ក្រុមអ្នកស្រាវជ្រាវឯករាជ្យមួយនៅស.រ.អានិយាយថា ប្រទេសចិនកំពុងតំឡើងប្រព័ន្ធរ៉ាដាមួយនៅពាសពេញកោះដែនមានជម្លោះ ដែលខ្លួនត្រួតត្រានៅក្នុងដែនសមុទ្រចិនខាងត្បូង។ សកម្មភាពនេះអាចពង្រឹងសមត្ថភាពចិនឲ្យអាចគ្រប់គ្រងតំបន់ទាំងមូលបាន។
របាយការណ៍មួយរបស់មជ្ឈមណ្ឌលសិក្សាបញ្ហាយុទ្ធសាស្ត្រនិងអន្តរជាតិ ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោននេះ ត្រូវបានចេញផ្សាយ ខណៈដែលរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) មកបំពេញទស្សនកិច្ចនៅស.រ.អា ដើម្បីពិភាក្សាជាមួយសមភាគីអាមេរិករបស់លោកគឺលោករដ្ឋមន្ត្រីការបរទេស ចន ឃែរី (John Kerry)។
របាយការណ៍របស់ក្រុមស្រាវជ្រាវនេះ ដែលមានចំណងជើងថា គំនិតផ្តួចផ្តើមឲ្យមានតម្លាភាពនៅដែនសមុទ្រអាស៊ី បានបញ្ចេញរូបភាពតាមផ្កាយរណប ដែលបង្ហាញឲ្យឃើញប្រព័ន្ធរ៉ាដា ដែលមានហ្វ្រេកង់ខ្ពស់មួយនៅលើថ្មប៉ប្រះទឹក Cuarteron លើកោះស្រ្ពែតលី (Spratly) ព្រមទាំងប៉មបង្គោលភ្លើង កន្លែងសម្រាប់ឧទ្ធម្ភាគចក្រចុះចត លេនដ្ឋានក្រោមដី និងឧបករណ៍សម្រាប់ទំនាក់ទំនងផ្សេងៗទៀតផងដែរ។
របាយការណ៍ដដែល បានឲ្យដឹងថា ប្រព័ន្ធរ៉ាដានៅលើកោះនោះ «នឹងបង្កើនសមត្ថភាពរបស់ចិនយ៉ាងខ្លាំង ដើម្បីត្រួតពិនិត្យមើលចរាចរណ៍លើផ្ទៃទឹកនិងលើអាកាស នៅប៉ែកខាងជើងនៃដែនសមុទ្រចិនខាងត្បូង»។ ក្រុមស្រាវជ្រាវនេះក៏និយាយដែរថា ចិនហាក់ដូចជាក៏កំពុងតំឡើងប្រព័ន្ធរ៉ាដា នៅលើកោះតូចៗផ្សេងទៀតនៅក្នុងប្រជុំកោះស្ព្រែតលីនោះផងដែរ៕