វិបត្តិជំងឺកូវីដ១៩ នៅក្នុងប្រទេសអូស្ត្រាលី កំពុងតែធ្ងន់ធ្ងរ ដោយសារការកើនឡើងនៃការឆ្លងថ្មីចំនួន ៧២៣ ករណី ដែលត្រូវបានគេរាយការណ៍នៅក្នុងរដ្ឋ Victoria កាលពីថ្ងៃទី២៩ ខែកក្កដាកន្លងទៅ។ មនុស្ស ១៣ នាក់បានស្លាប់ដោយសារជំងឺនេះ។ ព្រំដែនឆ្លងរដ្ឋមួយចំនួននៅភាគខាងកើតប្រទេសអូស្ត្រាលីត្រូវបិទម្ដងទៀត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសនេះ។
ប្រទេសអូស្ត្រាលីមានការឆ្លងវីរុសកូរ៉ូណាប្រមាណជិត ២ ម៉ឺនករណី និងមនុស្សសរុបចំនួន ២៤៧ នាក់បានស្លាប់គិតត្រឹមថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២០។ នេះបើយោងតាមស្ថិតិរបស់សាកលវិទ្យាល័យ Johns Hopkins នៅក្នុងសហរដ្ឋអាមេរិក។
ថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ជាថ្ងៃដែលមានមនុស្សស្លាប់ដោយសារជំងឺកូវីដ១៩ ច្រើនបំផុតនៅប្រទេសអូស្ត្រាលី។ រដ្ឋ Victoria ដែលជារដ្ឋដែលមានប្រជាជនច្រើនបំផុតទី២ នៅក្នុងប្រទេស មានការកើនឡើងចំនួនអ្នកឆ្លងវីរុសកូរ៉ូណាចំនួន ៧២០ ករណី និងអ្នកស្លាប់ចំនួន ១៣នាក់ គិតត្រឹមរយៈពេល ២៤ ម៉ោងមុន។ ទាំងនេះគឺជាកំណត់ត្រាប្រចាំថ្ងៃថ្មី។
អភិបាលរដ្ឋ Victoria លោក Daniel Andrews បាននិយាយថា៖ «ខ្ញុំមានការសោកស្ដាយណាស់ក្នុងការរាយការណ៍អំពីចំនួនជនរងគ្រោះសរុប ដែលបានស្លាប់ដោយសាររោគរាតត្បាតជាសាកលនៅក្នុងរដ្ឋ Victoria ដែលឥឡូវនេះមានចំនួនរហូតដល់ ១០៥ នាក់។ ហើយ អ្នកស្លាប់ ១៣ នាក់ថ្មីនេះបុរសបីនាក់ និងស្ត្រីបីនាក់ក្នុងវ័យ ៧០ឆ្នាំប្លាយ បុរសបីនាក់ និងស្ត្រីពីរនាក់នៅក្នុងវ័យ ៨០ឆ្នាំបា្លយ ហើយបុរសពីរនាក់នៅក្នុងវ័យ ៩០ឆ្នាំប្លាយ។ យើងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ដល់គ្រួសារជនរងគ្រោះទាំងអស់។ នេះគឺជាបញ្ហាប្រឈមដ៏លំបាកមួយ»។
ក្រុមអ្នកជំនាញដែលតែងតែត្រូវបានគេបញ្ជូនទៅកាន់តំបន់រងគ្រោះខ្លាំងនៅឯបរទេស ឥឡូវនេះកំពុងចាប់ផ្ដើមធ្វើការនៅមជ្ឈមណ្ឌលចាស់ជរានៅក្នុងរដ្ឋ Victoria កន្លែងដែលមានការផ្ទុះឡើងខ្លាំងនៃការឆ្លងរាលដាលនៃវីរុសនេះ។ លោក Greg Hunt រដ្ឋមន្ត្រីក្រសួងសុខាភិបាលសហព័ន្ធប្រទេសអូស្រ្តាលី បានពណ៌នាអំពីក្រុមជួយសង្គ្រោះថា ជាកងកម្លាំងពិសេសក្នុងវិស័យសុខាភិបាល។ យោធាក៏បានចូលរួមចំណែកក្នុងកិច្ចប្រឹងប្រែងតាមដានការទំនាក់ទំនងគ្នា [របស់ប្រជាជន] ក្នុងគោលបំណងធានាឲ្យបានថា អ្នកជំងឺកូវីដ១៩ នៅដាច់ដោយឡែកពីគេឯង។
រដ្ឋធានី Melbourne នៃរដ្ឋ Victoria ត្រូវបានអាជ្ញាធរចេញបញ្ជាឲ្យបិទចំនួន ៦សប្ដាហ៍ជាលើកទី២ នៅក្នុងខែកក្កដា។ ប្រជាជនប្រមាណ ៥លាននាក់ស្ថិតនៅក្រោមបទបញ្ជាឲ្យនៅតែក្នុងផ្ទះ។ ពួកគេអាចចេញពីផ្ទះបានក្រោមមូលហេតុចាំបាច់ប៉ុណ្ណោះ ហើយចាំបាច់ត្រូវតែពាក់ម៉ាស់ជាដាច់ខាត។
ពលរដ្ឋនៅទីក្រុង Sydney ដែលមានករណីជំងឺកូវីដ១៩ ដោយអន្លើ ក្នុងពេលឆាប់ៗនេះ នឹងត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរទៅកាន់រដ្ឋ Queensland ឡើយ។
អភិបាលរដ្ឋ Queensland អ្នកស្រី Annastacia Palaszczuk បាននិយាយថា៖ «យើងបានប្រកាសថាទីក្រុង Sydney គឺជាតំបន់ក្ដៅគគុកបំផុត ដែល [ការហាមឃាត់] នឹងចូលជាធរមានចាប់ពីថ្ងៃសៅរ៍ [ទី២៩ ខែកក្កដា] តទៅ។ នេះគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ដែលយើងត្រូវធ្វើដើម្បីការពាររដ្ឋ Queensland និងសុខភាពរបស់ប្រជាជនក្នុងរដ្ឋ Queensland»។
ព្រំដែនអន្តរជាតិរបស់អូស្ត្រាលីត្រូវបានបិទមិនឲ្យអ្នកដំណើរបរទេសចូលចាប់តាំងពីខែមីនា ហើយទំនងជាបន្តបិទរហូតដល់ឆ្នាំក្រោយ។ ពលរដ្ឋអូស្ត្រាលី ដែលត្រឡប់មកស្រុកកំណើតវិញ ត្រូវប្រឈមមុខនឹងការធ្វើចត្តាឡីស័ក្តិនៅក្នុងសណ្ឋាគារចំនួន ១៤ ថ្ងៃជាដាច់ខាត៕
ប្រែសម្រួលដោយ សឿន វឌ្ឍនា