ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump អះអាង​មុខ​តុលាការ​ថា​លោក​គ្មានទោស​ ដូច​ការ​ចោទ​ប្រកាន់​រឿង​បោះឆ្នោត​ទេ


អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅអាកាសយានដ្ឋានជាតិ Ronald Reagan Washington ក្រោយពីបង្ហាញខ្លួននៅតុលាការសហព័ន្ធ ទីក្រុង Arlington រដ្ឋ Virginia ថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២៣។
អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅអាកាសយានដ្ឋានជាតិ Ronald Reagan Washington ក្រោយពីបង្ហាញខ្លួននៅតុលាការសហព័ន្ធ ទីក្រុង Arlington រដ្ឋ Virginia ថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២៣។

អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump មិន​បាន​សារភាព​ថា​ លោក​មាន​ទោស​ទេ​កាល​ពី​ថ្ងៃព្រហស្បតិ៍​ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន ចំពោះ​បទ​ចោទ​សហព័ន្ធ​ចំនួន​ ៤ ​ករណី​ដែល​ថា​ លោក​បាន​ប៉ុនប៉ង​ប្រែក្រឡាប់​បរាជ័យ​នៃ​ការ​បោះឆ្នោត​ឆ្នាំ ២០២០ ​របស់​លោក ដើម្បី​រក្សា​អំណាច​ ៤ ឆ្នាំ​ទៀត​នៅ​សេតវិមាន។

លោក Trump ដែល​បាន​បដិសេធ​ថា​ លោក​មិន​បាន​ធ្វើ​ខុស​ចំពោះ​ការ​ចោទប្រកាន់​នានា​ដែល​លោក​កំពុង​ប្រឈម​មុខ បាន​បញ្ជាក់​នៅ​មុខតុលាការ​ក្នុង​ដំណើរ​ដ៏កម្រ​មួយ​របស់​លោក​មក​កាន់​រដ្ឋធានី​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ពេល​ពីរ​ឆ្នាំកន្លះ ក្រោយ​ពីអ្នក​បោះឆ្នោត​បាន​បោះឆ្នោត​ទម្លាក់​លោក​ចេញពី​អំណាច​ ក្រោយ​ពី​លោក​បាន​កាន់​តំណែង​ជា​ប្រធានាធិបតី​បាន​មួយ​អាណត្តិ។

ដោយ​មាន​សន្តិសុខ​ការពារ​យ៉ាងតឹងរ៉ឹង​នៅ​តុលាការ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន លោក Trump បាន​អង្គុយ​ស្តាប់​បទចោទ​ប្រកាន់​ជាផ្លូវការ​នៅមុខ​ចៅក្រម​រយៈពេល​កន្លះ​ម៉ោង​ ដោយ​ឆ្លើយ​សំណួរ​ធម្មតា​ពី​ចៅក្រម Moxila Upadhyaya ដោយ​ប្រាប់​ឈ្មោះ​ពេញ​របស់​លោក​គឺ​ Donald John Trump អាយុ​៧៧ ឆ្នាំ ហើយ​អះអាង​បញ្ជាក់​ថា លោកមិន​ស្ថិតក្រោម​ឥទ្ធិពល​គ្រឿងញៀន​ណា​មួយ​ទេ។

អ្នក​ស្រី​ចៅក្រម Upadhyaya បាន​អាន​បទចោទ​ប្រកាន់​នៅ​ចំពោះ​មុខ​លោក​ Trump ដែល​ចោទ​លោក​ថា​ បាន​ឃុបឃិត​ប្រឆាំង​សហរដ្ឋ​អាមេរិក ដើម្បី​ប្រែក្រឡាប់​បរាជ័យ​នៃ​ការបោះឆ្នោត​របស់​លោក​ ចំពោះ​លោក Joe Biden ខាង​គណបក្ស​ប្រជាធិបតេយ្យ​ដែល​បច្ចុប្បន្ន​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ហើយ​ក៏​បាន​រៀបរាប់ពី​ទោស​ជាប់​ពន្ធនាគារ​ដ៏យូរ​អង្វែង​ ដែល​លោក​នឹង​ប្រឈម បើលោក​ត្រូវ​បាន​កាត់ទោស​នោះ។

បន្ទាប់​មក លោក Trump ដែល​ស្លៀកពាក់​អាវធំ​ពណ៌​ខៀវ​ចាស់​និង​ក្រវាត់ក​ពណ៌​ក្រហម​តាម​ទម្លាប់​របស់​លោក បាន​ប្រាប់ចៅក្រម​ថា​ លោក​មិន​ទទួល​ស្គាល់​កំហុស​ដូច​ក្នុង​លិខិត​ចោទប្រកាន់​ផ្លូវការ​កម្រាស់​ ៤៥​ ទំព័រ​ ដែល​មហា​គណៈវិនិច្ឆ័យ​បាន​ប្រគល់​ជូន​លោក​កាល​ពីថ្ងៃអង្គារ​ តាម​សំណើ​របស់​រដ្ឋអាជ្ញា​ពិសេស​របស់​ក្រសួង​យុត្តិធម៌​ គឺ​លោក Jack Smith នោះ​ទេ។

លោក Smith ក៏​ស្ថិត​ក្នុង​បន្ទប់​សវនាការ​ដោយ​អង្គុយនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​លោក Trump តែ​គូបដិបក្ស​ទាំងពីរ​នាក់​ហាក់មិន​បាន​ប្រាស្រ័យ​ទាក់ទង​គ្នា​ទេ។ លោក Trump អង្គុយនៅ​ខាង​តុ​ចុង​ចម្លើយ​ស្តាប់​ចៅក្រម ដោយទ្រោប​ទៅមុខ​និង​ក្តាប់ដៃ​របស់​លោក។

មុន​ពេល​សវនាការ​ចាប់ផ្តើម លោក Trump បាន​ថ្លែង​ថា៖ «នៅ​ទីនេះ ស្ងាត់​ណាស់» ដោយ​ចៅក្រម​ឡើង​ទៅកាន់​អាសនៈ​យឺត​ប្រហែល​ ១០ នាទី។ លោក​ Trump ត្រូវ​បាន​កត់​ឈ្មោះ​និង​យក​ក្រយៅដៃ​រួចហើយ តែ​ដោយសារ​លោក​ជា​ឥស្សរជន​ដែល​គេ​ស្គាល់​ជា​សកល​នោះ អាជ្ញាធរ​មិន​បាន​ថតរូប​លោក​ទេ។

អ្នក​ស្រី​ចៅក្រម Upadhyaya បាន​កំណត់​យក​ថ្ងៃ​ទី​ ២៨ ​ខែសីហា សម្រាប់​សវនាការ​បន្ទាប់​ក្នុង​សំណុំ​រឿង​នេះ ហើយ​សវនាការ​នោះ​នឹង​បើក​ដោយ​ចៅក្រម​សាលាដំបូង ​អ្នកស្រី Tanya Chutkan ដែល​ត្រូវ​បាន​ជ្រើសរើស​ដោយ​គ្មាន​ការកំណត់​ជា​មុន ឲ្យ​ដឹកនាំ​ការ​ជំនុំជម្រះក្តី​លោក​ Trump។ ចៅក្រម Upadhyaya និយាយ​ថា ចៅក្រម Chutkan ព្រម​លើកលែង​ការ​បង្ហាញ​មុខ​របស់​លោក​នៅក្នុង​សវនាការ​លើកដំបូង បើ​លោក​មិន​ចង់​បង្ហាញ​មុខ​ទេ​នោះ៕

XS
SM
MD
LG