លោក Radovan Karadzic អតីតមេដឹកនាំនៃប្រទេសបូស្ន៊ី Serb កំពុងសុំឲ្យគេដោះលែងចេញពីពន្ធនាគារដែលបានព្យួរការប្តឹងឧទ្ធរណ៍របស់លោកពីបទប្រល័យពូជ សាសន៍ និងអំពើឃោរឃៅផ្សេងៗទៀតដោយលោកនិយាយថា ការបន្តឃុំឃាំងលោក កំពុងបំផ្លាញសុខភាពរបស់លោក។
ខណៈដែលថ្លែងទៅកាន់ការធ្វើសវនការពិសេសមួយនៅឯតុលាការឧក្រិដ្ឋកម្មសង្គ្រាមយូហ្គោស្លាវីកាលពីថ្ងៃពុធក្នុងទីក្រុងឡាអេ លោក Karadzic បានអះអាងពីភាពគ្មានទោសរបស់លោក ដោយបានរិះគន់សាលក្រមនោះថា «អាក្រក់ក្រៃលែង»។
លោកក៏បានត្អូញត្អែរអំពីស្ថានភាពឃុំឃាំងលោកហើយបានសុំកុំព្យូទ័រយួរដៃថ្មីដើម្បីជួយលោករៀបចំរឿងក្តីរបស់លោក។
ចៅក្រម Theodor Meron បានច្រានចោលសំណើរបស់លោកសុំឲ្យតុលាការដោះលែង ក៏ប៉ុន្តែបាននិយាយថា លោក នឹងបញ្ជាឲ្យពួកមន្រ្តីពិនិត្យមើលស្ថានភាពនៅឯកន្លែងឃុំឃាំងនោះ។
លោក Karadzic បានត្រូវតុលាការរកឃើញថាមានទោសកាលពីខែមុនពីការប្រព្រឹត្តអំពើឃោរឃៅនៅក្នុងសង្គ្រាមបូស្ន៊ីពីឆ្នាំ១៩៩២ដល់ឆ្នាំ១៩៩៥ដែលបានធ្វើឲ្យមនុស្ស១សែននាក់ស្លាប់។ លោកបានត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ៤០ឆ្នាំ។
តុលាការព្រហ្មទណ្ឌអន្តរជាតិរបស់អង្គការសហប្រជាជាតិសម្រាប់អតីតប្រទេសយូហ្គោស្លាវីបានប្រាប់ឲ្យដឹងថា លោក Karadzic ជាអ្នកទទួលខុសត្រូវចំពោះការប្រល័យពូជសាសន៍នៅក្នុងការសម្លាប់រង្គាលនៅតំបន់ Srebrenicaនៅឆ្នាំ១៩៩៥ នៅពេលដែលកងទ័ព Serb បានសម្លាប់បុរស និងកូនក្មេងកាន់សាសនាឥស្លាម៨ពាន់នាក់ នៅក្នុងអ្វីដែលត្រូវបានគេហៅថា ជាអំពើឃោរឃៅបំផុតនៅក្នុងតំបន់អឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី២មក៕