មហាគណៈវិនិច្ឆ័យតុលាការនៅក្នុងរដ្ឋ Georgia សហរដ្ឋអាមេរិកបានចោទប្រកាន់អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងបុគ្គល ១៨ នាក់ផ្សេងទៀតពីបទពាក់ព័ន្ធនឹងកិច្ចប្រឹងប្រែងក្នុងការកែប្រែការចាញ់ឆ្នោតឆ្នាំ ២០២០។
បទចោទទាំង ១៣ លើលោក Trump ដែលបានបង្ហាញឡើងកាលពីយប់ថ្ងៃចន្ទមានដូចជាការប្រព្រឹត្តអំពើទុច្ចរិត ការរំលោភលើពាក្យសម្បថចូលកាន់តំណែងរបស់លោក ការឃុបឃិតប្រព្រឹត្តការបន្លំឯកសារនិងការដាក់ជូនឯកសារក្លែងក្លាយ និងបទល្មើសផ្សេងៗទៀត។
បទចោទអំពី «ការប្រព្រឹត្តអំពើទុច្ចរិត» មានន័យថា រដ្ឋអាជ្ញារដ្ឋ Georgia ត្រូវតែផ្ដល់ភ័ស្តុតាងថាលោក Trump បានរំលោភច្បាប់រដ្ឋ Georgia ចំនួន ២ ឬក៏ច្រើនជាងនេះដែលជាផ្នែកមួយនៃផែនការច្រានចោលលទ្ធផលនៃការបោះឆ្នោត។
អ្នកដែលត្រូវបានចោទប្រកាន់ជាមួយនឹងលោក Trump ផងដែរមានដូចជាអតីតនាយកខុទ្ទកាល័យសេតវិមានលោក Mark Meadows មេធាវីរបស់លោក Trump លោក Rudy Giuliani និងអតីតមន្ត្រីក្រសួងយុត្តិធម៌លោក Jeffrey Clark ជាដើម។
រដ្ឋអាជ្ញាថ្នាក់រដ្ឋប្រចាំស្រុក Fulton អ្នកស្រី Fani Willis បានប្រាប់អ្នកយកព័ត៌មានថា ជនជាប់ចោទគឺជាផ្នែកមួយនៃក្រុមឧក្រិដ្ឋជននៅក្នុងប្រទេសនិងកន្លែងផ្សេងទៀតដែលមានបំណង «សម្រេចឱ្យបាននូវគោលបំណងខុសច្បាប់នៅក្នុងការអនុញ្ញាតឱ្យលោក Donald J. Trump ដណ្ដើមតំណែងជាប្រធានាធិបតី» ដែលបានចាប់ផ្ដើមកាលពីខែមករា ឆ្នាំ ២០២១។
ដីកាចោទប្រកាន់នេះបានរៀបរាប់លម្អិតអំពីការចោទប្រកាន់ជាច្រើនដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងដែលត្រូវបានចោទនោះ ដែលក្នុងនោះរួមមានដូចជាការអះអាងម្ដងហើយម្ដងទៀតអំពីការបន្លំការបោះឆ្នោតចំពោះមន្ត្រីរដ្ឋ Georgia ការប៉ុនប៉ងបញ្ចុះបញ្ចូលសមាជិកសភារដ្ឋ Georgia ឱ្យប្រឆាំងនឹងលទ្ធផលបោះឆ្នោតនិងតែងតាំងសមាជិកអង្គបោះឆ្នោតដែលគាំទ្រលោក Trump និងការលួចទិន្នន័យបោះឆ្នោតជាដើម៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP និង Reuters។