អ្នកជំងឺម្នាក់ទៀតដែលជាជនជាតិខ្មែរបានស្លាប់ដោយសារជំងឺកូវីដនៅព្រឹកថ្ងៃច័ន្ទនេះ មួយថ្ងៃបន្ទាប់ពីលោកត្រូវបានរកឃើញថាមានផ្ទុកវីរុសជំងឺកូវីដ១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលចេញផ្សាយនៅថ្ងៃទី២២ ខែមីនា។
ក្រសួងបានឲ្យដឹងថាបុរសម្នាក់អាយុ៧៥ឆ្នាំ រស់នៅក្នុងខណ្ឌពោធិ៍សែនជ័យ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត រាជធានីភ្នំពេញ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២២ ខែមីនា ក្រោយលោកត្រូវបានរកឃើញថាមានជំងឺកូវីដ១៩ នៅថ្ងៃទី២១ ខែមីនា។ ក្រសួងមិនបានបញ្ជាក់ឈ្មោះរបស់អ្នកជំងឺដែលស្លាប់នោះទេ ដោយគ្រាន់តែថាលោកជាវេជ្ជបណ្ឌិតចូលនិវត្តន៍ម្នាក់។
ក្រសួងសុខាភិបាលឲ្យដឹងទៀតថាអ្នកជំងឺនោះបានចូលមន្ទីរពេទ្យសូវៀតកាលពីថ្ងៃទី២១ ខែមីនា ក្នុងសភាពហត់ខ្លាំង ខណៈគាត់មានជំងឺលើសឈាមផងដែរ។
ក្រសួងបញ្ជាក់ថា៖ «ក្រោយពីការថតសួត បានរកឃើញថាមានរលាកសួតធ្ងន់ធ្ងរខ្លាំងទាំងសងខាង និងមានខ្សោយសួតខ្លាំង ដែលក្រុមគ្រូពេទ្យបានព្យាយាមជួយគាត់ រហូតដល់ប្រើម៉ាស៊ីនជំនួយដង្ហើមហើយ នៅតែមិនអាចជួយបាន ហើយគាត់បានទទួលមរណកាលទៅ»។
នេះជាករណីស្លាប់ទី៤ហើយក្នុងប្រទេសកម្ពុជា ខណៈការឆ្លងសហគមន៍នៅតែធ្ងន់ធ្ងរនៅឡើយ។ ក្រសួងសុខាភិបាលកម្ពុជាបានឲ្យដឹងនៅថ្ងៃច័ន្ទនេះថាមនុស្ស៧១នាក់ទៀតបានឆ្លងជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍«២០កុម្ភៈ» ដែលធ្វើឲ្យករណីឆ្លងសរុបបានកើនដល់១.២៣៣នាក់។ ករណីឆ្លងចុងក្រោយនេះ បានរាលដាលដល់ខេត្តសៀមរាបនិងកែបផងដែរ។
បើតាមក្រសួងសុខាភិបាល ករណីឆ្លងសរុបទាំងការឆ្លងពីដំបូងនិងឆ្លងសហគមន៍ក្នុងប្រទេសកម្ពុជាមានចំនួន ១.៧៥៣ នាក់ គិតចាប់ពីថ្ងៃឆ្លងជំងឺកូវីដ១៩ លើកដំបូងក្នុងប្រទេសរហូតមកដល់ថ្ងៃទី២២ ខែមីនា។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល បានអំពាវនាវឲ្យកាត់បន្ថយឬជៀសវាងការធ្វើដំណើរនិងបម្លាស់ទីដែលមិនចាំបាច់ពីរាជធានីភ្នំពេញទៅតាមខេត្តនិងពីខេត្តមករាជធានីភ្នំពេញ។ លោកស្រីបញ្ជាក់ថាការនៅផ្ទះគឺជាជម្រើសដ៏ល្អបំផុតសម្រាប់ពេលនេះ អំឡុងពេលដែលវីរុសកូវីដ១៩ជាពិសេសវីរុសបម្លែងថ្មី កំពុងតែចរាចរយ៉ាងសកម្ម។
គួរបញ្ជាក់ថាកាលពីថ្ងៃទី២០ ខែមីនា ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជនគ្រប់កម្រិតនៅទូទាំងប្រទេសជាបណ្តោះអាសន្ន៕