បន្ទាប់ពីរងគ្រោះដោយសារវិបត្តិជំងឺកូវីដ១៩ ជាង២ឆ្នាំ ការចូលទស្សនារបស់អ្នកទេសចរបរទេសនៅរមណីយដ្ឋានអង្គរវត្ត ចាប់ផ្តើមងើបឡើងវិញ ដោយក្នុងរយៈពេល៦ខែនៃឆ្នាំ២០២២នេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិប្រមាណ៦ម៉ឺននាក់។
ជាមួយនឹងកំណើនឡើងវិញនូវភ្ញៀវអន្តរជាតិនេះ ចំណូលថវិកាជាតិដែលទទួលបានពីការលក់សំបុត្រចូលទស្សនា មានជាង២,៤លានដុល្លារអាមេរិក ដែលចំនួននេះមានការកើនឡើងជាង១ពាន់ភាគរយ បើធៀបនឹងឆ្នាំមុន ដែលកម្ពុជាមិនទាន់បើកប្រទេសឡើងវិញ។ នេះបើយោងសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរដែលជាស្ថាប័នរបស់រដ្ឋាភិបាលទទួលបន្ទុកក្នុងការប្រមូលចំណូលពីការទស្សនារមណីយដ្ឋានអង្គរ។
បើតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយកាលពីថ្ងៃទី១ ខែកក្កដា គ្រឹះស្ថានអង្គរឲ្យដឹងថាភ្ញៀវទេសចរអន្តរជាតិសរុបដែលបានមកទស្សនារមណីយដ្ឋានអង្គរ ក្នុងរយៈពេល៦ខែនៃឆ្នាំ២០២២នេះ មានចំនួន៥៩.៩៨៣នាក់ ហើយថវិកាដែលបានមកពីការលក់សំបុត្រ មានចំនួន២.៤២០.០៨១ដុល្លារអាមេរិក។
យោងតាមគេហទំព័រគ្រឹះស្ថានអង្គរ តម្លៃសំបុត្រសម្រាប់ការចូលទស្សនាប្រាសាទ រួមមាន៣៧ដុល្លារសម្រាប់មួយថ្ងៃ ៦២ដុល្លារសម្រាប់បីថ្ងៃ និង៧២ដុល្លារសម្រាប់៧ថ្ងៃ។
គួរបញ្ជាក់ថាក្រសួងទេសចរណ៍បានឲ្យដឹងនាពេលថ្មីៗនេះថា ការមកដល់របស់ទេសចរបរទេសនៅកម្ពុជាមានសន្ទុះឡើងវិញ ក្រោយកម្ពុជាបានបើកប្រទេសក្នុងរយៈពេល៦ខែចុងក្រោយនេះ បន្ទាប់ពីរដ្ឋាភិបាលបានសម្រេចបើកប្រទេសលើគ្រប់វិស័យឡើងវិញ៕