ហាញ​ថា​រដ្ឋាភិបាល​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត បាន​ទាក់​ទង​សកម្ម​ជាង​មុន​ជាមួយ​វិស័យ​ឯកជន​ដើម្បី​ពិគ្រោះ​យោបល់​រក​មធ្យោបាយ​ធ្វើ​ឱ្យ​ប្រសើរ​នូវ​បរិយា​កាស​វិនិយោគ​នៅ​កម្ពុជា៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG