ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចំនួន​ទេសចរ​កើនឡើង​មាន​ផល​ប៉ះពាល់​ទៅ​លើ​សង្គម និង​សេដ្ឋកិច្ច​របស់​វៀតណាម


រូបឯកសារ៖ អ្នកទេសចរឆ្លងស្ពានមួយនៅជ្រលងភ្នំ Ba Na ជិតក្រុង Danang ប្រទេសវៀតណាម កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨។
រូបឯកសារ៖ អ្នកទេសចរឆ្លងស្ពានមួយនៅជ្រលងភ្នំ Ba Na ជិតក្រុង Danang ប្រទេសវៀតណាម កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨។

វៀតណាមលែងគ្រាន់តែជាកន្លែងសម្រាប់ទៅទស្សនាកន្លែងប្រវត្តិសាស្រ្តសង្រ្គាម និងទទួលទានគុយទាវហ្វឺតាមផ្លូវទៀតហើយ។

ភ្ញៀវ​ទេសចរ​បរទេស​ដែល​ដើរ​កាត់​ឧទ្យាន​មួយ​នៅ​ទីក្រុង​ហូជីមិញ អាច​ជួប​ប្រទះ​នឹង​ព្រឹត្តិការណ៍​មួយ គឺ​ជនចម្លែក​វ័យក្មេង​ម្នាក់ ចូល​មក​ជិត​ពួកគេ។ ជន​ចម្លែក​នោះ គឺ​ក្មេងស្រី​ជនជាតិ​វៀតណាម​ម្នាក់ ដែល​នាង​នឹង​សួរ​ភ្ញៀវទេសចរ​ថា តើ​នាង​អាច​ហាត់​និយាយ​ភាសា​អង់គ្លេស​ជាមួយ​ពួកគេ​បាន​ដែរ ឬ ទេ។ នៅក្នុង​ប្រទេស​ដែល​ប្រជា​ពលរដ្ឋ​ប្រមាណជា ៨៥ ភាគរយ​មាន​ជាតិសាសន៍​តែ​មួយ ដែល​ភាគច្រើន​ជា​អ្នកកាន់​ព្រះពុទ្ធ​សាសនា​នោះ វិស័យ​ទេសចរណ៍ គឺជា​មធ្យោបាយ​ដ៏​សំខាន់​មួយ​ដើម្បី​ឲ្យ​ពលរដ្ឋ​ក្នុង​ប្រទេស​នេះ អាច​ជួប​ជាមួយ​នឹង​មនុស្ស​ដែល​មាន​វប្បធម៌​ផ្សេងៗ។

ចំនួន​ភ្ញៀវទេសចរ​មក​ដល់​ប្រទេស​វៀតណាម​ឡើងខ្ពស់

ចំនួន​ភ្ញៀវទេសចរ​បរទេស​ដែល​ទៅ​លេង​ប្រទេស​វៀតណាម​កំពុងតែ​ឈាន​ដល់​កម្រិត​ខ្ពស់​បំផុត ដែល​នេះ ជា​ដំណឹងល្អ​សម្រាប់​អ្នក​រៀន​ភាសា​អង់គ្លេស​វ័យ​ក្មេង។ ចំនួន​នៃ​ការមក​ដល់​របស់​ភ្ញៀវទេសចរ​បរទេស​មាន​ ១៥ លាន​នាក់​ក្នុង​ឆ្នាំ ២០១៨ ដែល​នេះ​បង្ហាញ​ឲ្យ​ឃើញ​នូវ​អត្រា​កើនឡើង​ទ្វេដង​បើ​ប្រៀប​ទៅ​នឹង​កាលពី ៦ ឆ្នាំ​មុន។ នេះ​បើ​យោង​តាម​ការស្រាវជ្រាវ​របស់​ធនាគារ HSBC ដែល​ជា​ធនាគារ​ផ្តល់​សេវាកម្ម​ផ្សេងៗ និង​ការ​វិនិយោគ។ ភ្ញៀវទេសចរ​ទាំងនោះ​បាន​នាំ​មក​ជាមួយ​ពួកគេ​នូវ​ឱកាស​ប្តូរ​វប្បធម៌​គ្នា ក៏​ដូចជា​ប្រាក់​ចំណូល ផ្នែក​ទេសចរណ៍ ដែល​ប្រទេស​វៀតណាម​ស្វែងរក គ្រាដែល​សេដ្ឋកិច្ច​របស់​ខ្លួន កំពុងតែ​ផ្លាស់ប្តូរ។

អត្ថប្រយោជន៍​ផ្នែក​ហិរញ្ញវត្ថុ គឺ​មិន​ត្រឹមតែ​ជា​ប្រាក់ចំណូល​ដែល​សណ្ឋាគារ​រក​បាន​នៅ​ពេល​ភ្ញៀវ​ចំណាយ​ចំពោះ​ការស្នាក់នៅ​របស់​ពួកគេ​ប៉ុណ្ណោះ​ទេ។ គិត​ទៅ​ដល់​សេដ្ឋកិច្ច​ទូទៅ​របស់​ប្រទេស​វៀតណាម៖ ដោយសារ​ប្រទេស​នេះ​ទទួល​បាន​អត្ថប្រយោជន៍​យ៉ាងច្រើន​ពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន​និង​សហរដ្ឋ​អាមេរិក និង​ពី​ពាណិជ្ជកម្ម​ជាទូទៅ​នោះ ការណ៍​នេះ កំពុង​ជំរុញ​ឱ្យ​វៀតណាម​ផ្តោត​ការយកចិត្ត​ទុកដាក់​លើ​ការនាំចេញ​ទំនិញ។ ក៏ប៉ុន្តែ ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ មិន​ចង់​ពឹងផ្អែក​លើ​ការនាំ​ចេញ​ទំនិញ​ទេ ហើយ​នោះ​មាន​ន័យ​ថា ប្រទេស​នេះ កំពុង​បោះ​ជំហាន​ឈាន​ទៅ​រក​សេដ្ឋកិច្ច​ដែល​ផ្អែក​លើ​សេវាកម្ម ដែល​ក្នុង​នោះ​រួម​មាន​សេវាកម្ម​ផ្នែក​ទេសចរណ៍​ផងដែរ។

មាន​ឱកាស​សម្រាប់​កែលំអ​ក្នុង​ការស្វាគមន៍​ភ្ញៀវទេសចរ

អ្នកស្រី Yun Liu សេដ្ឋវិទូ​នៃធនាគារ HSBC បាន​សរសេរ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ទេសចរណ៍​ថា «ទោះបីជា មាន​លទ្ធផល​ល្អ​នៅក្នុងវិស័យ​ទេសចរណ៍​ក៏ដោយ ក៏​វិស័យ​ទេសចរណ៍​របស់​ប្រទេស​វៀតណាម​នៅតែ​ចាញ់​ប្រទេស​ជាច្រើន​ក្នុង​តំបន់។ ក្រលេក​មើល​ចំនួន​ភ្ញៀវ​ទេសចរ​សរុប​ក្នុង​ឆ្នាំ ២០១៨ ឃើញ​ថា​វៀតណាម​នៅ​មាន​សក្តានុពល​ខ្លាំង ក្នុង​ការបង្កើន​ចំនួន​ភ្ញៀវ​ទេសចរ​នេះ​បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ថៃ ដែល​ចំនួន​ភ្ញៀវ​ទេសចរ​ទៅ​លេង​មាន​រហូត​ដល់​ ៣៨ លាន​នាក់»។ អ្នកស្រី​បាន​បន្ថែម​ថា ប្រទេស​វៀតណាម​អាច​ធ្វើ​ឲ្យ​សេវាកម្ម​ផ្នែក​ទេសចរណ៍​របស់​ខ្លួន មាន​លក្ខណៈ​ចម្រុះ។

ទស្សនៈ​វិស័យ​ទេសចរណ៍​ថ្មី

អ្នកផ្តល់​សេវាកម្ម​ផ្នែក​ទេសចរណ៍ កំពុង​សម្រប​ខ្លួន​ទៅតាម​តម្រូវការ​ថ្មីៗ។ ប្រទេស​វៀតណាម​លែង​ជា​កន្លែង​សម្រាប់​តែ​ទស្សនា​ទីតាំង​សង្រ្គាម​ចាស់ៗ ហើយនឹង​បរិភោគ​ហ្វឺរ​នៅ​តាម​ចិញ្ចើម​ផ្លូវ​ទៀត​ហើយ។ ម្ចាស់​អាជីវកម្ម បាន​បង្កើត​ជំរំ និង​ផ្ទះ​ស្នាក់នៅ (bungalow) សម្រាប់​អ្នកធ្វើដំណើរ​នៅ​លើ​ភ្នំ​ដាឡាត់។ និស្សិត​សិក្សា​ផ្នែក​អាជីវកម្ម​ផ្តល់​សេវាកម្ម ដោយ​ដឹក​ភ្ញៀវ​តាម​ម៉ូតូ ទៅ​ភ្លក់​ម្ហូប​អាហារ​នានា នៅ​ក្រៅ​ម៉ោង​សិក្សា​របស់​ពួកគេ។ ម្ចាស់ផ្ទះ​ខ្លះ បាន​ចាប់ផ្តើម​ពី​ការជួល​បន្ទប់​ក្នុង​ផ្ទះ​របស់​ខ្លួន​ដល់​ភ្ញៀវទេសចរ រហូត​ដល់​ការដាក់ជួល​ផ្ទះ​របស់​ពួកគេ ដោយ​ថែម​ទាំង​ផ្តល់​អាហារ​ពេលព្រឹក និង​ការជូន​ដើរ​កំសាន្ត​ក្នុង​ទីក្រុង​ទៀតផង។ និន្នាការ​នេះ​ មាន​ការកើន​ឡើង​នៅក្នុង​គេហទំព័រ Airbnb ដែល​មាន​អ្នក​ចុះ​ឈ្មោះ​ប្រមាណជា ១ម៉ឺន ៦ពាន់ នៅ​ក្នុង​ប្រទេស​វៀតណាម។ ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​កំពុង​ទាក់ទាញ​ភ្ញៀវទេសចរ​បរទេស​កាន់តែ​ខ្លាំង​ឡើងៗ ដូចជា​ការរត់​ម៉ារ៉ាតុង​នៅ​ដាណាង​និង​សាប៉ា ឬ ការប្រណាំង​កង់​នៅ​ Hue ដែល​ជា​អតីត​រាជធានី​ជាដើម។ ការប្រណាំង​កង់ Coupe de Hue ផ្តល់​ឱកាស​ដ៏ល្អ ដើម្បី​ផ្សព្វផ្សាយ និង​បង្ហាញ​ពី​សម្រស់​ធម្មជាតិ​របស់​តំបន់​Hue នេះ»។ នេះ បើតាម​សម្តី​របស់ លោក Les Walters ដែល​ជា​នាយក​គ្រប់គ្រង​កម្មវិធី​នានា​នៅ​រមណីយដ្ឋាន Laguna Lang Co resort។

ផលអវិជ្ជមាន​នៃ​ការកើនឡើង​ភ្ញៀវ​ទេសចរណ៍

មិនមែន​គ្រប់គ្នា​សុទ្ធតែ​យល់​ដឹង​ថា គួរ​ធ្វើ​យ៉ាងណា​នៅពេល​ដែល​ចំនួន​ភ្ញៀវ​ទេសចរ​កើនឡើង​ដូចនេះ​ទេ។ ចោរ​លូក​ហោប៉ៅ រីករាយ​ពេល​មាន​ភ្ញៀវទេសចរ​ច្រើន ប៉ុន្តែ ពួកគេ​អាច​មិន​ដឹង​ទេ​ថា វិធី​រកប្រាក់​ដ៏​រហ័ស​របស់​ពួកគេ អាច​ធ្វើ​ឱ្យ​ខូច​ដល់​កេរ្តិ៍ឈ្មោះ​របស់​ប្រទេស​វៀតណាម​នោះ។ រីឯ​ភ្ញៀវ​ទេសចរ​វិញ ក៏​បង្ក​ការខូចខាត​ដែរ។ សំរាម​ត្រូវបាន​គេ​បោះ​ចោល​គរ​នៅ​តាមឆ្នេរ​តំបន់ Phu Quoc នៅ​ក្នុង​ទឹក​តំបន់ Ha Long Bay និង​តំបន់​សាប៉ា​ដែល​ដាំស្រូវ​ជា​ថ្នាក់ៗ។ ជនជាតិ​វៀតណាម​ក្នុង​ស្រុក​ម្នាក់ ដែល​ចូលរួម​ការប្រណាំងកង់ នៅតំបន់ Hue បាន​និយាយ​ថា លោក​ចង់​ឲ្យ​វៀតណាម​អាច​រក្សា​តុល្យភាព​ឲ្យ​បាន​នូវ​អត្ថប្រយោជន៍​ដែល​ទទួល​បាន​ពី​វិស័យ​ទេសចរណ៍ ដោយ​មិន​បង្ក​ហានិភ័យ​ច្រើន។ ឧទាហរណ៍​នៅ​ក្នុង​ស្រុកកំណើត​របស់​លោក លោក​បាន​ស្នើ​ឱ្យ​ថែរក្សា​អតីត​ទឹកដី​អធិរាជ​នៅ​ភាគខាងជើង​នៃ​ទន្លេ Perfume គ្រាដែល​អនុញ្ញាត​ឱ្យ​មាន​ការអភិវឌ្ឍ​បន្ថែម​ទៀត​នៅ​ភាគខាងត្បូង​នៃ​ទន្លេ​នេះ។ ប្រសិនបើ​ប្រទេស​វៀតណាម​នឹង​ធ្វើ​ឲ្យ​មាន​តុល្យភាព​នោះ ប្រទេស​នេះ ចាំ​បាច់​ត្រូវ​ធ្វើ​ឲ្យ​បាន​ឆាប់។ ប្រទេស​នេះ គ្រោង​នឹង​ចាប់ផ្តើម​ជើងហោះហើរ​ផ្ទាល់​លើក​ដំបូង​របស់​ខ្លួន​ជាមួយ​សហរដ្ឋ​អាមេរិក​ដែល​ជាដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​ខ្លួន​នៅ​ដើម​ឆ្នាំ​ក្រោយ គ្រាដែល​ចំនួន​ភ្ញៀវ​ទេសចរ​បង្ហាញ​សញ្ញា​ថា នឹង​បន្ត​កើនឡើង​ទៀត៕

ប្រែសម្រួល​ដោយ​អ្នកស្រី លី ម៉ូរីវ៉ាន់

XS
SM
MD
LG