ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះបាទ​សីហនុ​បាន​ស្រឡាញ់​ឯករាជ្យភាព​និង​ការពារ​បូរណភាព​ទឹកដី​រហូត​ដង្ហើម​ចុងក្រោយ


រដ្ឋ​ធានី​វ៉ាស៊ីនតោន៖​
ព្រះរាជ​គោលជំហរ​របស់​ព្រះបាទ​នរោត្តម​ សីហនុ ​លើ​បញ្ហា​បូរណភាព​ទឹកដី​និង​អធិបតេយ្យ​ភាព​ជាតិ​ត្រូវ​បាន​អ្នក​នយោបាយ​ខ្មែរ​ អ្នក​ប្រវត្តិសាស្រ្ត​ និង​សកម្មជន​ព្រំដែន​នៅ​ចងចាំ​និង​ស្រណោះ​ដល់​អតីត​ព្រះ​មហាវីរក្សត្រ​ក្នុង​ប្រវត្តិ​សាស្រ្ត​ទំនើប​របស់​កម្ពុជា។​

លោក​កឹម សុខា​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​បាន​បញ្ជាក់​ថាព្រះបាទ​នរោត្តម​សីហនុ​តែង​តែ​ឱ្យ​តម្លៃ​ខ្ពស់​លើ​ឯករាជ្យ​ភាព​របស់​ប្រទេស​ជាតិ​ដោយ​មិន​ចង់​ឱ្យ​មាន​បរទេស​មក​ត្រួតត្រា​ពី​លើ​ខ្មែរ​ទេដែល​ជា​គុណតម្លៃ​មួយ​ក្នុង​ការ​លើក​កម្ពស់​មោទនភាព​ជាតិ។​

«ព្រះ​ករុណា​លោក​តែង​តែ​ចង់​រស់​នៅ​ដោយ​ឯករាជ្យ​ ចង់​ឱ្យ​ប្រទេសកម្ពុជា​មិន​រណប​បរទេស។ ព្រះករុណា​តែង​តែ​ចង់​ធ្វើ​សេចក្តី​សម្រេច​អ្វីដែល​ក្នុង​ប្រទេស​របស់​ខ្លួន​ជាម្ចាស់​ប្រទេស​ពិត​ប្រាកដ​អត់​ចង់​ឱ្យ​បរទេស​បង្គាប់​បញ្ជា​ទេ»។

សក្ខីកម្ម​នេះ​បាន​បង្ហាញ​តាម​រយៈព្រះ​រាជ​គោល​ជំហរ​ដាច់​ខាតរបស់​ព្រះ​បាទ​នរោត្តម​សីហនុ ក្នុង​ការ​ទាមទារ​មិន​ឱ្យពុះ​ច្រៀក​ប្រទេស​កម្ពុជា​ជាពីរ​នៅ​ក្នុងសម័យ​ក្រោយ​សង្រ្គាម​លោក​លើក​ទីពីរ​ទេដែល​ប្រទេសជិតខាង​ដូច​ជា​លាវនិង​វៀតណាម​បាន​រងផលប៉ះពាល់។

លោក​ បណ្ឌិត រស់ ចន្ត្រាបុត្រ​ អ្នក​ប្រវត្តិសាស្រ្ត​ខ្មែរ​នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា​ក៏​បាន​រំលឹក​ពី​ពេលនោះថា៖​

«នៅក្នុង​សម័យ​កាលដែល​មាន​កិច្ច​ប្រជុំ​នៅ​ទីក្រុង​ហ្ស៊ឺណែវ​នៅក្នុងឆ្នាំ​១៩៥៤​យើង​ឃើញ​ថា​មាន​ប្រទេស​ជិតខាង​ជាពិសេស​ខាងភាគី​កុម្មុយនិស្ត​ចង់​ធ្វើ​ដូច​ម្តេច​ចង់​បែកចែក​ទឹកដី​កម្ពុជា​ជាពីរ​ដើម្បី​ឱ្យ​ផ្នែក​ខាងជើង​ប្រទេសកម្ពុជា​ហ្នឹង​អាចស្ថិតនៅក្រោម​ការ​គ្រប់​គ្រង​របស់​ហៅ​ថា​របប​កុម្មុយនិស្ត​ប៉ុន្តែ​ដោយសារ​សាមគ្គីភាព​ដោយ​សារ​កម្លាំង​ប្រាជ្ញាឈ្លាសវៃ​របស់​ព្រះបាទ​នរោត្តម​ សីហនុ​យើង​ឃើញ​ថា​អ្វី​ដែល​ជា​ឯកភាព​ជាតិ​សាមគ្គី​ខ្មែរ​ទាំង​ស្រុ​ងទាំងមូល​បាន​ទប់​ទល់​មិន​ឱ្យ​មាន​ការ​បែងចែក​ប្រទេ​សកម្ពុជា​ជាពីរ​តំបន់​។ តំបន់​កុម្មុយនិស្ត​ហើយ​នឹ​ងតំបន់​ហៅថា​សេរី​ដែល​មាន​លក្ខណៈ​ជាតិ​និយម​នោះ​ទេ»។ ​

ព្រះរាជ​គោល​ជំហរ​របស់​អង្គ​ព្រះ​មហាក្សត្រ​បាន​បន្ត​ជាប់​ជានិច្ច​ក្នុង​ការ​រក្សា​ទឹកដី​ដែល​បាន​បន្សល់​ទុក​ក្រោយ​ពី​ការដក​ចេញ​ទៅវិញ​នៃ​អាណានិគម​បារាំង។​
លោក​ស៊ាន ប៉េងសែ​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​ខ្មែរ​ដែល​មាន​ស្នាក់​ការ​នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​នៅ​ចងចាំ​បាន​ពី​ការបូជា​ព្រះកាយពល​របស់​ព្រះបាទ​នរោត្តម​សីហនុ​ក្នុង​ការ​ធានា​នូវ​ព្រំដែន​ខ្មែរ​ដែល​មាន​ជាមួយ​នឹង​ប្រទេស​ជិតខាង។ លោកបាន​បញ្ជាក់​ថា​ព្រះបាទ​សីហនុ បាន​ព្យាយាម​ការពារ​ទឹកដី​ខ្មែរ​ដោយ​ប្រកាន់​ជំហរ​ខ្ជាប់​ខ្ជួន​ មិន​បាន​ផ្លាស់​ប្តូរ​ជំហរ​របស់​ព្រះ​អង្គ​រហូត​ដល់​ដង្ហើម​ចុងក្រោយ​។​

«នៅពេល​ដែល​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​នៅឡើយ​នោះ​ខ្ញុំ​បាន​ជួប​ព្រះ​ករុណា​នៅ​ភ្នំពេញ​ផង​ហើយ​នៅ​ប៉េកាំង​ផង​ពេល​ដែល​ជំនុំ​គ្នា​ពីរឿង​បូរណភាព​ទឹកដី​ហើយ​នឹង​សន្ធិសញ្ញា​ដែល​លោក​ហ៊ុន​សែន បាន​ចុះ​ហត្ថលេខា​ជាមួយ​នឹង​យួន​ហើយ​ដែល​ខ្ញុំ​មាន​ច្រើន​ណាស់​នៅ​ក្នុង​ឯកសារ​ដែល​ខ្ញុំ​បាន​ចុះ​ផ្សាយ​ជាច្រើន​ដង​ទីមួយ​គឺ​ព្រះ​ករុណា​ហើយ​នឹង​លោក​ហ៊ុន​សែន​និយាយ​ទៅ​វាផ្ទុយគ្នា​ទាំងអស់​។ ផ្ទុយគ្នា​យ៉ាង​ម៉េច​គឺ​សន្ធិសញ្ញា​ប៉ុន្មាន​ហ្នឹង​ព្រះ​ករុណា​យោល​ទៅលើ​រដ្ឋ​ធម្មនុញ្ញផង​យោល​ទៅលើ​សន្ធិសញ្ញា​ក្រុង​ប៉ារីសផង​ដែល​ត្រូវ​ទុក​ជាមោឃៈ​នៅ​ក្នុង​ទាំង​ពីរ​ហ្នឹង​ហើយ​លោក​ហ៊ុន សែន​យក​មក​ប្រើ​ការ​។ នេះ​វាខុស​ទាំង​ស្រុង​ហើយ​បើ​បាន​សេចក្តី​បង្រួម​ទៅ​មាន​តែ​ពីរ​បន្ទាត់​ទេ​ដែល​លោក​បាន​និយាយ​ច្រើន​ណាស់​ប៉ុន្តែ​ព្រះករុណាដែល​បាន​និយាយ​ហើយ​ចុះ​សរសេរ​តាម​ដៃ​ផងនោះ​ខ្ញុំ​សូម​ជម្រាប​តែ​បន្តិចទេ​គឺ​ថា​ទីមួយ​ព្រះករុណា​មិន​ទទួលស្គាល់​គណៈកម្មការ​ព្រំដែន​ខ្មែរ​យួនដែល​បាន​ចុះ​ហត្ថលេខា​នោះ​ទេ​ហើយ​ទីពីរ​ព្រះករុណា​មិន​ចុះ​ហត្ថ​លេខា​ជាដាច់​ខាត​នៅពេល​ណា​ដែល​រដ្ឋាភិបាល​យក​មក​ឱ្យ​ព្រះករុណា​ចុះ​ហត្ថលេខា​ទោះ ជាមាន​វិបត្តិ​យ៉ាងណា​ក៏ដោយ។ ដូច្នេះ​ខ្ញុំ​សូម​ជម្រាប​យ៉ាង​ខ្លី​ប៉ុណ្ណឹង»។ ​

ព្រះបាទ​នរោត្តម​ សីហនុ បាន​យាងចូល​ទីវង្គត​ក្នុង​ព្រះ​ជន្មាយុ​៩០​ព្រះវស្សា​កាលពី​ថ្ងៃ​ទី​១៥​ខែ​តុលា​ឆ្នាំ​២០១២ក្នុង​មន្ទីរពេទ្យ​នៅ​ក្រុង​ប៉េកាំង​ប្រទេស​ចិន។​

លោក​ស៊ាន ប៉េងសែ​បាន​សម្តែង​ការ​សោកស្តាយ​និង​ព្រួ​យ​បារម្ភ​ខ្លាច​មិន​មាន​អ្នក​ដែល​មាន​គោល​ជំហរនិង​ចំណេះ​ដឹងប្រហាក់​ប្រហែល​នឹង​ព្រះ​បាទ​នរោត្តម​សីហនុ។​

«ខ្ញុំ​ស្តាយ​ណាស់​ដែល​ព្រះ​ករុណា​ទ្រង់​ព្រះ​រាជ​វង្គត​ទៅ​ដោយ​អ្នក​ដែល​បាន​ទុក​សំណៅ​ច្រើន​ជាង​គេ​ហ្នឹង​គឺ​រឿង​បូរណភាព​ទឹកដី​ហ្នឹង​ព្រោះ ព្រះករុណា​បាន​ច្បាស់​លាស់​ណាស់​រឿង​បូរណភាព​ទឹកដី​ហ្នឹង​ដូច​ជា​ខ្ញុំ​ហ្នឹង​រៀន​ពី​ព្រះ​ករុណាដែរ​គឺ​ទាំង​អស់​គ្នា​ដូច្នោះ​ខ្ញុំ​ស្តាយ​បំផុត​ការដែល​បាត់​បង់​ព្រះ​ករុណា​សីហនុ​របស់​យើង​ហ្នឹង»។

ព្រះ​បាទនរោត្តម​ សីហនុ បាន​ដាក់​រាជ្យ​យាង​ចូល​និវត្តន៍​ក្នុង​ឆ្នាំ​២០០៤​ដើម្បី​បើក​ឱកាស​ឱ្យ​ព្រះរាជ​បុត្រ​របស់​ព្រះ​អង្គគឺ​ព្រះមហាក្សត្រនរោត្តម សីហមុនី​នាពេល​បច្ចប្បន្ន​នេះ​បាន​ឡើង​សោយរាជ្យ​បន្ត។​ ព្រះអង្គ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជាមហាក្សត្រ​ដែល​មាន​ប្រជាប្រិយ៍ភាព​ខ្លាំង​ដែរ​ក្នុង​ចំណោម​អ្នក​នយោបាយ​និង​ប្រជានុរាស្ត្រ​ក្នុង​ប្រទេស។​

លោក​កឹមសុខា យល់​ឃើញ​ថា​ព្រះ​មហាក្សត្រ​នា​ពេល​បច្ចុប្បន្ន​គួរ​តែ​បន្ត​នូវអ្វី​ដែល​ព្រះ​បាទ​សីហនុ​បាន​ធ្វើ​ក្នុង​ពេល​កន្លង​មក។

«ទស្សនៈ​របស់​ខ្ញុំ ខ្ញុំ​យល់​ឃើញ​ថា​ព្រះ​ករុណា​បច្ចុប្បន្ន​ជា​ព្រះ​រាជ​បុត្រ​គួរ​តែ​បន្ត​វេន​អ្វី​ដែល​ព្រះ​បិតា​ធ្លាប់​ធ្វើ​កន្លងមក​ក្នុង​ការ​បង្រួបបង្រួម​ដោះស្រាយ​ទំនាស់​នយោបាយ​ផ្ទៃ​ក្នុង​ដែល​ជាប់​គាំង​កន្លង​មក​គួរតែ​ព្រះ​ករុណា​បច្ចុប្បន្ន​ហ្នឹង​លោក​លើក​យក​បទពិសោធ​របស់​ព្រះ​បិតា​មក​បន្ត​ធ្វើ​បន្ត​ទៀត​ជួយ​ដល់​ស្ថិរភាព​នយោបាយ​ក្នុង​ប្រទេស​យើង ហ្នឹង​មាន​សារៈសំខាន់ណាស់»។ ​

មជ្ឈដ្ឋានខ្លះ​លើក​ឡើង​ថា​ព្រះបាទ​នរោត្តម​ សីហនុ​អាច​ជា​ទេវរាជា​ចុងក្រោយ​ដែល​បាន​ដឹកនាំ​ប្រទេស​ទៅ​រក​ភាព​រុងរឿង​ហើយ​អាច​នឹង​មាន​ការគំរាម​កំហែង​ចំពោះ​អនាគត​របប​រាជានិយម​ក្នុង​ពេល​អនាគត ឬក៏​ជា​របប​រាជានិយម​មួយ​ដែល​នឹង​មិន​ត្រូវ​បាន​គេទទួលស្គាល់​ទៀតទេ។​
ប៉ុន្តែ​លោក​បណ្ឌិត​រស់ ចន្ត្រាបុត្រ​មិនយល់​ស្រប​៖

«តទៅ​អនាគត​ទៀត​ចំពោះ​ខ្ញុំ​ផ្ទាល់​មិនមែន​ត្រឹម​តែ​៣០ឆ្នាំ​៥០ឆ្នាំ​ឬ​ក៏​១០០​ឆ្នាំតទៅមុខ​ទៀត​ប្រសិន​បើ​ព្រះ​មហាក្សត្រ​ក្រោយៗ​ទៅ​ទៀត​ចេះ​គោរព​នូវ​អ្វី​ដែល​ជា​រដ្ឋ​ធម្មនុញ្ញ​បច្ចុប្បន្នដែល​មាន​ខ្ញុំ​ជឿថា​របប​រាជានិយម​នៅ​កម្ពុជា​នៅ​តែ​មាន​អាយុវែង​យូរលង់​ទៅ​ទៀត​ហើយ​អ្វី​ដែល​ជា​របប​រាជានិយម​រឹតតែ​មាន​ប្រជាប្រិយ៍​ទៅ​ទៀត​នៅ​ក្នុង​ការ​ដែល​ជា​និមិត្ត​រូប​របស់​ប្រទេស​កម្ពុជា​ហើយ​ខ្ញុំ​ជឿ​ថា​យើង​មាន​រដ្ឋ​ធម្មនុញ្ញ​មួយ​ រដ្ឋ​ធម្មនុញ្ញ​មួយ​ដែល​ប្រសើរ​ដែល​ភាគី​ទាំង​អស់​ត្រូវ​តែ​គោរព​ដើម្បី​រក្សា​ឱ្យ​មាន​ឯកភាព​ជាតិ​និង​សន្តិភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា»។ ​

លោក​ស្រី​ ពុង ឈីវកេក ​ប្រធាន​សមាគម​សិទ្ធិ​មនុស្ស​លីកាដូ​ក៏​បានយល់​ដែរថា​ស្ថាន​ភាព​នៅ​ពេល​បច្ចុប្បន្ន​ដែល​មាន​រដ្ឋ​ធម្មនុញ្ញ​ធានា​គឺ​ស្ថាប័ន​ព្រះ​មហាក្សត្រ​អាច​នឹង​ស្ថិត​នៅ​បាន​ល្អ​ក្នុង​ប្រទេស​កម្ពុជា។​

«ព្រះ​មហាក្សត្រ​យើង​ឥឡូវ​លោក​គោរពរដ្ឋ​ធម្មនុញ្ញ​ លោក​ទ្រង់​នៅ​គង់​គ្រង​សម្បត្តិ​អញ្ចឹង​ខ្ញុំ​ឃើញ​ថា​មិន​អី​ទេ​។ ខ្ញុំ​ថា​មិន​មាន​បញ្ហា​អី​ទេ​មើល​ទៅ​ព្រោះ​អី​សម្តេច​ឪ​លោក​យាង​ចូល​ទិវង្គត​អញ្ចឹង​ចោល​ពួកយើង​ប៉ុន្តែ​មាន​ព្រះ​មហាក្សត្រ​មួយ​ទៀតដែល​លោក​ក៏ គោរព​រដ្ឋ​ធម្មនុញ្ញ​ដែរ។ យើង​ចង់​ឃើញ​ថា​ជានិមិត្តរូប​ព្រោះ​បាន​ដាក់​ក្នុង​រដ្ឋ​ធម្មនុញ្ញ​យើង​ថា​ព្រះ​មហាក្សត្រ​ជា​និមិត្ត​រូប​អញ្ចឹង​ឱ្យ​តែ​ប្រជាពលរដ្ឋ​លោក​យល់​ឃើញ​ថា​ព្រះ​មហាក្សត្រ​យើង​មិន​ធ្វើ​អ្វីៗ​ខុស​ពីរដ្ឋ​ធម្មនុញ្ញ​ លោក​ជា​ប្រមុខ​រដ្ឋ​មួយ​ជីវិត​ព្រះ​ជន្ម​លោក​ក៏​នៅ​ក្មេង​ខ្ញុំ​ថា​មិន​អី​ទេ»។
ព្រះរាជ​ពិធី​ថ្វាយ​ព្រះភ្លើង​បូជា​ព្រះ​បរមសព​ព្រះបាទ​នរោត្តម​ សីហនុ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០៤​ខែ​កុម្ភៈ​ខាងមុខ​នេះ ហើយ​បើទោះ​បី​ជា​ព្រះអង្គ​បាន​លាចាក​ចោល​ប្រទេស​កម្ពុជា​ដែល​ព្រះ​អង្គ​ធ្លាប់​តស៊ូ​ការពារ​យ៉ាង​ប្តូរផ្តាច់​ក៏​ព្រះរាជកិត្តិនាម​របស់​ព្រះ​អង្គស្ថិត​នៅ​ជានិច្ច​ក្នុង​ក្រអៅបេះ​ដូងពលរដ្ឋ​ខ្មែរ​គ្រប់​រូប៕
ព័ត៌មានចុងក្រោយជា​រូបភាព​តាម Storify៖

វីដេអូថ្មីៗបំផុត

XS
SM
MD
LG