ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍៖​ ក្រុម​រដ្ឋ​ឥស្លាម​បាញ់​ប្រហារ​ជន​ស៊ីវិល​ដែល​រត់​គេច​ចេញ​ពី​ក្រុង​ Fallujah


លោក Abdul Rahman Ismail ដែល​ជា​ទាហាន​អ៊ីរ៉ាក់​បាន​មក​ជួប​ជុំ​គ្រួសារ​វិញ​បន្ទាប់​ពី​ក្រុម​រដ្ឋ​ឥស្លាម​បាន​កម្ទេច​ផ្ទះ​របស់​គាត់​កាល​ពី​ពីរ​ឆ្នាំ​មុន។ គាត់​បាន​រត់​គេច​ខ្លួន​ពី​ទីក្រុង​ Fallujah ដែល​គ្រប់​គ្រង​ដោយ​ក្រុម​រដ្ឋ​ឥស្លាម។
លោក Abdul Rahman Ismail ដែល​ជា​ទាហាន​អ៊ីរ៉ាក់​បាន​មក​ជួប​ជុំ​គ្រួសារ​វិញ​បន្ទាប់​ពី​ក្រុម​រដ្ឋ​ឥស្លាម​បាន​កម្ទេច​ផ្ទះ​របស់​គាត់​កាល​ពី​ពីរ​ឆ្នាំ​មុន។ គាត់​បាន​រត់​គេច​ខ្លួន​ពី​ទីក្រុង​ Fallujah ដែល​គ្រប់​គ្រង​ដោយ​ក្រុម​រដ្ឋ​ឥស្លាម។

អង្គការ​ក្រុម​ប្រឹក្សា​ជនភៀស​ខ្លួន​ន័រវែស​ ដែល​ហៅ​កាត់​ថា​ NRC ​បាន​និយាយ​ថា​ពួក​ឥស្លាម​ជ្រុលនិយមនៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​បាន​បាញ់​សម្លាប់​ពួក​ជន​ស៊ីវិល​នៅ​ពេល​ពួក​គេ​ប៉ុនប៉ង​រត់​គេច​ខ្លួន​ចេញ​ពី​ការ​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​ក្រុង​ Fallujah។​

ក្រុម​ការ​ពារ​សិទ្ធិ​មនុស្ស​នេះ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​

«របាយការណ៍​ពី​ក្រុម​គ្រួសារ​ដែល​អង្គការ​ NRC​ បាន​ជួប​ទាក់​ទង​បាន​ពណ៌នា​ថា​ពួក​ជន​ស៊ីវិល​ដែល​ខិត​ខំ​ព្យាយាម​ឆ្លង​កាត់​ទន្លេ​ Euphrates ដើម្បី​រត់​គេច​ខ្លួន​ចេញ​ពី​ការ​ប្រយុទ្ធ​គ្នា​បាន​ត្រូវ​បាន​យក​ធ្វើជា​ទីដៅ​នៃ​ការ​វាយ​ប្រហារ​ដោយ​ក្រុម​ប្រឆាំង​ប្រដាប់​ដោយ​អាវុធ»។

កង​កម្លាំង​រដ្ឋាភិបាល​អ៊ីរ៉ាក់​បាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​យុទ្ធជន​រដ្ឋ​ឥស្លាម​ ពីរបី​សប្តាហ៍​មក​ហើយ​នៅ​ក្នុង​ការ​ខិត​ខំប្រឹង​ប្រែង​ដើម្បី​វាយ​យក​ក្រុង​នេះ​មក​វិញ។ក្រុង​នេះ​បាន​ឋិត​នៅ​ក្នុង​ការ​ត្រួតត្រា​របស់​ពួក​រដ្ឋ​ឥស្លាម​ ចាប់​តាំង​ពី​ខែ​មករា​ឆ្នាំ​២០១៤មក។ រហូត​មក​ដល់​ពេល​នេះ​ ការ​វាយ​លុក​នេះ​បាន​ឡោមព័ទ្ធ​ក្រុង​នេះ​នៅ​បី​ជ្រុង​ ដោយ​មាន​តែ​តំបន់​តែ​មួយ​គត់​ដែល​មិន​ទាន់​បាន​ត្រូវ​ឡោមព័ទ្ធ​គឺ​ច្រាំង​ខាង​លិច​នៃ​ទន្លេ​ Euphrates។

ការ​ស្ទង់​ប្រមាណ​មួយ​ដោយ​អ.ស.ប.​បាន​ឲ្យ​ដឹង​ថា​ ចំនួន​ជន​ស៊ីវិល​ដែល​ជាប់​គាំង​នៅ​ក្នុង​ក្រុង​ Fallujah ​មាន​ប្រមាណ​៥ម៉ឺន​នាក់។ មនុស្ស​ជា​ច្រើន​បាន​ប៉ុនប៉ង​ឆ្លង​កាត់​ទន្លេ​នេះ​ជា​មធ្យោបាយ​មួយ​ដើម្បី​រត់​គេច​ខ្លួន​ពី​ការ​ប្រយុទ្ធ​គ្នា​ ក៏​ប៉ុ​ន្តែ​អ.ស.ប.​បាន​និយាយ​ថា​ មាន​មនុស្ស​មួយ​ចំនួន​ដែល​មាន​រួម​បញ្ចូល​ទាំង​កុមារ​ផង​ដែរ​ បាន​លង់​ទឹក​ស្លាប់​នៅ​ពេល​ប៉ុនប៉ង​ឆ្លង​កាត់​ទន្លេ​នេះ​ដែល​មាន​ទទឹង​៣០០​ម៉ែត្រ។​

បើ​តាម​អង្គការ​ NRC​ ​មាន​គ្រួសារ​តិច​ជាង​បី​ពាន់​បាន​រត់​គេច​ខ្លួន​ដោយ​ជោគជ័យ​ចេញ​ពី​ក្រុង​ Fallujah​ នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ដំបូង​នៃ​ការ​វាយ​លុក​ដោយ​កង​កម្លាំង​រដ្ឋាភិបាល​អ៊ីរ៉ាក់​ដែល​បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​ទី២១​ខែ​ឧសភា។ អង្គការ​នេះ​បាន​ថ្លែង​ថា​ ចាប់​តាំង​ពី​ពេល​នោះ​មក​ មាន​គ្រួសារ​តែ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​អាច​រត់​គេច​ខ្លួន​ចេញ​ពី​ក្រុង​នេះ៕

XS
SM
MD
LG