ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រតិកម្ម​ចម្រុះ​ចំពោះ​ការ​ដោះលែង​សកម្មជន​ដោយ​មាន​ចំណង​ច្បាប់


បាតុករ​ម្នាក់​ដាក់​ផ្លាក​ទាមទារ​ឲ្យ​ដោះ​លែង​សកម្មជន​និង​កម្មករ​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​សុក្រ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៤។
បាតុករ​ម្នាក់​ដាក់​ផ្លាក​ទាមទារ​ឲ្យ​ដោះ​លែង​សកម្មជន​និង​កម្មករ​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​សុក្រ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៤។
អង្គការ​សហប្រជាជាតិ ​ក្រុម​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ សហគមន៍​ជន​រង​គ្រោះ​ដោយ​សារ​ជម្លោះ​ដីធ្លី​ ​ក្រុម​សហជីព​កម្មករ​ និង​សមាគម​មេធាវី​ រួម​ទាំង​មន្ត្រី​នយោបាយផង​ បាន​សម្តែងការ​អប​អរ​សាទរ​ ​ប្រកប​ដោយ​ការ​រិះ​គន់​ និង​វាយ​ប្រហារ​ចំពោះ​ការ​ដោះ​លែង​សកម្ម​ជន​សិទ្ធិ​មនុស្ស​ និងក្រុម​អ្នក​តវ៉ា​ទាមទារ​ការ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​នៅ​ថ្ងៃ​សុក្រ​នេះ។​

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ​នៅ​ល្ងាច​នេះ​ ការិយល័យ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា ​អង្គការ​ពល​កម្ម​អន្តរជាតិ​ (ILO)​ ប្រចាំ​ប្រទេស​កម្ពុជា ​ថៃ​ និង​ប្រទេស​ឡាវ ​បាន​ស្វាគមន៍​ការ​សម្រេច​ទោស​នេះ។ ​ក៏​ប៉ុន្តែ​ស្ថាប័ន​អង្គការ​សហ​ប្រជាជាតិ​ទាំង​នេះ​សម្តែងការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ដាក់​ទោស​ទៅ​លើ​ពួក​គេ ​និង​កង្វះ​ភស្តុតាង​ដាក់​បន្ទុក។​

អង្គការ​ទាំងនេះ​បន្ថែម​ថា ​ក្នុង​ករណី​ខ្លះ ​ជន​ទាំង​នោះ​ត្រូវ​ចាប់​ខ្លួន​ដោយ​គ្រាន់​តែពួក​គេ​បាន​អនុវត្ត​សិទ្ធិ​បញ្ចេញ​មតិ​ និង​ការ​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី​តែ​ប៉ុណ្ណោះ។​

ជាមួយ​គ្នា​នេះ​ អង្គការ​សហ​ប្រជាជាតិ​ជំរុញ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ​និង​ពេញលេញសម្រាប់​អំពើ​ហិង្សា​ប្រឆាំង​នឹង​ការ​ធ្វើ​បាតុកម្ម​នៅថ្ងៃ​ទី​១២​ខែ​វិច្ឆិកា​ឆ្នាំ​២០១៣​ និង​ការ​ធ្វើ​បាតុកម្ម​នៅ​ដើម​ខែ​មករា​ឆ្នាំ​២០១៤។ ​អំពើ​ហិង្សា​ទាំង​នោះ​បាន​បណ្តាល​ឲ្យមាន​ការ​បាញ់​មនុស្ស​ស្លាប់​សរុប​យ៉ាង​តិច​៧​នាក់។​

ដោយ​ឡែក​ ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​សេចក្តី​សម្រេច​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ក្នុង​ការ​ដោះ​លែង​សកម្មជន​សិទ្ធិ​មនុស្ស​និង​ក្រុម​អ្នក​តវ៉ា​សរុប​ចំនួន​២៥​នាក់​នេះ​ អង្គការ​សិទ្ធិ​មនុស្ស​ សហគមន៍​ជន​រងគ្រោះ​ដោយសារ​ជម្លោះ​ដីធ្លី​ និង​សហជីព​កម្មករ​សរុប​ចំនួន​២៣​ស្ថាប័ន​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​គ្នា​ថា​ខ្លួន​ស្វាគមន៍​ការ​សម្រេច​របស់​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញនេះ។ ​ក៏ប៉ុន្តែ​អង្គការ​ទាំង​នេះ​បាន​សម្តែង​ការ​ខក​ចិត្ត​«យ៉ាង​ខ្លាំង»​ដែល​ជន​ដែល​ត្រូវ​ដោះ​លែង​នេះ​សុទ្ធ​តែ​ត្រូវ​ផ្តន្ទាទោស រួម​ទាំង​ការពិន័យ​ជា​ប្រាក់​យ៉ាង​ធ្ងន់​ធ្ងរ​ទៀត​ផង។​
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​ដោះ​លែង​ទាំង​២៥​នាក់ ​មាន​២៣​នាក់​ត្រូវ​ចាប់​ខ្លួន​ក្នុង​អំឡុង​ពេល​តវ៉ា​របស់​ក្រុម​កម្មករ​រោង​ចក្រ​កាត់ដេរ​ទាមទារ​ការ​ដំឡើង​ប្រាក់​ឈ្នួលដល់​១៦០​ដុល្លារក្នុង​មួយ​ខែ​ ហើយ​ពីរ​នាក់​ទៀត​ជា​អនិតិជន​ដែល​ត្រូវចាប់ខ្លួន​ក្នុង​អំឡុងខែ​វិច្ឆិកា​ឆ្នាំ​២០១៣​ ក្រោយ​ពី​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ដ្រ។​

បុរស​ទាំងនេះត្រូវ​ផ្តន្ទាទោស​ចន្លោះ​ពី​១​ឆ្នាំ​ដល់​៤ឆ្នាំ​៦​ខែ​តាម​ស្ថាន​ទោស​ដែល​តុលាការ​បាន​បង្ហាញ​ ហើយ​ទោស​ទាំងនេះ​ត្រូវ​ព្យួរ​ចាប់​ពី​ថ្ងៃ​ប្រកាស​សាល​ក្រម​តទៅ។ ​ក្នុង​ចំណោម​ជន​ដែល​ត្រូវ​ដោះលែង​ទាំងនោះ​ក៏​មាន​លោក​វន់ ពៅ ​ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ផង​ដែរ។​

លោក​វន់ ពៅ​ និង​បុរស​បី​នាក់​ផ្សេង​ទៀតត្រូវ​តុលាការ​បង្គាប់​ឲ្យ​បង់​ប្រាក់​ពិន័យ​ចូល​ថវិកា​រដ្ឋ​ក្នុង​ម្នាក់ៗ​ចំនួន​៨​លាន​រៀល​គឺ​ប្រមាណ​២​ពាន់​ដុល្លារសហ​រដ្ឋ​អាមេរិក។​

អ្នក​ស្រី​ណាលី ពីឡូក ​(Naly Pilorge)​ នាយិកាអង្គការ​ការពា​រសិទ្ធិ​មនុស្ស​លីកាដូ​ បាន​គូស​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា៖​«ការ​កាត់​ទោស​បុរស​ដែល​ត្រូវចាប់ខ្លួន​នោះ​មិន​មាន​ភស្តុតាង​គ្រប់​គ្រាន់​ទេ។​ ​ប៉ុន្តែ​ពួក​គេ​ត្រូវ​បង្ខំ​ឲ្យ​ស្ថិត​ក្នុង​មន្ទីរ​ឃុំឃាំង​បណ្តោះ​អាសន្ន​ចន្លោះ​ពី​ប្រាំ​ទៅ​ប្រាំបី​ខែ​រួច​ទៅ​ហើយ»។​

ដំណាល​គ្នា​នេះ ​គម្រោង​មេធាវី​ជាន់​ខ្ពស់​អន្តរជាតិ​ (International Senior Lawyers Project)​ ដែល​ជា​អង្គការ​មួយ​មាន​មូលដ្ឋាន​ក្នុង​ទី​ក្រុង​ញូវយ៉ក​ សហ​រដ្ឋ​អាមេរិក​ ​ចាត់​ទុក​ថា​ ការ​សម្រេច​ក្តី​របស់​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​នេះ​មិនស្រប​តាម​បទដ្ឋាន​អន្តរជាតិ​សម្រាប់​ការ​កាត់​ទោស​មួយ​ត្រឹម​ត្រូវ​នោះ​ទេ។​

អង្គការ​ដដែល​នេះ​លើក​ឡើង​ថា៖​ «មាន​ការ​រំលោភ​សិទ្ធិ​សម្រាប់​ការ​កាត់​ទោស​ត្រឹម​ត្រូវ​តាម​លក្ខណៈ​អន្តរជាតិ ​ដោយ​កង្វះ​តុលាការ​ឯករាជ្យ​ និង​មិន​លម្អៀង ​ការ​បដិសេធ​របស់​តុលាការ​ក្នុង​ការ​ពិនិត្យ​សាក្សី​ប្រឆាំង​ជន​ជាប់ចោទ ​ការ​បដិសេធ​សិទ្ធិ​ទទួល​បាន​សេរីភាព​មុន​ការ​កាត់​ក្តី​ និង​ការ​បរាជ័យ​ក្នុង​ការ​ផ្តល់​សេវាព្យាបាល​សុខភាពក្នុង​អំឡុង​ពេល​ឃុំឃាំង​បណ្តោះ​អាសន្ន​ជាដើម។​

ជាមួយ​គ្នា​នេះ​ លោក ​យ៉ែម បុញ្ញរិទ្ធ​ តំណាង​រាស្ដ្រ ​និង​ជា​អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះជាតិ​ យល់​ឃើញ​ថា​ អ្នក​ទោស​ភាគ​ច្រើន​ក្នុង​ចំណោម​អ្នក​ទាំង​២៥​នាក់​គឺ​ជា​អ្នក​ទោស​មនសិកា។​

«យើង​ស្វាគមន៍​ការ​ដោះ​លែង​ប្រជា​ពលរដ្ឋ​របស់​យើង។​ ​ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ចង់​បញ្ជាក់​គឺ​យើង​មិន​ចង់​ឲ្យ​ថ្នាក់​ដឹក​នាំ​យក​ប្រជា​ពល​រដ្ឋ​ធ្វើ​ជា​ចំណាប់​ខ្មាំង​តាម​រយៈ​ប្រព័ន្ធ​តុលាការ​មិន​ឯករាជ្យ ​មិន​អព្យា​ក្រិត្យ​នោះ​ទេ​ ​ពី​ព្រោះ​កម្មករ​ដែល​ជាប់​ពន្ធនាគារ​ទាំង​នេះ​គឺ​គាត់​បាន​ទាមទារ​ប្រាក់​ខែ​១៦០​ដុល្លារក្នុង​មួយ​ខែ​ ហើយ​ត្រូវបានបាញ់​បង្រ្កាប​ និង​ចាប់​ដាក់​ពន្ធនាគារ»។​

ឆ្លើយ​តប​នឹង​ការ​រិះគន់​ទាំងនេះ ​លោក​ផៃ ស៊ីផាន ​រដ្ឋ​លេខា​ធិការ ​និង​ជា​អ្នក​នាំពាក្យ​ទីស្តី​ការ​គណៈរដ្ឋ​មន្ត្រី​ បញ្ជាក់​ថា​ ការ​សម្រេច​ក្តី​នោះ​ជា​ឆន្ទានុសិទ្ធិ​របស់​ចៅ​ក្រម ​ដោយ​ផ្អែក​លើ​សំណុំ​រឿង​ និង​ភស្តុតាង។​

«ចំពោះ​រាជ​រដ្ឋាភិបាល​ ​យើង​មិន​មាន​អំណាច​ក្រៅ​ពី​អ្វី​ដែល​ជា​ការ​សម្រេច​របស់​តុលាការ​ប៉ុណ្ណោះ​ទេ។​ រឿង​មតិ​ដទៃ​ទៀត​ ឬ​ជន​ដែល​ជាប់​បន្ទុក​ដែល​ទទួល​បាន​ការដោះ​លែង​នោះ​ បើសិន​លោក​មិន​ពេញ​ចិត្ត​នឹង​ការដោះ​លែង​ឬ​ប្រការ​ណាមួយ​ លោក​មាន​សិទ្ធិ​បន្ត​ទាមទារ​ទៅ​តាម​ថា្នក់​លើ​កំពូល​មួយ​ទៀត​ បន្ទាប់​ពី​សាលា​ដំបូង»។​

អង្គការ​សង្គម​ស៊ីវិល​ ​និង​គណបក្ស​ជំទាស់​ធ្លាប់​បាន​លើក​ឡើង​ថា ​ការ​ចាប់​ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស​ និង​កម្មករ​ក្នុង​អំឡុង​ពេល​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់ខែ​កម្មករ​រោង​ចក្រ​កាត់ដេរ ​និង​ការតវ៉ា​ក្រោយ​ពី​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ដ្រ​កាល​ពី​ឆ្នាំ​មុន​នោះ​គឺ​ជា​រឿង​នយោបាយ៕
XS
SM
MD
LG