ប្រទេសចិនត្រូវបានគេរាយការណ៍ថា កំពុងពិចារណាចាក់វ៉ាក់សាំងបរទេសដើម្បីបង្កើនអង្គបដិប្រាណសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងរបស់ចិនគ្រប់ដូស ដូចជាវ៉ាក់សាំង Sinovac និង Sinopharm។
Caixin ដែលជាទស្សនាវដ្តីហិរញ្ញវត្ថុចិនគួរឲ្យទុកចិត្ត និយាយថា អ្នកត្រួតពិនិត្យឱសថនៅក្នុងប្រទេសចិនបានបញ្ចប់ការពិនិត្យឡើងវិញរបស់ក្រុមអ្នកជំនាញអំពីវ៉ាក់សាំងបន្ថែមអង្គបដិប្រាណ ដែលផលិតរួមគ្នាដោយក្រុមហ៊ុនឱសថ Shanghai Fosun Pharmaceutical (Fosun Pharma) របស់ប្រទេសចិន និងក្រុមហ៊ុន BioNTech របស់អាល្លឺម៉ង់។ វ៉ាក់សាំងបន្ថែមអង្គបដិប្រាណឈ្មោះ Fosun-BioNTech COVID-19 នេះ កំពុងស្ថិតនៅក្នុងដំណាក់កាលត្រួតពិនិត្យខាងរដ្ឋបាល។
សេចក្តីរាយការណ៍នេះបានលេចឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីប្រទេសថៃ និងឥណ្ឌូណេស៊ីបានប្រកាសថា ពួកគេនឹងប្តូរពីវ៉ាក់សាំងផលិតនៅក្នុងប្រទេសចិនទៅប្រើវ៉ាក់សាំងរបស់ប្រទេសលោកខាងលិចវិញ៕
ម៉្យាងទៀត ប្រទេសចិនថា ខ្លួនភ្ញាក់ផ្អើលនឹងផែនការមួយទៀតរបស់អង្គការសុខភាពពិភពលោក (WHO) សិក្សាអំពីប្រភពជំងឺកូវីដ១៩។
មន្ត្រីជាន់ខ្ពស់ផ្នែកសុខាភិបាលចិនបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា លោកភ្ញាក់ផ្អើលចំពោះផែនការរបស់អង្គការសុខភាពពិភពលោកសិក្សាដំណាក់កាលទី២ អំពីប្រភពជំងឺកូវីដ១៩។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន AP។
លោក Zeng Yixin អនុរដ្ឋមន្រ្តីគណៈកម្មការសុខាភិបាលជាតិចិន បានបដិសេធថា ទ្រឹស្តីអំពីការលេចធ្លាយវីរុសពីមន្ទីរពិសោធន៍ចិន ជាពាក្យចចាមអារាមប្រឆាំងសុភវិនិច្ឆ័យ។
ប្រធានអង្គការសុខភាពពិភពលោកបានទទួលស្គាល់កាលពីសប្តាហ៍មុនថា មិនទាន់អាចបដិសេធទំនាក់ទំនងអាចមានរវាងវីរុសកូរ៉ូណា និងមន្ទីរពិសោធន៍ចិនទេ។
លោក Zeng បាននិយាយថា មន្ទីរពិសោធន៍នៅទីក្រុង Wuhan មិនមានវីរុសដែលអាចចម្លងទៅមនុស្សដោយផ្ទាល់ទេ។ លោកថា ប្រទេសចិន បានបញ្ជាក់ម្តងហើយម្តងទៀត និងមិនទទួលយកផែនការរបស់អង្គការសុខភាពពិភពលោកនេះទេ៕
ទីភ្នាក់ងារសារព័ត៌មាន AP រួមចំណែករាយការណ៍ពីរដ្ឋធានីប៉េកាំង