ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រង្វាន់ សញ្ញាបណ្ណ និង​រូបិយបណ្ណ​ឌីជីថល​​ជួយ​ហិរញ្ញប្បទាន​ដល់​ក្រុម​ប្រឆាំង​ប្រដាប់​អាវុធ​នៅ​មីយ៉ាន់ម៉ា


រូប​ឯកសារ៖ ទាហាន​មីយ៉ាន់ម៉ា កាន់​កាំភ្លើង​ដើរ​ល្បាត​ផ្លូវ​មួយ​កន្លែង​ ក្នុង​បេសកកម្ម​ប្រឆាំង​នឹង​ក្រុម​ឧទ្ទាម​ជនជាតិ​ភាគតិច នៅ​តំបន់ Kokang រដ្ឋ​ Shan ភាគ​ឥសាន​ប្រទេស​មីយ៉ាន់ម៉ា។
រូប​ឯកសារ៖ ទាហាន​មីយ៉ាន់ម៉ា កាន់​កាំភ្លើង​ដើរ​ល្បាត​ផ្លូវ​មួយ​កន្លែង​ ក្នុង​បេសកកម្ម​ប្រឆាំង​នឹង​ក្រុម​ឧទ្ទាម​ជនជាតិ​ភាគតិច នៅ​តំបន់ Kokang រដ្ឋ​ Shan ភាគ​ឥសាន​ប្រទេស​មីយ៉ាន់ម៉ា។

ជាង​ពីរ​ឆ្នាំ​បន្ទាប់​ពី​យោធា​មីយ៉ាន់ម៉ា​បាន​ផ្តួល​រំលំ​រដ្ឋាភិបាល​ជ្រើសតាំង​ដោយ​ការ​បោះឆ្នោត និង​បង្ក​ជា​សង្រ្គាម​ស៊ីវិល​ប្រកប​ដោយ​ការ​បង្ហូរ​ឈាម​មួយ ក្រុម​ចលនាតស៊ូ​ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ដឹកនាំ​ដោយ​របប​សឹក​យោធា​កំពុង​ស្វែងរក​មធ្យោបាយ​ប្រកប​ដោយ​ភាព​ឈ្លាសវៃ​ និង​មាន​បច្ចេកវិទ្យា​ជឿនលឿន​ជាង​មុន​ក្នុង​ការ​ទទួល​បានការ​ផ្គត់ផ្គង់​ហិរញ្ញប្បទាន​សម្រាប់​ការ​តស៊ូ​របស់​ពួកគេ។

ការ​បរិច្ចាគ​ដោយ​ផ្ទាល់​ពី​ពលរដ្ឋ​មីយ៉ាន់ម៉ា​រស់​នៅ​ក្រៅ​ប្រទេស ​ដូចជា​នៅ​ស៊ុយអែត និង​សិង្ហបុរី​ជា​ដើម​ កំពុងបន្ត​ហូរ​ចូល​ក្នុង​យុទ្ធនាការ​រៃអង្គាសប្រាក់​ទ្រង់ទ្រាយ​ធំ ប៉ុន្តែ​សញ្ញាបណ្ណ ​(Bonds) ការ​ដេញ​ថ្លៃ​អចលនទ្រព្យ និង​កិច្ចសន្យា​កម្មសិទ្ធិ​ជីក​រ៉ែក៏​កំពុង​ត្រូវ​បាន​ដាក់​បញ្ចូល​ផង​ដែរ​នា​ពេល​នេះ។

​រដ្ឋាភិបាល​រួបរួម​ជាតិ (National Unity Government) ដឹកនាំ​ដោយរដ្ឋបាល​ស្រមោល​ប្រឆាំងមួយ ​ដែល​កំពុង​លាក់ខ្លួន​និង​និរទេស​ខ្លួន បាន​ចាប់​ផ្តើម​ប្រើប្រាស់​រូបិយបណ្ណ​ឌីជីថល​កាល​ពី​ឆ្នាំ​មុន​ដើម្បី​ពង្វាង​ពី​ធនាគារ​ដែល​ស្ថិត​ក្នុង​កណ្តាប់ដៃ​របស់​របប​សឹក​ភូមា​ ហើយ​ឥឡូវ​នេះ​ កៀក​នឹង​បង្កើត​ជា​ធនាគារ​អនឡាញ​ផ្ទាល់ខ្លួន​ផង​ដែរ។

លោក Zachary Abuza សាស្រ្តាចារ្យ​ប្រចាំ​នៅ​សាកលវិទ្យាល័យ​ National War College ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ដែល​បាន​សិក្សា​ពី​ការបះបោរ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​អស់​ពេល ៣០​ឆ្នាំ​មក​នេះ បាន​និយាយ​ថា៖ «ខណៈ​ពេល​រដ្ឋាភិបាល​រួបរួម​ជាតិ​ចង់​បាន​ការ​ផ្តល់​ជំនួយ​ឧបត្ថម្ភ​និង​ការ​គាំទ្រ​ពី​បណ្តា​រដ្ឋ​នានា មិន​ថា​ជា ​ជំនួយ​សព្វាវុធ ឬ​មិនមែន​សព្វាវុធ ពី​បណ្តា​ប្រទេស​លោក​ខាង​លិច ការណ៍​នេះ​នៅ​មិនទាន់​កើតឡើង​នា​ពេល​នេះ​ទេ ដូច្នេះ​ហើយ​ពួកគេ​ពិត​ជា​ត្រូវ​តែ​ពឹង​ផ្អែក​លើ​ខ្លួន​ឯង​ពេល​នេះ»។

លោក​បាន​ថ្លែង​ប្រាប់​វីអូអេ​ថា៖ «ពួកគេ​ធ្វើ​ដូច្នេះ​បាន​តាមរយៈ​មធ្យោបាយ​ប្រកប​ដោយ​បច្ចេកវិទ្យា និង​ការ​ច្នៃប្រឌិត​ខ្ពស់​ ហើយ​ខ្ញុំ​អាច​ថែម​ទាំង​និយាយ​ថា​ជា ​បែប​លេងសើចក៏​ថា​បាន​ផងដែរ»។


ផ្នែក​អចលនទ្រព្យ

ការ​ប្រយុទ្ធ​គ្នា​ត្រូវ​បាន​ប៉ាន់ប្រមាណ​ថា បាន​សម្លាប់​មនុស្ស​ជាង​ ៣០.០០០​នាក់ ធ្វើ​ឱ្យ​មនុស្ស​ ១.៥​លាន​នាក់​បាត់បង់​ទី​លំនៅ​នៅ​ក្នុង​ស្រុក ហើយ​ធ្វើ​ឱ្យមនុស្ស​រាប់​ពាន់​នាក់​ទៀត​រត់​ភៀសខ្លួន​ទៅ​កាន់​ប្រទេស​ជិតខាង​ចាប់តាំង​ពី​រដ្ឋប្រហារ​ខែ​កុម្ភៈ ឆ្នាំ​២០២១​មក។

កងជីវពល​ក្នុង​ស្រុក​រាប់​រយ​នាក់​បាន​ចាប់កាន់​អាវុធ​ទូទាំង​ប្រទេស​ដើម្បី​ប្រយុទ្ធ​តបត​ទៅ​វិញ​ ហើយ​ជា​រឿយៗ ពួកគេ​បាន​ចូលរួម​ជាមួយ​នឹង​ទាហាន​របស់​ក្រុម​ឧទ្ទាម​កុលសម្ពន្ធ​ជន​ជាតិដើម​ភាគតិច ដែល​បាន​ប្រយុទ្ធ​គ្នា​នឹង​យោធា​ដើម្បី​ដែនដី​អស់​រយៈ​ពេល​រាប់​ទសវត្សរ៍​មក​នេះ។ រដ្ឋាភិបាល​រួបរួម​ជាតិ​បាន​បញ្ជា​និង​ផ្តល់​ហិរញ្ញប្បទាន​ដល់​ក្រុម​កងជីវពល និង​បាន​ចង​សម្ពន្ធ​ជាមួយ​នឹង​កង​ទាហាន​នៃក្រុម​ឧទ្ទាម​ធំ​បំផុត​មួយ​ចំនួន។

រដ្ឋាភិបាល​រួបរួម​ជាតិបាន​បដិសេធ​សំណើ​សុំ​សម្ភាសន៍ និង​មិនបាន​ឆ្លើយតប​សារអ៊ីម៉ែល​របស់​វីអូអេ​នោះ​ទេ។

នៅ​ក្នុង​សន្និសីទសារព័ត៌មាន​កាល​ពី​ខែ​មករា រដ្ឋមន្រ្តី​ទទួល​បន្ទុក​ផ្នែក​ផែនការ​ ហិរញ្ញវត្ថុ និង​វិនិយោគ​របស់​រដ្ឋាភិបាល​រួបរួម​ជាតិ លោក Tin Tun Naing បាន​និយាយ​ថា រដ្ឋាភិបាលរៃអង្គាស​បាន​ ១០០​លាន​ដុល្លារ​មក​ទល់​ពេលនេះ។ លោក​បាន​បន្ត​ថា ពាក់កណ្តាល​នៃ​ប្រាក់​នេះ​គឺ​បាន​មក​ពី​ការ​លក់សញ្ញា​បណ្ណ​បដិវត្តន៍​និទាឃរដូវ ដែល​ត្រូវ​បាន​ឱ្យ​ឈ្មោះ​តាម​អ្វី​ដែល​ក្រុម​ចលនា​តស៊ូ​ហៅ​ថា​ «បដិវត្តន៍​និទាឃ:រដូវ» របស់​មីយ៉ាន់ម៉ា។ សញ្ញា​បណ្ណ​នេះ​មិន​មាន​ជា​ភាគលាភ​នោះ​ទេ ហើយ​នឹង​ត្រូវ​បង់​ត្រឡប់​ទៅ​វិញ​ប្រសិន​បើ ឬ​នៅ​ពេល​ដែល​របប​សឹក​ភូមា​ធ្លាក់​ចេញ​ពី​អំណាច។

លោក​បាន​លើកឡើង​ថា រដ្ឋាភិបាល​រួបរួម​ជាតិ​ក៏​ប្រមូល​បាន​ប្រាក់ ១,៤​លាន​ដុល្លារ​ពី​ពន្ធដារ​នៅ​ទូទាំង​ប្រហែល​ពាក់​កណ្តាល​នៃ​តំបន់​នៅ​មីយ៉ាន់ម៉ា​ដែល​ក្រុម​ចលនា​តស៊ូ​ត្រូវ​បាន​ជឿ​ថា បាន​គ្រប់គ្រង ឬ​ប្រយុទ្ធ​ទាមទារ ហើយរដ្ឋាភិបាល​នេះ​នឹង​ចាប់​ផ្តើម​លក់​កិច្ចសន្យា​គ្រប់គ្រង​កម្មសិទ្ធិ​រ៉ែ​ត្បូង ដែល​មួយភាគ​ធំ​នៅ​តែ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​របប​សឹក​យោធា។ រដ្ឋាភិបាល​រួបរួម​ជាតិ​ត្រូវ​បាន​រាយការណ៍​ថា បាន​លក់​កិច្ចសន្យា​ផ្តល់​កម្មសិទ្ធិ​ជីករ៉ែ​ដំបូង​ទៅ​កាន់​អ្នកទិញ​អនាមិក​ម្នាក់​ក្នុង​តម្លៃ ៤​លាន​ដុល្លារ​កាល​ពី​ខែ​កុម្ភៈ។

រដ្ឋាភិបាល​ស្រមោល​នេះ​ក៏​បាន​ដាក់​ដេញ​ថ្លៃ​ភាគហ៊ុនអចលនទ្រព្យ​ដែល​កាន់កាប់ ឬ​រឹបអូស​ដោយ​យោធា រួម​មាន វីឡា​ជាប់​បឹង​ដែល​មេដឹកនាំ​យោធា​លោក Min Aung Hlaing ប្រើប្រាស់នៅ​ពេល​ស្នាក់​នៅ​ក្រុង​ Yangon រដ្ឋធានី​ពាណិជ្ជកម្ម​របស់​មីយ៉ាន់ម៉ា​ផងដែរ។ ពាក់ព័ន្ធ​នឹង​កិច្ចសន្យា​ផ្តល់​កម្មសិទ្ធិ​រ៉ែ ​អ្នក​វិនិយោគ​មិន​អាច​ប្រើប្រាស់​អ្វី​ដែល​ពួកគេ​បាន​ទិញ​នោះ​ទេ រហូត​ដល់​ក្រុមប្រឆាំង​ទទួល​បាន​ជ័យជម្នះ។

លោក Abuza សាស្ត្រាចារ្យ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន បាន​និយាយ​ថា ការ​ដេញថ្លៃ​អចលនទ្រព្យ​គឺ​ពិត​ជា​មាន​ប្រជាប្រិយភាព ហើយ​ទំនង​នឹង​ផ្តល់​ប្រាក់​ច្រើន​ជាង​ប្រាក់​ទទួល​បាន​ពី​ការ​លក់​សញ្ញាបណ្ណ​របស់​រដ្ឋាភិបាល​រួបរួម​ជាតិ​នៅ​ទី​បំផុត ដោយសារ​តែ​មនុស្ស​អាច​ទាញ​យក​ផល​ចំណេញ​ពី​អចលនទ្រព្យ។

ជំនឿ​ទុកចិត្ត​លើសញ្ញាបណ្ណ


ខណៈ​ពេល​ទទួល​បាន​ក្នុង​ទំហំ​បន្តិចបន្តួច​ពី​នេះ​ពីនោះ ការ​បរិច្ចាគ​ជា​ទូទៅ​ពី​ជុំវិញ​ពិភពលោក​ត្រូវ​បាន​ជឿ​ថា បាន​គួបផ្សំ​រហូត​ដល់​រាប់​លាន​ដុល្លារ​សម្រាប់​រដ្ឋាភិបាល​រួបរួម​ជាតិ និង​អ្នក​ដទៃ​ទៀត។

ពី​ផ្ទះ​របស់​អ្នកស្រី​នៅ​ក្រុង​ New York អ្នកស្រី​ Khin Moe ​ជនជាតិ​ដើម​មីយ៉ាន់ម៉ា​ បាន​ដាក់​ដេញ​ថ្លៃ​ចិញ្ចៀន​ បណ្តោងខ្សែក និង​គ្រឿង​អលង្ការ​ដទៃ​ទៀត​តាម​អនឡាញ ដើម្បី​បុព្វហេតុ​ខាង​លើ​នេះ។ សម្រាប់​សន្លឹក​ឆ្នោត​ចាប់​យក​រង្វាន់​តម្លៃ​រហូត​ដល់ ២០​ដុល្លារ​ក្នុង​មួយ​សំបុត្រ អ្នកស្រី​បាន​និយាយ​ថា អ្នកស្រី​ទទួល​បានជាង ១.០០០​ដុល្លារ​សម្រាប់​គ្រឿង​អហង្ការ​មួយ។

អ្នកស្រី​ ​មិត្តភក្តិ​ជិតស្នឹទ្ធ​ និង​គ្រួសារ​ក៏​បាន​ទិញ​សញ្ញា​បណ្ណ​បដិវត្តន៍​និទាយរដូវ​ក្នុង​តម្លៃ​ប្រមាណ ១០.០០០​ដុល្លារ​ផង​ដែរ។ អ្នកស្រី​ Khin Moe បាន​និយាយ​ថា បងប្អូនស្រី​របស់​អ្នកស្រី​ ដែល​រស់​នៅក្រុង​ New York ថែម​ទាំង​បាន​ទិញ​បន្ទប់​អគារ​ស្នាក់​មួយ​នៅ​ក្នុង​ប្លុក​ដែល​រដ្ឋាភិបាល​រួបរួម​ជាតិ​បាន​កំណត់​ឡើង ហើយ​សន្យា​នឹង​សាងសង់​នា​ថ្ងៃ​ណា​មួយនៅ​លើ​ដីឡូតិ៍​កាន់កាប់​ដោយ​យោធា​មីយ៉ាន់ម៉ា។

​អ្នកស្រី​បាន​ថ្លែង​ប្រាប់​វីអូអេ​ថា៖ «ពួក​យោធា ចង់​គ្រប់គ្រង​មនុស្ស​គ្រប់គ្នា​ដោយ​អំណាច។ … ពួកគេ​បាន​ចាប់​មនុស្ស​ទាំងអស់​ជា​អ្នកទោស ហើយ​ពួកគេ​បាន​សម្លាប់​ប្រជាជន និង​និស្សិត។ អ្វី​ដែល​អាក្រក់​បំផុត​នោះ​គឺ ពួកគេ​បាន​ដក​យក​សេរីភាព​របស់​មនុស្ស​ទាំងអស់​គ្នា។ យើង​មិន​អាច​ទទួល​យក​បាន​នោះ​ទេ»។

ដោយ​ប្រើប្រាស់​ភូមា​ជា​ឈ្មោះ​មួយ​ទៀត​សម្រាប់​មីយ៉ាន់ម៉ា​ អ្នកស្រី​បាន​បន្ថែម​ថា៖ «យើង​ជឿជាក់​ថា … មេដឹកនាំ​រដ្ឋាភិបាល​រួបរួម​ជាតិ [អាច] ជួយ​និង​គាំទ្រ​អ្វី​ដែល​ប្រជាជន​ត្រូវ​ការ​នៅ​ភូមា នេះ​ជា​ហេតុផល​ដែល​យើងជឿជាក់​លើ​ពួកគេ ហើយ​យើង​បាន​ទិញ​សញ្ញា​បណ្ណ​»។

«យើង​ដឹង​ថា សញ្ញាបណ្ណ​ប្រភេទ​នេះ​មិន​អាច​ផ្តល់​ជា​ភាគលាភ​បាន​នោះ​ទេ ប៉ុន្តែ​យើង​គាំទ្រ ពីព្រោះ​យើង​ជឿទុក​ចិត្ត»។

ការ​ផ្តល់​ប្រាក់​នេះ​ចូល​ទៅ​ដល់​ដៃ​អ្នក​ដែល​ត្រូវការផ្ទាល់​នៅ​មីយ៉ាន់ម៉ា​គឺ​ជា រឿង​ដោយ​ឡែក។

តាមរយៈ​រដ្ឋប្រហារ ពួក​យោធា​បាន​ចូល​កាន់កាប់​ធនាគារ​កណ្តាល​មីយ៉ាន់ម៉ា និង​ភ្លាមៗ​បាន​បញ្ជា​ឱ្យ​ធនាគារ​ក្នុង​ស្រុក​តាមដាន​និង​បិទ​គណនី​ដែល​ជាប់សង្ស័យ​ថា ផ្តល់​មូលនិធិ​ទៅ​ឲ្យ​ក្រុម​ប្រឆាំង។ របប​សឹក​ភូមា​ក៏​បាន​ចាប់ខ្លួន​អ្នក​ដែល​ផ្ទេរ​ប្រាក់​តាមរយៈ​គណនីជាប់​សង្ស័យ​និង​ផ្តន្ទា​ទោស​ពួកគេ​ឱ្យ​ជាប់​ពន្ធនាគារ​ និង​ធ្វើ​ពលកម្ម​ធ្ងន់ រយៈពេល​ ១០​ឆ្នាំ។ ប្រព័ន្ធ​ផ្ទេរ​ប្រាក់​ក្រៅ​ផ្លូវការ​ឈ្មោះ​ «Hundi» ដែល​ប្រើប្រាស់​បណ្តាញ​ភ្នាក់ងារ បាន​ជួយបញ្ចៀស​ពី​ការ​ផ្ទេរ​ប្រាក់​តាម​ធនាគារ ប៉ុន្តែនៅ​មាន​កម្រិត។

​ជា​វិធី​ពង្វាង​មួយ​ទៀត រដ្ឋាភិបាល​រួបរួម​ជាតិ​កាល​ពី​ឆ្នាំ​មុន​បាន​ដាក់​ចេញ​នូវ​រូបិយបណ្ណ​ឌីជីថល Kyat របស់​មីយ៉ាន់ម៉ា ដែល​ភ្ជាប់​ ១ នឹង​ ១​ ជាមួយ​នឹង​រូបិយបណ្ណ​ Kyat ពិត​ប្រាកដ ​ផ្អែក​លើ​បច្ចេកវិទ្យា Blockchain រចនាឡើង​ដើម្បី​បង្កភាព​លំបាក​ ឬ​មិន​អាចឲ្យមាន​ការ​បង្អាក់។ រដ្ឋាភិបាល​រួបរួម​ជាតិ​ក៏​បាន​ដាក់​ចេញ​ជា ប្រព័ន្ធ​កម្មវិធី​ផ្ទេរ​ប្រាក់​តាម​ទូរស័ព្ទ​ចល័ត​ឈ្មោះ NUGPay សម្រាប់​អ្នក​ប្រើប្រាស់ ដើម្បី​ផ្ទុក​និង​ផ្ទេរ​រូបិយ​បណ្ណ​ឌីជីថល​ផងដែរ។


ការ​ជំរុញ​ជ័យជម្នះ​តាម​ប្រព័ន្ធ​ធនាគារ ​

​លោក​ Soe អ្នក​ជំនាញ​ផ្នែក​បច្ចេកវិទ្យា Blockchain ដែល​ស្នើ​សុំ​មិន​ឱ្យ​ប្រើ​ឈ្មោះ​ពេញ​របស់​លោក​សម្រាប់​ហេតុផល​សុវត្ថិភាព​ បាន​និយាយ​ថា បើ​ទោះ​បី​ស្ថិត​ក្នុង​ដំណាក់កាល​ដំបូង​នៅ​ឡើយ រូបិយបណ្ណ​ឌីជីថល Kyat បាន​ជួយ​ក្រុម​ប្រឆាំង​ផ្ទេរ​លុយ​ចូល​ក្នុង​និង​ជុំវិញ​ប្រទេស។

លោក Soe បាន​ផ្តល់​ការ​ហ្វឹកហ្វឺន​ដល់​អង្គការ​មនុស្សធម៌​ក្រៅ​រដ្ឋាភិបាល​នៅ​តំបន់​មាន​ជម្លោះ​នៅ​មីយ៉ាន់ម៉ា​ដើម្បី​ប្រើប្រាស់​រូបិយបណ្ណ​ឌីជីថល​គ្រីបតូ​ (crypto currency) និង​បច្ចេកវិទ្យា​ Blockchain ដទៃ​ទៀត​ដើម្បី​បញ្ចៀស​ការ​បង្អាក់​តាម​ប្រព័ន្ធ​ធនាគារ​ពី​សំណាក់​យោធា និង​ការ​លួច​ស្តាប់​តាម​ប្រព័ន្ធ​ទូរសព្ទ​ដៃ ហើយ​លោក​មាន​ទំនាក់ទំនង​ជាមួយ​នឹង​កង​ជីវពល​និង​ទាហាន​បះបោរ​ខ្លះ​ផងដែរ។

លោក​បាន​ថ្លែង​ប្រាប់​វីអូអេ​ថា៖ «កត្តា​ចម្បង​គឺ​ថា បដិវត្តន៍​ត្រូវ​ការ​ជំនួយ​ហិរញ្ញប្បទាន​ពី​ពលរដ្ឋ [មីយ៉ាន់ម៉ា] និង​ពលរដ្ឋ​ពី​បណ្តា​ប្រទេស​ដទៃ​ទៀត។ ការ​ប្រើប្រាស់​នូវ​ប្រព័ន្ធរូបិយបណ្ណ​គ្រីបតូ គឺ​ជា មធ្យោបាយ​ប្រកប​ដោយ​សុវត្ថិភាព​បំផុត​មួយ​ដើម្បី​ផ្តល់ការគាំទ្រ។ មិន​ត្រឹម​តែ​យោធា​មីយ៉ាន់ម៉ា​នោះ​ទេ [ប៉ុន្តែ] គ្រប់​រដ្ឋាភិបាល​នៅ​លើ​ពិភពលោក​មិន​អាច​គ្រប់គ្រង​ដំណើរការ​ផ្ទេរ​នៅតាម​ប្រព័ន្ធ Blockchain បាន​នោះ​ទេ»។

ដោយហេតុ​ថាការ​ប្តូរ​រូបិយបណ្ណ​ឌីជីថល Kyat​ ជាមួយ​នឹង​រូបិយបណ្ណ​គ្រីបតូ​ដទៃ​ទៀត មានកម្រិត​ និង​តម្រូវ​ការ​ឲ្យ​មាន​ភ្នាក់ងារ​ដើម្បីបញ្ចូល​និង​ដកប្រាក់​នោះ បាន​បង្ក​ជា​មន្ទិល​ចំពោះ​លទ្ធភាព​ប្រើប្រាស់​បានសម្រាប់​ក្រុម​ប្រឆាំង។ លោក Soe បាន​និយាយ​ថា សេចក្តី​លម្អិត​មិន​ពេញលេញ​ដែល NUG បាន​បង្ហាញ​ឡើង​ពី​ផែនការ​របស់​ខ្លួន​សម្រាប់​ធនាគារ Spring Development Bank ដែល​នឹង​កើតមាន​ក្នុង​ពេល​ខាង​មុខ អាច​ដោះស្រាយ​បញ្ហា​បាន​ខ្លះ ដោយ​ផ្នែក​តាមរយៈ​ការ​ប្រើប្រាស់​ប្រព័ន្ធ Blockchain ដែល​សមស្រប​ជាមួយ​នឹង​រូបិយបណ្ណ​គ្រីបតូ​ដទៃ​ទៀត​ជាជាង​ប្រព័ន្ធគ្រប់គ្រងលើ​រូបិយបណ្ណ​ឌីជីថល​ Kyat តែ​មួយ។

រដ្ឋាភិបាល​រួបរួម​ជាតិ​ពី​មុន​មកបាន​ប្រកាស​ពី​ថ្ងៃ​សម្ពោធ​ជា​ផ្លូវ​ការ​សម្រាប់​ធនាគារ​ដែល​ដំណើរការ​បាន​តាម​ប្រព័ន្ធ​អនឡាញ​តែ​មួយ​គត់នេះ​ ប៉ុន្តែ​ការ​សម្ពោធ​បាន​ខកខាន​ទៅ​វិញ។ តែ​កាល​ពី​ចុង​ខែ​មិថុនា បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​បាន​រាយការណ៍​ពី​ផែនការ​របស់​រដ្ឋាភិបាល​រួបរួម​ជាតិ​នៅ​ក្នុង​ការដាក់​ដំណើរការ​ប្រព័ន្ធ​ធនាគារ​នេះ​នៅ​ខែ​កក្កដា​នេះ។

ទោះ​បីយ៉ាង​ណា​ក៏​ដោយ ក្រុម​ចលនាតស៊ូប្រដាប់​អាវុធ​នៅ​មីយ៉ាន់ម៉ា​អាច​ប្រមូល​បាន​ប្រាក់​តែ​មួយ​ភាគតូច​ប៉ុណ្ណោះ​បើ​ធៀប​នឹង​របបសឹក​ភូមា​ដែល​ក្តោបក្តាប់​ប្រាក់​រាប់សិប​ពាន់លាន​ដុល្លារ។ លោក Abuza ដែល​បានពិភាក្សា​សម្ងាត់​ជាមួយ​នឹង​ រដ្ឋាភិបាល​រួបរួម​ជាតិ​អំពី​ផែនការ​របស់​ខ្លួន​ បាន​និយាយ​ថា ប្រសិន​បើ​រដ្ឋាភិបាល​រួបរួម​ជាតិ​អាច​ធ្វើ​ឱ្យ​ធនាគារ​នេះ​ដំណើរការ វា​នឹងផ្តល់​ជាការ​គាំទ្រ​ដ៏​សំខាន់​ថ្មី​មួយ។

លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​បាន​ឃើញ​សេចក្តី​លម្អតិ​នៃ​ធនាគារ Spring Bank និង​អ្វី​ដែល​ពួកគេ​ផ្តល់​ឱ្យ ក៏ដូចជា ​ទម្រង់​សណ្ឋាន​ពួកគេ​នឹង​ប្រើប្រាស់តាមប្រព័ន្ធ​អនឡាញ ហើយ​ខ្ញុំ​គិត​ថា វា​នឹង​មាន​ប្រជាប្រិយភាព»។

លោក​បាន​បន្ត​ថា៖ «នេះ​នឹងក្លាយ​ជា​ប្រភព​ប្រាក់​ចំណូល​សម្រាប់​រដ្ឋាភិបាល​រួបរួម​ជាតិ ប៉ុន្តែ​វា​ក៏​នឹង​ជួយ​សម្រួល​ការ​ផ្តល់​ហិរញ្ញប្បទាន​ដទៃ​ទៀត រួមមាន ​ការ​លក់​ឆ្នោត ការ​លក់​ដី ការ​លក់​សញ្ញាបណ្ណ​ជា​ដើម​។ ដូច្នេះ​ប្រសិន​បើ​ពួកគេ​អាច​ធ្វើ​បាន … វា​មាន​សារៈសំខាន់​ខ្លាំង​សម្រាប់​ពួកគេ​ក្នុង​ការ​បន្ត​និរន្តរភាព​បដិវត្តន៍»៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG