ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនអន្តោប្រវេសន៍​ទី​បំផុត​បាន​មក​ដល់​អាល្លឺម៉ង់​


ក្រុម​ជន​អន្តោប្រវេសន៍​រង់ចាំ​ធ្វើការ​ត្រួតពិនិត្យ​សុខភាព​បន្ទាប់​ពី​បាន​មកដល់​ស្ថានីយ៍​រថភ្លើង​នៅ​ក្រុង​ Munich ភាគខាងត្បូង​អាល្លឺម៉ង់​នា​ថ្ងៃ​ទី០៥ ខែកញ្ញា ឆ្នាំ២០១៥។
ក្រុម​ជន​អន្តោប្រវេសន៍​រង់ចាំ​ធ្វើការ​ត្រួតពិនិត្យ​សុខភាព​បន្ទាប់​ពី​បាន​មកដល់​ស្ថានីយ៍​រថភ្លើង​នៅ​ក្រុង​ Munich ភាគខាងត្បូង​អាល្លឺម៉ង់​នា​ថ្ងៃ​ទី០៥ ខែកញ្ញា ឆ្នាំ២០១៥។

រទេះ​ភ្លើង​ផ្ទុក​ទៅ​ដោយ​ជន​ភៀស​ខ្លួន​នៅទី​បញ្ចប់​បាន​ទៅ​ដល់​ប្រទេស​អាល្លឺម៉ង់​នៅ​ថ្ងៃ​សៅរ៍​នេះ ​បន្ទាប់​ពី​ពន្យា​ពេល​អស់​ជា​ច្រើន​ថ្ងៃ​នៅ​ឯ​ស្ថានីយ៍​រថភ្លើង Keleti ​ក្នុង​រដ្ឋធានី​ប៊ុយដាប៉េស​នៃ​ប្រទេស​ហុងគ្រី។

របាយការណ៍​ពី​ប្រទេស​អាល្លឺម៉ង ​និង​អូទ្រីស​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​រថភ្លើង​ទី​មួយ​ដែល​ដឹក​ជន​ភៀស​ខ្លួន​បាន​ចាក​ចេញ​ពី​ប្រទេស​អូទ្រីស​ទៅ​កាន់​ប្រទេស​អាល្លឺម៉ង់​នៅ​ថ្ងៃ​សៅរ៍​នេះ​ទើប​តែ​ប៉ុន្មាន​ម៉ោង ​បន្ទាប់​ពី​ពួកគេ​បាន​ឡើង​ជិះ​រថយន្ត​ក្រុង​ពី​រដ្ឋ​ធានី​ប៊ុយដាប៉េស​ទៅ​កាន់​ព្រំដែន​ប្រទេស​អូទ្រីស។

ជន​ចំណាក​ស្រុក​រាប់​ពាន់​នាក់​ឥឡូវ​នេះ​កំពុង​ចូល​ក្នុង​ប្រទេស​អូទ្រីស។ ការណ៍​នេះ​ ​ជា ការ​បំបែក​ភាព​ទាល់​ច្រក បន្ទាប់​ពី​ភាព​មិន​ប្រាកដ​ប្រជា​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​អំពី​ការ​ស្វះ​ស្វែង​រក​ឋានៈ​ជា​ជន​ភៀស​ខ្លួន​នៅ​ខាង​ក្នុង​ព្រំ​ដែន​របស់​សហភាព​អឺរ៉ុប។

ក្រុម​មន្រ្តី​អូទ្រីស​បាន​និយាយ​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា ​ជន​ភៀស​ខ្លួនច្រើន​ពាន់​នាក់​បាន​ឆ្លង​កាត់​ចូល​ទៅ​ក្នុង​ប្រទេស​អូទ្រីស​រួ​ចហើយ ​ដែល​នៅ​ទី​នោះ​ពួកគេ​បាន​ត្រូវ​ទទួល​ស្វាគមន៍​ដោយ​កម្មវិធី​ជំនួយ ​ហើយទី​កន្លែងសម្រាប់ស្នាក់​នៅ។ លោក Wolfgang Mueller មន្រ្តី​អូទ្រីស​បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មានថា ​ជន​ភៀសខ្លួន​៨០០​នាក់ ​បាន​ជិះ​រទេះ​ភ្លើង​រួច​ទៅ​ហើយ​ ដែល​ដឹក​ជញ្ជូន​ពួកគេ​ទៅ​កាន់​រដ្ឋ​ធានី​វីយ៉ែន ​ហើយ​បន្ទាប់​មក​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អាល្លឺម៉ង់។

អង្គការ​កាកបាទ​ក្រហម​អូទ្រីស​បាន​ទទួល​ជន​ភៀសខ្លួន​នៅ​តំបន់ Hegyeshalom​ ដែល​ឆ្លង​ចូលព្រំដែន​អូទ្រីស។

អធិការបតី​នៃ​ប្រទេស​អូទ្រីស​បាន​និយាយ​ថា ​ប្រទេស​របស់​លោក​ និង​អាល្លឺម៉ង់​នឹង​អនុញ្ញាត​ឲ្យ​ជន​ចំណាក​ស្រុកចូល​ដោយ​គ្មាន​ការ​រារាំង។

លោក​អធិការបរតី Werner Faymann បាន​ប្រកាស​ការ​សម្រេច​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​បន្ទាប់​ពី​ការ​ពិភាក្សា​ជាមួយ​លោកស្រី​អធិការបតី Angela Merkel នៃ​ប្រទេស​អាល្លឺម៉ង់​មក។

លោក Faymann បាន​មាន​ប្រសាសន៍​ថា ​ការ​សម្រេច​នេះ​បណ្តាល​មកពី​ស្ថាន​ភាព​គ្រា​អាសន្ន​នៅ​ពេល​បច្ចុប្បន្ន​នេះ​នៅ​ព្រំ​ដែន​ប្រទេស​ហុងគ្រី។

​ឥឡូវនេះ​ជន​ភៀស​ខ្លួន​នៅ​ព្រំ​ដែន​ប្រទេស​អូទ្រីស ​បាន​ចាកចេញ​ពី​ស្ថានីយ​រទេះ​ភ្លើង Keleti ក្នុង​រដ្ឋ​ធានី Budapest នៃ​ប្រទេស​ហុងហ្គារី​ដោយ​ធ្វើ​ដំណើរ​តាម​ជើង​កាល​ពី​ថ្ងៃ​សុក្រ​បន្ទាប់​ពីរង់ចាំមន្រ្តី​ហុងគ្រី​អស់រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​ដើម្បី​អនុញ្ញាត​ឲ្យ​ពួកគេ​ធ្វើ​ដំណើរ។​

បន្ទាប់​មក​ប្រទេស​ហុងគ្រី​បាន​បញ្ជូន​រថយន្ត​ក្រុង​ទៅ​ដឹក​ជន​ចំណាក​ស្រុក​រាប់​រយ​នាក់​ដែល​ដើរ​ពេល​លើផ្លូវ Highway នៅ​ពេល​ដែល​ពួកគេ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ព្រំ​ដែន​ភាគ​ខាង​លិច​ប្រទេស៕

XS
SM
MD
LG