ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សិស្សសាលា​វិទ្យាល័យ​នៅ​ប្រទេសអេរីទ្រា​ប្រឈម​នឹង​ការរំលោភបំពាន​ពលកម្ម


រូបឯកសារ៖ ទាហានប្រទេសអេរីទ្រាដើរក្បួននៅក្រុង Asmara កាលពីខែឧសភា ឆ្នាំ២០០៧។

យោង​តាម​អង្គការ​សិទ្ធិមនុស្ស Human Rights Watch ជំរំ​នេះ​គឺ​ប្រៀប​ដូច​ជាគុក​ដ៏​ធំ​មួយ​ ដែល​ហុំព័ទ្ធ​ដោយ​លួសបន្លា​និង​ឆ្មាំ​ប្រដាប់​ដោយ​អាវុធ។

យុវជន​ស្លៀក​ឯកសណ្ឋាន​ជា​យោធា​ប្រមូលផ្តុំគ្នា​នៅជិត​ព្រំដែន​រវាង​ប្រទេសអេរីទ្រា និង​ប្រទេសអេត្យូពី។ ជា​រៀងរាល់​ឆ្នាំ​សិស្សសាលា​ថ្នាក់ទី១២ ជាង១ម៉ឺននាក់​បាន​ធ្វើ​ដំណើរ​មក​ជំរំ​ការពារ Sawa ស្ថិត​នៅ​ភាគខាងលិច​ប្រទេសអេរីទ្រា​ ដើម្បី​ចូលរួមវគ្គ​ហ្វឹកហ្វឺន​យោធា​ដែល​តម្រូវ​ដោយ​ច្បាប់​ប្រទេស។

ឆ្នាំចុង​ក្រោយ​នៃ​ថ្នាក់វិទ្យាល័យ​គឺ​ជា​ ពេល​ដែល​សិស្សសាលា​ភាគច្រើន​រីករាយ​ជាមួយ​នឹង​ការសិក្សា​ លេងកីឡា​ និង​ការរាំកំសាន្ត។ ប៉ុន្តែ​សម្រាប់​សិស្ស​សាលា​នៅ​ប្រទេស​អេរីទ្រា​វិញ​គឺ​ជា​ ឆ្នាំ​ដែល​ត្រូវ​ទៅ​ចូលរួម​វគ្គបណ្តុះបណ្តាល​នៅឯ​ជំរំ​យោធា​ ដែល​ត្រូវ​បាន​កំណត់​ថា​ជា​កាតព្វកិច្ច​ និង​ត្រូវ​ចូល​បម្រើជាតិ​ ដែល​នៅទីនោះ​ពួកគេ​ប្រឈម​នឹង​ការបំពាន​ទាំងរាងកាយ​និង​ផ្លូវចិត្ត។

របាយការណ៍​ថ្មីមួយ​ដែល​ចេញ​ផ្សាយ​ដោយ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស Human Rights Watch បាន​ណែនាំ​ឲ្យ​ពិនិត្យ​មើល​ល្អិតល្អន់​លើ​ប្រព័ន្ធ​ចូល​បម្រើ​យោធា​របស់​ប្រទេស​អេរីទ្រា​រហូត​មក​ដល់​ពេលបច្ចុប្បន្ន​ ដែល​បាន​បង្ខំ​ឲ្យ​យុវជន​ត្រូវ​បញ្ចប់ ការសិក្សា​ថ្នាក់​វិទ្យាល័យ​នៅឆ្នាំ​ចុងក្រោយ​របស់​ពួកគេ ​នៅ​ឯមជ្ឈមណ្ឌល​ហ្វឹកហ្វឺន ​Sawa ក្នុង​ទីក្រុង​វាលខ្សាច់​ដែល​ជា​ផ្នែកមួយ​នៃ​កម្មវិធី​សិក្សា​របស់​ពួកគេ។

របាយការណ៍​នោះ​មាន​ចំណងជើង​ថា‍ «គេយក​ពួកយើង​ទៅ​ធ្វើ​ជា​ទាសករ​ មិនមែន​យក​ពួក​យើង​ទៅ​រៀន​ទេ‍» បាន​សម្ភាសន៍​អតីត​សិស្សសាលា​ថ្នាក់​អនុវិទ្យាល័យ និង​គ្រូបង្រៀន​សេវាជាតិ​ ៧៣នាក់​ដើម្បី​ទទួល​បាន​ព័ត៌មាន​លម្អិត​អំពី​អ្វី​ដែល​កើតឡើង​នៅក្នុង​ជំរំ​នោះ។

អង្គការ​សិទ្ធិមនុស្ស Human Rights Watch បាន​រក​ឃើញ​ថា​ ក្រុមអាជ្ញាធរ​នៅ​ឯជំរំ Sawa ​បាន​ដាក់​សិស្សសាលា​នៅ​ក្រោម​បទបញ្ជាយោធា​ពេញ​មួយ​ឆ្នាំ​ វាយ​ធ្វើ​បាបពួក​គេ​ដោយសារ​រឿង​តិចតួច​ និង​បង្ខំ​ពួកគេ​ឲ្យ​ធ្វើការ។ ពួកគ្រូបង្រៀន​នៅ​ជំរំ​នេះ​មាន​អាយុ​មិន​ច្រើន​ជាង​សិស្សសាលា​ទាំងនេះ​ប៉ុន្មានទេ។ ចាប់តាំង​ពីពេល​ដែលពួកគេ​ចូល​បម្រើ​ការងារ​នៅក្នុង​ជំរំ​នេះ​មក​ ពួកគេ​មាន​អត្តចរិត​ព្រងើយកន្តើយ​ ហើយ​ជារឿយៗ​អវត្តមាន​នៅ​សាលា។

នៅក្នុង​បទសម្ភាសន៍​ជាមួយ VOA អ្នកស្រី Laetitia Bader អ្នកស្រាវជ្រាវ​នៅ​ឯអង្គការ​សិទ្ធិមនុស្ស Human Rights Watch បាន​និយាយ​ថា​ ប្រព័ន្ធ​ចូល​បម្រើជាតិ​នេះ​បាន​ធ្វើ​ឲ្យ​យុវជន​ក្មេងៗ​មានអារម្មណ៍​អស់សង្ឃឹម។

អ្នកស្រី Bader បាន​និយាយ​ថា​ «មិនមែន​មាន​តែ​យុវជនក្មេងៗ​ទាំងនេះ​ទេ​ដែលគ្មាន​ឱកាស​គ្រប់គ្រង​លើ​វាសនា​របស់​ពួកគេ​ ក៏ប៉ុន្តែ​វា​ក៏​ជា​សញ្ញាបង្ហាញ​ថា ​ឆ្នាំ​ចូលបម្រើ​ការ​ជា​យោធា​នៅជំរំ Sawa ធ្វើ​ឲ្យ​សិស្ស​សាលា​គិត​ថា នៅក្នុង​បរិស្ថាន​យោធា​ដូច​នេះ​ ពួក​គេ​មិនមែន​ជា​សិស្ស​ពិត​ប្រាកដទេ‍»។

ចាប់តាំង​ពីឆ្នាំ២០០៣មក ​ក្រុមមន្រ្តី​បាន​តម្រូវ​ឲ្យ​យុវជនក្មេងៗ​បញ្ចប់​ថ្នាក់ទី១២ នៅក្នុង​ជំរំ Sawa។ ជា​រៀងរាល់ឆ្នាំ​ សិស្ស​ចន្លោះពី១ម៉ឺន១ពាន់នាក់​ ទៅ១ម៉ឺន៥ពាន់នាក់​បាន​មក​ដល់​ជំរំ​នេះ។ យោង​តាម​អង្គការ​សិទ្ធិមនុស្ស Human Rights Watch ជំរំ​នេះ​គឺ​ប្រៀប​ដូច​ជាគុក​ដ៏​ធំ​មួយ​ ដែល​ហុំព័ទ្ធ​ដោយ​លួសបន្លា​និង​ឆ្មាំ​ប្រដាប់​ដោយ​អាវុធ។

អង្គការសិទ្ធិមនុស្ស Human Rights Watch ក៏​បាន​រក​ឃើញ​ដែរ​ថា​ យុវជនក្មេងៗ​កំពុង​បោះបង់​ចោល​ការសិក្សា​នៅ​ត្រឹម​ថ្នាក់ទី១១ ដើម្បី​គេច​ចេញ​ពី​ការបញ្ជូន​ទៅ​ជំរំ​នេះ។ សិស្សសាលា​និង​គ្រូបង្រៀន​ជាច្រើន​កំពុង​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​ជីវិត​ដើម្បី​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស។ នេះ​បើ​យោង​តាម​ក្រុម​តស៊ូ​មតិ​នេះ។

របាយការណ៍​បាន​បង្ហាញ​ថា​ អតីតសិស្ស​សាលា​នៅ​ជំរំ Sawa បាន​ពណ៌នា​អំពីការ​បណ្តុះបណ្តាល​នោះ​ថា​ ត្រូវ​ចេញ​ទៅ​ហាត់​នៅ​មុន​ថ្ងៃរះ​ ធ្វើ​សមយុទ្ធ​ដ៏​គ្រោះថ្នាក់​ រៀន​ពីរ​បៀប​រស់នៅ​ពី​ស្ថានភាព​លំបាកៗ​ ដែល​តម្រូវ​ឲ្យ​ពួកគេ​ដេក​នៅ​ទីវាល​ដែល​មាន​អាកាស​ធាតុ​ក្តៅ​ខ្លាំង ​គ្មាន​អាហារ​ និង​ទឹក​គ្រប់គ្រាន់។

សិស្សសាលា​អាយុ ១៩ឆ្នាំ​ម្នាក់​បាន​ប្រាប់​អង្គការសិទ្ធិ​មនុស្ស Human Rights Watch ថា «ជំរំ Sawa គឺ​ជា​ ឋាននរក។ ពួកគេ​ធ្វើអ្វីៗ​គ្រប់យ៉ាង​ដើម្បី​ឲ្យ​អ្នក​ចង់​ចាកចេញ​ពី​ជំរំ។ ចាប់តាំង​ពី​ខែទីមួយ​ នាឡិការោទិ៍​នៅ​ម៉ោង៥ព្រឹក។ ពួកគេ​ឲ្យ​យើង​រត់​ទៅ​បន្ទប់​ទឹក។ អ្នក​មាន​ពេល​តែ៥នាទីប៉ុណ្ណោះ​ ដើម្បី​លាងសម្អាត​ខ្លួន​ នេះ​ប្រសិន​បើ​យើង​មាន​ទឹក ប៉ុន្តែ​ជា​ធម្មតា​គ្មាន​ទឹក​ប្រើ​គ្រប់គ្រាន់​ទេ។ ហើយ ៥នាទីទៀត​សម្រាប់​ប្តូរ​ឯកសណ្ឋាន។ អ្នក​នឹង​ទទួល​រងទារុណកម្ម​ប្រសិន​បើ​អ្នក​មិន​អាច​រៀបចំ​ខ្លួន​ទាន់​ពេល‍»។

រដ្ឋមន្រ្តី​ក្រសួងព័ត៌មានលោក Yemane Gebremeskel បាន​ការពារ​យុទ្ធសាស្រ្ត​របស់​រដ្ឋាភិបាល​លោក ដោយ​លោក​បាន​បង្ហោះសារនៅលើ Twitter ថា​ យុទ្ធសាស្រ្ត​ការពារ​ប្រទេស​ជាតិ​នេះ​គឺ​ជា​ ការចូលរួម​ចំណែក​នៅក្នុង​ការរក្សា​ស្ថេរភាព​នៅ​ក្នុង​ប្រទេស និង​សន្តិភាព​នៅ​ទូទាំង​តំបន់។

នៅ​ដើមខែ​នេះ​ រដ្ឋាភិបាល​បាន​ប្រារព្ធ​ពិធីគោរព​ដល់​ការចូលបម្រើ​ជាតិរយៈពេល​បី​ថ្ងៃ​នៅ​ជំរំ​ Sawa ដោយ​មាន​ក្បួនដង្ហែរ​ ច្រៀងចម្រៀង​និង​ការថ្លែង​សុន្ទរកថា។ នៅក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​អ្នកសារព័ត៌មាន​របស់​រដ្ឋ​ដែល​ស្ថិតក្​នុង​ឯកសណ្ឋាន​យោធា​នៅ​ឯពិធី​នេះ​ ប្រធានាធិបតី​លោក Isaias Afwerki បាន​បញ្ជាក់​ថា​ ការចូល​បម្រើ​ជាតិ​គឺ​ជា​សេវា​ដែល​បន្ត​ពី​ការ​តស៊ូ​រយៈពេល៣០ឆ្នាំ​របស់​ប្រទេស​អេរីទ្រា​ដើម្បី​ទទួល​បាន​ឯករាជ្យ។

លោក​ Afwerki បាន​ថ្លែង​ថា «នៅពេល​អ្នកធ្វើការ​ប្រៀបធៀប​វា​ជាមួយ​នឹង​ការតស៊ូ​ដើម្បី​ឯករាជ្យ​ ការលះបង់​ប្រហែល​ជា​មាន​លក្ខណៈ​ផ្សេងគ្នា ​ប៉ុន្តែ​ការអភិវឌ្ឍ​ប្រទេស​មាន​ការលំបាក​ជាង»។

អង្គការសិទ្ធិមនុស្សHuman Rights Watch បាន​រក​ឃើញ​ថា​ ពួក​គ្រូបង្រៀន​មាន​អារម្មណ៍​ថា ​ជាប់​អន្ទាក់​ដូច​ពួកសិស្សសាលា​ដែរ​ និង​សុខចិត្ត​ប្រឈម​នឹងគ្រោះ​ថ្នាក់​ដល់​អាយុជីវិត​ដើម្បី​រត់ភៀស​ខ្លួន។

គ្រូបង្រៀន​ម្នាក់​ដែល​ត្រូវ​បាន​សម្ភាសន៍​នៅក្នុង​របាយការណ៍​នេះ​បាន​រាយការណ៍​ថា «ប្រសិនបើ​អ្នក​ត្រូវ​គេ​បញ្ជូន​ទៅ​ជំរំ​ហ្វឹកហ្វឺន​ដើម្បី​ទៅ​បង្រៀន​រូបវិទ្យា​ អ្នក​នឹង​ធ្វើ​ជាគ្រូ​បង្រៀន​រូបវិទ្យា​មួយ​ជីវិត​នៅ​ទីនោះ»។

អ្នកស្រី Bader បាន​ថ្លែង​ថា​ អ្នក​ដែល​ត្រូវ​បាន​សម្ភាសន៍​នៅក្នុង​របាយការណ៍​នេះ​មាន​អារម្មណ៍​អស់​សង្ឃឹម។ អ្នកស្រី​និយាយ​បន្ត​ក្នុង​សម្តី​ដើម​ថា «យើង​ក៏​បាន​និយាយ​ជាមួយ​នឹងគ្រូបង្រៀន​ដែល​ធ្លាប់​បង្រៀន​នៅ​ជំរំ​នោះ​អស់​រាប់ទសវត្សរ៍​ និង​បាន​ព្យាយាម​ឈប់​ធ្វើការ​នៅ​ក្នុង​ជំរំ​នោះ។ ប៉ុន្តែ​ការសា្រវជ្រាវ​បាន​រកឃើញ​យ៉ាង​ច្បាស់​ថា ការ​សុំ​លាឈប់​ពី​ជំរំ​គឺ​ជា​ ការរំលោភបំពាន»។

អង្គការ Human Rights Watch បាន​ឲ្យ​ដឹង​ថា​កិច្ចព្រមព្រៀង​សន្តិភាព​មួយ​ជាមួយ​ប្រទេស​អេត្យូពី​នាពេលថ្មីៗ​នេះ​លុបចោល​ការអះអាង​អំពី​ប្រព័ន្ធ​ចូល​បម្រើ​ជាតិនា​ពេលបច្ចុប្បន្ន។ អង្គការ​សិទ្ធិមនុស្ស​នេះ​បាន​ជំរុញ​ដល់​រដ្ឋាភិបាល​ប្រទេសអេរីទ្រា​ឲ្យ​កំណត់​ពេលវេលា​ដើម្បី​រំលាយ​ប្រព័ន្ធ​ចូលបម្រើ​ប្រទេសជាតិ​នេះ​ និង​អនុញ្ញាតឲ្យ​សិស្ស​សាលា​បញ្ចប់​ការសិក្សា​របស់​គេ​នៅក្នុង​ថ្នាក់រៀន​ដែល​មិនមែន​ជា​ស្ថាប័ន​យោធា៕

ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា​

XS
SM
MD
LG