មន្ត្រីសមាគមអាស៊ានជាន់ខ្ពស់ម្នាក់បាននិយាយថា សមាគមអាស៊ាននឹងបង្កើនការចរចាជាមួយប្រទេសចិនអំពីក្រមប្រតិបត្តិនៅក្នុងសមុទ្រចិនខាងត្បូងដែលមានការដណ្តើមគ្នាយ៉ាងក្តៅគគុក ដោយមានគោលដៅបញ្ចប់ក្រមប្រតិបត្តិនេះមិនឱ្យហួសពីឆ្នាំ ២០២៦ ទេ។
ប៉ុន្តែថាតើក្រមប្រតិបត្តិនេះនឹងតម្រូវឱ្យកំណត់តាមច្បាប់ឬយ៉ាងណានោះ វានៅស្ថិតក្រោមការពិភាក្សាគ្នានៅឡើយ។
លោក កៅ គឹមហួន អគ្គលេខាធិការនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថាអាស៊ាន បាននិយាយប្រាប់ក្រុមអ្នកកាសែតនៅក្នុងកិច្ចប្រជុំតុមូលមួយ កាលពីថ្ងៃពុធ ទី១២ ខែមិថុនាថា៖ «យើងបន្តអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ឱ្យមានការអត់ធ្មត់។ យើងមិនអាចបដិសេធការពិតជាក់ស្តែងដែលថាស្ថានភាពនៅបន្តរីករាលដាល»។
លោក កៅ គឹមហួន ស្ថិតក្នុងរដ្ឋធានីវ៉ាស៊ីនតោនក្នុងសប្តាហ៍ទី ៣ នៃខែមិថុនាដែលជាទស្សនកិច្ចការងារលើកដំបូងរបស់លោកដើម្បីឧបត្ថម្ភផ្ចុងផ្តើមភាពដៃគូយុទ្ធសាស្ត្រទូលំទូលាយរវាងប្លុកតំបន់នេះនិងសហរដ្ឋអាមេរិក។
នៅក្នុងសិក្ខាសាលាមួយនៅមជ្ឈមណ្ឌល Stimson កាលពីថ្ងៃពុធ ទី១២ ខែមិថុនា អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Kurt Campbell បានសុំដល់សមាគមអាស៊ាន «ឱ្យបញ្ជូនសារជាក់លាក់មួយអំពីកង្វល់ជាមួយការបង្ករឿងនៅក្នុងអ្វីដែលជាដែនទឹកនៃប្រទេសហ្វីលីពីនយ៉ាងច្បាស់»។
សុន្ទរកថារបស់លោកធ្វើឡើង ខណៈពេលមានកំណើនភាពតានតឹងរវាងប្រទេសចិននិងប្រទេសហ្វីលីពីនដោយសារការប៉ះទង្កិចគ្នាកាលពីពេលថ្មីៗនេះក្នុងដែនទឹកជុំវិញកោះ Second Thomas Shoal ដែលគេស្គាល់ថាកោះ Rén'ài Jiao នៅប្រទេសចិន។
បើយោងតាមសេចក្តីសម្រេចមួយរបស់តុលាការអន្តរជាតិកំណត់ដោយច្បាប់កាលពីខែកក្កដា ឆ្នាំ ២០១៦ កោះ Second Thomas Shoal ស្ថិតក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ហ្វីលីពីន ហើយប្រទេសចិនគ្មានសិទ្ធិទាមទារដែនទឹកនៅជុំវិញកោះនេះទេ។
រដ្ឋាភិបាលក្រុងប៉េកាំងបានច្រានចោលសេចក្តីសម្រេចនេះ ដោយអះអាង «អធិបតេយ្យភាពមិនអាចប្រកែកបាន»លើតំបន់ភាគច្រើននៃសមុទ្រចិនខាងត្បូង។
លោក កៅ គឹមហួន បាននិយាយថា៖ «រដ្ឋសមាជិកទាំងអស់នៃសមាគមអាស៊ានមានគោលនយោបាយការបរទេសរបស់ខ្លួនដោយផ្ទាល់»។
នៅពេលត្រូវបានចោទសួរថាតើប្លុកតំបន់នេះនឹងចេញសេចក្តីថ្លែងការណ៍ខ្លាំងក្លាមួយគាំទ្រហ្វីលីពីនឬទេ លោកបានឆ្លើយថា «ក្នុងករណីនេះ វាអាស្រ័យលើរដ្ឋជាសមាជិកនីមួយៗ»ត្រូវសម្រេចចិត្ត។
អ្នកវិភាគខ្លះនិយាយថា តាំងពីឆ្នាំ ២០១៧ មក ពួកគេបានឮម្តងហើយម្តងទៀតថា ជិតមានក្រមប្រតិបត្តិមួយហើយ ប៉ុន្តែគ្មានក្រមនេះទាល់តែសោះពីបណ្តាប្រទេសទាមទារដែនសមុទ្រនេះដែលមានការខ្វែងគំនិតជាមួយប្រទេសចិន។
ចំណុចជាឧបសគ្គមួយទៀតគឺថានៅពេលដែលអាស៊ាននិយាយទទូចយូរមកហើយថាក្រមប្រតិបត្តិមួយគួរកំណត់ដោយច្បាប់ ចិនមិនដែលទទួលយកជាដាច់ខាតនូវគោលជំហរសំខាន់នេះទេ។
លោក Greg Poling គឺជានាយកនៃផ្នែកផ្តើមគំនិតផ្តួចផ្តើមតម្លាភាពសមុទ្រអាស៊ីនៅមជ្ឈមណ្ឌលសិក្សាខាងយុទ្ធសាស្ត្រនិងអន្តរជាតិ។
លោកបានថ្លែងថា៖ «សមាគមអាស៊ាននៅតែបែកបាក់គ្នាក្នុងរឿងនេះ ពីព្រោះបណ្តាប្រទេសដែលមិនទាមទារដែនសមុទ្រនេះមិនបានចូលរួមដោះស្រាយបញ្ហានេះ ឬមិនបានចាត់ចែងសម្រួលបញ្ហានេះ ហើយមិនប្រថុយធ្វើឱ្យចិនអាក់អន់ចិត្ត ក្នុងការចាត់វិធានការក្នុងនាមក្រុមសមាជិកដូចគ្នា។ ការណ៍នេះនាំឱ្យប្រទេសធ្វើការទាមទារ គឺហ្វីលីពីននិងវៀតណាមជាពិសេស ធ្វើការចរចាជាមួយចិនតែឯង»។
លោក Luigi Joble បង្រៀននៅសាកលវិទ្យាល័យ De La Salle ក្នុងក្រុងម៉ានីល។ លោកបានពោលថា ឧបសគ្គមួយដូចជាការមិនសាមគ្គីគ្នាក្នុងចំណោមគោលជំហរនានារបស់ពួកប្រទេសសមាជិកអាស៊ាន «ជាអកុសល ជាបញ្ហារ៉ាំរ៉ៃដល់ទំនាក់ទំនងរវាងអាស៊ានជាមួយប្រទេសចិនស្តីពីសមុទ្រចិនខាងត្បូង រួមមានក្រមប្រតិបត្តិស្តីពីការចរចាអំពីសមុទ្រនេះដែលមានរយៈពេលច្រើនទសវត្សរ៍មកហើយ»។
លោក Joble បានបន្ថែមថា មានឧបសគ្គរារាំងមិនឱ្យមានក្រមប្រតិបត្តិនៅក្នុងកិច្ចចរចា។ ការណ៍នេះនាំឱ្យប្រទេសធ្វើការទាមទារខ្លះគ្រប់គ្រងកោះមានជម្លោះ ទោះជាមានការរំលោភលើច្បាប់អន្តរជាតិក៏ដោយ ដោយសង្ឃឹមថា ព្រឹត្តិការណ៍បែបនេះនឹងមានឥទ្ធិពលលើលទ្ធផលនៃកិច្ចចរចាអំពីក្រមប្រតិបត្តិ៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ