អស់ពេលជាង៣ទសវត្សរ៍មកហើយ ដែលរបបកម្ពុជាប្រជាធិបតេយ្យបានដួលរលំ។ ក៏ប៉ុន្តែការធ្វើទុក្ខបុកម្នេញនៅក្នុងរបបនេះ ការបាត់បង់ និងការចងចាំដ៏សោកសង្រេងនានា នៅតែបន្តដក់ជាប់ក្នុងការចងចាំរបស់អ្នករស់រានមានជីវិត មិនថានៅកន្លែងណា ឬក៏ពាក់ព័ន្ធនឹងវិស័យអ្វីនោះទេ។
ផ្លូវដែកខ្មែរ មានពីរខ្សែ គឺមួយខ្សែរត់ពីភ្នំពេញទៅប៉ោយប៉ែតជាប់ព្រំដែនប្រទេសថៃ និងមួយខ្សែទៀតភ្ជាប់រាជធានីភ្នំពេញទៅកាន់ក្រុងព្រះសីហនុនៅភាគនិរតី។ ខ្សែរថភ្លើងទាំងពីរខ្សែនេះ ក៏នៅដិតដាមអនុស្សាវរីយ៍ដ៏ជូរចត់សម្រាប់ប្រជាជនខ្មែរមួយចំនួន។ នេះបើតាមការឱ្យដឹងរបស់អ្នកស្រាវជ្រាវ។
ឯកសារដែលបានបន្សល់ទុកមកបានឱ្យដឹងថា រថភ្លើងនៅតែបានដើរតួនាទីយ៉ាងសំខាន់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ នៅក្នុងរូបថតឯកសារមួយសន្លឹក គេអាចឃើញមេដឹកនាំបក្សកុម្មុយនិស្តកម្ពុជា រួមមានប៉ុល ពត, នួន ជា, វ៉ន វ៉េត និង តាម៉ុក ជាដើម ជិះរថភ្លើងរួមគ្នាក្នុងទូរថភ្លើងតែមួយ។
នៅចំពេលដែលមានការដាក់ឱ្យដំណើរការសេវាកម្មរថភ្លើងដឹកអ្នកដំណើរ ភ្នំពេញ-ក្រុងព្រះសីហនុ កាលពីចុងខែមុន អ្នកស្រាវជ្រាវ និងអ្នករស់រានមានជីវិតពីរបបកម្ពុជាប្រជាធិបតេយ្យ បានរំឭកឡើងវិញពីការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនតាមផ្លូវដែក ដើម្បីជម្លៀសប្រជាពលរដ្ឋដោយបង្ខំ កាលពីប្រមាណ៤០ឆ្នាំមុន។
បើយោងតាមការប៉ាន់ប្រមាណរបស់អ្នកស្រាវជ្រាវ មានមនុស្សជាងកន្លះលាននាក់ ត្រូវបានជម្លៀសទៅកាន់ភូមិភាគពាយព្យនៃប្រទេសដើម្បីទៅធ្វើការដោយបង្ខំ ហើយរថភ្លើងត្រូវបានគេដឹងថាជាមធ្យោបាយដឹកជញ្ជូនដ៏សំខាន់គាំទ្រដល់កិច្ចការជម្លៀសបម្លាស់ទីដោយបង្ខំនេះ។
លោកស្រី លី ឆវី វ័យ៦០ឆ្នាំ នៅតែចងចាំច្បាស់អំពីហេតុការណ៍កាលពី៤០ឆ្នាំមុន ដែលខ្លួនលោកស្រី ព្រមទាំងក្រុមគ្រួសារ ត្រូវបានក្រុមខ្មែរក្រហមជម្លៀសពីកន្លែងមួយទៅកន្លែងមួយ ក្រោយរដ្ឋធានីភ្នំពេញត្រូវបានកងកម្លាំងកុម្មុយនិស្តវាយបែក នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។
លោកស្រី លី ឆវី និងក្រុមគ្រួសារ បានស្នាក់នៅមួយរយៈក្នុងខេត្តកំពង់ឆ្នាំង បន្ទាប់ពីត្រូវបានបង្ខំឱ្យចាកចេញពីលំនៅឋានក្នុងទីក្រុងភ្នំពេញ។ ក៏ប៉ុន្តែមានបទបញ្ជាមួយ ឱ្យដឹកជញ្ជូនលោកស្រី ក្រុមគ្រួសារ និងអ្នកភូមិដទៃទៀតជាបន្ទាន់ទៅកាន់ស្ថានីយរថភ្លើងភ្នំពេញ។
«គេអត់ប្រាប់[ថាទៅណា]ទេ គ្រាន់តែហៅឡើងឡានមក គ្រាន់តែហៅឡើងឡានៗ ឱ្យលឿនៗ អ្នកណាយកអ្វីបាន បានទៅ អ្នកណាយកមិនបាន អត់ទៅ»។
លោកស្រី ឆវី ដែលបានរៀបរាប់សាច់រឿងនេះប្រាប់ VOA តាមរយៈទូរស័ព្ទពីគេហដ្ឋានរបស់លោកស្រីនៅខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា បើទោះជាមកដល់ស្ថានីយរថភ្លើងធំនៅភ្នំពេញពេលយប់ទៅហើយក្ដី ក៏លោកស្រីអាចនឹងមើលឃើញទិដ្ឋភាពនាគ្រានោះ និងរៀបរាប់ឡើងវិញបានយ៉ាងក្បោះក្បាយ។
«ច្រើន! ច្រើនណាស់ ទៅដល់គេហៅចុះព្រឹបៗ ឡានគេចេះតែបញ្ជូនមកបន្តអ៊ីចឹងទៅ អាណាឡើងបារ៉ុង(ទូ)ណាឡើងទៅ អាណាឡើងជិះណាឡើងទៅ ហៅឡើងៗអីចឹងទៅ។ មកដល់រ៉ារទេះភ្លើងអ៊ីចឹងទៅ គេហៅឡើងអ៊ីចឹងទៅ គេចែកនំប៉័ងឱ្យម្នាក់មួយ ឱ្យស្ករនោះម្នាក់មួយផែន រួចទៅអត់មានទឹកញ៉ាំទេ»។
មិនមាននរណាម្នាក់នៅរថភ្លើងនោះដឹងឡើយថា ក្រុមខ្មែរក្រហមកំពុងដឹកជញ្ជូនពួកគេទៅកាន់ទីណានោះ។ អ្នកជំនាញបានហៅការជម្លៀសមនុស្សនេះថា ជាការជម្លៀសដោយបង្ខំលើកទីពីរជាទ្រង់ទ្រាយធំ បន្ទាប់ពីព្រឹត្តិការណ៍ជម្លៀសថ្ងៃ១៧មេសា។
អ្នកនាង ស៊ិរិ សាវីណា នាយកសារមន្ទីរនៃការចងចាំនៃវិទ្យាស្ថានស្លឹករឹត ដែលជាមជ្ឈមណ្ឌលសិក្សាអំពីករណីប្រល័យពូជសាសន៍នៅកម្ពុជា បាននិយាយថាមនុស្សដែលត្រូវបានជម្លៀសទៅកាន់ភូមិឋានថ្មី ទីដែលពួកគេប្រឈមមុខនឹងការធ្វើការហួសកម្លាំង ការហូបចុកមិនគ្រប់គ្រាន់ បានពើបប្រទះនឹងជំងឺដង្កាត់ជាច្រើនមុខ។
«ដោយសារគាត់ត្រូវទៅធ្វើការធ្ងន់ ហើយជាទូទៅនៅតំបន់ភូមិភាគពាយ័ព្យហ្នឹង កម្រិតអាហារក៏តិចតួច ការងារក៏ធ្ងន់ធ្ងរជាងនៅតំបន់ផ្សេង ហើយភាគច្រើនក៏ស្លាប់ដោយសារជំងឺដែរ។ ជាទូទៅ អ្នកដែលទៅហ្នឹង បើសិនជារួចរស់ជីវិតមកវិញ ភាគច្រើនបានមកវិញតែម្នាក់ឯង។ អ៊ីចឹងអ្នកទៅហ្នឹងភាគច្រើនស្លាប់ទាំងអស់»។
អ្នកនាង សាវីណា បានបញ្ជាក់ថា គណៈកម្មាធិការអចិន្ត្រៃយ៍ ដែលជាស្លាបដឹកនាំកាច់ចង្កូតរបស់បក្សកុម្មុយនិស្តកម្ពុជា ជាអ្នកចេញបញ្ជាឱ្យមានការជម្លៀសទ្រង់ទ្រាយធំជាលើកទីពីរនេះ ដែលមានរយៈពេលចន្លោះពីអំឡុងចុងឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៧។
ដូចដែលបានរៀបរាប់ខាងដើម ទិដ្ឋភាពនៃការជម្លៀសមានលក្ខណៈចាប់បង្ខំ និងគ្មានឡើយពាក្យថា ផាសុកភាព និងមនុស្សធម៌។ នេះបើតាមការដំណាលឱ្យដឹងជាបន្តរបស់លោកស្រី លី ឆវី ដែលជាសាក្សី។
«ដូចថាខ្ញុំនៅទូហ្នឹងអ៊ីចឹង មានអ្នកយាមគេពីរនាក់ គេដើរមើល ដើរទៅដើរមក គេមានពិលកាន់។ គេដើរទៅដើរមកមើលអ៊ីចឹង អាណាយំខ្លាំងអី វាស្រែក៖ មិនបាច់យំមិនបាច់អីទេ ជិតដល់ហើយ ហ្អែងតែយំ អញចាប់ហ្អែងបោះទៅដល់ដីឥឡូវ។ អត់ឱ្យហ្អែងជិះរទេះភ្លើងឥឡូវ»។
សាច់ញាតិ បងប្អូន ឪពុកម្ដាយ សមាជិកគ្រួសារជាងពាក់កណ្ដាល របស់លោកស្រី លី ឆវី មិនមានជីវិតត្រលប់មកវិញឡើយ។
នៅចំពេលដែល រថភ្លើងខ្មែរមានដង្ហើមរស់ឡើងវិញ ជាមួយនឹងជំនួយពីបរទេស និងការវិនិយោគពីសំណាក់ក្រុមហ៊ុនឯកជននោះ អ្នកនាង ស៊ិរិ សាវីណា បានលើកឡើងថា អ្នកដំណើរតាមរថភ្លើងជំនាន់ថ្មីនេះ គួរតែសិក្សាជាមេរៀនផងដែរនូវប្រវត្តិនៃការជម្លៀសដែលមិនសូវមានអ្នកដឹងឮមួយនេះ។
«ក្មេងៗ ក៏គួរតែដឹងអំពីប្រវត្តិសាស្ត្រ និងបទពិសោធយ៉ាងម្ដេចខ្លះ ទាក់ទងនឹងសម័យកាលផ្សេងៗ ជាពិសេសនៅសម័យខ្មែរក្រហមហ្នឹង។ យើងកុំភ្លេចថា ហ្នឹងជាការបញ្ជូនជម្លៀសប្រជាជនដោយបង្ខំទៅតំបន់ផ្សេងៗ[តាមរថភ្លើង]ហ្នឹង។ វាជាការចាប់ផ្ដើមនៃការកាប់សម្លាប់ ការបង្អត់អាហារ និងការធ្វើការធ្ងន់អីជាដើម»។
លោក ច័ន្ទ សំឡេង ប្រធាននាយកដ្ឋានផ្លូវដែក នៃក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងថា មិនត្រឹមតែប្រជាជនទេដែលរងទុក្ខត្រូវបានខ្មែរក្រហមជម្លៀសតាមរថភ្លើង សូម្បីតែកម្មករផ្លូវដែកមួយចំនួន ក៏ត្រូវបានខ្មែរក្រហមសម្លាប់ និងធ្វើបាបឱ្យធ្វើការហួសកម្លាំងបង្កជាការឈឺចាប់
«មិនអាចបំភ្លេចបានមកទល់នឹងសព្វថ្ងៃ»។
បើទោះជាខ្មែរក្រហមបានប្រើប្រាស់រថភ្លើងដឹកជញ្ជូនមនុស្សដោយបង្ខំយ៉ាងណាក្ដី ក៏ប៉ុន្តែរថភ្លើងនេះហើយដែល ត្រូវបានសៀវភៅដែលមានចំណងជើងថា «សត្រូវបងប្អូនឯង» របស់អ្នកកាសែតជនជាតិឥណ្ឌា ណាយ៉ាន់ ចាន់ដា (Nayan Chanda) សរសេរថា បានជួយជម្លៀសអតីតរដ្ឋមន្ត្រីការបរទេសនៃរបបនោះ គឺលោក អៀងសារី នៅព្រឹកថ្ងៃទី៧មករាឆ្នាំ១៩៧៩គេចចេញពីការវាយដណ្ដើមទីក្រុងភ្នំពេញរបស់កងទ័ពវៀតណាម៕