ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កម្ពុជា​សម្ភោធព្រះ​បរម​រូប​នៃ​ព្រះ​បរមរតនៈកោដ្ឋ

  • Robert Carmichael

ឥស្សរជន​រាប់​រយ​នាក់​ បាន​ចូល​រួម​ក្នុង​ពិធី​សម្ភោធព្រះ​បរម​រូប​នៃ​ព្រះ​បរមរតនៈកោដ្ឋ ព្រះបីតា​ឯករាជ្យ​នៃ​ប្រទេស​កម្ពុជា នៅ​កណ្តាល​ក្រុង​ភ្នំពេញ។
ភ្នំពេញ៖ ជិត​មួយ​ឆ្នាំ​មុន អតីត​ព្រះមហាក្សត្រនរោត្តម​សីហនុ បាន​សោយ​ទិវង្គត់​នៅក្នុង​ទីក្រុងប៉េកាំង ក្នុង​ព្រះជន ៩០ ព្រះវស្សា។ នៅ​ថ្ងៃ​សុក្រនេះ ឥស្សរជន​រាប់​រយ​នាក់​ បាន​ចូល​រួម​ក្នុង​ពិធី​សម្ភោធ​រូប​សំណាក ព្រះបីតា​ឯករាជ្យ​នៃ​ប្រទេស​កម្ពុជា នៅ​កណ្តាល​ក្រុង​ភ្នំពេញ។

ការ​សោយ​ទិ​វង្គត់​របស់​អតី​ត​ព្រះមហា​ក្សត្រ​នរោត្តម​សីហនុ ដែល​ជា​ឥស្សរជនល្បី​ល្បាញ នៅ​ក្នុង​សតវត្ស​រ៍ទី​២០ នៃ​ប្រទេស​កម្ពុជា​នោះ ជាព្រិត្តការ​ណ៏យ៉ាង​ក្រៀមក្រំ​មួយ​សម្រាប់​ព្រះ​រាជាណាចក្រ​កម្ពុជា។

នៅ​ថ្ងៃ​ទី​១៧​ខែ​តុលា​ឆ្នាំមុន មនុស្ស​រាប់​ម៉ឺន​នាក់​បាន​នាំ​គ្នា​ឈរ​នៅ​តាម​ដង​វិថី​នៃ​ទីក្រុង​ភ្នំពេញ ដើម្បី​ឃើញ​ផ្ទាល់​ភ្នែក នូវ​ការ​យាង​ព្រះ​បរម​សព​របស់​ព្រះ​អង្គ​ពី​ប្រទេស​ចិន ដែល​នៅ​ទី​នោះ ព្រះ​អង្គ បាន​ទទួល​ការ​ថែ​ទាំ​ជម្ងឺ។ ព្រះ​បរមរតនៈកោដ្ឋរបស់​ព្រះអង្គ ត្រូវ​ដាក់​ដម្កល់ក្នុង​ព្រះ​បរមរាជ​វាំង​ ក្នុងទីក្រុងភ្នំពេញ​ចំនួន​៣ខែ ហើយ​ត្រូវ​បាន​ថ្វាយ​ព្រះ​ភ្លើង នៅ​ខែ​កុម្ភៈ តាម​ទំនៀម​ទម្លាប់​ព្រះ​ពុទ្ធ​សាសនា។

នៅ​ថ្ងៃ​សុក្រនេះ ទីក្រុង​ភ្នំពេញបាន​សម្ភោធព្រះ​បរមរូប​ព្រះបរម​រតនៈកោដ្ឋ នៅក្នុង​សួន​សាធារណ​មួយ នៅ​តាម​បណ្តោយ​រុក្ខវិថី​ព្រះ​ស៊ីហនុ។

ព្រះ​អង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែល​ត្រូវ​ជា​ក្មួយ​របស់​ព្រះ​បរមរតនៈកោដ្ឋ ហើយ​ដែល​ជា​អ្នក​ជំនួយការ​ផ្ទាល់​របស់​ព្រះអង្គ​ជាយូរ​មក​ហើយនោះ​ មាន​បន្ទូលថា ព្រះបរមរូប​នេះ​ជា​ការ​រំលឹក​វិញ្ញាណខ័ន្ធ​មួ​យ​សម​រម្យ​ណាស់។

«ព្រះ​អង្គ​ជា​និមិត្តរូប​នៃ​ប្រទេស​កម្ពុជា ។ ព្រះ​អង្គជា​និមិត្តរូប​នៃ​ប្រទេស​ជាតិ។ ហេតុ​ដូច្នេះ​ហើយ​ទើប​ក្នុង​អម្លុង​ពិធី​ថ្វាយ​ព្រះ​ភ្លើងព្រះ​អង្គ មនុស្ស​ជា​ច្រើន​បាន​នាំ​គ្នា​មក​កាន់​ព្រះ​បរមរាជវាំង នាំ​គ្នា​ឈរ​នៅ​តាម​ដង​វិថី ពីព្រោះ​ពួកគេម្នាក់ៗ​មាន​អារម្មណ៍ថា ពួក​គេ​ជា​ផ្នែក​មួយ​នៃប្រទេស​កម្ពុជា»។

មាន​កត្តាមួយ​នៃព្រះបរម​រូប​ដែល​នាំ​ឲ្យ​ព្រះ​អង្គម្ចាស់​ ធម្មិកោ មាន​ការ​ងឿង​ឆ្ងល់ នោះគឺ​ថា​រូប​សំណាក​នេះ​មិន​ដូច​ព្រះ​បរមរតនៈកោដ្ឋ​ទាល់​តែ​សោះ។

«ខ្ញុំ​មិន​ដឹង​ថា​ព្រះ​បរម​រូប​នេះ​ដូ​ច​អ្នក​ណាទេ ប៉ុន្តែមិន​ដូច​ព្រះបរម​រតនៈកោដ្ឋ​ទេ។ ខ្ញុំគិត​ថា​ព្រះកេស​និង​ខ្លួន​ប្រាណ​ហាក់​ដូច​ជា​មិន​សមគ្នា​ទេ»។

ពិធី​សម្ភោធ​ព្រះ​បរម​រូប​នៅ​ថ្ងៃ​សុក្រ​នេះ មាន​ការ​យាង​ចូលរួម​ដោយ ព្រះវររាជមាតា និង​ព្រះមហាក្សត្រនរោតម្ត​សីហមុនីព្រមទាំង​មាន​ការ​ចូល​រួម​របស់​អ្នកនយោបាយ​ក្នុង គណបក្សគ្រប់​គ្រង​អំណាច​ជាច្រើន​រូប​ទៀត។

កុំ រដ្ឋា អាយុ១៨​ឆ្នាំ ជា​សមាជិក​ម្នាក់​នៃ​ចលនា​យុវជន នៃ​ប្រទេសកម្ពុជា​ បាន​ចូល​រួម​ក្នុង​ពិធី​នេះ​ដែរ។

«មាន​អត្ថន័យ​សម្រាប់​ពលរដ្ឋ​កម្ពុជា ពី​ព្រោះ​ពួក​គេ​តែង​តែ​ស្រឡាញ់​ព្រះ​អង្គ ដូច្នេះ​យើង​កសាង​ព្រះ​បរមរូប​នេះ​ដើម្បីរំលឹក​ដល់​មនុស្សគ្រប់​រូប​ថា​ព្រះ​អង្គ​បាន​បំពេញ​កិច្ច​ការ​ជាច្រើន​ជូន​ប្រទេស​កម្ពុជា។ ព្រះអង្គ​ទ្រង់​បាន​ចំណាយ​ពេល​វេលា​របស់​ព្រះ​អង្គ​អស់​មួយ​ជីវិត​ដើម្បី​ប្រទេស​កម្ពុជា»។

កេរ៍ដំណែល​ព្រះ​បរមរតនៈកោដ្ឋ មាន​ភាព​លាយ​ចម្រុះគ្នា តែ​ជា​ការពិត​ដែល​មាន​មនុស្ស​ជាច្រើន ចាត់​ទុកការ​ដឹក​នាំ​ប្រទេស​របស់​ព្រះ​អង្គ ក្នុង​អម្លុងទសវត្សរ៍​ ១៩៥០ និង ៦០ ថា​ជា​សម័យ​ដ៏​រុង​រឿង​នៃ​ប្រទេស​កម្ពុជា គឺ​នៅ​ពេល​ដែល​ព្រះ​មហាក្សត្រ​នរោត្តមសីហនុ បាន​ទាម​ទារ​ឯករាជ្យ​ពី​ប្រទេស​បារាំង​ ជូន​ប្រទេស​កម្ពុជា ហើយ​បាន​លើក​ស្ទួយ​វិស័យ​សុខភាព​និង​អប់រំ​របស់​ប្រទេសជាតិ។

ប៉ុន្តែ​ក្រោយ​រដ្ឋ​សភា​ទម្លាក់​ព្រះ​អង្គ​ចេញ​ពី​តំណែង​ក្នុង​រដ្ឋ​ប្រហារ​មិន​បង្ហូរ​ឈាម​មួយ នៅ​ឆ្នាំ​១៩៧០ ព្រះ​អង្គ​ទ្រង់​បាន​ចូល​ដៃ​ជាមួយ​ពួក​ខ្មែរក្រហម​របស់​ប៉ុលពត ហើយ​បាន​អំពាវនាវ​ឲ្យ​ប្រជារាស្ត្រ​របស់​ព្រះ​អង្គ ​ចូលរួម​ជា​មួយ​ពួក​កុម្មុយនិស្ត។ មនុស្ស​រាប់​ពាន់​នាក់​បាន​គោរព​តាម​ការ​អំពាវ​នាវ​នេះ ហើយ​ប្រាំ​ឆ្នាំ​ក្រោយ​មក ពួក​ខ្មែរ​ក្រហម​ដណ្តើម​បាន​ជោគជ័យ ដែល​ជា​ការ​ចាប់​ផ្តើម​នៃ​របប​កាប់​សម្លាប់ បង្អត់​អាហារ និង​បង្ខំ​ឲ្យ​មនុស្ស​ធ្វើការ​ប្រៀប​ដូច​ជា​ទាសករ។

ការ​ចូលដៃ​ជាមួយ​ពួកខ្មែរ​ក្រហម​នេះ ធ្វើ​ឲ្យ​ព្រះ​អង្គ​និង​ប្រទេស​ជាតិ​របស់​ព្រះ​អង្គ​ខាត​បង់​យ៉ាង​ច្រើន ហើយ​ជា​ការ​សោក​ស្តាយ​យ៉ាង​ធំបំផុត​របស់​ព្រះអង្គ។

ព្រះ​អង្គម្ចាស់​ធម្មិកោ មាន​បន្ទូលថា​ការ​ចូលទិវង្គត់​របស់​ព្រះ​មហាវរក្សត្រ បាន​បង្ហាញ​គណបក្ស​គ្រប់គ្រង​អំណាច​នូវ​ប្រជាប្រិយភាព​របស់​អតី​ត​ព្រះមហាក្សត្រ ក្នុង​ចំណោម​ប្រជា​ពលរដ្ឋសាមញ្ញ ហើយ​ថា​ហេតុ​ដូច្នេះ​ហើយ​ទើប​គណបក្ស​ប្រជាជន​កម្ពុជា បាន​ព្យាយាម​ប្រើ​ប្រាស់​និមិត្តរូប​នៃ​ព្រះមហាក្សត្រ។

ព្រះអង្គម្ចាស់​ធម្មិកោ ដែល​បាន​ចូលរួម​ជាមួយ​គណបក្ស​ប្រឆាំង​នៅ​ដើម​ឆ្នាំ​នេះ មាន​បន្ទូលថា មូលហេតុ​នៃ​ការកសាង​ព្រះបរមរូប​នេះ គឺ​ដើម្បីលើក​ស្ទួយ​ដល់​រូប​ភាព​របស់​គណបក្ស​ប្រជាជន ដែល​ជា​គណបក្ស​គ្រប់​គ្រង​អំណាច​នេះ។

«ខ្ញុំចង់​និយាយ​ថា​៩៩​ភាគរយ។ ខ្ញុំ​មិនជឿ​ថា​គណបក្ស​ប្រជាជន​កម្ពុជា ជា​គណបក្ស​រាជាធិបតេយ្យ​ពិត​ប្រាកដ​ទេ។ បើ​ថាពួកគេ​ជា​អ្នក​ឱកាស​និយម​នោះ ខ្ញុំប្រហែល​ជា​ជឿ​ជាង​។ ដូច្នេះ​ខ្ញុំ​គិត​ថា គោល​បំណង​របស់​ពួក​គេ ៩៩​ភាគរយ គឺ​ដើម្បី​ក្តោបក្តាប់រាជា​ធិបតេយ្យ និង​អ្វី​ដែល​រាជាធិបតេយ្យ​តំណាង​នៅ​ក្នុង​សង្គម​កម្ពុជានោះ»។

គណបក្ស​ប្រឆាំង​នៃ​ប្រទេស​កម្ពុជា កំពុង​ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ​សភា ជាបន្ត​ដើម្បី​ប្រឆាំងជំទាស់​និង​លទ្ធផល​នៃ​ការ​បោះឆ្នោត​កាលពី​ខែ​កក្កដា ដែល​ពួកគេនិយាយ​ថា មានភាព​មិន​ប្រក្រតី​យ៉ាង​ធ្ងន់​ធ្ងរ។ សមាជិក​សភា​ទាំង​៥៥​នាក់​ដែល​ជាប់​ឆ្នោត​នោះ ថ្លែង​ថាអវត្តមាន​របស់​ពួកគេ ធ្វើ​ឲ្យ​សេចក្តី​សម្រេច​អ្វី​មួយ​របស់​សមាជិក​សភា​ទាំង​៦៨​នាក់​ពី​គណបក្ស​គ្រប់​គ្រង​អំណាចនោះ ជាការ​ធ្វើ​ខុស​រដ្ឋធម្មនុញ្ញ ហើយ​ប្រធាន​គណបក្ស​នេះ គឺ​លោក សម រង្ស៊ី បន្ត​បញ្ចុះ​បញ្ចូល​ឲ្យក្រុម​អន្តរជាតិ មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​ថ្មី​ដែល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​កាន់​អំណាច​អស់​ពេល​ជាច្រើន​ឆ្នាំ​មក​ហើយនោះ៕

ប្រែ​សម្រួល​ដោយ ប៉ូច រាសី
XS
SM
MD
LG