ក្រុមជនសង្ស័យជាអតីតកម្មាភិបាលខ្មែរក្រហម៤នាក់នៃសំណុំរឿង០០៣ និង ០០៤ ដែលរដ្ឋាភិបាលធ្លាប់រារាំងមិនឲ្យដំណើរការទៅមុខនោះ ត្រូវសហចៅក្រមស៊ើបអង្កេតអន្តរជាតិបានចោទប្រកាន់និងស្ថិតក្នុងដំណាក់កាលស៊ើបអង្កេតបញ្ចប់មែន ប៉ុន្តែនៅមានការប្រទាញប្រទង់គ្នាដ៏ស្មុគស្មាញទៀត។ ដំណើរការនីតិវិធីនេះ ធ្វើឲ្យសហចៅក្រមស៊ើបអង្កេតមិនអាចដំណើរការនីតិវិធីចាប់ឃុំខ្លួន ដើម្បីបន្តស៊ើបអង្កេត មកត្រឹមការដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទឧក្រិដ្ឋកម្មទាក់ទងនឹងអំពើប្រល័យពូជសាសន៍ ប្រឆាំងនឹងមនុស្សជាតិ មនុស្សឃាតដោយ ចេតនាទៅវិញ។ ក្រុមអ្នកឃ្លាំមើលសាលាក្តីខ្លះ មើលឃើញថា សំណុំរឿងបន្ថែមទាំងនេះទំនងជាត្រូវដំណើរការរអាក់រអួលឬពិបាកដល់គោលដៅដែលគ្រប់ភាគីចង់បាន ដោយគ្មានកិច្ចសហការពីភាគីកម្ពុជា ភាពស្មុគស្មាញនៃនីតិវិធី និងការគ្មានឆន្ទៈនយោបាយ។
សហចៅក្រមស៊ើបអង្កេត ភាគីអន្តរជាតិនៃសាលាក្តីខ្មែរក្រហមដែលចូលរួមដោយអង្គការសហប្រជាជាតិ បានចោទប្រកាន់បន្ថែមលើជនសង្ស័យម្នាក់ជាអតីតកម្មាភិបាលខ្មែរក្រហមគឺ លោក អោ អាន ពីបទប្រល័យពូជសាសន៍និងបទឧក្រិដ្ឋផ្សេងទៀត ហើយដាក់ឲ្យនៅក្រោមការត្រួតពិនិត្យ ជំនួសដល់ការចាប់ឃុំខ្លួនដូចករណីមុនៗ។ ក្រុមអ្នកឃ្លាំមើលបានកត់សម្គាល់ថា ផ្តើមចេញពីភាគីអន្តរជាតិតែម្ខាងធ្វើការចោទប្រកាន់ គ្មានការចាប់ឃុំខ្លួនជនត្រូវចោទទៀតនោះ ពួកគេដាក់ចម្ងល់ថា តើសំណុំរឿង០០៣និង០០៤ ដែលមានជនជាប់ចោទ៤នាក់នោះអាចនឹងត្រូវស៊ើបអង្កេតដល់គោលដៅទេ តើនឹងមានដីកាដំណោះស្រាយចុងក្រោយ ដែលមានសហចៅក្រមជាតិនិងអន្តរជាតិចុះហត្ថលេខារួមគ្នាទេ តើសំណុំរឿងនេះ នឹងឈានដល់ការកាត់ទោសទេ។
លោក ឡុង បញ្ញាវុធ មន្ត្រីឃ្លាំមើលសាលាក្តីខ្មែរក្រហមបានមើលឃើញពីការលំបាក និង ស្មុគស្មាញខ្លាំង ដែលលោកថា ទាមទារឲ្យអ.ស.ប.និងកម្ពុជាដោះ ស្រាយផ្នែកនយោបាយ។
«ក៏ប៉ុន្តែវាអាចឈានដល់ការចាប់ខ្លួន ការឃុំខ្លួន? ចម្លើយឆ្លើយថា មិនមានទេ ដរាបណាអត់មានការដោះស្រាយបែបនយោបាយរវាងអ.ស.ប.និងរដ្ឋាភិបាលកម្ពុជា។ បញ្ហាទី១។ បញ្ហាទី២ មិនមានការឃុំខ្លួនដោយសារភាគីអន្តរជាតិយល់ឃើញថា ការឃុំខ្លួនវាអស់លុយច្រើន តែតាមពិតទៅ នេះគ្រាន់តែជាលេសមួយទេដែលថា សាលាក្តីខ្មែរក្រហមកង្វះខាតថវិកា តែបញ្ហាសំខាន់ គឺការមិន សហការពីភាគីជាតិនឹងភាគីអន្តរជាតិនោះ»។
លោកបានបន្តថា លោកមិនហ៊ានទស្សន៍ទាយដែរចំពោះបញ្ហាថាតើជនសង្ស័យ នៃសំណុំរឿងនេះនឹងអាចរួចខ្លួន នឹងអាចត្រូវគេកាត់ទោសបានយ៉ាងណានោះ។
«អញ្ចឹងតើសំណុំរឿង០០៣ និង០០៤ អាចឈានដល់ការជំនុំជម្រះឬក៏អត់ ខ្ញុំ អាចនិយាយបានថាបើសិនជាមិនមានការដោះស្រាយបែបនយោបាយឬមួយ មិនមានការនិយាយការពិតពីភាគអន្តរជាតិទេទាក់ទងនឹងឧបសគ្គសំណុំរឿង ០០៣ និង០០៤ ខ្ញុំនៅតែនិយាយថា យើងមិនទាន់ហ៊ាននិយាយថាសំណុំរឿង ០០៣ និង០០៤ អាចបញ្ជូនទៅជំនុំជម្រះបានឬអត់ផង យើងអាចនិយាយថា យើងក៏មិនហ៊ាននិយាយថាសំណុំរឿង០០៣ និង០០៤ទាំងអស់នោះសុតតែត្រូវ បានចោទប្រកាន់ឬក៏អត់។ អ្វីដែលខ្ញុំនិយាយមិនបានន័យថាចង់ឲ្យចោទប្រកាន់ ទេ តែយើងចង់ឃើញថាដំណើរការស៊ើបអង្កេតធ្វើឡើងពេញលេញ ឯករាជ្យ ហើយបញ្ហាជ្រៀតជ្រែកខាងនយោបាយត្រូវបានដោះស្រាយតាមផ្លូវច្បាប់ឲ្យមានប្រសិទ្ធភាពនិងឲ្យមានតម្លាភាព»។
លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាបានថ្លែងថាការចោទប្រកាន់ បន្ថែម ទៅលើលោក អោ អាន រឿងប្រល័យពូជសាសន៍និងរឿងឧក្រិដ្ឋកម្មផ្សេង ទៀតទំនង ជាសហចៅក្រមមានភស្តុតាងដាក់បន្ទុក។ ហើយលោកទទូចដល់ តុលាការឲ្យគិតពីយុត្តធម៌។
«ទី១ ការស៊ើបអង្កេតនេះ វាចំណាយពេលយូរ យូរហួសពីក្តីរំពឹងទុករបស់សាធា រណៈជន ហើយការចោទប្រកាន់នេះ ជាការចាប់ដំណើរការពិនិត្យទៅលើសំណុំ រឿងនេះថាតើវាទៅជាយ៉ាងម៉េចទៀតព្រោះយើងមិនទាន់ដឹងថាតើការចោទ ប្រកាន់នេះ វាមានឯកសារដាក់បន្ទុក មិនមានឯកសារដាក់បន្ទុកគ្រប់គ្រាន់ក៏យើងមិនទាន់ដឹងនៅឡើយដែរ អញ្ចឹងទាល់តែមានសវនាការ។តែបញ្ហាទី២ ការដាក់ ការចោទប្រកាន់នេះវាឈានដល់ការបើកសវនការឬក៏អត់ហ្នឹង ដោយ សារ នីតិវិធីតុលាការមានការផ្លាស់ប្តូរជាច្រើនដង បើតាមខ្ញុំដឹងគឺជាង២០ដង។ អញ្ចឹង វាពិបាកដែរ ដោយសារថានេះវាស្ថិតនៅក្នុងដៃរបស់មេធាវី របស់ចៅក្រម ហើយ ខ្ញុំគ្រាន់តែមានការជំរុញឲ្យមានការគោរពនីតិវិធី ហើយការគិតពីប្រយោ ជន៍ របស់ជនរងគ្រោះ គ្រាន់តែចង់រំលឹកថាយើងនៅទីនេះគឺដើម្បីជនរងគ្រោះ ដើម្បីយុត្តិធម៌ អញ្ចឹងអ្វីដែលយើងធ្វើគួរយកបញ្ហាហ្នឹងជាធំជាជាងការផ្លាស់ប្តូរ នីតិវិធីឬ ក៏យន្តការណ៍ណាមួយដែលមិនបានគិតអំពីសេចក្តីប៉ងប្រាថ្នាឬក៏ការ ចង់បានរបស់ជនរងគ្រោះ»។
លោក ឆាំង យុ បានអះអាងក្នុងនាមលោកមិនមែនជាអ្នកច្បាប់ថាការមិនចាប់ ឃុំខ្លួនជនសង្ស័យនៃសំណុំរឿងបន្ថែមដើម្បីស៊ើបអង្កេតដូចសំណុំរឿងមុនៗ ទំនងជាតុលាការគិតថាជនសង្ស័យបានសហការជាមួយតុលាការ គ្មានលទ្ធភាព រត់គេចខ្លួន និងបញ្ហាថវិកាជាដើម។
លោក នេត្រ ភក្រ្តា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមបានថ្លែងបញ្ជាក់ថា៖
«យោងតាមច្បាប់ក៏ដូចជាវិធានក្នុងការអនុវត្តន៍ហ្នឹង យោងតាមច្បាប់ជាតិ ការ ដាក់ ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យទៅលើជនសង្ស័យណាម្នាក់ វាមិនចាំបាច់ ត្រូវតែចាប់ខ្លួនទាំងអស់នោះទេ ហើយដំណើរការនៅសាលាក្តីខ្មែរក្រហមនេះ គឺយើងឃើញមានការសហការពីសំណាក់ ជនសង្ស័យដែលគាត់មកបង្ហាញខ្លួន មកតាមការកោះរបស់សហចៅក្រមស៊ើបអង្កេតអន្តរជាតិ»។
លោកថាការចេញដីកាចាប់ខ្លួនឃុំជនសង្ស័យមុនៗកើតឡើងដោយសារជនសង្ស័យមិនបានសហការជាមួយតុលាការ។ ហើយដីកានាំខ្លួននិងចាប់ខ្លួនលើជនសង្ស័យមួយចំនួនបានអស់សុពលភាពហើយក្រោយពីជនសង្ស័យទាំងនោះបានសហការ និងបានមកបង្ហាញខ្លួនតាមដីកាកោះ។
សហចៅក្រមស៊ើបអង្កេតត្រូវបិតបញ្ចប់ការស៊ើបអង្កេតទាំងអស់ចំពោះសំណុំ រឿង បន្ថែមទាំងពីរ ០០៣និង០០៤នេះ នៅខែ មិថុនាឆ្នាំនេះ ហើយនឹងចេញ ដីកាដោះណោះស្រាយរួមគ្នា ដែលគេចាត់ទុកថាជាការចោទប្រកាន់ផ្លូវការ បន្ទាប់ពីការស៊ើបអង្កេត មុនពេលបញ្ជូនសំណុំរឿងទាំងពីរទៅសាលាដំបូង ដើម្បីកាត់ទោស។ ភាគីមួយ ដែលអាចជាចៅក្រមជាតិ ឬចៅក្រមអន្តរជាតិ អាចប្តឹងជំទាស់នឹងបទចោទឬអ្វីមួយក្នុងដីកាដំណោះស្រាយនោះប្រសិនបើគេ រកឃើញថាមិនត្រូវតាមអ្វីដែលខ្លួនចង់បាន។ នីតិវិធីនៃការវិវាទនេះត្រូវបញ្ជូន ទៅអង្គបុរេ ដែលភាគីកម្ពុជាមានអំណាចអាចរារាំងបាន។ ប្រសិនបើអង្គបុរេ សម្រេច ឬមិនសម្រេចនោះនីតិវិធីនឹងបន្តទៅមុខទៀត តែគេនៅមិនច្បាស់ថាតើ ចៅក្រមកម្ពុជាដែលមានសម្លេងភាគច្រើន ហើយជាប្រធានសាលាដំបូងទៀត នោះនឹងកោះហៅឲ្យមានសវនាការយ៉ាងណាទេ។
បន្ថែមពីលើនេះ គេពិបាកដឹងបានថាតើការអូសបន្លាយពេលតវ៉ានិងការមិន សហការ នោះនឹងមានថវិកាគ្រប់គ្រាន់ទេ នឹងមានចៅក្រមបរទេសស្ថិតនៅក្នុងមុខតំណែង ដោយគ្មានការលាលែងដោយសារតែនីតិវិធីរុញទៅរុញមកនោះទេ តើសុខភាពជនជាប់ចោទដែលមានវ័យចំណាស់នោះនឹងទៅជាយ៉ាងណា តើនឹងមានជនជាប់ចោទនៅរស់ដល់ពេលកាត់ទោសទេ។
សំណុំរឿង០០៣ និង០០៤ មានជនជាប់ចោទជាកម្មាភិបាលខ្មែរក្រហមជាន់ខ្ពស់៤នាក់ ដែលមានវ័យចំណាស់ៗ។ ក្នុងនោះមានលោក មាស មុត អាយុ៧១ ជាអតីតមេបញ្ជាការកងទ័ពជើងទឹក ជាជនជាប់ចោទក្នុងសំណុំរឿង០០៣ ។ លោក អោ អាន អាយុ៨៣ឆ្នាំ ហៅ តា អាន ជាអតីតអនុគណៈតំបន់មជ្ឈិម អ្នកស្រី អ៊ឹម ចែម ហៅ យាយ ចែម អាយុ៧១ឆ្នាំ អតីតចៅហ្វាយស្រុកព្រះនេត្រព្រះ និងលោក យឹម ទិត ហៅតាទិត ជាអតីតលេខាធិការស្តីទីតំបន់ពាយ័ព្យ ជនជាប់ចោទក្នុងសំណុំរឿង ០០៤។ ជនជាប់ចោទទាំងអស់ត្រូវសហចៅក្រមស៊ើបអង្កេតភាគីអន្តរជាតិចោទប្រកាន់ពីឧក្រិដ្ឋកម្មអន្តរជាតិសំខាន់ៗដូចជា ឧក្រិដ្ឋកម្មប្រឆាំងនឹង មនុស្សជាតិ មនុស្សឃាត ដែលធ្វើឲ្យមនុស្សរាប់ម៉ឺនសែននាក់ត្រូវស្លាប់ក្នុង ចំណោមការសម្លាប់រង្គាលពលរដ្ឋខ្មែរ ជាង១លាន៧សែន នាក់ក្នុងទសវត្សរ៍១៩៧០ និងជនខ្លះជាប់ចោទពីបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ លើជនជាតិចាម និង វៀតណាមផងដែរ។
ទោះជាមានបទចោទជាច្រើនកើតឡើងមែនក្តី តែសំណួរដែលគេសួរនោះគឺថា តើជនទាំង៤រូបនេះអាចស្ថិតក្នុងយុត្តាធិការតុលាការឬជាមេដឹកនាំជាន់ខ្ពស់ឬជាជនដែលទទួលខុសត្រូវខ្ពស់បំផុតទេ? ដោយសារច្បាប់និងកិច្ចព្រមព្រៀងនៅមានចន្លោះប្រហោងច្រើន ចៅក្រមភាគីកម្ពុជាគឺលោក យូ ប៊ុនឡេង អាចមានការជំទាស់ក្នុងរឿងនេះតាមច្បាប់ ហើយជនជាប់ចោទទាំងនេះអាចរួចខ្លួនបាន តែរឿងនេះត្រូវគេគិតថា អាចមានការប្រែប្រួលទៅតាមឆន្ទៈនយោបាយនិងលក្ខខណ្ឌផ្សេងទៀតដែរ។
បើតាមការអះអាងរបស់លោក ភីធ័រ ម៉ាខ្វៃអ័ (Peter Macguire) សាស្ត្រាចារ្យច្បាប់អាមេរិកាំង និងជាអ្នកនិពន្ធសៀវភៅខ្មែរក្រហម «ប្រឈមមុខនឹងការស្លាប់នៅកម្ពុជា» ឬ «Facing Death in Cambodia» បានថ្លែងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនដែលផ្លាស់ប្តូរជំហរលោកក្នុងការមិនគាំទ្រឲ្យមានការកាត់ទោសសំណុំរឿង ០០៣ និង០០៤ ដូចអ.ស.ប.ទេ។
«ទោះបីជាច្បាប់ជាតិនិងច្បាប់អន្តរជាតិគឺជាកត្តាមួយ តែកត្តាសំខាន់ដែលមានភាពស្មើគ្នានឹងច្បាប់នោះគឺអំណាច។ តើអ.ស.ប.មានអំណាចក្នុងការបង្ខំឲ្យរដ្ឋាភិបាលកម្ពុជាចាប់ខ្លួននិងកាត់ទោសជនជាប់ចោទមួយស៊េរីទៀតទេ វាពិតជាគ្មានទេ។ វាជាពេលវេលាដែលតុលាការខ្មែរក្រហមត្រូវបញ្ចប់អ្វីដែល គេកំពុងធ្វើហើយចាកចេញហើយ»។
លោកបានបន្ថែមថា អ.ស.ប.ត្រូវចេញពីកម្ពុជា បើកម្ពុជាគ្មានការគាំទ្រ។ រដ្ឋាភិបាលកម្ពុជាកំពុងបដិសេធមិនគាំទ្រកិច្ចប្រឹងប្រែងរបស់អ.ស.ប.យ៉ាងជាក់ស្តែង ចំពោះសំណុំរឿង០០៣ និង០០៤ ។ នេះជាពេលដែលអ.ស.ប. ចាកចេញពីកម្ពុជាហើយ។
«អ.ស.ប. គឺជាភ្ញៀវក្នុងព្រះរាជាណាចក្រកម្ពុជា ហើយដើម្បីដំណើរការសំណុំរឿង ០០៣ និង០០៤ បាន ពួកគេត្រូវការការគាំទ្រពីមេដឹកនាំកម្ពុជាគឺលោក ហ៊ុន សែន។ អ.ស.ប.មិនគ្រាន់តែមិនមានការគាំទ្រទេ អ.ស.ប.មិនដែលធ្លាប់មានការគាំទ្រពីដើមមកឡើយ»។
ចៅក្រមអន្តរជាតិនៃសាលាក្តីខ្មែរក្រហមកំពុងស៊ើបអង្កេតជនសង្ស័យ៣នាក់នៃសំណុំរឿង០០៤ ហើយបានបំបែកសំណុំរឿង០០៤ វគ្គ១ ដើម្បីដំណើរការនីតិវិធី។ ចៅក្រមអន្តរជាតិក៏កំពុងស៊ើបអង្កេតសំណុំរឿង០០៣ ផងដែរ មុននឹងត្រូវបិទបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០១៦ឬនៅឆ្នាំក្រោយ ដែលក្រុមអ្នកឃ្លាំមើលចាត់ទុកថា ដំណើរការថ្មីរបស់សហចៅក្រមស៊ើបអង្កេត Michael Bohlander គ្រាន់តែជាការបំពេញនីតិវិធី ដែលពិបាកនិយាយថាជាការរីកចម្រើន។
ការថ្លែងយ៉ាងដូច្នេះដោយយោងថាមានចៅក្រមអ.ស.ប.មួយចំនួន បានលាលែងដោយ សារការរារាំងផ្នែកនយោបាយក្នុងសំណុំរឿង០០៣ និង០០៤ដែលរដ្ឋាភិបាល កម្ពុជាធ្លាប់ប្រកាសរារាំងជាសាធារណៈដោយខ្លាចមានសង្គ្រាមស៊ីវិល ហើយមិន គិតពីយុត្តិធម៌នោះ៕