ក្រសួងធម្មការនិងសាសនាបានដាក់លិខិតមួយច្បាប់ទៅតុលាការខេត្តកណ្តាលឲ្យចាត់វិធានការផ្លូវច្បាប់លើលោក ផែង វណ្ណៈ អ្នកសារព័ត៌មានប្រព័ន្ធសង្គមហ្វេសប៊ុកម្នាក់ ដែលបានវាយប្រហារខ្លាំងៗទៅលើព្រះចៅអធិការវត្តមួយអង្គក្នុងខេត្តសៀមរាប ដែលបានដាក់ពិន័យឲ្យវាយលោកនេន៣អង្គនឹងរំពាត់។
លិខិតរបស់រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា លោក ឈិត សុខុន ចុះថ្ងៃទី១៩ ខែមីនា ត្រូវបានដាក់ទៅតុលាការខេត្តកណ្តាល នៅថ្ងៃទី២២ ខែមីនា ក្រោយមានការសុំទោសពីលោក ផែង វណ្ណៈ ទៅព្រះអង្គចៅអធិការវត្តរាជបូណ៌ក្នុងខេត្តសៀមរាប កាលពីថ្ងៃសៅរ៍ ទី២០ ខែមីនា។
លិខិតរបស់រដ្ឋមន្រ្តីឲ្យដឹងថាលោក ផែង វណ្ណៈ «បានជេរប្រមាថមកលើព្រះសង្ឃនិងពោលពាក្យគំរាមកំហែងញុះញង់ឲ្យមានការរើសអើងចំពោះព្រះសង្ឃ ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ»។
លិខិតបន្ថែមថាលោក ផែង វណ្ណៈ ដែលប្រើប្រាស់ហ្វេសប៊ុកផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋ និងបង្ហាញគំនិតរបស់លោកលើប្រធានបទអ្វីមួយ បាន«ប្រមាថយ៉ាងធ្ងន់ធ្ងរ»ដល់អាយុជីវិតរបស់អ្នកបួស។
នៅក្នុងលិខិតនោះ រដ្ឋមន្រ្តីក្រសួងធម្មការបានស្នើចាត់វិធានការផ្លូវច្បាប់ចំពោះលោក ផែង វណ្ណៈ ពីបទប្រមាថចំពោះសង្ឃតាមមាត្រា៥១៦ បទញុះញង់ឲ្យមានការរើសអើង តាមមាត្រា៤៩៦ និងគំរាមកំហែងថានឹងសម្លាប់ តាមមាត្រា២៣៣នៃក្រមព្រហ្មទណ្ឌ។
មាត្រា៥១៦ចែងអំពីការប្រមាថចំពោះព្រះសង្ឃ ដូនជី និងតាជី ក្នុងក្របខណ្ឌនៃមុខងារឬក្នុងឱកាសបំពេញមុខងារ ដែលអាចត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ថ្ងៃទៅ៦ថ្ងៃនិងពិន័យជាប្រាក់ពី១ពាន់រៀលទៅ១០ម៉ឺនរៀល។
អ្នកនាំពាក្យក្រសួងធម្មការនិងសាសនា លោក សេង សុមុនី ប្រាប់VOAនៅថ្ងៃច័ន្ទនេះថាលិខិតស្នើសុំរបស់ក្រសួង មិនមែនជាការដាក់សម្ពាធលើតុលាការនោះទេ ប៉ុន្តែជានីតិវិធីដែលក្រសួងយល់ថាការលើកឡើងរបស់លោក ផែង វណ្ណៈ បំពានច្បាប់ដែលមានជាធរមាន។
លោកបន្ថែមថាការជួបសុំទោសរបស់លោក ផែង វណ្ណៈ ចំពោះព្រះចៅអធិការវត្ត ជាការជួបលក្ខណៈបុគ្គលតែប៉ុណ្ណោះ ប៉ុន្តែវាមិនអាចដោះស្រាយតាមផ្លូវច្បាប់នោះទេ ដោយសារករណីនេះជា«ការប្រមាថកាប់សម្លាប់»។
លោកបញ្ជាក់ថា៖ «អាហ្នឹងជាការជួបជាបុគ្គល ប៉ុន្តែផ្លូវច្បាប់ យើងត្រូវមាននីតិវិធីផ្លូវច្បាប់»។
លោក ទិន សុចិត្រា ជាព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល និងជាអ្នកនាំពាក្យរបស់តុលាការ មានប្រសាសន៍ថាតុលាការបានទទួលលិខិតរបស់ក្រសួងធម្មការនិងសាសនា កាលពីព្រឹកថ្ងៃច័ន្ទ ហើយតុលាការនឹងមានចំណាត់ការជាបន្តបន្ទាប់តាមនីតិវិធី។
VOAមិនអាចសុំការឆ្លើយតបពីលោក ផែង វណ្ណៈ បានទេនៅថ្ងៃច័ន្ទនេះ តាមរយៈលេខទូរស័ព្ទនិងប្រព័ន្ធតេលេក្រាម(Telegram)របស់លោក។
វីដេអូនៃការដាក់ពិន័យជាការវាយចំនួន៥០រំពាត់លើលោកនេន៣អង្គ ដែលគង់នៅវត្តរាជបូណ៌ក្នុងខេត្តសៀមរាប ត្រូវបានចែករំលែកនៅថ្ងៃទី ១៤ ខែមីនា។ វីដេអូនេះត្រូវបានលោក ផែង វណ្ណៈ យកមកវាយប្រហារខ្លាំងៗ រហូតដល់ប្រើពាក្យពេចន៍មួយចំនួន ដែលត្រូវបានរិះគន់ថា «ប្រមាថ» លើព្រះចៅអធិការវត្ត និង «អសីលធម៌»។
ព្រះអង្គ ពិន សែម ដែលជាព្រះចៅអធិការវត្តរាជបូណ៌ ដែលរងការវាយប្រហារពីសំណាក់លោក ផែង វណ្ណៈ មានសង្ឃដីកាថាព្រះអង្គបានលើកលែងទោសឲ្យលោក ផែង វណ្ណៈ រួចហើយ។ ប៉ុន្តែព្រះអង្គមិនបានដឹងអំពីនីតិវិធីផ្លូវច្បាប់នោះទេ។
ព្រះអង្គបញ្ជាក់ថា៖ «ហើយអាត្មាប្រាប់ថាបើអ្នកដែលដឹងកំហុសហើយ មកសុំទោសដល់អាត្មា [បើ]អាត្មាមិនលើកលែងទោសឲ្យ អាត្មាជាមនុស្សដ៏អាក្រក់ជាងអ្នកម្ខាងនោះទៅទៀត។ នេះអាត្មាជម្រាបថាអញ្ចឹង អាត្មាដោះស្រាយតែខាងសាសនាទេ។ រឿងអាអ្វីទាំងអស់ អាត្មាអត់បានដឹង អាត្មាអត់បានជាប់ជំពាក់ទាក់ទិនផងទេ»។
ក្រោយការវាយប្រហារកើតឡើង គណៈសង្ឃនាយកនៃសាលាគណខេត្តសៀមរាប ក៏បានស្នើឲ្យសម្តេចព្រះសង្ឃនាយកកម្ពុជាថ្កោលទោសលោក ផែង វណ្ណៈ តាមច្បាប់ដែលមាន។ គណៈសង្ឃបន្ថែមថាអ្វីដែលគួរឲ្យសោកស្តាយបំផុត គឺបុគ្គលឈ្មោះ ផែង វណ្ណៈ បានផ្សព្វផ្សាយតាមបណ្តាញសង្គមវាយប្រហារថា«ប្រសិនបើវាយកូនខ្ញុំបែបនេះ ខ្ញុំអត់ទៅប្តឹងទេ ខ្ញុំទៅបាញ់ចោលតែម្តងចំពោះអ្នកប្រព្រឹត្ត»។
លោក សុក សំអឿន ជាមេធាវីម្នាក់ក្នុងប្រទេសកម្ពុជា មានប្រសាសន៍ថាអ្វីដែលគ្រាន់តែនិយាយលើបណ្តាញសង្គមហ្វេសប៊ុក ហើយមានការអនុគ្រោះពីភាគីម្ខាងទៀត ដូចជាមិនមានរឿងអ្វីធំដុំ ពាក់ព័ន្ធនឹងការញុះញង់នោះទេ។
លោកបញ្ជាក់ថា៖ «ក្រែងលោគេមានភស្តុតាងអីផ្សេង ពេលហ្នឹងខ្ញុំមិនដឹងទេណា។ បើគ្រាន់តែនិយាយប៉ុនហ្នឹង ម៉េចគេហៅញុះញង់អីកើត»។
លោកមេធាវីបន្ថែមថាការប្រើប្រាស់ពាក្យ«ប្រសិនបើ»ក្នុងឃ្លាខាងលើ គ្រាន់តែពាក្យសាមញ្ញ មិនបង្ហាញចេតនារបស់បុគ្គលក្នុងការសម្លាប់ព្រះសង្ឃឡើយ។
លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលនិងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ មានប្រសាសន៍ថាការសម្រេចថាមានទោសតាមផ្លូវច្បាប់ឬយ៉ាងណា អាស្រ័យទៅលើព្រះរាជអាជ្ញារបស់តុលាការ។
លោកបន្ថែមថា៖ «ការស្នើទៅតុលាការ វាស្មើនឹងបណ្តឹង។ បើពលរដ្ឋធម្មតា វាជាបណ្តឹងដូចគ្នាអញ្ចឹងដែរ។ អញ្ចឹងសិទ្ធិនៅលើខាងព្រះរាជអាជ្ញានិងតុលាការ ដែលលោកនឹងពិនិត្យថាអាហ្នឹង វាទាក់ទងនឹងបទល្មើស ឬមិនមែនបទល្មើស»។
ក្រោយមានការរិះគន់ជាបន្តបន្ទាប់លើបណ្តាញសង្គមហ្វេសប៊ុក លោក ផែង វណ្ណៈ បានបង្ហាះលិខិតសុំទោសមួយច្បាប់នៅលើហ្វេសប៊ុកផ្លូវការរបស់លោក។ លោកពន្យល់ថាការផ្សាយវីដេអូនៃការវាយនឹងរំពាត់នោះ ដោយសារលោកមាន«ចិត្តអាណិតអាសូរ» ដល់ជនរងគ្រោះ ប៉ុន្តែលោកថា លោក«មិនបានយល់ដឹងពីវិន័យផ្ទៃក្នុងរបស់ព្រះសង្ឃ» ដែលតម្រូវឲ្យអប់រំដោយវាយនឹងរំពាត់។
គួរបញ្ជាក់ថាក្រោយមានរឿងរ៉ាវនេះកើតឡើង លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក៏បានប្រកាសលុបចោលអាជ្ញាបណ្ណសារព័ត៌មានដែលទទួលបានកាលពីខែកញ្ញា ឆ្នាំ២០១៨ របស់លោក ផែង វណ្ណៈ ដែលជាអតីតមន្រ្តីយោធាម្នាក់នៃក្រសួងការពារជាតិ៕