ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍​ថ្មី៖ គម្រោង​សាងសង់​របស់​ចិន​ជា​ឱកាស​ធ្វើ​ចារកម្ម​លើ​មេដឹកនាំ​នានា​នៅ​អាហ្វ្រិក


រូបឯកសារ៖ មេការដ្ឋានសំណង់ជនជាតិចិនម្នាក់កំពុងពិនិត្យមើលកម្មករធ្វើការ នៅការដ្ឋានសំណង់កន្លែងស្នាក់នៅដល់យោធា ជាជំនួយរបស់ចិន នៅទីក្រុង Bissau ប្រទេស Guinea-Bissau ក្នុងទ្វីបអាហ្រ្វិក កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០០៧។

របាយការណ៍​ថ្មី​មួយ​បាន​ព្រមាន​ថា ចិន​អាច​នឹង​ធ្វើ​ចារកម្ម​លើ​មន្ត្រី​រដ្ឋាភិបាល​នានា​នៅ​ទ្វីប​អាហ្វ្រិក​ចេញ​ពី​អគារ​ដែល​ចិន​បាន​សាងសង់​ឱ្យ​ពួកគេ។

របាយការណ៍​ដែល​ចេញ​ផ្សាយ​ដោយ​អង្គការ Heritage Foundation ដែល​ជា​អង្គការ​អភិរក្ស​និយម​ស្រាវជ្រាវ​គោល​នយោបាយ មាន​មូលដ្ឋាន​នៅ​ក្នុង​សហរដ្ឋអាមេរិក បាន​រក​ឃើញ​ថា ក្រុមហ៊ុន​ចិន​បាន​សាងសង់​អគារ​រដ្ឋាភិបាល​យ៉ាង​ហោច​ណាស់​ចំនួន ១៨៦ នៅ​ក្នុង​ទ្វីប​អាហ្វ្រិក និង «បណ្តាញ​ទូរគមនាគមន៍​អន្តរ​រដ្ឋាភិបាល» ចំនួន ១៤។ អគារ​ទាំង​នេះ ​រួម​មាន​និវេសនដ្ឋាន​សម្រាប់​ប្រមុខ​រដ្ឋ ការិយាល័យ​រដ្ឋសភា និង​ទីស្នាក់ការ​ប៉ូលិស និង​យោធា។

លោក Joshua Meservey ដែល​ជា​អ្នក​និពន្ធ​របាយការណ៍​នេះ និង​ជា​អ្នក​វិភាគ​គោលនយោបាយ​ជាន់​ខ្ពស់​ផ្នែក​កិច្ចការ​ទ្វីប​អាហ្វ្រិក​នៃ​អង្គការ Heritage Foundation បាន​និយាយ​ថា ការ​ស្រាវជ្រាវ​នេះ​មិន​បាន​បង្ហាញ​ថា មាន​ការ​ធ្វើ​ចារកម្ម​នៅ​ក្នុង​អគារ​ទាំង​នោះ​ទេ ប៉ុន្តែ​លោក​ជឿ​ថា វា​អាច​មាន​លទ្ធភាព​ទៅ​រួច។

លោក Meservey បាន​ប្រាប់ VOA តាម Skype ថា៖ «រដ្ឋាភិបាល​ចិន​មាន​ប្រវត្តិ​ជា​យូរយារ​មក​ហើយ​លើ​ការ​ឈ្លប​យក​ការណ៍ និង​ចារកម្ម​នៅ​ទូទាំង​សាកលលោក។ ដូច្នេះ យើង​ដឹង​ថា នេះ​ជា​រឿង​ដែល​ពួកគេ​ចង់​ធ្វើ និង​ជា​រឿង​ដែល​ពួកគេ​អាច​មាន​សមត្ថភាព​ធ្វើ​បាន។ លើស​ពី​នេះ​ទៀត ទ្វីប​អាហ្វ្រិក​មាន​ប្រយោជន៍​ល្មម​គ្រប់គ្រាន់​សម្រាប់​ពួកគេ​ក្នុង​ការ​ធ្វើ​ចារកម្ម​នេះ»។

លោក Meservey បាន​កត់សម្គាល់​ថា សូម្បី​តែ​ក្រុមហ៊ុន​ឯកជន​ចិន​ក៏​ត្រូវ «មាន​កាតព្វកិច្ច​ផ្លូវ​ច្បាប់» ក្នុង​ការ​ជួយ​ដល់​គណបក្ស​កុម្មុយនិស្ត​ចិន​ក្នុង​ការ​យក​ព័ត៌មាន​សម្ងាត់​ផង​ដែរ។

រូបឯកសារ៖ លោក Zhao Lijian អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងប៉េកាំង កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០។
រូបឯកសារ៖ លោក Zhao Lijian អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងប៉េកាំង កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០។

ការ​ឆ្លើយតប​របស់​រដ្ឋាភិបាល​ចិន

នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​កាលពី​ថ្ងៃ​ទី ២២ ខែឧសភា អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន លោក Zhao Lijian បាន​រិះគន់​ខ្លាំងៗ​លើ​របាយការណ៍​នេះ ដោយ​និយាយ​ថា វា​មាន​ពោរពេញ​ទៅ​ដោយ «ការ​កុហក ការ​បំភាន់ និង​ភាពលម្អៀង​បែប​មនោគមវិជ្ជា»។

បើ​យោង​តាម​អត្ថបទ​ផ្លូវ​ការ​នៃ​សុន្ទរកថា​របស់​លោក លោក Lijian បាន​និយាយ​ថា៖ «យើង​ជំរុញ​ឱ្យ​អង្គការ​វិភាគ​គោល​នយោបាយ​មួយ​នោះ​នៅ​ក្នុង​សហរដ្ឋអាមេរិក​ចំណាយ​ពេល​ និង​ថាមពល​បន្ថែម​ទៀត​ក្នុង​ការ​ជួយ​ដល់​ទ្វីប​អាហ្វ្រិក​ដោយ​សកម្មភាព​ជាក់ស្ដែង ជា​ជាង​ការ​ផ្សព្វផ្សាយ​ពាក្យ​កុហក។ ពលរដ្ឋ​អាហ្វ្រិក​មាន​ការ​គិត​ពិចារណា​ត្រឹមត្រូវ។ ការ​ប៉ុនប៉ង​បំផ្លាញ​ភាព​ជា​ដៃគូ​ដ៏​ល្អ​រវាង​ចិន និង​អាហ្វ្រិក​ នឹង​នាំ​ឱ្យ​មាន​ភាព​អាម៉ាស់​សម្រាប់​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ»។

លោក Meservey បាន​និយាយ​ថា គោលគំនិត​សម្រាប់​ការ​ធ្វើ​របាយការណ៍​នេះ​ឡើង គឺ​កើត​ចេញ​ពី​ការ​ចោទប្រកាន់​ក្នុង​ឆ្នាំ ២០១៨ ដែល​ថា ប្រទេស​ចិន​បាន​ដំឡើង​ឧបករណ៍​ស្តាប់​សំឡេង​នៅ​ក្នុង​ទីស្នាក់ការ​របស់​សហភាព​អាហ្វ្រិក​ នៅ​ក្នុង​ទីក្រុង Addis Ababa ប្រទេស​អេត្យូពី។

ការ​រកឃើញ​នេះ ដែល​ពី​ដំបូង​ចេញ​ផ្សាយ​ដោយ​កាសែត​បារាំង​មួយ​ឈ្មោះ​ថា Le Monde បាន​ចោទ​ប្រកាន់​ថា បណ្តាញ​ផ្ទុក​ទិន្នន័យ​នៅ​ក្នុង​ទីស្នាក់ការ​សហភាព​អាហ្វ្រិក​បាន​បញ្ជូន​ទិន្នន័យ​ដោយ​សម្ងាត់​ទៅ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​មួយ​ នៅ​ក្នុង​ទីក្រុង​សៀងហៃ ប្រទេស​ចិន ជារៀងរាល់​យប់​នៅ​ចន្លោះ​ពី​ពាក់​កណ្តាល​អាធាត្រ ដល់​ម៉ោង ២ ព្រឹក។

កាសែត Le Monde បាន​សរសេរ​នៅ​ក្នុង​ឆ្នាំ ២០១៨ ថា៖ «ប្រព័ន្ធ​កុំព្យូទ័រ​ត្រូវ​បាន​ដំឡើង​រួច​ជាស្រេច​ នៅ​ពេល​បញ្ជូន​យក​មក​ប្រើប្រាស់។ ហើយ​វិស្វករ​ចិន​មាន​ចេតនា​ទុក​ចន្លោះ​ប្រហោង​ចំនួន​ពីរ​នៅ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ ដែល​ផ្តល់​លទ្ធភាព​ដាច់​ដោយ​ឡែក​ពី​គ្នា​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ទាំង​អស់​អំពី​ការ​ដោះដូរ និង​ការ​ផលិត​ទិន្នន័យ​ផ្ទៃក្នុង​របស់​សហភាព​អាហ្វ្រិក»។

ការ​កសាង​ភាព​ពេញ​ចិត្ត

សហភាព​អាហ្វ្រិក និង​ក្រុម​មន្ត្រី​ចិន​បាន​បដិសេធ​របាយការណ៍​ដែល​ចេញ​ផ្សាយ​ដោយ​កាសែត Le Monde។ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​សហភាព​អាហ្វ្រិក លោក Kuang Weilin បាន​ហៅ​ការ​ចោទប្រកាន់​នោះ​ថា គ្មាន​ហេតុផល និង​បាន​និយាយ​ថា របាយការណ៍​នេះ​ត្រូវ​បាន​គេ​តាក់តែង​ឡើង​ដើម្បី​បំផ្លាញ​ទំនាក់ទំនង​រវាង​ចិន និង​អាហ្វ្រិក។

ប៉ុន្តែ​លោក Meservey ជឿ​ថា ការ​ធ្វើ​ចារកម្ម​លើ​សហភាព​អាហ្វ្រិក​ប្រហែល​ជា​ទើប​នឹង​ចាប់ផ្ដើម​តែ​ប៉ុណ្ណោះ។ លោក​បាន​និយាយ​ថា មូលហេតុ​របស់​ចិន​ក្នុង​ការ​វិនិយោគ​យ៉ាង​ច្រើន​ទៅ​លើ​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​រដ្ឋាភិបាល​នានា​នៅ​ទ្វីប​អាហ្វ្រិក​មាន​ភាព​សង្ស័យ ដោយសារ​តែ​គម្រោង​ទាំង​នេះ​ជា​ទូទៅ​មិន​ទទួល​បាន​ប្រាក់​ចំណេញ​នោះ​ទេ។

លោក Meservey បាន​និយាយ​នៅ​ក្នុង​សម្តី​ដើម​ថា៖ «អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មក​ហើយ ធាតុ​ដ៏​សំខាន់​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ការ​ទូត​អន្តរជាតិ​របស់​ចិន​បាន​ធ្វើ​ឱ្យ​មាន​ទំនាក់ទំនង​ដ៏​រឹងមាំ​ជាមួយ​នឹង​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​របស់​អាហ្វ្រិក និង​បាន​ផ្តល់​ឲ្យ​ពួកគេ​នូវ​អគារ​រដ្ឋាភិបាល​ថ្មីៗ និង​ទំនើបៗ។ ច្បាស់​ណាស់ វា​ជា​វិធី​មួយ​ក្នុង​ការ​ទទួល​បាន​ការ​ពេញ​ចិត្ត​ពី​រដ្ឋាភិបាល​ទាំង​នេះ។ គោលនយោបាយ​ទាំង​នេះ​ត្រូវ​បាន​គេ​តាក់តែង​ឡើង​ដើម្បី​ធ្វើ​ជា​ឥទ្ធិពល​នយោបាយ»។

របាយការណ៍​របស់​លោក​រកឃើញ​ថា ក្រុមហ៊ុន​ចិន​បាន​សាងសង់​វិមាន និវេសនដ្ឋាន ឬ​ខុទ្ទកាល័យ​របស់​ប្រធានាធិបតី ឬ​នាយករដ្ឋមន្ត្រី​នៅ​ទ្វីប​អាហ្វ្រិក យ៉ាង​ហោច​ណាស់​ចំនួន ២៤ និង​ការិយាល័យ​សភា ឬ​វិមាន​សភា​យ៉ាង​ហោច​ណាស់​ចំនួន ២៦។

លោក Meservey បាន​និយាយ​ថា ចិន​ប្រហែល​ជា​មាន​បំណង​យក​ព័ត៌មាន​ពី​ប្រទេស​ទី​បី ដូចជា​សហរដ្ឋអាមេរិក​ជា​ដើម នៅ​ពេល​ដែល​អ្នក​ការទូត​របស់​ចិន​ធ្វើ​ទស្សនកិច្ច​ទៅ​ប្រទេស​ណា​មួយ​នៅ​ទ្វីប​អាហ្វ្រិក។ លោក​បាន​និយាយ​ថា ចិន​អាច​នឹង​ចាប់អារម្មណ៍​ក្នុង​ការ​ប្រមូល​យក​ទិន្នន័យ​ហិរញ្ញវត្ថុ​អំពី​ប្រទេស​អាហ្វ្រិក​សម្រាប់​ការ​វិនិយោគ​ក្នុង​ពេល​អនាគត និង​ដើម្បី​អាច​ទាញ​យក​ចំណេញ​នៅ​ក្នុង​ការ​ចរចា​លើ​ប្រាក់​កម្ចី។ ចិន​ក៏​អាច​នឹង​ចង់​ប្រមូល​យក​ព័ត៌មាន​ផ្ទាល់​ខ្លួន​ ដែល​មាន​ប្រយោជន៍​អំពី​មេដឹកនាំ​នៃ​ប្រទេស​នានា​នៅ​ទ្វីប​អាហ្វ្រិក​ផង​ដែរ។

លោក Meservey បាន​និយាយ​នៅ​ក្នុង​សម្តី​ដើម​ថា៖ «វា​អាច​ទៅ​រួច​ក្នុង​ការ​ប្រមូល​យក​ព័ត៌មាន​អំពី​មេដឹកនាំ​ណា​ម្នាក់ សិក្សា​ពី​ទម្លាប់​របស់​ពួកគេ ចំណង់ចំណូល​ចិត្ត​របស់​ពួកគេ និង​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ពួកគេ។ ព័ត៌មាន​ដែល​អ្នក​អាច​ប្រើប្រាស់​ដើម្បី​បង្វែរ​ពួកគេ​តាម​ចិត្ត ឬ​ដើម្បី​ទាក់ទាញ​ពួកគេ​ឱ្យ​មក​ជា​ប្រយោជន៍ មិន​ថា​តាម​រយៈ​ការ​គំរាម ឬ​ដឹង​ពី​របៀប​បំពេញ​តម្រូវការ​ឱ្យ​ពួកគេ​នោះ​ទេ»៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG