ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍​ថ្មី៖​ ការ​បរបាញ់​សត្វ​រមាស​មាន​ចំនួន​ធ្លាក់​ចុះ ​ប៉ុន្តែ​ចំនួន​សត្វ​រមាស​ក៏​នៅ​បន្ត​ធ្លាក់​ចុះ​ដែរ


រូបឯកសារ៖ សត្វ​រមាស​ខ្មៅ​​ចំនួន​ពីរ​ក្បាល​កំពុង​ស្ថិត​នៅ​តំបន់​អភិរក្ស​ Ol Pejeta Conservancy ក្នុង​ឧទ្យាន​ជាតិ Laikipia ក្បែរ​ក្រុង Nanyuki ប្រទេស​កេនយ៉ា ថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០១៩។
រូបឯកសារ៖ សត្វ​រមាស​ខ្មៅ​​ចំនួន​ពីរ​ក្បាល​កំពុង​ស្ថិត​នៅ​តំបន់​អភិរក្ស​ Ol Pejeta Conservancy ក្នុង​ឧទ្យាន​ជាតិ Laikipia ក្បែរ​ក្រុង Nanyuki ប្រទេស​កេនយ៉ា ថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០១៩។

តួលេខ​ចុង​ក្រោយ​ស្តីពី​ចំនួន​សត្វ​រមាស​ដែល​ស្នែង​របស់​វា​ត្រូវ​បាន​ប្រើ​ជា​ថ្នាំ​បុរាណ​ចិន​នោះ​ ត្រូវ​បាន​កត់ត្រា​នៅ​ក្នុង​របាយ​ការណ៍​មួយ​ចេញ​ផ្សាយ​ដោយ​សហភាព​អន្តរជាតិ​សម្រាប់​ការ​អភិរក្ស​ធម្មជាតិ ​(IUCN) ​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ឈ្មោះ Traffic។​

របាយ​ការណ៍​នេះ​តាមដាន​តួលេខ​ពី​ឆ្នាំ​២០១៨ ​ដល់​ឆ្នាំ​២០២១ ​និង​បាន​កត់​សម្គាល់​ពី​ការ​កើន​ឡើង​នៃ​ចំនួន​សត្វ​រមាស​ខ្មៅ​ដ៏​កម្រ ​ដែល​មាន​ចំនួន​ជាង ​១២% ​គឺ​កើន​ឡើង​ពី​ ៥.៤៩៥ ​ក្បាល​ទៅ ​៦.១៩៥​ ក្បាល។​ ប៉ុន្តែ​របាយ​ការណ៍​នេះ​ថា​ ចំនួន​សត្វ​រមាស​ស​បាន​ធ្លាក់​ចុះ​ពី​ជាង ​១៨.០០០ ​ក្បាល​មក​នៅ​ត្រឹម ​១៥.៩៤២​ ក្បាល​វិញ។ ការ​ធ្លាក់​ចុះ​នេះ​ក៏​មាន​ចំនួន​១២% ផង​ដែរ។

របាយ​ការណ៍​នេះ​ថា ​ជា​រួម​មាន​ការ​ធ្លាក់​ចុះ​ ដោយ​មាន​សត្វ​រមាស​ទាំង​ខ្មៅ ​និង​ស​ប្រមាណ ​២២.១៣៧​ ក្បាល​នៅ​សល់​នៅ​អាហ្វ្រិក​នៅ​ចុង​ឆ្នាំ២០២១។​

លោក ​Sam Ferreira ​អ្នក​ជំនាញ​ផ្នែក​សត្វ​រមាស​របស់​អង្គការ​សហភាព​អន្តរជាតិ​សម្រាប់​ការ​អភិរក្ស​ធម្មជាតិ ​(IUCN )​និយាយ​ថា មូលហេតុ​ដែល​ពួកគេ​មិន​ឃើញ​កំណើន​រមាសស​ជា​លទ្ធផល​នៃ​ការ​បរបាញ់​ធ្លាក់​ចុះ​នៅ​ឡើយ​នោះ​គឺ​ដោយសារ​លុះត្រា​ការ​បរបាញ់​បន្ត​ធ្លាក់​ចុះ​រយៈ​ពេល​យូរ​ជាង​នេះ​ទម្រាំ​មាន​កំណើន​ចំនួន​រមាសស។​

លោក ​Ferreira ​ថា លោក​ជឿ​ថា​ ​ការ​ធ្លាក់​ចុះ​នេះ​មិន​មែន​ដោយសារ​ការ​បិទ​ខ្ទប់​បង្ការ​ជំងឺ​កូវីដ១៩​ដូច​ដែល​អ្នក​ជំនាញ​មួយ​ចំនួន​បាន​លើក​ឡើង​នោះទេ​ ​ប៉ុន្តែ​ការ​ល្បាត ​និង​ការ​ចូលរួម​ពី​សហគមន៍​បាន​ល្អ​ជាង​មុន​ក៏​រួម​ចំណែក​ដែរ។

លោក​ Ferreira​ បាន​ថ្លែង​ថា៖​ «ខ្ញុំ​គិត​ថា​ អ្វី​ដែល​ពិតជា​សំខាន់​នោះ​គឺ​ថា​ ការ​ចាប់​ខ្លួន​បាន​ធ្លាក់​ចុះ​ពី ​៤៩៣​ ករណី​នៅ​ក្នុង​ឆ្នាំ​២០១៨ ​មក​នៅ​ត្រឹម ២៧៩ ​ករណី​នៅ​ក្នុង​ឆ្នាំ​២០២១។ ​ជា​ថ្មី​ម្តង​ទៀត ​យើង​មិន​ដឹង​ពី​មូលហេតុ​ពិតប្រាកដ​នៅ​នាំ​ឱ្យ​មាន​ការ​ឆ្លាក់ចុះ​នេះ​ទេ។​ ប៉ុន្តែ​ មាន​អន្តរាគមន៍​គឺ​អន្តរាគមន៍​ខ្លាំងក្លា​ចាប់​ពី​រដ្ឋ ​និង​អ្នក​គ្រប់គ្រង​នៅ​មូលដ្ឋាន​ដែល​កំពុង​ជះ​ឥទ្ធិពល​លើ​ការ​សម្រេច​ចិត្ត​របស់​ប្រជាជន​ក្នុង​ការ​បរបាញ់ ​ឬ​មិន​បរបាញ់​សត្វ​រមាស»។​

របាយការណ៍​របស់​អង្គការ សហភាព​អន្តរជាតិ​សម្រាប់​ការ​អភិរក្ស​ធម្មជាតិ ​(IUCN )​និង​អង្គការ​ Traffic ​បាន​លើក​ឡើង​ថា ​ចាប់​តាំង​ពី​ឆ្នាំ២០១៨​មក​ យុទ្ធនាការ​អប់រំ​ជាច្រើន​ត្រូវ​បាន​ធ្វើ​ឡើង​សម្រាប់​មនុស្ស​ជាង ​១ ​លាន​នាក់។

អ្នកស្រី ​Margaret Kinnaird​ មេដឹកនាំ​ការ​អនុវត្ត​ជា​សាកល​របស់​អង្គការ​មូលនិធិ​អភិរក្ស​សកល​ WWF ​និយាយ​ថា អ្នក​អភិរក្ស​ប្រើប្រាស់​មធ្យោបាយ​គ្រប់​យ៉ាង​រាប់​ចាប់​ពី​បណ្តាញ​សង្គម​ដល់​ការ​ធ្វើ​យុទ្ធនាការ​ដោយ​ប្រើប្រាស់​បដា​ដើម្បី​អប់រំ​សាធារណ​ជន។​

អ្នកស្រី ​Margaret Kinnaird​ អ្នកដឹកនាំ​ការ​អនុវត្ត​ជា​សាកល​របស់​អង្គការ​មូលនិធិ​អភិរក្ស​សកល​ WWF ​ថ្លែង​ថា៖​ «សម្រាប់​អង្គការ ​WWF ​យើង​បាន​ធ្វើ​ការ​ច្រើនជា​ពិសេស​ជាមួយ​អ្នក​ធ្វើ​ដំណើរ​ជនជាតិ​ចិន​ដែល​ទៅ​បរទេស​ដែល​មាន​ទីផ្សារ​ដែល​អាច​មាន​លក់​ភ្លុក​ដំរី ​ឬ​ខ្នាយ​រមាស។ ​ចំណុច​នេះ​ផ្លាស់ប្តូរ​បេះដូង ​និង​ចិត្ត​គំនិត​របស់​មនុស្ស​ដែល​ទៅ​ទីផ្សារ និង​ចង់​យក​វត្ថុ​អនុស្សាវរីយ៍​ទៅ​ផ្ទះ​វិញ​ ឬ​ចង់​ទិញ​អ្វី​មួយ​សម្រាប់​ធ្វើ​ថ្នាំ។ យើង​គ្រាន់​តែ​ផ្តល់​គំនិត​សម្រាប់​ជម្រើស​វត្ថុ​អនុស្សាវរីយ៍​ ឬ​ផលិត​ផល​ដែល​ពួកគេ​អាច​យក​ទៅ​ផ្ទះ​វិញ»។​

អ្នកស្រី ​Kinnaird ​ថា ​ស្នែង​ដែល​ត្រូវ​បាន​ជួញដូរ​ខុស​ច្បាប់​ត្រូវ​បាន​យក​ទៅ​ទ្វីប​អាស៊ី​ជា​ចម្បង​ ហើយ​លក់​តាមរយៈ​ទីផ្សារ​ខុស​ច្បាប់​នៅ​តំបន់​មេគង្គ​ និង​ប្រទេស​ចិន ​ជា​ពិសេស​នៅ​ក្នុង​ទីផ្សារ​នៅ​ប្រទេស​កម្ពុជា​ មីយ៉ាន់ម៉ា ​និង​វៀតណាម។​

អ្នកស្រី​ថា ​ស្នែង​ទាំង​នោះ​ត្រូវ​បាន​ទិញ​ពី​ប្រទេស​ចំនួន​ ៤ ​សំខាន់ៗ​ដែល​មាន​សត្វ​រមាស ​ដែល​ភាគច្រើន​មក​ពី​អាហ្វ្រិក​ខាង​ត្បូង ​កេនយ៉ា ​ណាមីប៊ី ​និង​ស៊ីមបាវ៉េ។​

អ្នកស្រី​ Kinnaird ​ថា​ ខណៈ​មាន​ព័ត៌មាន​ល្អ​ថ អត្រា​បរបាញ់​បាន​ធ្លាក់​ចុះ​នោះ​ ​គេ​ត្រូវ​ធ្វើ​កិច្ចការ​ច្រើន​ទៀត​ដើម្បី​ធានា​ថា ​សត្វ​នេះ​នឹង​មិន​ផុត​ពូជ។​

អ្នកស្រី ​Kinnaird​ បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖ «យើង​ត្រូវ​បង្កើន​ការ​ស៊ើប​អង្កេត​របស់​យើង ​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​និង​ធ្វើ​ឱ្យ​ប្រាកដ​ថា យើង​ដាក់​គោលដៅ​ចំ​មេ​ជន​ល្មើស​ មិន​មែន​លើ​មនុស្ស​តូចតាច​នៅ​មូលដ្ឋាន​នោះ​ទេ។​ យើង​ត្រូវ​ចាប់​ថៅកែ​ធំៗ ​ឈ្មួញ​កណ្តាល​ និង​ក្រុម​ឧក្រិដ្ឋជន​មាន​ការ​រៀបចំ​ជា​ប្រព័ន្ធ»។​

របាយការណ៍​របស់​អង្គការ​សហភាព​អន្តរជាតិ​សម្រាប់​ការ​អភិរក្ស​ធម្មជាតិ ​(IUCN) ​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ឈ្មោះ Traffic ​ ត្រូវ​បាន​រៀបចំ​ឡើង​សម្រាប់​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​ស្តីពី​សត្វ​ និង​រុក្ខជាតិ​ជិត​ផុត​ពូជ​ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ប្រទេស​ប៉ាណាម៉ា​ក្នុង​ខែវិច្ឆិកា​ខាង​មុខ៕​



ប្រែសម្រួល​ដោយ​លោក​ ពិន ស៊ីសុវណ្ណ

XS
SM
MD
LG