សមាជិករាជ្យវង្ស មេដឹកនាំគណបក្សសង្គ្រោះជាតិ និងមេដឹកនាំគណបក្សប្រជាជនកម្ពុជាបានជួបជុំគ្នាក្នុងថ្ងៃដំបូងនៃព្រះរាជពិធីដង្ហែព្រះអដិ្ឋព្រះបរមរតនកោដ្ឋដើម្បីយាងគង់ប្រថាប់ក្នុងព្រះបរមចេតីយនៃព្រះបរមរាជវាំង។
មេដឹកនាំគណបក្សគូជម្លោះទាំងពីរមិនបាននិយាយរកគ្នាទេ ពោលគឺបានបែរខ្នងដាក់គ្នារៀងៗខ្លួន។ ចំណែកឯព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិក៏មិនបានមានបន្ទូលច្រើនជាមួយនឹងសមាជិករាជវង្សដទៃផ្សេងទៀតដែរ។
បើតាមកម្មវិធីដូចបានគ្រោងទុក ពីធិដង្ហែព្រះអដិ្ឋព្រះបរមរតនកោដ្ឋធ្វើឡើងរយៈពេលបីថ្ងៃ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី១២ខែកក្កដា។
មានប្រជាពលរដ្ឋតិចតួចប៉ុណ្ណោះបានចូលរួមពិធីដង្ហែព្រះអដិ្ឋ។ ចំណែកឯកប្រជាពលរដ្ឋផ្សេងទៀតមិនត្រូវបានអនុញ្ញាតឲ្យចូលរួមទេ ដោយសារក្រុមកងកម្លាំងមានសមត្ថកិច្ចបានដាក់របាំងការពារជុំវិញបរិវេណនៃក្បួនដង្ហែព្រះអដិ្ឋ។
ព្រះអដិ្ឋសម្តេចឪនរោត្តមសីហនុត្រូវបានតម្កល់លើព្រះរាជរថហង្សដោយមានសមាជិករាជវង្ស មន្ត្រីរដ្ឋាភិបាល កងកម្លាំងមានសមត្ថកិច្ច និងមន្ត្រីព្រះបរមរាជវាំងដើរហែហមចេញពីបរិវេណព្រះបរមរាជវាំងឆ្ពោះតាមវិថីនរោត្តម រួចបត់តាមវិថីព្រះសុធារស យកទៅតម្កល់ក្នុងព្រះបរមរាជវាំងដោយមានបាញ់កាំភ្លើងធំខ្នាត១០០មមទៀតផង។
សម្លេងបាញ់កាំភ្លើងធំបានបន្លឺឡើង។
ព្រះមហាក្សត្រសម្តេចម៉ែ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដែលបានដឹកនាំសមាជិកសភាជាប់ឆ្នោតមួយចំនួន មិនបានយាង និងដើរដង្ហែដោយថ្មើរជើងទេគឺបានគង់និងរង់ចាំក្នុងព្រះបរមរាជវាំង។
ប្រជាពលរដ្ឋបានអង្គុយតាមបណ្តោយផ្លូវសុធារស និងផ្លូវនរោត្តម មានគ្នាមិនដល់១ម៉ឺននាក់ទេ ដោយសារតែមានការកំណត់ចំនួនអ្នកចូលរួមព្រះរាជពិធីដង្ហែព្រះអដ្ឋិនេះ និងមានការរិតបន្តឹងសន្តិសុខយ៉ាងមាំទាំ ដែលភាគច្រើនជាកងអគ្គរក្សរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
ប្រជាពលរដ្ឋខ្លះបានស្រែកទ្រហោយំ និងខ្លះទៀតរលីងលោងទឹកភ្នែកនៅពេលដែលព្រះអដ្ឋិសម្តេចឪយាងកាត់មុខ។
ស្ត្រីម្នាក់បានស្រែកយំថា៖ «កូនស្តាយសម្តេចឪ។ សូមជូនពរសម្តេចម៉ែឲ្យមានព្រះជន្មជាងរយព្រះវស្សា។ កូនស្តាយណាស់»។
សម្តេចឪនរោត្តមសីហនុបានសោយព្រះទិវង្គត់កាលពីថ្ងៃទី១៥ខែតុលាឆ្នាំ២០១២ ក្នុងព្រះជន្ម៩០ព្រះវស្សា ដោយសារជម្ងឺគាំងបេះដូងនៅទីក្រុងប៉េកាំង ប្រទេសចិនប្រជាមានិត។
ស្ត្រីវ័យចំណាស់មួយក្រុមដែលឈរកាន់ធូប ទៀន និងផ្កាក្បែរព្រះបរមរាជវាំងបានជូនពរដល់ព្រះព្រលឹងវិញ្ញាណក្ខន្ធសម្តេចឪឲ្យយាងទៅកាន់សុគតិភព។
ស្ត្រីម្នាក់និយាយថា៖ «បានព្រះអង្គយាងទៅសូមឲ្យសុខសប្បាយ ជួយបីបាច់ថែរក្សាកូនចៅ។ សូមឲ្យបានសុខ បានចម្រើន ព្រះអង្គហើយ។ ព្រះពុទ្ធ ព្រះធម៌ ព្រសង្ឃជួយថែរក្សាកូនចៅ ដែលនៅរស់ក្រោយនេះ សូមឲ្យបានសុខ»។
ព្រះបរមសពសម្តេចឪត្រូវបានធ្វើព្រះរាជពិធីថ្វាយព្រះភ្លើងកាលពីខែកុម្ភៈឆ្នាំ២០១៣ ដែលពេលនោះមានប្រជាពលរដ្ឋច្រើនលាននាក់បានចូលរួមដោយក្តីក្តុកក្តួលជាទីបំផុត៕