អ្នកវិភាគនិយាយថាការប៉ះទង្គិចគ្នានៅពេលថ្មីៗនេះរវាងនាវាឆ្មាំសមុទ្រចិននិងហ្វីលី ពីនជិតតំបន់ថ្មប៉ះប្រះទឹកមានជម្លោះនៅតំបន់សមុទ្រចិនខាងត្បូងជាផ្នែកមួយនៃយុទ្ធ នាការរបស់រដ្ឋាភិបាលក្រុងប៉េកាំងដើម្បីជំរុញឱ្យរដ្ឋាភិបាលក្រុងម៉ានីលបន្ទន់គោលជំ ហររបស់ខ្លួន។ ពួកគេបន្តថាការណ៍នេះបានចោទជាសំណួរថាតើភាគីទាំងពីរអាចរក្សាភាពស្ងប់ស្ងាត់ បើទោះបីជាបានឈានដល់ការសម្រេចកិច្ចព្រមព្រៀងបណ្តោះ អាសន្នដើម្បីបញ្ចប់ការប៉ះទង្គិចគ្នាកាលពីខែកក្កដាកន្លងទៅក៏ដោយ។
ហេតុការណ៍កាលពីថ្ងៃចន្ទ ទី១៩ ខែសីហា ដែលបានធ្វើឱ្យធ្លាយក្លាយជាប្រហោងមួយដល់នាវាឆ្មាំសមុទ្រហ្វីលីពីន បានកើតឡើងជិតតំបន់ថ្មប៉ប្រះទឹកSabina ស្ថិតក្នុងដែនសេដ្ឋកិច្ចផ្តាច់មុខរបស់ហ្វីលីពីន។ ចិននិយាយថាតំបន់ថ្មប៉ប្រះទឹកនេះគឺជាផ្នែកមួយនៃដែនដីរបស់ខ្លួន។
ដូចនឹងហេតុការណ៍ពីមុនមកជិតតំបន់ថ្មប៉ប្រះទឹកSecond Thomas Shoal ហេតុការណ៍កាលពីថ្ងៃចន្ទបានកើតឡើងនៅពេលនាវាឆ្មាំសមុទ្រហ្វីលីពីនពីរគ្រឿងឈ្មោះCape Engano និងBagacay កំពុងជាប់បេសកកម្មដឹកសំភារៈសម្រាប់មន្រ្តីឈរជើងនៅកោះ Flat Island ដែលរដ្ឋាភិបាលក្រុងម៉ានីលហៅថាPatagនិងកោះLawak Island ដែលរដ្ឋាភិបាលក្រុងប៉េកាំងហៅថា Nanshan។
ដំបូងឡើយ នាវាCape Engano ប៉ះគ្នាជាមួយនឹងនាវាឆ្មាំសមុទ្រចិននៅម៉ោង៣និង២៤នាទីទៀបភ្លឺ កាលពីថ្ងៃចន្ទ ហើយនាវាឆ្មាំសមុទ្រចិនមួយទៀតបានប៉ះគ្នាជាមួយនឹងនាវា Bagacay របស់ហ្វីលីពីន១៦នាទីក្រោយមក។
រដ្ឋាភិបាលក្រុងម៉ានីលបានចោទប្រកាន់នាវាឆ្មាំសមុទ្រចិនពីការធ្វើ «សកម្មភាពបង្កគ្រោះថ្នាក់» ដែលបានបណ្តាលឱ្យមានការខូចខាតធ្ងន់ធ្ងរដល់នាវារបស់ខ្លួន ស្របពេលរដ្ឋាភិបាលក្រុងប៉េកាំងបាននិយាយថានាវាហ្វីលីពីន«បានបង្កការប៉ះទង្គិចដោយចេតនា» មកលើនាវារបស់ខ្លួន ទោះបីជាមានការព្រមានជាច្រើនដងក៏ដោយ។
ភាគីទាំងពីរបានបញ្ចេញខ្សែអាត់វីដេអូដើម្បីគាំទ្រការចោទប្រកាន់របស់ខ្លួន ហើយអ្នកវិភាគខ្លះនិយាយថាការបញ្ចេញវីដេអូដ៏ឆាប់រហ័សពីសំណាក់រដ្ឋាភិបាលក្រុងប៉េកាំង ក្នុងពេលត្រឹមតែបីម៉ោងបន្ទាប់ពីហេតុការណ៍បានកើតឡើង ឆ្លុះបញ្ចាំងពីកិច្ចប្រឹង ប្រែងរបស់រដ្ឋាភិបាលចិន ដើម្បីតតាំងនឹងការលើកឡើងរបស់រដ្ឋាភិបាលក្រុងម៉ានីលអំពីការប៉ះទង្គិចគ្នានេះ។
លោក Collin Koh អ្នកជំនាញផ្នែកសន្តិសុខផ្លូវទឹកប្រចាំមហាវិទ្យាល័យផ្នែកសិក្សាអន្តរជាតិនៃសាកលវិទ្យាល័យ S. Rajaratnam នៅសឹង្ហបុរីបាននិយាយថា៖«ចិនកំពុងព្យាយាមគំរាមហ្វីលីពីន និងជំរុញឱ្យពួកគេកាត់បន្ថយវត្តមានរបស់ឆ្មាំសមុទ្រជុំវិញ តំបន់ថ្មប៉ប្រះទឹកមានជម្លោះនៅសមុទ្រចិនខាងត្បូង»។
លោកKoh បានលើកឡើងថាហេតុការណ៍កាលពីថ្ងៃចន្ទជុំវិញតំបន់ថ្មប៉ប្រះទឹកSabina Shoal គឺជាហេតុការណ៍ប៉ះទង្គិចគ្នាដំបូងជិតតំបន់ថ្មប៉ប្រះទឹក និងបង្ហាញថាឆ្មាំសមុទ្រចិនកំពុងប្រើប្រាស់យុទ្ធសាស្រ្តបែបជាប្រព័ន្ធដើម្បីធ្វើការទាមទារយកជាដែនដីរបស់ខ្លួននៅជិតចំណុចប៉ះទង្គិចគ្នាចម្បងៗទាំងបីក្នុងសមុទ្រចិនខាងត្បូង រួមមាន តំបន់ថ្មប៉ប្រះទឹក Second Thomas តំបន់ថ្មប៉ប្រះទឹក Scarborough Shoal និងតំបន់ថ្មប៉ប្រះទឹក Sabina Shoal។
លោក Koh បានថ្លែងប្រាប់វីអូអេតាមទូរសព្ទថា៖«ការប៉ះទង្គិចគ្នាទាំងនេះលែងជាហេតុការណ៍ដាច់ដោយឡែកពីគ្នាតទៅទៀតហើយ ពីព្រោះចិនកំពុងតែប្រើប្រាស់យុទ្ធសាស្រ្តបែបជាប្រព័ន្ធនៅជុំវិញចំណុចសំខាន់ៗទាំងបីនោះជាមួយហ្វីលីពីន»។
ភាពតានតឹងដែលកើតមានយ៉ាងឆាប់រហ័សរវាងចិននិងហ្វីលីពីនបានកើតឡើង បន្ទាប់ពីភាគីទាំងពីរបានអះអាងថា បានឈានដល់ការសម្រេចមួយដើម្បីបញ្ឈប់ការប៉ះទង្គិចខ្លាំងដ៏ធ្ងន់ធ្ងរនៅជិតតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal កាលពីខែកក្កដា។
លោកKoh និយាយថាការណ៍នេះបង្ហាញថាលទ្ធភាពនៃការឈានដល់ការសម្រេចបានយន្តការបន្ធូរបន្ថយភាពតានតឹងនៅតំបន់សមុទ្រចិនភាគខាងត្បូងរវាងរដ្ឋាភិបាលក្រុងប៉េកាំងនិងក្រុងម៉ានីលមានកម្រិតទាបខ្លាំង។
លោកបានថ្លែងថា៖ «ភាគីទាំងពីរមានការយល់ឃើញផ្សេងគ្នាពីការទាមទាររបស់ខ្លួននៅក្នុងតំបន់សមុទ្រចិនខាងត្បូង ដូច្នេះពួកគេមិនបានត្រៀមលក្ខណៈដើម្បីថយជំហររបស់ខ្លួននោះទេ» ដោយកត់សម្គាល់ថាលក្ខខណ្ឌដែលនាំឱ្យមានការប៉ះទង្គិចគ្នាសា ជាថ្មីទំនងបន្តកើតមានក្នុងពេលអនាគតដ៏ខ្លីខាងមុខ។
ចិនបានទាមទារសឹងតែទាំងអស់នៃតំបន់សមុទ្រចិនខាងត្បូង ដែលជាផ្លូវពាណិជ្ជកម្មអន្តរជាតិសំខាន់ រួមទាំងផ្នែកជុំវិញតំបន់ថ្មប៉ប្រះទឹកSabina ផងដែរ។ ការអះអាងទាម ទារនេះត្រូវបានធ្វើឡើង បើទោះបីជាមានសេចក្តីសម្រេចកាលពីឆ្នាំ២០១៦ពីសំណាក់តុលាការអចិន្រ្តៃយ៍ក្រុងឡាអេដែលថាការទាមទាររបស់ចិនមិនមានមូលដ្ឋាននៅក្នុងច្បាប់អន្តរជាតិនោះទេ៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា