ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាលបិទការសិក្សាគ្រប់កម្រិតទូទាំងកម្ពុជា ខណៈអ្នកឆ្លងជំងឺកូរ៉ូណាបន្តកើនឡើង


រូបឯកសារ៖ សិស្សានុសិស្សពាក់ម៉ាស់ ខណៈពួកគេកំពុងអង្គុយក្នុងថ្នាក់រៀននៅវិទ្យាល័យមួយ រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០។
រូបឯកសារ៖ សិស្សានុសិស្សពាក់ម៉ាស់ ខណៈពួកគេកំពុងអង្គុយក្នុងថ្នាក់រៀននៅវិទ្យាល័យមួយ រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០។

ក្រសួង​អប់រំ ​យុវជន ​និង​កីឡា ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ​បាន​បញ្ជា​ឲ្យ​គ្រប់​សាលា​ទាំង​អស់​នៅ​ទូទាំង​ប្រទេស ​ទាំង​រដ្ឋ ​និងឯកជន ​បិទ​ការ​បង្រៀន​ ចាប់​ពី​ថ្ងៃ​ច័ន្ទ​នេះ​ត​ទៅ ​ខណៈ​ករណី​ឆ្លង​វីរុស​កូរ៉ូណា​នៅ​កម្ពុជា​បន្ត​កើន​ឡើង​ ក្នុង​នោះ​មាន​ជនជាតិ​ខ្មែរ​យ៉ាង​តិច​៤​នាក់​បាន​ឆ្លង។​

នៅ​ក្នុង​សេចក្តី​ណែនាំ​មួយ​ចុះ​ថ្ងៃ​ទី​១៦​ខែ​មីនា ​ក្រសួង​អប់រំ​បាន​បញ្ជា​ឲ្យ​មាន​ការ​ចាប់​ផ្តើម​វិស្សមកាល​តូច​ និង​ការ​ឈប់​សម្រាក​មុន​កាល​កំណត់​សម្រាប់​គ្រឹះស្ថាន​សិក្សា​គ្រប់​កម្រិត ​គ្រប់​ប្រភេទ ​ទាំង​សាធារណៈ ​និង​ឯកជន​នៅ​ទូទាំង​ប្រទេស​ ក្នុង​នោះ​ចាប់​ពី​ថ្នាក់​មតេយ្យ​ដល់​ថ្នាក់​គ្រឹះស្ថាន​បណ្តុះ​បណ្តាល​ និង​គ្រឹះស្ថាន​ឧត្តម​សិក្សា​ទាំង​អស់ ​ចាប់​ពី​ថ្ងៃ​ទី​១៦​ខែ​មីនា ​រហូត​ដល់​មាន​ការ​ជូន​ដំណឹង​ជា​ថ្មី។​ នេះ​ជា​សេចក្តី​ណែនាំ​មួយ​ទៀត​ ក្រោយ​ក្រសួង​បាន​ប្រកាស​បិទ​ទ្វារ​សាលារៀនក្នុង​រាជធានី​ភ្នំពេញ ​និង​ទីក្រុង​សៀមរាប ទាំង​រដ្ឋ​និង​ឯកជន​ ដោយ​ដាក់​ឲ្យ​ចូល​វិស្សម​កាល ​ឬ​ឈប់​សម្រាក​មុន​កាល​កំណត់​កាល​ពី​ចុង​សប្តាហ៍​មុន។​

ក្រសួង​បញ្ជាក់​ថា ​ចំណាត់ការ​ថ្មី​នេះ​គឺ​ធ្វើ​ឡើង​ជា​ការ​ឆ្លើយ​តប​បន្ទាន់​ដើម្បី​ជា​ការ​បង្ការ​ និង​ទប់​ស្កាត់​ជា​បន្ទាន់ ​ក្រោយ​មាន​ការ​ឆ្លង​វីរុស​មួយ​នេះ​ជា​បន្ត​បន្ទាប់។​

នៅ​ក្នុង​សេចក្តី​ណែនាំ​ចុង​ក្រោយ​ ​ចេញ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ ក្រសួង​ក៏​បាន​ណែនាំ​ឲ្យ​មាន​ការ​ប្រមូល​ព័ត៌មាន​នូវ​រាល់​ការ​ធ្វើ​ដំណើរ​ កម្មវិធី​ទស្សន​កិច្ច​ កម្ម​សិក្សា​របស់​និស្សិត ​និង​បុគ្គលិក​អប់រំ​ទៅ​កាន់​ប្រទេសដែល​មាន​ផ្ទុះ​ករណី​ជំងឺ​កូវីដ​១៩ក្នុង​អំឡុង​ពេល​១៤​ថ្ងៃ ​មុន​ថ្ងៃ​ទី​១៦​ខែ​មីនា។​

បើ​តាម​សេចក្តី​ណែនាំ​ ក្រសួង​លើក​ទឹក​ចិត្ត​ដល់​មាតាបិតា​ អាណា​ព្យាបាល​គ្រប់​រូប​ត្រូវ​ជំរុញ​ឲ្យ​កូន​ចៅ​ធ្វើ​ស្វ័យ​សិក្សា​នៅ​តាម​ផ្ទះ ​និង​ត្រូវ​មើល​កូន​ចៅ ​និង​ចៀសវាង​កន្លែង​មួយ​ចំនួន​ដែល​ប្រឈម​នឹង​ការឆ្លង​ខ្លាំង​ ​ដូចជា​កន្លែង​ហែល​ទឹក​ជាសាធារណៈ ​កន្លែង​ហាត់​ប្រាណ ​និង​សួន​កុមារ​ជាដើម។​

រដ្ឋមន្រ្តី​ក្រសួង​អប់រំ ​លោក​ ហង់ ជួន ណារ៉ុន​ បាន​ថ្លែង​ថា​ ​នេះ​ជា​ចំណាត់​ការ​បន្ទាន់​ដើម្បី​បញ្ចៀស​លទ្ធភាព​នៃ​ការ​ឆ្លង​ទ្រង់ទ្រាយ​ធំ​ណាមួយ។​

លោក​បាន​ថ្លែង​តាម​ទូរស័ព្ទ​ថា៖​

«ដូច្នេះ​គេ​បង្ការ ​ខ្លាច​អា​ជំងឺ​ហ្នឹង។​ បើ​សិន​ជា​ឆ្លង​ វា​លឿន​មែន​ទែន។ ​អ៊ីចឹងបាន​គេ​ផ្អាក ​ទប់​ស្កាត់​មុន ​ព្រោះ​វា​មិន​ដឹងថា​ ​វា​មិន​វិវត្ត​ទៅ​យ៉ាង​ម៉េច។ ​បើ​នៅ​អាមេរិក​ នៅ​អឺរ៉ុប​បិទ​ដែរ​ហ្នឹង! ធ្វើ​ម៉េច!​ បើ​សិន​ជា​ឈឺ​ទៅ ​នរណា​ទទួល​ខុសត្រូវ?​ អាហ្នឹង​វិធានការ​បង្ការ​ទេ»។​

បើ​តាម​លោក​រដ្ឋមន្រ្តី ​សិស្សានុសិស្ស​ទាំង​អស់​នៅ​ទូទាំង​ប្រទេស​កម្ពុជា​មាន​ចំនួន​ប្រមាណ​៣​លាន​នាក់។​

បន្ទាប់​ពី​ក្រសួង​ចេញ​សេចក្តីណែនាំ​នេះ​ សាលា​បង្រៀន​ភាសា​អង់គ្លេស​ ACE ​ដែល​ជា​សាលា​ឯកជន​ បាន​បញ្ឈប់​ថ្នាក់​រៀន​នៅ​ត្រឹម​ម៉ោង​២​សៀល​ថ្ងៃ​ច័ន្ទ​នេះ​ ដោយមាន​ការ​ជូន​ដំណឹង​ទៅ​សិស្ស។ ​នេះ​បើ​យោង​តាម​ព័ត៌មាន​ដែល​ជូន​ដំណឹង​ទៅ​សិស្ស ​ហើយ​ VOA​ ទទួល​បាន។​

កាល​ពីម៉ោង​១១​អាធ្រាត្រ​ថ្ងៃ​ទី​១៥​ខែ​មីនា​ ​ក្រសួង​សុខាភិបាល​បាន​ប្រកាស​ថា រក​ឃើញ​ករណី​ឆ្លង​វីរុស​កូវីដ​១៩​ថ្មី​ចំនួន​៤​ថែម​ទៀត​ ក្នុង​ចំណោម​នោះ​ពីរ​នាក់​គឺ​ជា​ជនជាតិ​ខ្មែរ​ឥស្លាម​នៅ​ក្នុង​ខេត្ត​ព្រះវិហារ ដែល​ម្នាក់​មាន​អាយុ​៣៥​ឆ្នាំ ​និង​ម្នាក់​ទៀត​មាន​អាយុ​៣៩​ឆ្នាំ។ ​ពួកគេ​ទាំងពីរ​ត្រូវ​បាន​រាយ​ការណ៍​ថា​ ​ទើប​តែ​ត្រឡប់​មក​ពី​ចូលរួម​ក្នុង​ពិធី​សាសនា​នៅ​ជិត​ទីក្រុង​កូឡាឡាំពួរ​ ប្រទេស​ម៉ាឡេស៊ី ​កាល​ពី​ថ្ងៃទី​៣ខែ​មីនា​កន្លង​ទៅ ដែល​មាន​អ្នក​ចូលរួម​ឆ្លង​វីរុស​កូវីដ​១៩​នេះ។​ ក្រសួង​បាន​ឲ្យ​ដឹង​ទៀត​ថា​ អ្នក​ឆ្លង​វីរុស​កូវីដ​១៩​មា្នក់​ទៀតគឺ​ជា​បុរស​ជនជាតិ​ខ្មែរ ​ដែល​ទើប​តែ​ត្រឡប់​មក​ពី​ប្រទេស​បារាំង​វិញ។​

កាល​ពី​ថ្ងៃ​អាទិត្យ​ រដ្ឋាភិបាល​ក៏​បាន​ចេញ​សារាចរមួយ​ ដោយ​ណែនាំ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំង​អស់ ​កុំ​ធ្វើ​ដំណើរ​ទៅ​កាន់​បណ្តា​ប្រទេស​នៅ​អឺរ៉ុប ​អាមេរិក​ និង​អ៊ីរ៉ង់ ​ប្រសិន​បើ​មិន​មាន​ការ​ចាំ​បាច់​បំផុត​ដែល​ខាន​ពុំ​បាន។​

រដ្ឋាភិបាល​ក៏​បាន​លើក​ឡើង​ថា​ ចំពោះ​មន្រ្តី​រាជការ ​និង​ប្រជា​ពលរដ្ឋ​កម្ពុជា​ទាំង​ឡាយ​ណា​ដែល​ទើប​វិល​ត្រឡប់​មក​ពី​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ អាមេរិក​ និង​អ៊ីរ៉ង់​ ត្រូវ​ដាក់​ខ្លួន​ឲ្យ​នៅដោយ​ឡែក​ក្នុង​រយៈ​ពេល​១៤​ថ្ងៃ។ ​កម្ពុជា​ក៏​បាន​បិទ​កុំ​ឲ្យ​មាន​ការ​ធ្វើ​ដំណើរ​របស់​ជន​បរទេស​ដែល​មក​ពី​ប្រទេស​អ៊ីតាលី ​បារំាង ​អេស្បាញ​ អាល្លឺម៉ង់ ​អាមេរិក​និង​អ៊ីរ៉ង់ ​ដែល​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​១៧​ខែ​មីនា​ឆ្នាំ​២០២០។ ​ប៉ុន្តែ​កម្ពុជា​មិន​បាន​ហាម​ឃាត់ជន​បរទេស​មក​ពី​ប្រទេស​ចិន ​ឬ​កូរ៉េ​ខាង​ត្បូង​នោះ​ទេ។​

លោក​ហ៊ុន សែន​បាន​ហៅ​ក្រុម​ដែល​រិះគន់​ចំណាត់​ការ​របស់​រដ្ឋាភិបាល​របស់​លោកមិន​បិទ​ជន​បរទេស​មក​ពី​ប្រទេស​ចិន​ថា​«ជា​ក្រុម​អគតិ ​និង​មិន​ស័ក្តិ​សម​ជា​ពលរដ្ឋ​ខ្មែរ»​នោះ​ទេ។ ​លោក​បន្ត​ថា​ ​ស្ថានភាព​នៅ​ប្រទេស​ចិន​មាន​ភាព​ល្អ​ប្រសើរ​ហើយ ​មិន​ដូច​ប្រទេស​នៅ​អឺរ៉ុប​នោះ​ទេ៕​

XS
SM
MD
LG