ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រសួង​ការងារ​បញ្ជា​ឱ្យ​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​សងប្រាក់​ជនរងគ្រោះ​វិញ

  • ម៉ែន គឹមសេង

ស្ត្រី​ខ្មែរ​មួយ​ក្រុម​កំពុង​រៀប​ឡើង​យន្ត​ហោះ​ដើម្បី​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី​​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​កាល​ពី​ខែ​មីនា ឆ្នាំ២០១៥។ (រូបថត៖ ប៉ូច រាសី/VOA Khmer)

ក្រសួង​ការងារ​កម្ពុជា​បាន​បញ្ជា​ឱ្យ​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​ចំនួនពីរ​សងប្រាក់​ទៅ​ឱ្យ​ពលករ​វិញ​បន្ទាប់​ពី​ក្រុមហ៊ុន​នោះ​ខកខាន​មិន​បាន​នាំ​ពួកគេ​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​តាម​ការ​សន្យា។​

ក្រុមហ៊ុន​ដែល​មាន​ឈ្មោះ​ថា​ Rice Natural Co. Ltd និង​ក្រុមហ៊ុន​ Century (Cambodia) Manpower Co. Ltd ​ទទួល​រងការ​ចោទ​ប្រកាន់​ថា​បាន​ទទួល​ប្រាក់​ចំនួន​៤០០​ដុល្លារ​ពី​ពលករ​ម្នាក់ៗ​សម្រាប់​តម្លៃ​ចុះ​ឈ្មោះ​របស់​ពលករ​ចំនួន​២០១​នាក់ កាលពី​ខែ​មិថុនា ឆ្នាំ​២០១៤ ដើម្បី​បាន​ទៅ​ធ្វើ​ការ​ផ្នែក​កសិកម្ម ឧស្សាហកម្ម​ និង​សំណង់​ក្នុង​ប្រទេស​ជប៉ុន ក៏ប៉ុន្តែ​មិន​បាន​ធ្វើ​តាម​សន្យា ហើយ​ក៏ប្តូរ​ទីតាំង​ការិយាល័យ​ក្រោយ​ពី​បាន​ទទួល​ប្រាក់​អស់​ហើយ។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​កាលពី​សប្តាហ៍​មុន។

​ក្រសួង​ការងារ​បាន​ទុក​ពេល​មួយ​ខែ​ឱ្យ​ក្រុមហ៊ុន​ទាំងពីរ​សងប្រាក់​ឱ្យ​បាន​គ្រប់​ចំនួន​ជូន​ពលករ​ដែល​មាន​សក្ខីបត្រ​ត្រឹម​ត្រូវ​វិញ​ដោយ​ចាប់​ពីថ្ងៃ​ទី​២០ ខែ​ឧសភា ដល់​ថ្ងៃទី​២០​ខែ​មិថុនា។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ ដែល​បាន​ចេញ​ផ្សាយ​ក្រោយ​ពី​មាន​ជំនួប​រវាង​ដើម​បណ្តឹង​ជា​ពលករ និង​តំណាង​ក្រុមហ៊ុន​ទាំង​ពីរ។

អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ក៏​បាន​អំពាវនាវ​ឱ្យ​ចាប់​ជន ដែល​ទទួល​ខុសត្រូវ​យក​មក​ដាក់​ទោស​ដោយ​សារ​តែ​ជនរងគ្រោះ​ទាំងនោះ​បាន​ជំពាក់​បំណុល​គេ ដោយ​ខ្ចី​ក្នុង​កម្រិត​ការ​ប្រាក់​ខ្ពស់​ដើម្បី​យក​មក​បង់​ឱ្យ​ក្រុមហ៊ុន​នោះ។ ប៉ុន្តែ​សេចក្តី​ជូន​ដំណឹង​នៅ​ថ្ងៃ​នេះ​មិន​បាន​បញ្ជាក់​ថា នឹង​មាន​វិធានការ​យ៉ាង​ណា​ទៀត​ទេ បើ​សិន​ជា​ក្រុមហ៊ុន​ទាំង​នោះ​មិន​គោរព​តាម​បញ្ជា​របស់​ក្រសួង៕

XS
SM
MD
LG